អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អឺរ៉ុប​បង្កើត​បញ្ជី​ខ្មៅ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គេចពន្ធ

ចុះផ្សាយ​នៅ​ថ្ងៃ៖

​តាំ​ង​ពី​ថ្ងៃ​អាទិត្យ​ទី ៥​វិច្ឆិកា​មក សម្ព័ន្ធ​អ្នកសារព័ត៌មាន​ស៊ើប​អង្កេត បាន​ទម្លាយ​រឿង​អាស្រូវ​គេច​ពន្ធ​ស្រប​ច្បាប់ របស់​អ្នក​នយោបាយ អ្នក​ជំនួញ អ្នក​សិល្បៈ អ្នក​មាន​ និង​ក្រុមហ៊ុន​ធំអន្តរជាតិ​ជា​ច្រើន​ ដែល​គេ​ឱ្យ​ឈ្មោះ​ថា​រឿង​អាស្រូវ « Paradises papers » មក គណៈកម្មការ​អឺរ៉ុប និង​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ទាំង​អស់ ហាក់​ដូច​ជា​តក់​ស្លុត​ខ្លាំង នឹង​បាន​សន្យា​បង្កើន​ល្បឿន​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គេចពន្ធ​ផង និង​បង្កើត​​បញ្ជី​ខ្មៅ​ចុះ​ឈ្មោះ​ប្រទេស​គេច​ពន្ធ​ឱ្យ​បាន​ចប់​សព្វគ្រប់​នៅ​ដំណាច់​ឆ្នាំ​នេះ​តែ​ម្តង។

អឺរ៉ុប​ត្រៀម​បង្ហើយ​បញ្ជី​ខ្មៅ​គេច​ពន្ធ
អឺរ៉ុប​ត្រៀម​បង្ហើយ​បញ្ជី​ខ្មៅ​គេច​ពន្ធ ©Reuters / Vasily Fedosenko
ផ្សាយពាណិជ្ជកម្ម

​រឿង​អាស្រូវ​គេច​ពន្ធ​លាង​លុយ​កខ្វក់​ Panama Papers​ មិន​ទាន់​រសាត់​និង​ដោះស្រាយ​រួច​ផង រឿង​អាស្រូវគេច​ពន្ធ​​ថ្នាក់​​ពិភពលោកថ្មី​មួយ​ទៀត ទើប​បាន​ផុស​​រញ្ជួយ​ឡើង និង​​ត្រូវ​បានគាល់​កកាយទម្លាយ​​ឱ្យ​ដឹង​ជា​សាធារណៈ ដោយ​ក្រុម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​ស៊ើប​អង្កេត។ ម្ចាស់​ក្សត្រី​អេលីហ្សាបេត របស់​អង់គ្លេស និង​ក្រុមគ្រួសាររាជវង្ស រដ្ឋមន្ត្រីការបរទេស- ពាណិជ្ជកម្ម​​របស់​លោក​ត្រាំ មនុស្ស​ជំនិត​របស់​នាយក​រដ្ឋមន្ត្រី​កាណាដា សិល្បករ តារា-ផលិតករ​ភាព​យន្ត មហាសេដ្ឋី​រុស្ស៊ី អាហ្វ្រិក​​ បារាំង ក្រុមហ៊ុន​អន្តរជាតិ​ធំៗ Apple Nike ... ​សុទ្ធ​តែ​មាន​ជាប់​​​ឈ្មោះ​ក្នុង​បញ្ជី​ឯកសាររឿងអាស្រូវ​​គេច​ពន្ធ Paradise Paper​។ តាំង​ពី​​​ថ្ងៃ​អាទិត្យទី ៥​វិច្ឆិកា មក​ទល់​នឹង​ពេល​នេះ​ម៉ោងនេះ ឈ្មោះ​អ្នក​នយោបាយ អ្នក​ហិរញ្ញវត្ថុ អ្នក​សិល្បៈ​វប្បធម៌​ ត្រូវ​បាន​បញ្ចេញ​ជា​បន្ត​បន្ទាប់​ ថា​បានប្រើ​វិធី​យក​​ចំណេញ​ពីលើ​​ច្បាប់ ដំឡើង​ប្រព័ន្ធ​ដ៏​ស្មុគស្មាញ តែ​ស្រប​ច្បាប់ ដើម្បី​​​គេច​ពន្ធ។

រឿង​អាស្រូវ​គេច​ពន្ធ​ដោយ​​យក​ចំណេញ​​ពី​ច្បាប់​ Paradise Papers ដែល​ពួក​អ្នក​មាន និង​ក្រុហ៊ុនអន្តរជាតិ​ធំៗ​បាន​អនុវត្ត​កន្លង​មក​នេះ ក៏​មាន​ពាក់ព័ន្ធ​នឹង​ប្រទេស​សមាជិកសហភាព​អឺរ៉ុប​ជា​ច្រើន​ផង និង​បាន​ធ្វើ​អឺរ៉ុប​មាន​ការ​ទើង​ទ័ល​មិន​តិច​ទេ។

ធ្លាក់​មក​ដោយ​ចៃដន្យ​ចំពេល​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នៃ​សហភាព​អឺរ៉ុប​ទាំង​២៨​ ត្រូវ​ជួប​​ប្រជុំ​ប្រចាំ​ខែ​របស់​ខ្លួន ​សន្ធឹក​នៃ​រឿង​អាស្រូវ​នេះ​បាន​ជំរុញ​ឱ្យ​គណៈកម្មការអឺរ៉ុប និង​​ សមាជិក​ទាំង​អស់​​ប្តេជ្ញា​បង្កើន​ល្បឿន​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គេច​ពន្ធ ដោយ​សន្យា​បង្កើត​បញ្ជី​ខ្មៅ​ប្រទេស​គេច​ពន្ធ​ឱ្យ​បាន​មុន​ដំណាច់​ឆ្នាំ​ ២០១៧​នេះ ទោះ​បី​ជា​ពិបាក​​ចុះ​សម្រុង​នឹង​គ្នា​យ៉ាងណា​ក៏​ដោយ។

តើ​បញ្ជី​ខ្មៅ​នោះ​ជាអ្វី ? តាមការពិត​សហភាព​អឺរ៉ុប​មាន​គំនិត​រៀ​បចំ​បញ្ជី​ខ្មៅ​ក្រោយ​ការ​​ផ្ទុះ​រឿង​អាស្រូវ​Panama Papers​ មក​ម្ល៉េះ តែ​ដំណើរ​ការ​ជាក់ស្តែង​ទើប​ចាប់​ផ្តើម​នៅ​ពេល​លេច​កើត​រឿងអាស្រូវ​Paradise Papers មួយ​ទៀត​​​តែ​ប៉ុណ្ណោះ។ បើ​តាម​ព័ត៌មាន​ដែល​យើង​ទទួល​បាន អឺរ៉ុប​មាន​គម្រោង​ដាក់​បញ្ចូល​ប្រទេសចំនួន​​១២​ក្នុង​បញ្ជី​ខ្មៅ មាន​ជាអាទិ៍​កោះ​Man កោះCaïman កោះ Marshall កោះBermudese និង​កោះ​Turks et Caïcos ដែល​ភាគ​ច្រើន​ស្ថិត​ក្រោម​ដែន​អំណាច​របស់​អង់គ្លេស ព្រម​ទាំង​ប្រទេស​ចំនួន​ជាង​ ៤០ ដែល​មាន​នយោបាយ​ពន្ធដារ​​សម្រួល​ខ្លាំង​ផ្នែក​បង់​ពន្ធ ឬ​យក​ពន្ធ​០ ពី​ក្រុមហ៊ុន​សហគ្រាស​បរទេស ឬ​ដែល​ពុំ​ព្រម​សហការ​និង​​ផ្តល់​ព័ត៌មាន​ពន្ធ​តាម​សំណើ​របស់​អឺរ៉ុប។ ប្រទេស​ទាំង​នោះ ​​មាន​ពេល​​​ពេល​មួយ​ខែ​ទៀត ​ក្នុង​ការ​​កែប្រែ​នយោបាយ​ពន្ធដារ​របស់​ខ្លួន បើ​មិន​ចង់​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​អឺរ៉ុប ដោយ​ត្រូវ​បញ្ជូន​ព័ត៌មាន​បន្ថែម​និង​យ៉ាង​បន្ទាន់​មក​ឱ្យ​អឺរ៉ុប ព្រមទាំង​ធ្វើ​កិច្ច​សន្យា​ប្រព្រឹត្ត​នយោបាយ​យក​ពន្ធ​ឱ្យ​បាន​ប្រសើរ​ឡើង​នា​ពេល​អនាគត។

ប៉ុន្តែ​អឺរ៉ុប​បាន​សម្រេច​មិន​ដាក់ ​ក្រុមប្រទេស​ជាសមាជិក​សហភាព​អឺរ៉ុប​ផ្ទាល់​របស់​ខ្លួន ដូច​យ៉ាង​ម៉ាល់ត៍ ហូឡង់ ឬ​អៀរឡង់​ លុចសំបួរ ដែលគេ​ចង្អុល​មុខ​​ខ្លាំងដែរ​ ​ខាង​ផ្នែក​សម្រួល​ពន្ធដារ ទៅក្នុង​បញ្ជី​ខ្មៅ​ទេ។

គណៈកម្មការរៀប​ចំ​បញ្ជី​ខ្មៅ ត្រូវ​ជួប​ប្រជុំ​គ្នា​ពីរ​បី​ដង​ទៀត មុន​​​នឹង​បើក​បង្ហាញ​​ជា​ផ្លូវការ​ ​នៅ​ថ្ងៃ​ទី​៥​ធ្នូ បន្ទាប់​មក​ត្រូវ​ឆ្លង​កាត់​ការ​តស៊ូ​មតិ​​រវាង​សមាជិក​សហភាព​អឺរ៉ុប​​ទាំង​អស់​ដែល​គេជឿ​នឹង​ការ​ជជែក​តវ៉ា​ ចម្រូង​ចម្រាស​ខ្លាំង​ ជា​ពិសេស​ពី​សំណាក់​អង់គ្លេស ដែល​មាន​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​គេច​ពន្ធ​យ៉ាង​ច្រើន។

ការ​បង្កើត​បញ្ជី​ខ្មៅ​ឱ្យ​ចេញ​ជា​រូប​រាង គឺ​ជា​​​ទណ្ឌកម្មរបស់​អឺរ៉ុប​ចំពោះ​ប្រទេស​ដែល​មិន​គោរព​ក្រម​សីលធម៌​ពន្ធដារ​ និង​ជា​ពិសេស​ប្រទេស​បញ្ញើ​ដែល​ព្រមធ្វើ​ជា​ទីស្នាក់ការ​​ក្រុមហ៊ុន​ខ្មោច។ បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​បារាំង ​អឺរ៉ុបចង់​ស្នើ​ទណ្ឌកម្ម​ដាក់​​ចំពោះ​ប្រទេស​ជាប់​ក្នុង​បញ្ជី​ខ្មៅ ជា​ប្រទេស​មិន​អាច​ទទួល​ជំនួយ​​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ឬ​ពី​ធនាគារ​ពិភពលោក។

បើតាម​ប្រភព​ស្និទ្ធ​នឹង​គណៈកម្មការ​រៀប​ចំ​បញ្ជី​ខ្មៅ ប្រតិបត្តិការ​តាម​ដេញ​ទាន់​ជាន់​កែង​អ្នក​គេច​ពន្ធ​មាន​លក្ខណៈ​ស្មុគស្មាញ​បំផុត ហើយ​ជា​ដំណើរ​ការ​ដែល​មាន​លក្ខណៈ​នយោបាយ​សុទ្ធសាធ និង​​​មិន​​​ដឹង​ទេ​ថា​តើ​សមាជិក​សហភាព​អឺរ៉ុបនឹង​ត្រូវ​​អនុវត្តទណ្ឌកម្ម​លើ​ប្រទេស​ជាប់​ក្នុង​បញ្ជី​ដូច​គ្នា​ឬ​យ៉ាង​​ណាទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ