អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

​រុស្ស៊ី​ រំលឹក​ខួប​៨០​ឆ្នាំ​ នៃ​រលកបង្ក្រាប​នយោបាយ ​ក្រោម​អំណាច​ស្តាលីន​សូវៀត​

ចុះផ្សាយ​នៅ​ថ្ងៃ៖

បួនថ្ងៃ​មុន​ គឺ​ថ្ងៃ​ ៣០​ តុលា​ ប្រទេស​រុស្ស៊ី​សម័យ​ថ្មី​ បាន​ប្រារព្ធ​ ទិវា​នឹក​ចងចាំ​វិញ្ញាណក្ខន្ធ​ ប្រជាពលរដ្ឋ​ ដែល​បាន​ស្លាប់​យ៉ាង​អាណោចអាធម្ម​ ក្នុងរលក​បង្ក្រាបតាម​មូលហេតុ​នយោបាយ ​ដែល​បាន​ ចាប់ផ្តើម​នៅ​ថ្ងៃ​នោះ​ឯង​ កាលពី​ ៨០​ឆ្នាំ​មុន​ គឺ​ ទៅតាម​បទបញ្ជា​នៃ​មេដឹក​នាំផ្តាច់​ការ​ឈ្មោះ ស្តាលីន ​ ឈ្មោះ​ដែល អ្នកស្រុក​គ្រាន់តែ​ឮ ​គឺ​ ព្រឺឆ្អឹងខ្នង។​ ក្នុង​ទិវា​នេះ លោក​ប្រធានាធិបតី​ វ៉្លាឌីមៀរ ពូទីន​ ដែល​ពេល ​គា​ត់ធ្វើការ​ក្នុង​ ស្ថាប័ន​សន្តិសុ​ខ​ជាតិ​​ KGB ​បាន​ពាក់ស័ក្តិ​ ជា​ វរសេនីយឯក​ បាន​អញ្ជើញទៅ​ សម្ពោធ​ បូជនីយស្ថាន​ សង់​ឡើងស្រប​នឹង​ក្រិត្យ​របស់​គាត់​ ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​អ្នក​រងគ្រោះ​ទាំង​នោះ។ ប៉ុន្តែ ពួកប្រឆាំងនៅរុស្ស៊ី​ នាំ​គ្នាទិតៀន​ថា ​ពិធីសម្ពោធ​បែបនេះ ​ផ្តិត​ជាប់​ដោយ​លក្ខណៈ​លាក់​ពុត​ទេតើ ដរាប​ណាដែល​ក្រោម​អំណាច​លោក​ពូទីន​ នៅមាន​អ្នក​ទោស​​នយោបាយ​រងគ្រោះ​មិន​ស្ទើរ​ឡើយ។​

ប្រធានាធិបតីរុស្ស៊ី  Vladimir Poutine ចូលរូម​ថ្ងៃទី​១៩​តុលា​​ក្នុងសន្និសីទ​មួយ​ រៀបចំ​ ​ Sotchi.​
ប្រធានាធិបតីរុស្ស៊ី Vladimir Poutine ចូលរូម​ថ្ងៃទី​១៩​តុលា​​ក្នុងសន្និសីទ​មួយ​ រៀបចំ​ ​ Sotchi.​ REUTERS/Alexander Zemlianichenko/Pool
ផ្សាយពាណិជ្ជកម្ម

រលកនេះ ដែលជាដំណាក់បង្ហូរឈាមបំផុត សម័យសូវៀត ត្រូវគេហៅថា” មហាភេរវកម្ម “ ឆ្នាំ១៩៣៧-១៩៣៨ ដែលបានផ្តាច់ជីវិតមនុស្ស អស់ដល់ទៅ ៧ សែននាក់ ។ អ្នកទាំង​នោះ ​ត្រូវបានបាញ់ សម្លាប់ ក្នុងឋានៈជា “ ពួកភ្នាក់ងារបរទេស”  “ ពួកប្រឆាំងបដិវត្តន៍ “ ពួក Trotski និយម- “Trotski ដែល ជាគូ ប្រជែង និងជាសត្រូវស្លាប់រស់របស់ស្តាលីន។ កាលណោះ ពលរដ្ឋសូវៀត ជាង ១លាន ៥សែននាក់ ត្រូវបានចាប់ខ្លួន។

តាមការពន្យល់នៃប្រវត្តិវិទូរុស្ស៊ី លោក ILya Veniavkin ៖

សោកនាដកម្មនោះ បណ្តាលមកពី អំណាចសូវៀត កាលណោះ ជាអំណាច​ឧក្រិដ្ឋ​និង​អយុត្តិធម៌។ នៅសហភាពសូវៀត ក្នុងទសវត្សទី៣០ នៃសតវត្សមុន ម្យ៉ាង គឺមានការ​ផ្លាស់​ប្តូរ​ជាប់ជានិច្ច ទិសដៅ មនោគមវិជ្ជា។ ម្យ៉ាងទៀត ដោយមកពីវិធីគ្រប់គ្រង ដ្បិត​ពេល​​ដែល ស្តាលីន ស្នើ​ឲ្យ​ប្រតិបត្តិ”មហាភេរវកម្ម” តាមរយៈទ្រនិចលេខជាគោលដៅ , តាម​រយៈកូតា និង តាមរយៈបញ្ជីឈ្មោះអ្នកដែល​ត្រូវចាប់ខ្លួន​ ជា​ លទ្ធផល​ គេស្រាប់តែ​ឃើញ​ថា ជាប់ឈ្មោះក្នុងបញ្ជីនេះ គឺ សឹងទាំងអស់គ្នា។

រីឯ មន្ត្រីមហាផ្ទៃ ដែលត្រូវបំពេញភារកិច្ច​ចាប់ “ពួក Trotski និយម” ឲ្យ​បាន​ពាន់​នាក់​ ពេល​ប្រតិបត្តិការ​ គឺចាប់ ទាំងអ្នកដែលធ្លាប់បានបោះឆ្នោត​គាំទ្រ​កម្មវិធី​របស់ ​Trotski​ ឬ ដែលបានកាន់ជើង​ Trotski ក្នុង ទំនាស់ជាមួយ​ស្តាលីន ​នៅក​ណ្តាល​ទសវត្សរ៍​ទី​២០។​​ កាលណោះ Trotski​ ដែល​ជា ស្ថាបនិក​កងទ័ព​ក្រហម​ ហើយធ្លាប់​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ហ៊ានបរិហារអំណាចចេះតែរីកធំឡើងៗ គ្មានឈប់របស់ស្តាលីន។

ការអនុវត្តន៍នៃរដ្ឋសូវៀត ធ្លាប់បានដក់ជាប់ដោយរលក​ហិង្សាជ្រុល ​បែប​យ៉ាង ​ភេរវកម្ម​ក្នុង​សង្គ្រាមស៊ីវិល , សមូហភាវូបនីយកម្មស្រែចំការអ្នកស្រុក​ បណ្តាល​ឲ្យអ្នកស្រុក​ទាំង​លានៗ​នាក់ ​ធ្លាក់ខ្លួន ស្លាប់ដោយមកពី ទូរភិក្ស។​

លោក​ប្រវត្តិវិទូ ​កត់សម្គាល់ថា ​ប្រព្រឹត្តិកម្ម​ហិង្សា​ មានចែង​នៅ​តាមស្ថាប័ន​សូវៀត​ ដែល​បន្សល់​ទុក ​ទាំង ​ក្រោយពី​សម័យ​សូវៀត។ បច្ចុប្បន្ន គេបារម្ភខ្លាច​ក្រែង​ លទ្ធិស្តាលីន​អាច​លាប់​ឡើង​វិញ នៅរុស្ស៊ី ជា ប្រទេស បន្តកេរ្តិ៍ពីសូវៀត។

​ដើម្បីរំសាយក្តីបារម្ភនេះ ​ក្នុង​ថ្ងៃ​៣០​តុលាឆ្នាំនេះ ដែលជាខួបគម្រប់៨០ឆ្នាំនៃ ​រលក​បង្ក្រាប​នយោបាយ​ក្រោម អំណាចស្តាលីន​សូវៀត ​លោកប្រធានាធិបតី ​វ៉្លាឌីមៀរ ពូទីន​ ដែល​ពេល គាត់ធ្វើការក្នុង ​ស្ថាប័នសន្តិសុខជាតិ KGB​ បាន​ពាក់ស័ក្តិ​ ជា វរសេនីយឯក​ បាន​អញ្ជើញទៅ សម្ពោធ​ បូជនីយស្ថាន​ សង់ឡើង​ស្រប​នឹងក្រិត្យ​ របស់​គាត់​ ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​អ្នករងគ្រោះ​ទាំងនោះ។​ បូជនីយស្ថាននេះ ​មានឈ្មោះ ​“ជញ្ជាំងទុក្ខសោក “ ស្ថិត​នៅក្នុងរដ្ឋធានីរុស្ស៊ីតែម្តង​ លើផ្ទៃដី ៥.៤០០ ម៉ែត្រ​ការ៉េ ។​ វាមានកំពស់ ៦​ម៉ែត្រ​ បណ្តោយ​ ៣៥ ម៉ែត្រ​ ធ្វើពី​សំរឹទ្ធ​ទម្ងន់ ​៨០ តោន ​ចំហៀង​ទាំងពីរ​នៃ​ជញ្ជាំង​នេះ​ រំលេច​ចេញ​សុទ្ធតែជាក្បាច់ក្រឡោត​នៃរូប​មនុស្ស​ ដែល​ព្រលឹង​គេហក់ទៅ​កាន់​ផ្ទៃមេឃ​ អម​ទៅ​ដោយ​ពាក្យ​ថា” ចងចាំ” ឆ្លាក់ជាភាសាប្លែកៗ។

ថ្លែងក្នុងពិធីសម្ពោធ លោកពូទីន លើកឡើងជាអាទិ៍ ៖

អតីតកាលគួរឲ្យរន្ធត់ ​មិនអាចឆូត​ចេញពីសតិជាតិ​ឡើយ​ ហើយ​ជាពិសេស ​គឺ ​មិនអាច​មាន​លេស​អ្វី​ យក មកដោះសារ​ទៅ​កើត។ ​ក្នុងប្រវត្តិ​ប្រទេស​យើង​ ក៏ដូច​ជា​ក្នុង​ប្រវត្តិ​ប្រទេសណា​ផ្សេង​ក៏​ដោយ​ មានមិនតិច​ទេ ដំណាក់ដែលស្មុគស្មាញ​និង​ប​ដិវាទ។​ ផលវិបាករបស់វា​ សណ្ថិតនៅជាប់លើយើង រហូតមកទល់សព្វថ្ងៃ។ ករណីយកិច្ចយើង​ គឺ​កុំ​បណ្តោយ​ឲ្យមានការបំភ្លេចចោលដំណាក់បែបនេះ។ ថ្ងៃនេះ ​យើង​សម្ពោធ​ក្នុង​រដ្ឋធានី​ គឺ “​ ជញ្ជាំងទុក្ខសោក” ជាបូជនីយស្ថាន​ដ៏​សំបើម​ ជ្រួតជ្រាប​មកក្នុង​បេះដូង​យើង​ដោយ​អត្ថន័យ​របស់​វា។ ជញ្ជាំងទុក្ខសោក្ខ នេះ ក្រើន​រំលឹក​សម្បជញ្ញៈ​យើង​ មនោសញ្ចេតនា​យើង​ ឲ្យយល់ដឹងដោយសុចរិត​ និង​ យ៉ាងជ្រាលជ្រៅ​ អំពីកាលសម័យ​នៃរលក​បង្ក្រាប​នយោបាយ​ និង​ឲ្យ​ជួយឈឺឆ្អាល​រាល់តែអ្នក​ដែល​រងគ្រោះ​ ក្នុង​រលក​នេះ។​ មនុស្ស​ស្រករ​យើង​ និង ស្រករ​ក្រោយៗ ​ត្រូវតែចងចាំអំពី​សោកនាដកម្ម​នេះ​ អំពីមូលហេតុ ​ដែលបាន​ញ៉ាំង​ឲ្យ​កើតឡើងជារលកបង្ក្រាបនយោបាយ។​ ប៉ុន្តែ​ ការណ៍​នេះ​មិនមែនមានន័យថា​ អុជ​អាលឲ្យ​ សងសឹកឡើយ។​ មិន​ត្រូវញុះញង់សង្គម​ឲ្យ​ប្រឈមមុខដាក់គ្នា​ឡើយ។​

ឥឡូវ​ សំខាន់សម្រាប់ទាំងអស់គ្នា​ គឺ ​ផ្អែកលើ ​តម្លៃ​នៃ​ជំនឿ​ទុកចិត្តគ្នា​ និង​ ស្ថិរភាព។​ លុះណាតែ​ឈរលើ​មូលដ្ឋាន​នេះ ​ទើប​យើង​អា​ចដោះស្រាយ​ ភារៈកិច្ច​ ដែលចោទ​នៅពី​មុខ​​សង្គមនិងប្រទេសរុស្ស៊ី ដែលជាមាតុភូមិតែមួយគត់​សម្រាប់​យើងគ្រ​ប់គ្នា។​

ប៉ុន្តែ នៅថ្ងៃ៣០តុលានោះ ដែលជាទិវារំលឹកវិញ្ញាណក្ខន្ធប្រជាពលរដ្ឋក្ស័យជីវិត ដោយ​មក​​ពី ការបង្ក្រាប តាមមូលហេតុនយោបាយ តាំងពីមុន​លោកប្រធានាធិបតី​ពូទីន ​បាន​ថ្លែង​សុន្ទរកថាសម្ពោធ​បូជនីយដ្ឋាន ​“ ជញ្ជាំងទុក្ខសោក្ខ​ “ម៉្លេះ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ខាង​សិទ្ធិមនុស្ស ឈ្មោះ Memorial បានចេញផ្សាយបញ្ជី​ថ្មី​ នៃ​ពួក​ អ្នកទោស​នយោបាយ​នៅ​រុស្ស៊ី​សព្វថ្ងៃ​ ដែល​មាន​ចំនួន ​១១៧​នាក់​ គឺ​កើន​ឡើង​ ១៥ ​នាក់​ បើ​ប្រៀប​ ទៅ​ នឹងឆ្នាំ​មុន ​ដែលមានត្រឹម​ ១០២ ​នាក់។​

Memorial ដោយរាយឈ្មោះអ្នកទោស​នយោបាយ​នៅ​រុស្ស៊ី​ ចងក្រងទោស​ដែលអាជ្ញាធរ​រុស្ស៊ី​បច្ចុប្បន្ន ដាក់ ទៅលើគេ បែបយ៉ាង​តាម​បទ ៖

ហ៊ាន​តដៃប៉ូលីស​នៅពេលឃាត់​ខ្លួន​ពួកគេ​ក្នុង​ បាតុកម្ម​គ្មា​នសេចក្តីអនុញ្ញាត​ ជាបាតុកម្ម​អហិង្សា​ប្រឆាំងនឹង អំពើពុករលួយ​ កាលពី​ថ្ងៃ ​២៦ ​មីនា​ឆ្នាំ​នេះ ​ តាមបទអំពាវនាវ​ឲ្យ​ប្រព្រឹត្ត​ អំពើ​ភេរវកម្ម​ និង ​ប៉ុនប៉ង​ចាត់ចែងការបះបោរ​នៃមហាជន​ ក្នុង​ក្រុងម៉ូស្គូ ​ តាម​បទ​ចុះ​ផ្សាយក្នុងបណ្តាញ​សង្គម​ នូវ​សារ​ទិះតៀន​​គ្មាន​ប្រណី​ថ្នាក់​ដឹកនាំ​រុស្ស៊ី ​តាមបទ​អំពាវនាវ​ឲ្យ​ផ្តាច់​ទឹដី​រុស្ស៊ី ​ តាម​បទ​ក្បត់ជាតិ។​

ចំណែក​ពួក​អតីត​អ្នកទោស​នយោបាយ ​ធ្លាប់​ជា​សមាជិក​នៃ ​ចលនា​ប្រជាធិបតេយ្យ​ជំនាន់​សហភាពសូវៀត​ ព្រម​ទាំង​ បណ្តាអតីត​អ្នកទោស​នយោបាយ​ក្នុង​ប្រទេស​រុស្ស៊ី​សម័យ​ថ្មីទៅហើយ ក្នុងសេចក្តីថ្លែងការណ៍រួម លើកឡើងថា ៖ ការសម្ពោធ​បូជនីយស្ថាន​ឧទ្ទិស​ដល់វិញ្ញាណក្ខន្ធអ្នករងគ្រោះដោយមក​ពីការ​បង្ក្រាបនយោបាយ គឺជា​ ទង្វើលាក់​ពុត​​ មិនចេះខ្មាស​ ដរាបណាដែលក្នុង​ប្រទេសរុស្ស៊ី​សព្វថ្ងៃ​ មិនគ្រាន់​តែ​បន្ត​ប្រព្រឹត្ត​​ទៅ​ប៉ុណ្ណោះ​ទេ តែ ថែមទាំងកំពុងរីកផុសផុលទៅផង ប្រតិបត្តិការ​បង្ក្រាប​តាម​មូលហេតុ​នយោបាយ។​

ជាការកត់សម្គាល់ ៖ ស្របនឹងលទ្ធផលស្ទង់មតិ ​នៅរុស្ស៊ី មានយុវជនដល់ទៅ​ ៤៦% ​ដែល​ឮ​ជា​លើកទី១ ​អំពីការបង្ក្រាបតាមមូលហេតុ​នយោបាយ​ ជំនាន់​ក្រោម​អំណាច​ស្តាលីន៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ