ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/10 12h00 GMT
អឺរ៉ុប

អាជ្ញាធរ​បារាំង​និង​ស្វ៊ីស​ចាប់ខ្លួន​មនុស្ស​១០នាក់​ ក្នុង​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម ​

media  
ប៉ូលិស​ប្រឆាំង​ភេរវកម្ម​បារាំង DENIS CHARLET / AFP

អាជ្ញាធរ​ប្រឆាំង​ភេរវកម្ម នៅ​ប្រទេស​បារាំង និង​ស្វ៊ីស​​​ បានចាប់ខ្លួន​មនុស្ស​១០នាក់ នៅថ្ងៃ អង្គារ​នេះ ពីបទ​សង្ស័យ​ភេរវកម្ម។ ជា​ប្រតិបត្តិការ​​ក្នុង​​ក្របខណ្ឌ​​​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្មេងជំទង់​​​បារាំងម្នាក់​​​ ដែលធ្លាប់​​បានរៀបចំ​ផែនការ​ភេរវកម្ម​ដោយ​កាំបិត​ ក្នុង​ទឹកដី​បារាំង។ ​ជនសង្ស័យ​ទាំង១០នាក់ មានអាយុ​ពី​១៨ឆ្នាំ ទៅ​៦៥ឆ្នាំ ក្នុង​នោះ​មានស្ត្រី​ម្នាក់​ជាជនជាតិ​កូឡុំប៊ី។​

នៅ​បារាំង​និង​ស្វ៊ីស ​ជនសង្ស័យ​ទាំង១០នាក់ ដែលត្រូវ​អាជ្ញាធរ​ប្រឆាំង​ភេរវកម្ម​ ​ចាប់ខ្លួន​ នៅថ្ងៃ​អង្គារ​នេះ មាន​៩នាក់ ជា​បុរស​ និង​ម្នាក់​ជាស្ត្រី។ ​យោងតាម​ប្រភព​ស៊ើបអង្កេត ​ជនសង្ស័យ​ទាំង១០នាក់ បាន​ចូលរួម​ក្នុង​ក្រុមពិភាក្សា​មួយក្រុម នៅ​​ក្នុង​បណ្តាញ​សារ​​​សង្គម​ Telegram ដែលជា​ទីពេញនិយម​របស់​សកម្មជន​ជីហាត។ ​ជនសង្ស័យ​ទាំង១០​នាក់ បាន​ប្រើពាក្យពេចន៍​គួរអោយ​សង្ស័យ និង​គួរអោយ​​បារម្ភ។ ក្នុង​ការអង្កេត​បឋម ប៉ូលិស​នៅ​បារាំង​មិនបាន​រកឃើញ​អាវុធ​ទេ។ ​​

អ្វី​គួរសម្គាល់​នោះ គឺថា ក្នុង​ចំណោមពួកគេទាំង១០នាក់ មាន​ច្រើននាក់​​ ដែល​ប៉ូលិស​ចារកិច្ច​ធ្លាប់​ចំណាំមុខ​​ទុក។ ​ក្នុង​នោះ ​ប៉ូលិស​បារាំង​បានចាប់ខ្លួន​ជនជាតិ​ស្វ៊ីស​ម្នាក់ អាយុ​២៧ឆ្នាំ។ ក្នុង​​បណ្តាញសង្គម​តេឡេក្រាម ជនជាតិ​ស្វ៊ីស​រូបនេះ​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​មួយចំនួន​នៅ​បារាំង ហើយពួកគេ​ថែមទាំង​និយាយគ្នា​ពី​គំរោង​ហិង្សា​ផ្សេងៗ​ទៀតផង។ ជនជាតិ​ស្វ៊ីស​​ក៏​មានទាក់ទងផងដែរ​ជាមួយ​​នឹង​ក្មេងប្រុស​ជនជាតិ​បារាំង​ម្នាក់​ ​អាយុ​​១៣ឆ្នាំ។

ក្មេងជំទង់​​​រូបនេះ ត្រូវបាន​ចាប់ខ្លួន កាលពី​ខែមិថុនា ​​កន្លងទៅ ក្នុង​តំបន់​ជាយក្រុង​ប៉ារីស ​ដោយសារ​ជាប់សង្ស័យថា បាន​រៀបចំ​ផែនការ​វាយប្រហារ​ដោយ​កាំបិត ក្នុងទឹកដី​បារាំង ដើម្បី​គាំទ្រ​ក្រុម​ភេរវជន​រដ្ឋអ៊ីស្លាម។

ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​រួមគ្នា​រវាង​​បារាំង​និង​ស្វ៊ីស​ធ្វើឡើង​មិនដល់​១សប្តាហ៍​ទេ គិត​តាំង​ពី​​ពេល​​បារាំង​​​​ដកចេញ​នូវ​​​ការ​ប្រកាសស្ថានភាព​​អាសន្នក្នុងស្រុក​មក។​​​ ជា​ស្ថានភាព​អាសន្ន​ ​ការពារសន្តិសុខ ក្រោយភេរវកម្ម​ខែវិច្ឆិកា​ ឆ្នាំ​២០១៥ ដែល​បានសម្លាប់​មនុស្ស​១៣០នាក់។ បារាំង​បានចេញ​ច្បាប់​ភេរវកម្ម​ថ្មី​មកជំនួស​ការ​​ប្រកាសស្ថានភាព​អាសន្ន​នេះវិញ។ ជាច្បាប់​ពង្រឹងអំណាច​និតិ​ប្រតិ​បត្តិ គឺថា​​លែង​​​ឃុំ​មនុស្ស​ ក្នុង​​​ផ្ទះ​ដូចមុន​ទៀត​ហើយ តែ​ឃុំ​ក្នុង​​ដែនដី​​ទូលាយ​ជាងមុន​បន្តិច​ ប្រសិន​បើ​ជនរូបនោះ​ព្រម​ពាក់​ឧបករណ៍​​តាមដាន​​​អេឡិចត្រូនិក៕ ​​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ