ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT
អឺរ៉ុប

បារាំង​យល់​ថា លោក​នាយករដ្ឋមន្រ្តី​លីបង់​សាដ ហារីរី​មាន​សេរីភាព​ដើរហើរ​នៅ​អារ៉ាប៊ីសាអូឌីត

media  
Le président Macron reçu par le prince Ben Salman d'Arabie saoudite, dans la soirée du 9 novembre 2017. Saudi Press Agency/Handout

លោក​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុង​បាន​ត្រឡប់​មក​ដល់​ប្រទេស​វិញ​ហើយ បន្ទាប់​ពី​បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្នុង​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម និង​ឆ្លៀត​ឈាង​ចូល​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដោយ​មិន​បាន​គ្រោង​ទុក។ នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត លោក​ម៉ាក្រុង​បាន​ជួប​សន្ទនា​ជាមួយ​ស្តេចស្នងរាជ្យ​ព្រះអង្គម្ចាស់​បេន សាលម៉ាន។ កម្មវត្ថុ​របស់​លោក​ម៉ាក្រុង គឺ​រំងាប់​ភាព​តានតឹង​រវាង​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​ដែល​ជា​មហាអំណាច​ពីរ​ក្នុង​តំបន់។ ទន្ទឹម​គ្នា​នេះ វត្តមាន​លោក​នាយករដ្ឋមន្រ្តី​លីបង់​សាដ ហារីរី​នៅ​អារ៉ាប៊ីសាអូឌីត​ក៏​ត្រូវ​បាន​លោក​ម៉ាក្រុង​លើក​ទៅ​និយាយ​ដែរ។ ដោយឡែក​នៅ​ថ្ងៃ​សុក្រ ទី១០ វិច្ឆិកា​នេះ ទីក្រុង​ប៉ារីស​យល់​ថា លោក​នាយករដ្ឋមន្រ្តី​លីបង់​សាដ ហារីរី​មាន​សេរីភាព​ដើរហើរ​នៅ​អារ៉ាប៊ីសាអូឌីត។

គឺ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី៩ វិច្ឆិកា​ដែល​វិមាន​ប្រធានាធិបតី​បារាំង​បាន​ផ្សព្វផ្សាយ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ស្តីពី​ជំនួប​រយៈពេល ២ម៉ោង​រវាង​លោក​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុង និង​ស្តេចស្នងរាជ្យ​អារ៉ាប៊ីសាអូឌីត​ព្រះអង្គ​បេន សាលម៉ាន។ នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នោះ វិមានប្រធានាធិបតី​បារាំង​បាន​រម្លឹក​ឡើងវិញ​ពី​ភាព​ចាំបាច់​ក្នុង​ការ​ថែរក្សា​ស្ថិរភាព​នៅ​ក្នុង​តំបន់ យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ភេរវនិយម និង​ការ​ធ្វើ​ការងារ​ដើម្បី​សន្តិភាព។ សូម​ជម្រាប​ជូន​ថា ការ​ឆ្លៀត​ឈាង​ចូល​ទឹកដី​អារ៉ាប៊ីសាអូឌីត​របស់​លោក​ម៉ាក្រុង​នា​ថ្ងៃ​ព្រហស្បតិ៍ ទី៩ វិច្ឆិកា​បាន​ធ្វើ​ឡើង បន្ទាប់​ពី​អារ៉ាប៊ីសាអូឌីត​បាន​ចោទ​អ៊ីរ៉ង់​ពី​បទ​ប្រកាស​សង្រ្គាម ក្រោយ​ពី​មាន​ការ​បាញ់​គ្រាប់​មីស៊ីល​ពី​ប្រទេស​យេម៉ែន​ដែល​អារ៉ាប៊ីសាអូឌីត​សង្ស័យ​ថា ជា​គ្រាប់មីស៊ីល​របស់​ពួក​ហេស្បូឡាលីបង់​គាំទ្រ​ដោយ​អ៊ីរ៉ង់។

ក្រៅ​ពី​ភាព​តានតឹង​រវាង​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់ បារាំង​ក៏​បារម្ភ​ពី​ជោគវាសនា​របស់​លោក​នាយករដ្ឋមន្រ្តី​លីបង់​សាដ ហារីរី​ដែល​ទើប​បាន​លា​ឈប់​ពី​តំណែង​ក្នុង​ពេល​ដែល​លោក​កំពុង​ស្ថិត​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដែរ។ នៅ​ក្នុង​ន័យ​នេះ វិមាន​ប្រធានាធិបតី​បារាំង​បាន​បញ្ជាក់​ច្បាស់ៗ​ថា បារាំង​ចង់​បាន​ស្ថិរភាព សន្តិសុខ អធិបតេយ្យ និង​បូរណភាព​នៃ​ប្រទេស​លីបង់។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​លោក​ម៉ាក្រុង​មាន​បាន​ជួប ឬ​បាន​ព្យាយាម​សុំ​ជួប​លោក​សាដ ហារីរី​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត ឬ​អត់​ទេ។ អ្វី​ដែល​គេ​ដឹង លោក​ប្រមុខ​ការទូត​បារាំង Jean-Yves Le Drian បាន​អះអាង​នៅ​ថ្ងៃ​សុក្រ ទី១០ វិច្ឆិកា​នេះ​ថា លោក​ហារីរី​ប្រហែល​ជា​មាន​សិទ្ធិ​ដើរហើរ​ដោយ​សេរី​នៅ​អារ៉ាប៊ីសាអូឌីត។

ការ​អះអាង​របស់​លោក​ប្រមុខ​ការទូត​បារាំង​ដូច​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ព័ត៌មាន​លេច​ឮ​នៅ​លីបង់​ថា លោក​ហារីរី​ត្រូវ​បាន​អារ៉ាប៊ីសាអូឌីត​ចាប់​ទុក និង​បាន​បង្ខំ​ឲ្យ​ប្រកាស​លា​ចុះ​ពី​តំណែង​កាល​ពី​ថ្ងៃ​សៅរ៍ ទី៤ វិច្ឆិកា​កន្លង​ទៅ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ