អានតួអត្ថបទ
បារាំង-អេមីរ៉ា អារ៉ាប់រួម

ប្រធានាធិបតី​បារាំង៖ ក្រុមជីហាត ចាញ់​សង្រ្គាម ប៉ុន្តែ ការគំរាមកំហែង​ភេរវកម្ម​នៅតែ​មាន

ប្រធានាធិបតី បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បាន​វាយតម្លៃ​ថា ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម នៅ​ស៊ីរី និង​នៅ​អ៊ីរ៉ាក់ នឹង​ចាញ់​សង្រ្គាម បាត់បង់​ទឹកដី​កាន់កាប់​របស់ខ្លួន នៅពេល​ប៉ុន្មាន​ខែ​ខាងមុខ។ សម្រាប់​ប្រមុខ​រដ្ឋ​បារាំង ទោះ ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម​បរាជ័យ បាក់ធ្មុង នៅ​ក្នុង​សង្រ្គាម​ស៊ីរី និង​អ៊ីរ៉ាក់​មែន ប៉ុន្តែ ការប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម​ទាំងនេះ នឹង​នៅ​មិនទាន់​ចប់ ងាយៗ​នោះទេ។

ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង ទស្សនកិច្ច​នៅ​លើ​កប៉ាល់​ចម្បាំង​របស់​បារាំង ឈ្មោះ«Jean-Bart» ដែលប្រចាំ​ការនៅ ទីក្រុង​Abou Dhabi, នៅថ្ងៃទី​៩​វិច្ឆិកា ២០១៧
ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង ទស្សនកិច្ច​នៅ​លើ​កប៉ាល់​ចម្បាំង​របស់​បារាំង ឈ្មោះ«Jean-Bart» ដែលប្រចាំ​ការនៅ ទីក្រុង​Abou Dhabi, នៅថ្ងៃទី​៩​វិច្ឆិកា ២០១៧ REUTERS/Ludovic Marin/Pool
ផ្សាយពាណិជ្ជកម្ម

ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​បាន​ថមថយ​កម្លាំង បន្ទាប់​ពី​ចាញ់ ដៃ ក្នុង​សង្រ្គាម បាត់បង់​ទឹកដី រ៉ាខា ដែល​ជា​ទីតាំង​ក្បាល​ម៉ាស៊ីន​ដឹកនាំ របស់​ខ្លួន នៅ​ស៊ីរី កាល​ពី​បី​សប្តាហ៍​មុន។ សម្រាប់​ប្រធានាធិបតី បារាំង លោកអេម៉ានុយ ម៉ាក្រុង ដែល​កំពុង​បំពេញ​ទស្សនកិច្ច នៅ​ទីក្រុង​អាប៊ូដាប៊ី របស់​អេមីរ៉ាត អារ៉ាប់រួម សម្ព័ន្ធ​អន្តរជាតិ​នឹង​អាច​ប្រយុទ្ធ​យក​ឈ្នះ ទាំងស្រុង លើ​ក្រុមជីហាត រដ្ឋអ៊ីស្លាម នៅ​ក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់ ក្នុង​ពេល​ប៉ុន្មាន​ខែ​ខាងមុខ។

នៅ​ចំពោះមុខ​កងទ័ព​ប្រចាំការ នៅ​មូលដ្ឋានទ័ព​ជើងទឹក​បារាំង នៅ​អេមីរ៉ាតអារ៉ាប់រួម ប្រមុខ​រដ្ឋបារាំង​បាន​វាយតម្លៃថា ​ទោះ​ជា​យក​ឈ្នះ​ផ្នែក​យោធា ដណ្តើម​ទឹកដី កាន់កាប់​ពី​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម នៅ​ស៊ីរី និង​អ៊ីរ៉ាក់ ប៉ុន្តែ ការប្រយុទ្ធ​នឹង​នៅ​មាន​បន្តទៀត ព្រោះថា សមាជិក​របស់​ក្រុមជីហាត​រដ្ឋអ៊ីស្លាម ដែល​នៅ​សេសសល់ ពី​សង្រ្គាម នៅ​តែ បង្ក​អំពើ​ភេរវកម្ម គំរាមកំហែង​សន្តិសុខ នៅ​ក្នុង​ពិភពលោក។ នៅ​ត្រង់​ចំណុចនេះ ប្រធានាធិបតី បារាំង​បាន​និយាយ​ដល់​ការរីកពង្រីក វត្តមាន និង​ទីតាំង​ឈរជើង របស់​បណ្តាញ​ក្រុមជីហាត រដ្ឋអ៊ីស្លាម នៅ​កន្លែង​ជាច្រើន​ផ្សេងទៀត ​ក្រៅតែ ពី​ស៊ីរី និង​អ៊ីរ៉ាក់ ដូចជា នៅ​អាហ្រ្វិក និងនៅ​តំបន់​អាស៊ី​អាគ្នេយ៍​ជាដើម។ នៅតំបន់​អាហ្វ្រិក និង​អាស៊ី អាគ្នេយ៍ ប្រធានាធិបតី​បារាំង​បានព្រមានថា ការប្រយុទ្ធ​របស់​ក្រុមជីហាត នឹង​អាច​មាន​រយៈពេល​វែង​ទៅមុខ ហើយ​ដែល​នឹង​អាចឈាន​ទៅ​ដល់​មានសង្រ្គាម​ប្រយុទ្ធគ្នា ដូចជា​នៅ​ស៊ីរី និង​នៅ​អ៊ីរ៉ាក់។

នៅ​រាជធានី អាប៊ូ ដាប៊ី​របស់​ប្រទេស​អេមីរ៉ាត អារ៉ាប់​រួម លោកអេម៉ានុយអែល ម៉ាក្រុង​បាន​កោតសរសើរ​ផងដែរ រដ្ឋាភិបាល​របស់​ប្រទេស​ម្ចាស់ផ្ទះ ដែល​បានចូលរួម តាំង​ពី​ឆ្នាំ ២០១៤ នៅក្នុង​សម្ព័ន្ធ​អន្តរជាតិ ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត រដ្ឋអ៊ីស្លាម នៅ​ស៊ីរី។ ក្រៅពី​អាហ្រ្វិក អាប៊ូដាប៊ី ជា​កន្លែង តាំង​មូលដ្ឋាន​ទ័ព​តែមួយ របស់​បារាំង នៅ​បរទេស។ មូលដ្ឋានទ័ព​បារាំង នៅ​អេមីរ៉ាតអារ៉ាប់រួម ត្រូវ​បាន​ចាត់ទុក​ជា​នាវាផ្ទុកយន្តហោះ​ចម្បាំង​ធំ​ទី​២​របស់​បារាំង ដែលដើរ​តួ​នាទី​យ៉ាងសំខាន់​សម្រាប់​យុទ្ធសាស្រ្ត​របស់​បារាំង ក្នុង​ចង់​បញ្ជាក់​វត្តមាន​របស់ខ្លួន នៅសមុទ្រ ពែរ្ស ឬនៅ​មហាសមុទ្រ​ឥណ្ឌា ដែល​មាន​ចរាចរណ៍ កប៉ាល់​ដឹកទំនិញ តម្លៃ រាប់ពាន់​លាន​អឺរ៉ូ។

នៅ​អេមីរ៉ាតអារ៉ាប់រួម ប្រធានាធិបតី​បារាំង គ្រោង​ចង់​បញ្ចុះបញ្ចូល​ផងដែរ​ឲ្យ​ប្រទេស​មហាសេដ្ឋី​ប្រេងមួយនេះ ទិញ​យន្តហោះ​ចម្បាំង រ៉ាហ្វាល់​របស់​បារាំង។ ប៉ុន្តែ បារាំង​ដែល​លក់​បានយន្តហោះ​ចម្បាំង រ៉ាហ្វាល់ ២៤​គ្រឿង​ទៅ​ឲ្យ​កាតា ២៤​គ្រឿង​ទៅ​អេហ្ស៊ីប និង​ឥណ្ឌា ៣៦​គ្រឿង ទំនង​មិនអាច​អូសទាញ​អាប៊ូដាប៊ី​បាន​នោះទេ។ នៅក្នុង​ជំនួប​រវាង​ប្រធានាធិបតី​បារាំង និង រាជបុត្រ​ស្នងរាជ្យ​របស់​អេមីរ៉ាតអារ៉ាប់រួម គម្រោង​ទិញ​យន្តហោះ​ចម្បាំង មិនត្រូវ​បាន​គេ​លើក​មក​និយាយ​នោះទេ។ មិន​ចាប់អារម្មណ៍ យន្តហោះ​ចម្បាំង​របស់​បារាំង ប៉ុន្តែ អាប៊ូដាប៊ី ចង់​បាន​នាវា​ចម្បាំង​Corvettes Gowind របស់​បារាំង ព្រោះ អេមីរ៉ាតអារ៉ាប់រួម​ចង់​ពង្រឹង សមត្ថភាព ត្រួតពិនិត្យ​របស់ខ្លួន នៅលើ​សមុទ្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ