ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/11 12h00 GMT
អឺរ៉ុប

នាយករដ្ឋមន្ត្រី​​​អេស្ប៉ាញ​ចុះ​​​​​​ទៅ​​​​​កាតាឡូញ៉ា​​ ក្រោយ​​​មហា​បាតុកម្ម​​​ក្រុម​​​ផ្តាច់ទឹកដី​​និយម​​​

media  
នាយករដ្ឋមន្ត្រី​អេស្ប៉ាញ លោក​រ៉ាហយ ទៅដល់​កាតាឡូញ៉ា ថ្ងៃ​១២​​វិច្ឆិកា ២០១៧ Reuters

​ថ្ងៃអាទិត្យ​នេះ នាយករដ្ឋមន្ត្រី​អេស្ប៉ាញ លោក Mariano Rajoy ម៉ារីយ៉ាណូ រ៉ាហយ ចុះទៅក្រុង​បាសឺឡូន ​​តំបន់​កាតាឡូញ៉ា ដើម្បី​ចូលរួម​ពិធី​ប្រកាសឈ្មោះ​​បេក្ខជន​បក្សនយោបាយ​របស់​លោក សម្រាប់​ការបោះឆ្នោត​​តំបន់ ដែលត្រូវប្រព្រឹត្ត​ទៅ​នៅថ្ងៃ​២១​ធ្នូ​ខាងមុខ។ ​ថ្ងៃសៅរ៍​ម្សិលមិញ មនុស្ស​រាប់សែននាក់​នៅ​​កាតាឡូញ៉ា​ទើបតែ​បាន​ធ្វើ​មហាបាតុកម្ម​ទាមទារ​​​​អោយ​ដោះលែង​មេដឺកនាំ​ផ្តាច់ទឹកដី​និយម​ដែល​​រដ្ឋអំណាច​អេស្ប៉ាញឃុំខ្លួន​ប៉ុណ្ណោះ។

ថ្ងៃអាទិត្យ​នេះ ជា​លើកទី​១ហើយ ដែល​​នាយករដ្ឋមន្ត្រី​អេស្ប៉ាញ​លោក​រ៉ាហយ ចុះ​ទៅ​តំបន់​កាតាឡូញ៉ា គិតតាំង​ពី​ពេល​​អេស្ប៉ាញ​ដាក់​តំបន់​នេះ​ ​អោយ​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋអំណាច​កណ្តាលវិញ។ ​ការ​យក​កាតាឡូញ៉ា​មក​ត្រួតត្រា​វិញនេះ គឺ​កើតឡើង នៅ​​ក្រោយ​សភា​តំបន់​ប្រកាស​ឯករាជ្យ​តំបន់ ពី​រដ្ឋអំណាច​កណ្តាល​ក្រោយ​​ប្រជាមតិ​ទាមទារ​ឯករាជ្យ​កាលពី​ថ្ងៃ​១តុលានោះ​។ ​​

ថ្ងៃអាទិត្យ​នេះ នាយករដ្ឋមន្ត្រីអេស្ប៉ាញ​រ៉ាហយ​ ​​ចុះទៅទីក្រុង​បាសឺឡូន ក្នុង​​តំបន់​កាតឡូញ៉ា ​​ចូលរួម​ពិធី​បង្ហាញ​បេក្ខជន​ផ្លូវការ​របស់​បក្ស​លោក សម្រាប់​ការ​បោះឆ្នោត​សភា​កាតាឡូញ៉ា ​ថ្ងៃ​២១ធ្នូ​ខាងមុខ។ គួររំលឹកថា ​គឺ​លោក​រ៉ាហយ​ខ្លួនឯង​ផ្ទាល់​ ​ដែល​បាន​ប្រកាស​រំលាយ​សភា​កាតាឡូញ៉ា ​និង​ប្រកាស​រៀបចំ​ការបោះឆ្នោត​មួយនេះ ក្រោយពេល​សភា​កាតាឡូញ៉ា​ប្រកាស​ឯករាជ្យ​នោះ។ ក្នុង​ពេល​បោះឆ្នោត​សភាតំបន់​លើកមុន បក្ស​របស់​លោក​ទទួលសម្លេង​បាន​ត្រឹម​៨,៥ភាគរយ​ប៉ុណ្ណោះ។ បក្ស​របស់​លោក​កំពុង​ប្រឈម​នឹង​​បក្ស​នយោបាយ​ថ្មីមួយ​ឈ្មោះថា ​Ciudadanos ​ ដែល​ជាគូប្រជែងសំខាន់​លំដាប់​ទី២​ក្នុង​តំបន់។

វត្តមាន​រ​បស់​នាយករដ្ឋមន្ត្រី​អេស្ប៉ាញ​រ៉ាហយ នៅ​បាសឺឡូន​ពេលនេះ អាច​នឹង​បង្កើន​ភាព​តានតឹង​ក្នុង​តំបន់​បាន ដោយសារ​តែ​ម្សិលមិញ​នេះ មានបាតុករ​៧៥ម៉ឺននាក់​នៅ​កាតាឡូញ៉ា​បាន​បាតុកម្ម​ទាមទារ​អោយ​អេស្ប៉ាញ​ដោះលែង​មេដឺកនាំ​ផ្តាច់​ទឹកដី​និយម​ជាង១០នាក់ ដែល​ជាប់ឃុំ​ពីបទ​បះបោរផ្តាច់ទឹកដី​និយម។ ​​​​តុលាការ​ការ​អេស្ប៉ាញ​បាន​ដកតំណែង​មេដឺកនាំ​ផ្តាច់ទឹកដី​មួយចំនួន​ និង​ឃុំខ្លួន​ពួកគេ ព្រមទាំង​បាន​សុំអោយ​បែលហ្ស៊ិកចេញ​បត្យាប័ន​ប្រគល់​អតីតមេដឹកនាំ​ការឡែស ពីកដឺម៉ុង និង​អតីត​រដ្ឋមន្ត្រី​៤រូប ដែលបាន​រត់ទៅ​​នៅ​បែលហ្ស៊ិក។

វត្តមាន​នាយករដ្ឋមន្ត្រី​រ៉ាហយ ​នៅ​បាសឺឡូន ពេលនេះ អាច​បង្ក​ភាពតានតឹងបាន ព្រោះ​ទាំងអ្នក​ផ្តាច់ទឹកដី​និយម ទាំង​អ្នកគាំទ្រ​រដ្ឋអំណាច​អេស្ប៉ាញ​សុទ្ធតែ​​​បន្ទោស​​នាយករដ្ឋមន្ត្រី​អេស្ប៉ាញ​រ៉ាហយ ថា​បាន​ដឹកនាំ​ចលនា​ប្រយុទ្ធ​ប្រឆាំងមិនអោយ​កាតាឡូញ៉ា​ទទួលបាន​ស្វ័យភាព​ទូលំទូលាយ។ សូម្បីតែក្រោយ​ពេល​​លោក​ឡើងកាន់អំណាច​នៅឆ្នាំ​២០១១​ហើយ​ក៏ដោយ ក៏លោក​នៅ​តែ​បដិសេធ​​​សំណើ​​តំបន់កាតាឡូញ៉ាដែរ ជាសំណើ​​​​ ​បែងចែក​ចំណូល​ពន្ធ​ជាតិអោយ​បាន​ប្រសើរ​​៕ ​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ