អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្រេមឡាំងថា ទោះក្នុងន័យណាក៏ដោយ ក៏ ទឹកដីគ្រីមេ គឺជារបស់រុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

មូលហេតុ​នៃអំណះអំណាង​ក្រេមឡាំង​ដែល​ថា ទោះក្នុង​ន័យណា​ក៏ដោយ ក៏​ទឹកដី​គ្រីមេ គឺ​ជា​របស់​រុស្ស៊ី​ឥត​ប្រកែក​បាន មកពី ថ្ងៃអង្គារ ២៤ តុលា​កន្លង​ទៅ ពិធីការិនី​ដ៏ល្បី នៃកាណាល់​ទូរទស្សន៍​មួយ​នៅ​ក្រុងម៉ូស្គូ ដែល​រមែង​ផ្សព្វផ្សាយ​មតិ​ប្រឆាំង គឺ អ្នកស្រី Ksenia Sobchak ដែលប្រកាសអំពី បំណងខ្លួន ឈរ​ឈ្មោះ​ជា​បេក្ខនារី ចូល​ប្រឡូក​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​រុស្ស៊ី នៅខែ​មីនា​ឆ្នាំក្រោយ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា តាមច្បាប់​អន្តរជាតិ គ្រីមេ ជា​កម្មសិទ្ធិ​របស់​រដ្ឋអ៊ុយក្រែន​ទេតើ។ សំដី បន្លឺ​ឡើង​ដោយ​ស្ត្រី​រូបនេះ បានញ៉ាំងឲ្យ លាន់​ជា​សូរខ្ទរ ក្នុង​សង្គម​រុស្ស៊ី ហើយប្រាកដ​ណាស់ ជាបឋម គឺ ពី​ខាង​អំណាច​កំពូល​នៅរុស្ស៊ី។

លោកស្រី  Ksenia Sobchak ធ្វើ​សន្និសីទ​កាសែត នៅ​ម៉ូស្គូ ថ្ងៃទី ២៤ តុលា ២០១៧
លោកស្រី Ksenia Sobchak ធ្វើ​សន្និសីទ​កាសែត នៅ​ម៉ូស្គូ ថ្ងៃទី ២៤ តុលា ២០១៧ Kirill KUDRYAVTSEV / AFP
ផ្សាយពាណិជ្ជកម្ម

ប្រតិកម្មក្រេមឡាំង ៖ សំដីអ្នកស្រី Ksenia Sobchak ដែលថា ទឹកដី គ្រីមេជារបស់​អ៊ុយក្រែន ទេតើ គឺមិន​ត្រឹមត្រូវ​ឡើយ “ទាំង​តាម​ធាតុពិត ទាំង​តាម​រូបភាព”- សេចក្តីនេះ ថ្លែងថ្ងៃ ២៥តុលា ដោយ​អ្នកនាំពាក្យ​ផ្លូវការ របស់​វិមាន​ក្រេមឡាំង​លោក Dmitri Peskov ទាំង​លំអិតថា គ្រីមេ តាមផ្លូវច្បាប់​និង​តាម​ហេតុការណ៍​ជាក់ស្តែង de juré et de facto ជាភាគមួយ មិនអាច​ផ្តាច់​ចេញ​បានពី​ប្រទេស​រុស្ស៊ី។ លោក Peskov កត់់សម្គាល់ថា ៖ ទឹកដីគ្រីមេ ជាកម្មសិទ្ធិ​អធិបតេយ្យ​របស់​រុស្ស៊ី ហើយ​មិនមែន​ជា​កម្មវត្ថុ​ពិភាក្សា​ឡើយ ទោះ​ជាមួយ​នរណា​ក៏ដោយ។ នាទី​ទទួល​ខុសត្រូវ​ចំពោះ​សំដី​បែបនេះ គឺ​មិនមែន​ជា​បញ្ហា​របស់​វិមាន​ក្រេមឡាំង​ឡើយ វាជា​សមត្ថកិច្ច​របស់​ស្ថាប័ន​សមស្រប។

អ្នកនាំពាក្យវិមានក្រេមឡាំង ក៏សុំឲ្យ​ពួកអ្នកកាសែត ចោទសួរទៅ គជប ទៅ នូវ​សំនួរ​ដែល​ថា តើក្រោយ ពីបន្លឺ​ឡើង​នូវ​សំដី​បែបនេះ ស្ត្រី​អ្នកកាសែត​នោះ អាច​ចុះ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី ឬ ក៏ទេ?

-តើអ្នកស្រី Ksenia Sobchakបាន​និយាយ​យ៉ាងម៉េច​ខ្លះ អំពី គ្រីមេ ?

ថ្លែងថ្ងៃ ២៤ តុលា ក្នុងសន្និសីទ​សារព័ត៌មាន​ជាលើកដំបូង​របស់ខ្លួន ក្រោយពី​ប្រកាស​អំពី​បំណងខ្លួន ចូលប្រឡូក​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំក្រោយ​នៅរុស្ស៊ី អ្នកស្រី Ksenia Sobchak ជាអ្នកកាសែត​មាន​ប្រជាប្រិយ នៃ​កាណាល់​ទូរទស្សន៍​មួយ​នៅម៉ូស្គូ អាយុ ៣៥ឆ្នាំ បានបញ្ចេញ​យោបល់​ថា ៖

តាមច្បាប់​អន្តរជាតិ​ទឹកដី​គ្រីមេ ជា​កម្មសិទ្ធិ​អ៊ុយក្រែន ចំណែក​ការស្តារ​ឡើងវិញ​ទំនាក់ទំនង​ជាមួយ​ក្រុង Kiev គឺជា​ភារកិច្ច​ចំបង ចោទ​នៅពីមុខម៉ូស្គូ។ សំដីនេះ របស់គាត់ បានញ៉ាំង​ឲ្យ​មាន​សូរខ្ទរ​យ៉ាងខ្លាំង ក្នុង​សង្គម​រុស្ស៊ី។

អ្នកស្រី Sobchak លើកឡើង​តមក​ទៀត ៖

-រុស្ស៊ីមិនបាន​កាន់​សំដី​ខ្លួន​ឡើយ។ រុស្ស៊ី បាន​រំលោភបំពាន​លើ​អនុស្សរណៈ​ក្រុង Budapest ឆ្នាំ ១៩៩៤ ។ យើងបានសន្យា ប៉ុន្តែ​យើង​មិន​បំពេញ​ឯណា តាម​ពាក្យ​សន្យានេះ។ តទៅថ្ងៃមុខ គឺ​យើងដែល​ត្រូវពិភាក្សា បញ្ហានេះ ដែល​ជា​បញ្ហា​ធំធេង។

ព្រមជាមួយនេះ អ្នកស្រីពិធីការិនីនេះ បានថ្លែងថា តុលាការ មិនអាច កាត់ទោស​គាត់ឡើយ ចំពោះ​សំដី​គាត់ អំពី​គ្រីមេ ពីព្រោះ ច្បាប់រុស្ស៊ី គ្រាន់តែ​ហាម​មិន​ឲ្យ​អំពាវនាវ​ឲ្យ​ផ្តាច់ទឹកដី​ប្រទេស ឬ ឲ្យបំពាន​លើបូរណភាព​ដែនដី​ប្រទេស ប៉ុន្តែ​អនុញ្ញាតឲ្យ បញ្ចេញ​មតិខ្លួន ទោះបី​មតិ​នេះ មិនស៊ីគ្នា​នឹង​គោលជំហរ​របស់​រដ្ឋ​ក្តី។

គួររំលឹកថាអនុស្សរណៈក្រុង Budapest ត្រូវបាន​ចុះ​ហត្ថលេខា​ដោយ រុស្ស៊ី សរអា អង់គ្លេស អ៊ុយក្រែន ថ្ងៃ ៥ ធ្នូ ឆ្នាំ ១៩៩៤ ដើម្បី​ធានា​សន្តិសុខ​ដល់​រដ្ឋ​អ៊ុយក្រែន ដែល​ពេលនោះ សុខចិត្ត​លះបង់​អាវុធ​នុយក្លេអ៊ែរ ពីខ្លួន (ដូចករណី កាហ្សាក់ស្ថាន និង បេឡារុស) ហើយ​ដឹកវា​មក​ស្តុកទុក នៅ​រុស្ស៊ី ក្នុងឋានៈ ជាប្រទេស​បន្ត​កេរ្ត៍ ពី សហភាពសូវៀត ជាថ្នូរ​នឹង​សន្តិសុខ​សម្រាប់ខ្លួន។ ប៉ុន្តែ រុស្ស៊ីផ្ទាល់ តែង​យោង​ទៅ​លើ​ទឡ្ហីករណ៍ ដែលថា ពីក្នុង​ចំណោម ៤ ប្រទេស​ហត្ថលេខី​នោះ គ្មាន​ប្រទេស​ណាមួយ បាន​ផ្តល់​សច្ចាប័ន ដល់ឯកសារ នេះឡើយ ម៉្លោះហើយបានជា វានៅមិនទាន់​មាន​សុពលភាពទេ។

ចំណែកប្រតិកម្មពីខាង គ្រីមេផ្ទាល់ ទល់នឹង​សំដី អ្នកស្រី Sobchak គឺ​សំដែង​ដោយ​ឧបនាយក​រដ្ឋមន្ត្រី សាធារណរដ្ឋ​គ្រីមេ លោក Dmitri Polonski ដែលថា ៖

-សំដីអ្នកស្រី Sobchak យ៉ាងហោច​ណាស់ គឺ​វាបញ្ច្រាស​នឹង​លទ្ធផល​នៃការបោះឆ្នោត​ប្រជាមតិ ចូលរួម ដោយ​អ្នកស្រុក​គ្រីមេ​ផ្ទាល់ ដែល​បាន​គាំទ្រ​ដល់​ការផ្តាច់​ទឹកដី​ដែល​គេ​រស់នៅ​នេះ ចេញ​ពី​អ៊ុយក្រែន។

-ស្ត្រីអ្នកកាសែតនេះ គប្បី កុំប្រកាន់​យក​ទឹកចិត្ត​រំជួល តែត្រូវ​សិក្សាធាតុ​ពិត​នៃ​សាច់រឿង គឺ ដោយ​ស៊ីជម្រៅ និង ឲ្យបាន​គ្រប់​ជ្រុងជ្រោយ។

-សាមីជននេះ មិនគួរ​បណ្តោយ​ខ្លួន​ធ្វើ​សេចក្តីថ្លែងការណ៍ ដើម្បីប្រជានិយម​ថោកទាប​សោះ។

សំដីអ្នកស្រី Sobchak ជាការគម្រាម​ដល់​សន្តិសុខ​ជាតិ ៖ នេះ​ជា​យោបល់ សមាជិក​សភា​ឌូម៉ា ដែល តំណាង ឲ្យ​ទឹកដី​គ្រីមេ​ផ្ទាល់ លោក Dmitri Belik។ ចំណែក​អ្នកកាសែត​នៃកាណាល់​ទូរទស្សន៍​រដ្ឋ លោក Vladimir Soloviev រំលឹកថា សូម្បីតែ​ឪពុក​លោកស្រី ដែល​ជា​អតីត​អភិបាលក្រុង Saint-Petersbourg ក៏បាន​ចាត់ទុក​គ្រីមេ​ជា​ទឹកដី​រុស្ស៊ី​ដែរ។ គាត់ថា តាមមើលទៅ អ្នកស្រី Sobchak ទ្រទ្រង់​ជាប់​ជានិច្ច ទំនាក់ទំនង​ត្រង់ផ្ទាល់ ជាមួយក្រុង គៀវ តែម្តង។

សារផ្គាប់ផ្គុនបស្ចិមលោក

តាមយោបល់លោកបណ្ឌិតវិទ្យាសាស្ត្រ​នយោបាយ Andrei Manoilo ដោយ​ធ្វើ​សេចក្តី​ថ្លែងការណ៍​បែបនេះ អំពី​គ្រីមេ អ្នកស្រី Sobchak ប្រមូល​ផ្តុំ​នៅ​ជុំវិញខ្លួន គឺ អ្នកស្រុក​ម្ចាស់​ឆ្នោត​ណា ដែល​ប្រឆាំង​នឹងលោក ពូទីន។ សាររបស់គាត់​ពិត​ជា​សំដៅ​ទៅ​កាន់​ត្រចៀក​លោក​ខាងលិច ហើយ​គាត់​សង្ឃឹម​ថា ពីទីនោះ​មុខជា នឹង មានការគាំទ្រ ដល់​បេក្ខភាព​គាត់។ ដូច្នេះ​មិនត្រូវ​មើលស្រាល​ឡើយ ចំពោះ​រូបគាត់។ ដ្បិត​គាត់​បាន​រៀប យ៉ាង​ហ្មត់ចត់ ក្រឡា​សម្រាប់​ដើរ។ សូមកុំយល់ថា សេចក្តី​ថ្លែងការណ៍​នោះ ហាក់បី​មិនទំនង ឬ ក៍ ជា គំនិត​រាក់កំភែលស្អីណា។

សំណុំរឿងព្រហ្មទណ្ឌ ៖ មេបក្សជាតិនិយមនៅរុស្ស៊ី លោក Vladimir Zhirinovski ថ្លែងថា ត្រូវតែផ្តន្ទា ទោស ស្ត្រីពិធីការិនីទូរទស្សន៍ឈ្មោះ Sobchak ចំពោះសំដីគាត់អំពីគ្រីមេ។ តើ​អាច​បណ្តោយ​ឲ្យ​មាន ទៅកើតដែរ ឬ ឲ្យក្នុង​ប្រទេស​រុស្ស៊ី ក្នុង​ជាន់​ថ្នាក់​ស្ទើរ​ផ្លូវការ ស្រាប់តែ​មាន​ស្ត្រី​ដែល​ចង់​ចូលប្រឡូក ក្នុង ការបោះឆ្នោត​ប្រធានាធិបតី ហ៊ាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ដែល​ថា គ្រីមេ​ ជា​របស់​អ៊ុយក្រែន។ នេះ​ជា​បទ​ឧក្រិដ្ឋ ដែល​តាម​ក្រមព្រហ្មទណ្ឌ​រុស្ស៊ី ត្រូវតែ​ជាប់​ពន្ធនាគារ យ៉ាង​ហោច​ណាស់ ៥ ឆ្នាំ។

អ្នកស្រី Ksenia Sobchak ទើប​បញ្ជាក់​ពីគោលជំហរ​គាត់​ដែលថា បើក្នុង​ការបោះឆ្នោត​ថ្ងៃ​មុខ ​នឹង​មាន​រូប លោក Alexei Navalny ជា​មេប្រឆាំង​នៅ​រុស្ស៊ី ទល់​​នឹង​អំពើ​ពុករលួយ​ក្នុង​មជ្ឈដ្ឋាន​អំណាច​ថ្នាក់​លើ អាច ក្លាយ​ជា​បេក្ខជន​ប្រជែង​នឹង​លោកពូទីន នោះ គាត់​នឹង​ដក​ខ្លួន​ថយ​ទៅវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ