អានតួអត្ថបទ
អ.ស.ប. អឺរ៉ុប លីប៊ី

អ.ស.ប៖​កិច្ចសហប្រតិបត្តិការ​រវាង​អឺរ៉ុប និង​អាជ្ញាធរ​លីប៊ី​​លើ​ជនអន្តោប្រវេសន៍​មាន​លក្ខណៈ​អមនុស្សធម៌

នៅ​ថ្ងៃ​អង្គារ ទី១៤ វិច្ឆិកា ឧត្តមស្នងការ​សិទ្ធិមនុស្ស​អន្តរជាតិ​លោក Zeid Ra’ad AL Hussein បាន​បរិហារ​លើ​ល័ក្ខខ័ណ្ឌ​នៃ​ការ​ឃុំខ្លួន​ជនអន្តោប្រវេសន៍​នៅ​ក្នុង​ប្រទេស​លីប៊ី។ នៅ​ត្រង់​ចំណុច​នេះ លោក Hussein មិន​ញញើត​នឹង​ចាត់​ទុក​កិច្ចសហប្រតិបត្តិការ​រវាង​អឺរ៉ុប និង​រដ្ឋាភិបាល​លីប៊ី​ដើម្បី​ទប់ស្កាត់​លំហូរ​អន្តោប្រវេសន៍​ថា​មាន​លក្ខណៈ​អមនុស្សធម៌។ តាម​រូប​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អន្តរជាតិ​ដដែល សហគមន៍​អន្តរជាតិ​មិន​អាច​បន្ត​ឈរ​ឱបដៃ​មើល​ស្ថានភាព​ដ៏​អាក្រក់​ដែល​ជនអន្តោប្រវេសន៍​នៅ​ក្នុង​ប្រទេស​លីប៊ី​កំពុង​ជួប​ប្រទះ​បាន​ទេ។

លោក Zeid Al-Hussein ឧត្តមស្នងការសិទ្ធិមនុស្សអន្តរជាតិ
លោក Zeid Al-Hussein ឧត្តមស្នងការសិទ្ធិមនុស្សអន្តរជាតិ REUTERS/Denis Balibouse
ផ្សាយពាណិជ្ជកម្ម

គឺ​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដែល​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អន្តរជាតិ​លោក Zeid Ra’ad AL Hussein បាន​បរិហារ​លើ​កិច្ចសហប្រតិបត្តិការ​រវាង​អឺរ៉ុប និង​អាជ្ញាធរ​លីប៊ី​ក្នុង​ការ​ទប់ស្កាត់​លំហូរ​ជនអន្តោប្រវេសន៍។ លោក Hussein បាន​ថ្លែង​ត្រង់ៗ​ដោយ​មិន​លាក់លៀម​ថា នយោបាយ​អឺរ៉ុប​ក្នុង​ការ​ជួយ​ឆ្មាំសមុទ្រ​លីប៊ី​ដើម្បី​ស្ទាក់ចាប់ និង​បញ្ជូន​អន្តោប្រវេសន៍​ចេញ​វិញ​មាន​លក្ខណៈ​អមនុស្សធម៌។ សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ថែម​ថា ទោះបី​ជា​មាន​ការ​សម្តែង​ក្តី​ព្រួយបារម្ភ​ពី​ក្រុម​អង្គការ​សិទ្ធិមនុស្ស​លើ​ជោគវាសនា​របស់​ជនអន្តោប្រវេសន៍​ក៏​ដោយ ក៏​អឺរ៉ុប រួម​នឹង​រដ្ឋសមាជិក​របស់​ខ្លួន​ទាំង​អស់​បន្ត​ធ្វើ​មិន​ដឹង មិន​ឮ​ដដែល។

លោក Hussein បាន​មើល​ឃើញ​ថា ការ​បង្កើន​អន្តរាគមន៍​ពី​សហភាព​អឺរ៉ុប និង​រដ្ឋ​ជា​សមាជិក​របស់​ខ្លួន​រហូត​មក​ដល់​ពេល​នេះ​មិន​បាន​ចូលរួម​ជួយ​ទប់​ស្កាត់​លំហូរ​ជនអន្តោប្រវេសន៍ និង​កាត់បន្ថយ​លើ​ការ​រំលោភបំពាន​លើ​ជនអន្តោប្រវេសន៍​ទេ។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​ធ្លាក់​មក បន្ទាប់​ក្រុមប្រទេស​ទំនាក់ទំនង​ស្តីពី​អន្តោប្រវេសន៍​នៅ​សមុទ្រ​មេឌីទែរ៉ាណេ​បាន​សម្រេច​កាល​ពី​ថ្ងៃ​ចន្ទ ទី១៣ វិច្ឆិកា​ក្នុង​ការ​បង្កើន​លក្ខខណ្ឌ​នៃ​ការ​ស្នាក់នៅ​ក៏​ដូច​ជា​ការ​ឃុំខ្លួន​ជនអន្តោប្រវេសន៍​នៅ​ក្នុង​ជំរំ​ស្ថិត​ក្នុង​ប្រទេស​លីប៊ី។

តាម​តួលេខ​ផ្តល់​ដោយ​ការិយាល័យ​ប្រយុទ្ធប្រឆាំង​នឹង​អន្តោប្រវេសន៍​ខុសច្បាប់​របស់​លីប៊ី ចំនួន​ជនអន្តោប្រវេសន៍​ក្នុង​ជំរំ​នៅ​លីប៊ី​បាន​កើន​ពី ៧ ០០០នាក់​ក្នុង​ពាក់​កណ្តាល​ខែ​កញ្ញា​ដល់​ទៅ ១៩ ៩០០នាក់​នៅ​ដើម​ខែ​វិច្ឆិកា​នេះ។ តាម​លោក Hussein ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​ក្នុង​ជំរំ​ពី​ថ្ងៃទី១ ដល់​ថ្ងៃទី៦ វិច្ឆិកា​បាន​ឃើញ​ផ្ទាល់ភ្នែក និង​តក់ស្លុត​នូវ​ស្ថានភាព​ដ៏​អាក្រក់​របស់​ជនអន្តោប្រវេសន៍​ដែល​បុរស ស្រ្តី និង​កូនក្មេង​កំពុង​រស់នៅ​ដោយ​បាត់បង់​អស់​នូវ​ភាព​ថ្លែថ្នូរ​ជា​មនុស្ស។

ជនអន្តោប្រវេសន៍​បាន​និយាយ​ប្រាប់​ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ​ថា ពួក​គេ​ត្រូវ​បាន​គេ​វាយធ្វើ​បាប ហើយ​ស្រ្តី​ភាគ​ច្រើន​ត្រូវ​បាន​ក្រុម​ពួក​អ្នក​ជួញដូរ​មនុស្ស និង​ឆ្មាំ​ជំរំ​លីប៊ី​ចាប់​រំលោភ​ផ្លូវភេទ។ តួលេខ​ផ្តល់​ដោយ​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ​ឲ្យ​ដឹង​ថា គិត​តាំង​ពី​ថ្ងៃទី១ មករា​ដើម​ឆ្នាំ ២០១៧ នេះ​មក មាន​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន​មក​កាន់​ទ្វីប​អឺរ៉ុប​តាម​ផ្លូវសមុទ្រ​ប្រមាណ​ជា ១៥៧ ០០០នាក់ ពោល​ច្រើន​ជាង​ឆ្នាំ ២០១៦ ក្នុង​រយៈពេល​ដូច​គ្នា​ដែល​មាន​តែ ៣៤១ ០០០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ