អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អត្ថបទ​លោក​ពូទីន​ឧទ្ទិស​ដល់​ជំនួបកំពូល APEC លើកទី២៥ នៅ​ប្រទេស​វៀតណាម

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី១០ និង ១១ វិច្ឆិកា ក្រុងដាណង់​ប្រទេស​វៀតណាម ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ជំនួបកំពូល នៃ អង្គការសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក ហៅ​កាត់​ថា APEC ។ ឧទ្ទិស​ដល់​ព្រឹត្តិការណ៍​នេះ លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី ជា​ប្រទេស​មួយ ពី​ក្នុង​ចំណោម ២១ ប្រទេស​សមាជិក អង្គការ​នេះ ថ្ងៃ​ ៨ វិច្ឆិកា នៅ​វេលា​ម៉ោង ៩ យប់ បាន ចេញ​អត្ថបទ​ពិសេស ក្រោម​ចំណង​ថា “ កិច្ចប្រជុំកំពូល APEC លើកទី​២៥ នៅ​ក្រុងដាណង់ រួម​កម្លាំង​គ្នា ឆ្ពោះ​ទៅ​កាន់ វិបុលភាព និង ការ​អភិវឌ្ឍន៍​ដោយ​សុខដុម។

លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន
លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន REUTERS/Sergei Ilnitsky
ផ្សាយពាណិជ្ជកម្ម

ក្នុង​អត្ថបទ​នេះ លោកពូទីន​សរសេរ​ជាអាទិ៍ រុស្ស៊ី​សូម​វាយតម្លៃខ្ពស់​ចំពោះ​ការ​ដែល​ជំនួបកំពូល APEC ហុច​ដល់​គ្រប់​ប្រតិភូ​ចូលរួម​នូវ លទ្ធភាព ទូលំទូលាយ ដើម្បី​សម្រប​គោលជំហរ​គ្នា ជុំវិញ​បញ្ហា​ប្លែកៗបំផុត វិស័យ​សេដ្ឋកិច្ច សង្គម បរិស្ថាន។ ក្នុង ឋានៈ ជា​ប្រទេស​ធំ​បំផុត ស្ថិត​នៅ​ទ្វីបអឺរ៉ុប​ផង អាស៊ីផង ដោយ​មាន​ដែនដី​ធំ​ល្ហល្ហេវ​នៅ​តំបន់​ចុងបូព៌ា​ដក់ ជាប់​ដោយ សក្តានុពល​ដ៏សំបើម រុស្ស៊ី​តែង​យក​ចិត្តទុក​ដាក់ ទៅ​លើ​អនាគត​ប្រកប​ដោយ​ជោគជ័យ​របស់ APEC បូក​ទាំង ដើម្បី​ធានា​ឲ្យ​មាន កំណើន​យ៉ាងស្ថិតស្ថិរ​គ្រប់​ជ្រុងជ្រោយ នៅ​ពេញ​លើ​លំហ​របស់​អង្គការ នេះ។ តាម​យោបល់​រុស្ស៊ី ឧបករណ៍​ជា​គន្លឹះសម្រាប់​ដោះស្រាយ​ចំណោទ​នេះ គឺ​ការ​ធ្វើ​សមាហរណកម្ម សេដ្ឋកិច្ច​យ៉ាង​ស័ក្តិសិទ្ធិ ដោយ​ឈរ​លើគោលការណ៍​បើកចំហ និង នាំ​ជា​គុណប្រយោជន៍​ទៅ​វិញ​ទៅមក តាម​ផ្លូវ គោរព​ក្បួន​ច្បាប់​សាកល របស់ អង្គការ​ពាណិជ្ជកម្មពិភពលោក។

ប្រមុខរដ្ឋ​រុស្ស៊ី បន្ត​ត​មក​ទៀត មូស្គូ​គាំទ្រ​ដល់​គំនិត​ប្រែ តំបន់​អាស៊ី-ប៉ាស៊ីហ្វិក ទៅ​ជា លំហ​ពាណិជ្ជកម្មសេរី ដ្បិត​វា​បើក​ផ្លូវ ឲ្យ​បណ្តា​ទីផ្សារ APEC ដែល​កំពុង​រីកលូតលាស់​យ៉ាង​សកម្ម ពង្រឹង​ជំហរ​ខ្លួនកាន់​តែ​មាំ។ ត្រង់​ចំណុច​នេះ ខ្ញុំ​សូម​កត់សម្គាល់​ថា ក្នុង ៥ ឆ្នាំ​កន្លង​ទៅ អត្រា​សេដ្ឋកិច្ច APEC ក្នុង​ពាណិជ្ជកម្ម ក្រៅ ប្រទេស របស់​រុស្ស៊ី បាន​កើន​ឡើង​ពី ២៣% ដល់ ៣១% ហើយ​ខាង​នាំ​ចេញ របស់​រុស្ស៊ី​ទៅកាន់ ប្រទេស ឯ​ទៀត របស់ APEC បាន​កើន​ឡើង​ពី ១៧% ដល់ ២៤%។ ប្រាកដ​ណាស់ ដែលគម្រោង​ទ្រង់ទ្រាយ​ធំ បង្កើត​ឡើង​ជា លំហពាណិជ្ជកម្ម​សេរី​របស់ APEC ត្រូវ​សមិទ្ធិ​គឺ​ដោយ​គន់​គិត​ពីបទពិសោធន៍​សន្សំ បាន​ពី ការ​ធ្វើ សមាហរណកម្ម​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក និង តំបន់​អាស៊ី-អឺរ៉ុប បូកទាំង សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី ជា ទី​ដែល​រុស្ស៊ី សហការ​ជាមួយ ប្រទេស អារមេនី បេឡារុស កាហ្សាក់ស្ថាន និង កៀរហ្ស៊ីស៊ីស្ថាន។

សហភាព នេះ កំពុង​អភិវឌ្ឍ​ដោយ​ថាមវន្ត ទាំង​ត្រៀម​រៀបរយ​ទំនាក់ទំនង​ជាមួយ គ្រប់​តែ​សាមី​ប្រទេសនិង​អង្គការ។ វៀតណាម ដែល​ជា​ប្រទេស​ម្ចាស់ផ្ទះ​ទទួល​ជំនួបកំពូល APEC លើក​នេះ ក្លាយ​ជា​រដ្ឋទី១ ដែល​បាន​ចុះ ជាមួយ សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី ជា​កិច្ចព្រមព្រៀង​ស្តី​អំពី លំហពាណិជ្ជកម្ម​សេរី។ ជា​លទ្ធផល ទំហំ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី បាន​កើន​ឡើង​យ៉ាង​បង្គួរ និង​មាន​លក្ខណៈ​កាន់​តែ​សម្បូរបែប។ ទើប ពេល​ថ្មីៗ​សោះ សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី​បាន​បញ្ចប់​កិច្ចចរចា​ជាមួយ​ប្រទេស​ចិន ជុំវិញ​កិច្ចព្រមព្រៀង ស្តី​អំពី សហប្រតិបត្តិការ​ពាណិជ្ជកម្ម-សេដ្ឋកិច្ច។ រួច​ឥឡូវ នៅ​តាម​ទិសដៅ​នេះ​ដែរ សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី​បាន​ចាប់​ផ្តើម កិច្ចចរចា ជាមួយ​ប្រទេស​សិង្ហបុរី ហើយ​ជា​ទូទៅ គឺ ដើម្បីរាវរក​លទ្ធភាព​ចុះ​ជា​កិច្ចព្រមព្រៀង ស្តីអំពី ពាណិជ្ជកម្មសេរី ជាមួយ​អាស៊ាន​តែ​ម្តង។

ពាក់ព័ន្ធ​នឹង​រឿង​នេះ ខ្ញុំ​សូម​កត់សម្គាល់ ដាច់​ដោយឡែក អំពី​គំនិត​ផ្តួចផ្តើម​របស់​យើង បង្កើត​ឡើង​ជា មហាភាព​ដៃគូ​អាស៊ី-អឺរ៉ុប​ឈរ​លើ​សំណើ របស់​ចិន ក្រោម​ឈ្មោះ​ថា ខ្សែក្រវាត់មួយ-ផ្លូវមួយ។ ខ្ញុំ​សូមគូស​បញ្ជាក់​ថា នេះ​ជា​គម្រោង ងាយ​បត់បែន ហើយ បើក​ចំហ សម្រាប់​ការ​ភ្ជាប់​ខ្លួន​នៃ​ប្រទេស​ឯទៀត។

លោក​ពូទីន ចង្អុល​ឲ្យ​ឃើញ​ថា អាច​ក្លាយ​ជា​មូលដ្ឋាន​នៃ​សមាហរណកម្ម​ប្រកប​ដោយ​ប្រសិទ្ធិភាព គឺ ការ អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ដោយ​ចម្រុះ​តែ​ម្តង ក្នុង​នោះ មាន​ផ្នែក​ដឹកជញ្ជូន ទូរគមនាគមន៍ និង ថាមពល។ សព្វថ្ងៃ រុស្ស៊ី​ធ្វើ​ទំនើបកម្ម​យ៉ាង​មមាញឹក បណ្តា​ផែសមុទ្រ និង អាកាសយានដ្ឋាន​ខ្លួន នៅតំបន់​ចុងបូព៌ា ពង្រីក​បណ្តាញ​ផ្លូវដែក​ខ្លួន​ដែល​ភ្ជាប់​ទ្វីប​មួយ​ទៅ​ទ្វីប​មួយ​ផ្សេង សង់​ឡើង​ជា ខ្សែបំពង់សម្រាប់ បង្ហូរឧស្ម័ន និងប្រេងឆៅ។

រុស្ស៊ី​តាំង​ចិត្ត​សម្រេច​ឲ្យ​ទាល់​តែ​បាន គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទ្វេភាគី និង ពហុភាគី ដែល ត​ភ្ជាប់សេដ្ឋកិច្ច និង ទីផ្សារ​បណ្តា​ប្រទេស អាស៊ី-ប៉ាស៊ីហ្វិក។ ខ្ញុំ​ចង់​និយាយ​អំពី​មហារង្វង់​ថាមពល ដែលតភ្ជាប់ រុស្ស៊ី ចិន ជប៉ុន កូរ៉េខាងត្បូង ឬ​ផ្លូវ​ឆ្លង​ដឹកជញ្ជូន​ដែល​ភ្ជាប់​កោះ Sakhaline រុស្ស៊ី ទៅ​នឹង​កោះ Hokkaido ជប៉ុន ។ អត្ថបទ​លោកពូទីន ក៏​រំលេច​ឲ្យ​ឃើញ​ថា រុស្ស៊ី យក​ចិត្ត​ទុក​ដាក់​ពិសេស​ទៅ​លើ ការធ្វើ​សមាហរណកម្ម​ដែនដី ស៊ីបេរី និង​ចុងបូព៌ា​របស់​ខ្លួន ទៅ​នឹង​ប្រព័ន្ធ​ចំណង​សេដ្ឋកិច្ច​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក។ ការងារ​បែប​នេះ រួម​ក្តោប ទាំង​វិធានការ​បង្កើត​បរិយាកាស​ទាក់ទាញ​វិនិយោគ ត្រៀម​លក្ខណៈសម្រាប់​រោងចក្រ​រុស្ស៊ី សម្រប​ខ្លួន ទៅ នឹងប្រព័ន្ធ​ផលិត​អន្តរជាតិ។ សម្រាប់​រុស្ស៊ី ការ​អភិវឌ្ឍន៍​តំបន់​ចុងបូព៌ា ជា​អាទិភាព​ជាតិ​នៃ​សតវត្សរ៍ ទី ២១។

សាច់ «រឿង​គឺ​អំពី​ការ​បង្កើត​នៅ​តំបន់​នេះ ជា​ដែនដី​កំណើន​អំពី​ការ​លុក​បើក​ប្រើប្រាស់​ក្នុង ទ្រង់ទ្រាយ ធំ​សំបើម​សម្បត្តិធម្មជាតិ និង គាំទ្រដល់ វិស័យ​ណា​ដែល​អនុវត្ត​បច្ចេកវិជ្ជា​ឈានមុខ អំពី​ការ​ធ្វើ​វិនិយោគ ទៅ ក្នុង​ធនធាន​មនុស្ស អំពី​វិស័យ​អប់រំ​និង​សុខាភិបាល អំពី​ការ​បង្កើត មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ-បច្ចេកទេស មាន​សមត្ថភាព​ប្រជែង​កម្រិតខ្ពស់។ រុស្ស៊ី​សង្ឃឹម​ថា បណ្តា​ដៃគូ​បរទេស ជា​បឋម គឺសេដ្ឋកិច្ច ប្រទេស​នានា ក្នុង APEC មុខ​ជា​នឹង​ចូល​ខ្លួន​យ៉ាង​សកម្ម មក​សមិទ្ធិ​គម្រោង​ទាំង​នេះ។ ជាពិសេស បណ្តា ប្រតិភូ​បរទេស នៃ វេទិកាសេដ្ឋកិច្ចបូព៌ា ដែល​ប្រព្រឹត្ត​ទៅ ជា​រៀងរាល់​ឆ្នាំ​នៅ​ក្រុង Vladivostok ចុងបូព៌ា​រុស្ស៊ី បាន​ឃើញ​នឹង ភ្នែក​ខ្លួន​ផ្ទាល់ អំពី​កត្តា​ទាំង​អម្បាលម៉ាន​នៅ​ទីនោះ ហើយអាច​ជឿជាក់​ទៅ​ហើយ មក​លើ​ទស្សនវិស័យ នៃ គម្រោង​ទាំង​នេះ​របស់​រុស្ស៊ី ដែល​នឹង​រំលេច​ចេញ​ជា​ផ្លែផ្កាជាក់ស្តែង​មែន។

លោក​ពូទីន ក្នុង​អត្ថបទ​ខ្លួន ​ក៏​ស្នើ​ឲ្យ​ចាប់​ផ្តើម​ក្នុង​បរិវេណ APEC ធ្វើ​ការ​ពិគ្រោះ​ប្តូរ​យោបល់​គ្នា ជុំវិញបញ្ហា សន្តិសុខ​ព័ត៌មាន​អន្តរជាតិ បញ្ហា​ការពារ​កម្មវិធី​កុំព្យូទ័រ បញ្ចេញ​ប្រតិកម្ម​ដោយ​រួមគ្នា​ទល់​នឹង គ្រោះធម្មជាតិ ​ជាប់​ដៃ​រវល់​កុំបី​អាក់ខាន​ឡើយ​នឹង​បញ្ហា​សន្តិសុខ​ស្បៀងអាហារ ដោយ​ក្នុង​ន័យ​នេះ រុស្ស៊ីសង្ឃឹម​ក្លាយ ជា ប្រទេស​នាំមុខ​ខាង​លក់​ទៅ​បណ្តា​ប្រទេស​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​គឺ គ្រឿង​បរិភោគ​ណា ដែល​ស្អាត​បរិសុទ្ធ ខាង បរិស្ថាន។ លោក​ពូទីន បញ្ចប់​សេចក្តី​ថា តាម​ជំនឿ​ជឿជាក់​របស់​រុស្ស៊ី ជំនួបកំពូល APEC លើកទី២៥ នៅ​ក្រុង ដាណង់ ដោយ​រួមកម្លាំង​គ្នា ពិត​ជា​នឹង​ដោះស្រាយ​បាន​រួច​យ៉ាងស័ក្តិសម ភារកិច្ច​ខាង ធានា​នូវ ភាព​រុងរឿង និង កំណើន​ដោយ​សុខដុម សម្រាប់​តំបន់​នេះ​ទាំង​មូល ហើយ​រុស្ស៊ី ត្រៀម​ធ្វើ​ការងារ​រួម​បែប​នេះ។

តាម​វិមាន​ក្រេមឡាំង​ប្រកាស​ឲ្យ​ដឹង ក្នុង​ក្របខ័ណ្ឌ​កិច្ចប្រជុំកំពូល​នេះ លោក​ប្រធានាធិបតី​រុស្ស៊ី នឹង​ជួប សន្ទនា​ទ្វេភាគី​ជាមួយ​លោក​ប្រធានាធិបតី​ចិន លោក​នាយករដ្ឋមន្ត្រី​ជប៉ុន លោកប្រធានាធិបតី​ហ្វីលីពីន និង លោក​ប្រធានាធិបតី​វៀតណាម ប្រទេស​ម្ចាស់ផ្ទះ ហើយប្រហែល​ជា​នឹង​ធ្វើ​ជំនួប​បែប​នេះ​ដែរ ជាមួយ លោក​ប្រធានាធិបតី​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ