អឺរ៉ុបបង្កើតបញ្ជីខ្មៅ ដើម្បីប្រយុទ្ធប្រឆាំងនឹងការគេចពន្ធ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:១១
តាំងពីថ្ងៃអាទិត្យទី ៥វិច្ឆិកាមក សម្ព័ន្ធអ្នកសារព័ត៌មានស៊ើបអង្កេត បានទម្លាយរឿងអាស្រូវគេចពន្ធស្របច្បាប់ របស់អ្នកនយោបាយ អ្នកជំនួញ អ្នកសិល្បៈ អ្នកមាន និងក្រុមហ៊ុនធំអន្តរជាតិជាច្រើន ដែលគេឱ្យឈ្មោះថារឿងអាស្រូវ « Paradises papers » មក គណៈកម្មការអឺរ៉ុប និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុទាំងអស់ ហាក់ដូចជាតក់ស្លុតខ្លាំង នឹងបានសន្យាបង្កើនល្បឿនប្រយុទ្ធប្រឆាំងនឹងការគេចពន្ធផង និងបង្កើតបញ្ជីខ្មៅចុះឈ្មោះប្រទេសគេចពន្ធឱ្យបានចប់សព្វគ្រប់នៅដំណាច់ឆ្នាំនេះតែម្តង។
រឿងអាស្រូវគេចពន្ធលាងលុយកខ្វក់ Panama Papers មិនទាន់រសាត់និងដោះស្រាយរួចផង រឿងអាស្រូវគេចពន្ធថ្នាក់ពិភពលោកថ្មីមួយទៀត ទើបបានផុសរញ្ជួយឡើង និងត្រូវបានគាល់កកាយទម្លាយឱ្យដឹងជាសាធារណៈ ដោយក្រុមសម្ព័ន្ធអ្នកសារព័ត៌មានស៊ើបអង្កេត។ ម្ចាស់ក្សត្រីអេលីហ្សាបេត របស់អង់គ្លេស និងក្រុមគ្រួសាររាជវង្ស រដ្ឋមន្ត្រីការបរទេស- ពាណិជ្ជកម្មរបស់លោកត្រាំ មនុស្សជំនិតរបស់នាយករដ្ឋមន្ត្រីកាណាដា សិល្បករ តារា-ផលិតករភាពយន្ត មហាសេដ្ឋីរុស្ស៊ី អាហ្វ្រិក បារាំង ក្រុមហ៊ុនអន្តរជាតិធំៗ Apple Nike ... សុទ្ធតែមានជាប់ឈ្មោះក្នុងបញ្ជីឯកសាររឿងអាស្រូវគេចពន្ធ Paradise Paper។ តាំងពីថ្ងៃអាទិត្យទី ៥វិច្ឆិកា មកទល់នឹងពេលនេះម៉ោងនេះ ឈ្មោះអ្នកនយោបាយ អ្នកហិរញ្ញវត្ថុ អ្នកសិល្បៈវប្បធម៌ ត្រូវបានបញ្ចេញជាបន្តបន្ទាប់ ថាបានប្រើវិធីយកចំណេញពីលើច្បាប់ ដំឡើងប្រព័ន្ធដ៏ស្មុគស្មាញ តែស្របច្បាប់ ដើម្បីគេចពន្ធ។
រឿងអាស្រូវគេចពន្ធដោយយកចំណេញពីច្បាប់ Paradise Papers ដែលពួកអ្នកមាន និងក្រុហ៊ុនអន្តរជាតិធំៗបានអនុវត្តកន្លងមកនេះ ក៏មានពាក់ព័ន្ធនឹងប្រទេសសមាជិកសហភាពអឺរ៉ុបជាច្រើនផង និងបានធ្វើអឺរ៉ុបមានការទើងទ័លមិនតិចទេ។
ធ្លាក់មកដោយចៃដន្យចំពេលរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃសហភាពអឺរ៉ុបទាំង២៨ ត្រូវជួបប្រជុំប្រចាំខែរបស់ខ្លួន សន្ធឹកនៃរឿងអាស្រូវនេះបានជំរុញឱ្យគណៈកម្មការអឺរ៉ុប និង សមាជិកទាំងអស់ប្តេជ្ញាបង្កើនល្បឿនប្រយុទ្ធប្រឆាំងនឹងការគេចពន្ធ ដោយសន្យាបង្កើតបញ្ជីខ្មៅប្រទេសគេចពន្ធឱ្យបានមុនដំណាច់ឆ្នាំ ២០១៧នេះ ទោះបីជាពិបាកចុះសម្រុងនឹងគ្នាយ៉ាងណាក៏ដោយ។
តើបញ្ជីខ្មៅនោះជាអ្វី ? តាមការពិតសហភាពអឺរ៉ុបមានគំនិតរៀបចំបញ្ជីខ្មៅក្រោយការផ្ទុះរឿងអាស្រូវPanama Papers មកម្ល៉េះ តែដំណើរការជាក់ស្តែងទើបចាប់ផ្តើមនៅពេលលេចកើតរឿងអាស្រូវParadise Papers មួយទៀតតែប៉ុណ្ណោះ។ បើតាមព័ត៌មានដែលយើងទទួលបាន អឺរ៉ុបមានគម្រោងដាក់បញ្ចូលប្រទេសចំនួន១២ក្នុងបញ្ជីខ្មៅ មានជាអាទិ៍កោះMan កោះCaïman កោះ Marshall កោះBermudese និងកោះTurks et Caïcos ដែលភាគច្រើនស្ថិតក្រោមដែនអំណាចរបស់អង់គ្លេស ព្រមទាំងប្រទេសចំនួនជាង ៤០ ដែលមាននយោបាយពន្ធដារសម្រួលខ្លាំងផ្នែកបង់ពន្ធ ឬយកពន្ធ០ ពីក្រុមហ៊ុនសហគ្រាសបរទេស ឬដែលពុំព្រមសហការនិងផ្តល់ព័ត៌មានពន្ធតាមសំណើរបស់អឺរ៉ុប។ ប្រទេសទាំងនោះ មានពេលពេលមួយខែទៀត ក្នុងការកែប្រែនយោបាយពន្ធដាររបស់ខ្លួន បើមិនចង់ជាប់ឈ្មោះក្នុងបញ្ជីខ្មៅអឺរ៉ុប ដោយត្រូវបញ្ជូនព័ត៌មានបន្ថែមនិងយ៉ាងបន្ទាន់មកឱ្យអឺរ៉ុប ព្រមទាំងធ្វើកិច្ចសន្យាប្រព្រឹត្តនយោបាយយកពន្ធឱ្យបានប្រសើរឡើងនាពេលអនាគត។
ប៉ុន្តែអឺរ៉ុបបានសម្រេចមិនដាក់ ក្រុមប្រទេសជាសមាជិកសហភាពអឺរ៉ុបផ្ទាល់របស់ខ្លួន ដូចយ៉ាងម៉ាល់ត៍ ហូឡង់ ឬអៀរឡង់ លុចសំបួរ ដែលគេចង្អុលមុខខ្លាំងដែរ ខាងផ្នែកសម្រួលពន្ធដារ ទៅក្នុងបញ្ជីខ្មៅទេ។
គណៈកម្មការរៀបចំបញ្ជីខ្មៅ ត្រូវជួបប្រជុំគ្នាពីរបីដងទៀត មុននឹងបើកបង្ហាញជាផ្លូវការ នៅថ្ងៃទី៥ធ្នូ បន្ទាប់មកត្រូវឆ្លងកាត់ការតស៊ូមតិរវាងសមាជិកសហភាពអឺរ៉ុបទាំងអស់ដែលគេជឿនឹងការជជែកតវ៉ា ចម្រូងចម្រាសខ្លាំង ជាពិសេសពីសំណាក់អង់គ្លេស ដែលមានមជ្ឈមណ្ឌលហិរញ្ញវត្ថុគេចពន្ធយ៉ាងច្រើន។
ការបង្កើតបញ្ជីខ្មៅឱ្យចេញជារូបរាង គឺជាទណ្ឌកម្មរបស់អឺរ៉ុបចំពោះប្រទេសដែលមិនគោរពក្រមសីលធម៌ពន្ធដារ និងជាពិសេសប្រទេសបញ្ញើដែលព្រមធ្វើជាទីស្នាក់ការក្រុមហ៊ុនខ្មោច។ បើតាមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំង អឺរ៉ុបចង់ស្នើទណ្ឌកម្មដាក់ចំពោះប្រទេសជាប់ក្នុងបញ្ជីខ្មៅ ជាប្រទេសមិនអាចទទួលជំនួយពីមូលនិធិរូបិយវត្ថុអន្តរជាតិ ឬពីធនាគារពិភពលោក។
បើតាមប្រភពស្និទ្ធនឹងគណៈកម្មការរៀបចំបញ្ជីខ្មៅ ប្រតិបត្តិការតាមដេញទាន់ជាន់កែងអ្នកគេចពន្ធមានលក្ខណៈស្មុគស្មាញបំផុត ហើយជាដំណើរការដែលមានលក្ខណៈនយោបាយសុទ្ធសាធ និងមិនដឹងទេថាតើសមាជិកសហភាពអឺរ៉ុបនឹងត្រូវអនុវត្តទណ្ឌកម្មលើប្រទេសជាប់ក្នុងបញ្ជីដូចគ្នាឬយ៉ាងណាទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ