អានតួអត្ថបទ
អូតង់-រុស្ស៊ី

អូតង់​ពង្រឹង​សមត្ថភាព​វាយប្រហារ​តាមអ៊ីនធ័រនែត ដើម្បី​ទប់ទល់​នឹង​រុស្ស៊ី

សមាជិក​របស់​អង្គការ​អូតង់ នៅថ្ងៃ ពុធ​ម្សិលមិញ​បាន​ព្រមព្រៀង​គ្នា ឲ្យ​បង្កើន​យុទ្ធសាស្រ្ត និង​សមត្ថភាព វាយប្រហារ​តាម​អ៊ីនធ័រនែត នៅក្នុង​ប្រតិបត្តិការ​យោធា​របស់​អង្គការ​សម្ព័ន្ធ​អាត្លង់ទិក ខាងជើង អូតង់។ អូតង់​ចង់​ពង្រឹង​សមត្ថភាព​ដើម្បី​ទប់ទល់​នឹង​រុស្ស៊ី ដែល​អូតង់​វាយតម្លៃ​ថា កំពុង​បង្កើន ឥតឈប់ កម្លាំងទ័ព ហើយ​និង​សម្រួច​សម្រាំង​ខ្លាំង ប្រព័ន្ធ​ការពារ​អ៊ីនធ័រនែត នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ។

អគ្គលេខាធិការ​អង្គការ​អូតង់ លោក Jens Stoltenberg នៅក្នុង​សន្និសីទ​កាសែត នៅ​ទីស្នាក់ការ​របស់​អូតង់ ក្នុង​ក្រុង​ព្រុចសែល នៅថ្ងៃទី ៩​វិច្ឆិកា ២០១៧
អគ្គលេខាធិការ​អង្គការ​អូតង់ លោក Jens Stoltenberg នៅក្នុង​សន្និសីទ​កាសែត នៅ​ទីស្នាក់ការ​របស់​អូតង់ ក្នុង​ក្រុង​ព្រុចសែល នៅថ្ងៃទី ៩​វិច្ឆិកា ២០១៧ ©REUTERS/Eric Vidal
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការពារជាតិ នៅទីស្នាក់ការ​កណ្តាល​ក្នុង​ក្រុង​ព្រុចសែល ប្រទេស​សមាជិក​ទាំង​២៩​របស់​អង្គការ​អូតង់​បាន​សម្រេច​បើកភ្លើងខៀវ ឲ្យ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ នៅក្នុង​យុទ្ធសាស្រ្ត​យោធា​របស់​អង្គការ​អូតង់។ តាម​អគ្គលេខាធិការ​អង្គការ​អូតង់ លោក​Jens Stoltenberg យុទ្ធសាស្រ្ត​វាយប្រហារ​តាម អ៊ីនធ័រនែត ត្រូវដាក់​បញ្ចូល​ទៅក្នុង​បេសកកម្ម និង​ប្រតិបត្តិការ​របស់​ទ័ព​អូតង់ គឺ​ដើម្បី​ដើរ​ឲ្យ​ទាន់​សភាពការណ៍ ពិភពលោក​សព្វថ្ងៃ ដែល​កំពុង​ប្រឈម​នឹង​ការគំរាមកំហែង វាយប្រហារ​តាម​អ៊ីនធ័រនែត។

អូតង់​ធ្លាប់​បាន​ប្រើ​រួចហើយ ដោយ​ជោគជ័យ យុទ្ធសាស្រ្ត​វាយប្រហារ​តាមអ៊ីនធ័រនែត នៅក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុមជីហាត រដ្ឋអ៊ីស្លាម នៅ​ប្រទេស​ស៊ីរី និង​នៅ​អ៊ីរ៉ាក់។ តាម​លោក Jens Stoltenberg អូតង់​ធ្លាប់​បាន​ធ្វើ​សង្រ្គាម​អ៊ីនធ័រនែត ដោយ​វាយប្រហារ​ទៅលើ​វិបសៃតិ៍ បណ្តាញ​សង្គម​របស់​ពួកជីហាត ​លួចស្តាប់​ផែនការ​សង្រ្គាម​របស់​ក្រុមនេះ ឬ​ក៏​ទៅ​បំផ្លាញ​បច្ចេកវិទ្យា​ដែល​ក្រុមជីហាត ត្រូវ​ប្រើ នៅក្នុង​សមរភូមិ​ប្រយុទ្ធ។

អាមេរិក និង​បារាំង សមាជិក​របស់​អូតង់ ជា​ប្រទេស​នាំមុខ​គេ ខាង​សមត្ថភាព​វាយ ប្រហារ​តាមអ៊ីនធ័រនែត។ ប៉ុន្តែ សមយុទ្ធ​របស់​អង្គការ​អូតង់ នាពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ចំណុចខ្សោយ និង​ការខ្វះខាត​ចន្លោះ​ច្រើន បើប្រៀបធៀប​ទៅ​នឹង​រុស្ស៊ី ដែល​បើតាមអូតង់ គឺ​នឹង​អាច​ប្រើ​យុទ្ធសាស្រ្ត​វាយប្រហារ​តាមអ៊ីនធ័រនែត ទៅលើ​ប្រទេស​គូសត្រូវ។ អូតង់​ធ្លាប់​បាន​បង្កើត​មជ្ឈមណ្ឌល ការពារ​សន្តិសុខ​តាម​អ៊ីនធ័រនែត នៅ ក្រោយ​គេ​រកឃើញថា បណ្តាញ​ទំនាក់ទំនង​របស់​ប្រទេស​សមាជិក​អូតង់ បាន​រង ការវាយប្រហារ​តាម​អ៊ីធ័រនែត សឹង​ជារៀងរាល់​ខែ។ ប្រទេស​ជាច្រើន​បារម្ភ​ខ្លាចថា រុស្ស៊ី​នឹង​អាច​ប្រើ​យុទ្ធសាស្រ្ត​វាយប្រហារ​តាមអ៊ីនធ័រនែត។

ដោយ​និយាយ​យោង​ទៅដល់​ករណី​ប្រទេស​អ៊ុយក្រែន ​លោកអគ្គលេខាធិការ​អង្គការ​អូតង់ បាន​លើកឡើង​ថា រុស្ស៊ី​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ចេតនា​ប្រើ​កម្លាំង ដើម្បី វាយប្រហារ​ទៅលើ​ប្រទេស​ជិតខាង។ រុស្ស៊ី បាន​វិនិយោគ​កាន់តែ​ច្រើន នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដើម្បី​ពង្រឹង​សមត្ថភាព​កងទ័ព អាវុធ​នុយក្លេអ៊ែរ។

ក្រៅតែ​ពី​បង្កើន​សមត្ថភាព និង​ចាត់បញ្ចូល ការវាយប្រហារ​តាម​អ៊ីនធ័រនែត ទៅក្នុង​ប្រតិបត្តិការ​យោធា​របស់​អូតង់ សមាជិក​របស់​សម្ព័ន្ធ​អាត្លង់ទិក​ខាងជើង បាន​ព្រមព្រៀង​គ្នា​ផងដែរ ក្នុង​ការបង្កើត​ទីបញ្ជាការដ្ឋាន ថ្មី ចំនួន ២ ដើម្បី​ការពារ​អឺរ៉ុប។ អូតង់​ដែល​បាន​សម្រេច​ផងដែរ បញ្ឈប់​នយោបាយ​កាត់បន្ថយ​ចំនួន​កងទ័ព បាន​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​លើ​រចនាសម្ព័ន្ធ ដើម្បី​ប្រឈម​មុខ​នឹង​រុស្ស៊ី ដែល​អូតង់​ចាត់ទុក​ជា​ប្រទេស​ឈ្លានពាន នៅក្រោយ​ការលេបយក​ទឹកដី​គ្រីមេ របស់អ៊ុយក្រែន នៅឆ្នាំ ២០១៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ