អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង​ចេញ​មុខ​កាន់​តែ​ខ្លាំង​នៅ​ក្នុង​​សំណុំរឿង​លោក​សាដ ហារីរី​ នាយករដ្ឋមន្រ្តី​លីបង់​លាលែង​ពី​តំណែង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ពុធ ទី១៥ វិច្ឆិកា លោក​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុង​បាន​អញ្ជើញ​នាយករដ្ឋមន្រ្តី​លីបង់​លាលែង​ពី​តំណែង​លោក​សាដ ហារីរី និង​ក្រុម​គ្រួសារ​មក​កាន់​ប្រទេស​ប្រទេស​បារាំង។ ការ​អញ្ជើញ​របស់​លោក​ម៉ាក្រុង​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​ម៉ាក្រុង​បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ដាច់​ដោយឡែក​ពី​គ្នា​ជាមួយ​ស្តេច​ស្នងរាជ្យ​អារ៉ាប៊ីសាអូឌីត​បេន សាលម៉ាន និង​លោក​សាដ ហារីរី។ ម្យ៉ាង​ទៀត ការ​អញ្ជើញ​របស់​លោក​ម៉ាក្រុង​បាន​ធ្លាក់​មក ចំ​ពេល​ដែល​លោក​ប្រមុខ​ការទូត​បារាំង Jean-Yves Le Drian កំពុង​បំពេញ​ទស្សនកិច្ច​ក្នុង​ទឹកដី​អារ៉ាប៊ីសាអូឌីត។

លោក​ប្រធានាធិបតី​បារាំងអេម៉ានុយអែល ម៉ាក្រុង
លោក​ប្រធានាធិបតី​បារាំងអេម៉ានុយអែល ម៉ាក្រុង AFP/Julia Pavesi/Jerome Rivet/Katy Lee
ផ្សាយពាណិជ្ជកម្ម

តាំង​ពី ១២ថ្ងៃ​មក ពោល​តាំង​ពី​លោក​សាដ ហារីរី​បាន​ប្រកាស​លា​ចុះ​ពី​តំណែង​នាយករដ្ឋមន្រ្តី​លីបង់​ក្នុង​ថ្ងៃទី៤ វិច្ឆិកា​មក បារាំង​បាន​ចេញ​មុខ​យ៉ាង​សកម្ម​ដើម្បី​ព្យាយាម​ជួយ​ដោះស្រាយ​វិបត្តិ​ផ្ទៃក្នុង​នៅ​លីបង់ និង​ការ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​តានតឹង​រវាង​លីបង់ និង​អារ៉ាប៊ីសាអូឌីត​ដោយសារ​តែ​រឿង​លោក​ហារីរី។ ចូរ​កុំ​ភ្លេច​ថា លោក​ហារីរី​បាន​ប្រកាស​លាលែង​ពី​តំណែង​ក្នុង​ពេល​ដែល​លោក​កំពុង​ស្ថិត​ក្នុង​ទឹកដី​អារ៉ាប៊ីសាអូឌីត និង​ដែល​តាំង​ពី​ពេល​នោះ​មក លោក​ហារីរី និង​ក្រុម​គ្រួសារ​របស់​លោក​កំពុង​បន្ត​ស្នាក់នៅ​ក្នុង​ទឹកដី​អារ៉ាប៊ីសាអូឌីត​មក​ដល់​សព្វថ្ងៃ។

បារាំង​ក្នុង​នាម​ជា​មិត្ត​របស់​លីបង់​បាន​តាម​ដាន​ព្រឹត្តិការណ៍​មួយ​នេះ​តាំង​ពី​ដំបូង។ លោក​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុង​បាន​ទៅ​ទស្សនកិច្ច​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដោយ​គ្មាន​គ្រោង​ទុក បន្ទាប់​ពី​ទស្សនកិច្ច​ផ្លូវការ​ក្នុង​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​នា​ពេល​ថ្មីៗ​នេះ។ បំណង​ប្រាថ្នា​របស់​លោក​ម៉ាក្រុង គឺ​ចង់​ឃើញ​លោក​ហារីរី​ត្រឡប់​ទៅ​លីបង់​វិញ និង​ចង់​ឃើញ​លោក​ហារីរី​ប្រកាស​លាលែង​ពី​តំណែង​ជា​ផ្លូវការ​នៅ​លីបង់ បើ​លោក​ហារីរី​មាន​ឆន្ទៈ​ចង់​លាលែង​ពី​តំណែង​មែន។

តែ​ទីបំផុត និង​បន្ទាប់​ពី​បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ស្តេច​ស្នងរាជ្យ​អារ៉ាប៊ីសាអូឌីត​បេន សាលម៉ាន និង​លោក​សាដ ហារីរី​មក លោក​ម៉ាក្រុង​បាន​ប្រាប់​ពី​ការ​អញ្ចើញ​លោក​ហារីរី និង​ក្រុមគ្រួសារ​ឲ្យ​មក​ប្រទេស​បារាំង។ លោក​ម៉ាក្រុង​បាន​បញ្ជាក់​ថា ការ​អញ្ជើញ​នេះ​មិនមែន​ជា​ការ​ផ្តល់​ការ​ជ្រកកោណ​នយោបាយ​ឲ្យ​លោក​ហារីរី និង​ក្រុម​គ្រួសារ​របស់​លោក​ហារីរី​ទេ តែ​ជា​ការ​អញ្ជើញ​ក្នុង​លក្ខណៈ​មិត្តភាព។ លោក​ម៉ាក្រុង​សង្ឃឹម​ថា ការ​ទទួល​លោក​ហារីរី​ឲ្យ​ស្នាក់នៅ​ក្នុង​ទឹកដី​បារាំង​មួយ​រយៈពេល​អាច​នឹង​ជួយ​កាត់​បន្ថយ​ភាព​រំជើបរំជួល​នៅ​លីបង់​ក៏ដូច​ជា​តានតឹង​រវាង​អារ៉ាប៊ីសាអូឌីត និង​លីបង់ ពិសេស​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​ដែល​ជា​មហាអំណាច​ពីរ​នៅ​ក្នុង​តំបន់។

លីបង់​ធូរចិត្ត ក្រោយ​លោក​សាដ ហារីរី​យល់ព្រម​ទៅ​ប្រទេស​បារាំង

ការ​អញ្ជើញ​របស់​លោក​ម៉ាក្រុង​បាន​ធ្លាក់​មក ចំ​ពេល​ដែល​លោក​ប្រមុខ​ការទូត​បារាំង Jean-Yves Le Drian កំពុង​បំពេញ​ទស្សនកិច្ច​ក្នុង​ទឹកដី​អារ៉ាប៊ីសាអូឌីត និង​ចប់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ វិច្ឆិកា។ នៅ​ក្នុង​ទីក្រុង​រីយ៉ាដ លោក Le Drian បាន​ជួប​សំណេះសំណាល​ជាមួយ​ព្រះមហាក្សត្រ​អារ៉ាប៊ីសាអូឌីត សាលម៉ាន ស្តេច​ស្នងរាជ្យ​បេន សាម៉ាន និង​លោក​សាដ ហារីរី។ តាម​ប្រមុខ​ការទូត​បារាំង លោក​ហារីរី​បាន​យល់​ព្រម​តាម​ការ​អញ្ជើញ​របស់​លោក​ម៉ាក្រុង តែ​មិន​បាន​បញ្ជាក់​ពី​ថ្ងៃខែ​ទេ​ដោយ​លោក Le Drian ទុក​ឲ្យ​លោក​ហារីរី​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង។

លោក Le Drian បាន​បញ្ជាក់​បន្ថែម​ថា លោក​បាន​ប្រាប់​ព័ត៌មាន​ពី​ការ​យល់ព្រម​ទៅ​កាន់​ប្រទេស​បារាំង​របស់​លោក​ហារីរី​ទៅ​ឲ្យ​ព្រះមហាក្សត្រ​សាលម៉ាន ក៏​ដូច​ជា​ស្តេច​ស្នងរាជ្យ​បេន សាលម៉ាន​រួច​ហើយ។ នៅ​ក្នុង​ប្រទេស​លីបង់​ឯណោះ ដំណឹង​មួយ​នេះ​បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ ពិសេស​មជ្ឈដ្ឋាន​អ្នកនយោបាយ​ធូរចិត្ត​យ៉ាង​ច្រើន ពិសេស​រូប​លោក​ប្រធានាធិបតី​លីបង់​មីសែល អាអ៊ូន។ លោក​អាអ៊ូន​ថែម​ទាំង​ចាត់​ទុក​ទង្វើ​របស់​លោក​ប្រធានាធិបតី​បារាំង​ម៉ាក្រុង​ថា​ជា​រូបមន្ត​ស័ក្តិសិទ្ធិ​ទៀត​ផង។

យ៉ាង​ណា​ក៏​ដោយ គ្រប់​គ្នា​កំពុង​បន្ត​រង់ចាំ​មើល​វត្តមាន​ជាក់ស្តែង​របស់​លោក​សាដ ហារីរី និង​ក្រុមគ្រួសារ​របស់​គាត់​នៅ​ក្នុង​ទឹកដី​បារាំង​នា​ពេល​ខាង​មុខ។ ម្យ៉ាង​ទៀត គ្រប់​គ្នា​ក៏​កំពុង​បន្ត​រង់ចាំ​មើល​ទៀត​ថា នៅ​ពេល​ទៅ​ដល់​ប្រទេស​បារាំង តើ​លោក​សាដ ហារីរី​នឹង​សម្រេចចិត្ត​យ៉ាង​ណា​ដែរ ត្រឡប់​ចូល​លីបង់​វិញ ឬ​មួយ​ក៏​សុំ​សិទ្ធិជ្រកកោណ​ក្នុង​ប្រទេស​បារាំង?។

ហេតុអ្វី​បាន​ជា​ការ​លាលែង​របស់​លោក​សាដ ហារីរី​បង្ក​ឲ្យ​មាន​រឿងអាស្រូវ​ខ្ចរខ្ចាយ?

រឿង​ការ​លាលែង​ពី​តំណែង​នាយករដ្ឋមន្រ្តី​លីបង់​របស់​លោក​សាដ ហារីរី​ហាក់​ជា​រឿង​មួយ​ធម្មតា តែ​អ្វី​ដែល​មិន​ធម្មតា​នោះ​នៅ​ត្រង់​ថា ការ​លាលែង​របស់​លោក​ហារីរី​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​ក្នុង​កាលៈទេសៈ​មួយ​ដែល​មិន​គួរ​ឲ្យ​ទុកចិត្ត។ សូម​ជម្រាប​ជូន​ថា ១២ថ្ងៃ​ក្រោយ​ការ​ប្រកាស​លាលែង​ពី​តំណែង​របស់​លោក​ហារីរី​មក សំណួរ​ដែល​កំពុង​បន្ត​ចោទ និង​មិន​ទាន់​មាន​ចម្លើយ​ច្បាស់លាស់ គឺ​ទាក់ទង​នឹង​ស្ថានភាព និង​លក្ខខណ្ឌ​ពិត​ប្រាកដ​នៃ​ការ​រស់នៅ​របស់​លោក​សាដ ហារីរី​ក៏​ដូច​ជា​ក្រុម​គ្រួសារ​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត។

រហូត​មក​ដល់​ពេល​នេះ អ្នកនយោបាយ​លីបង់​ភាគច្រើន ពិសេស​លោក​ប្រធានាធិបតី​លីបង់​មីសែន អាអ៊ូន​នៅ​បន្ត​ចោទ​អារ៉ាប៊ីសាអូឌីត​ថា ជា​អ្នក​ចាប់​ឃុំខ្លួន​លោក​ហារីរី និង​ជា​អ្នក​បង្ខំ​លោក​ហារីរី​ឲ្យ​លា​ចុះ​ពី​តំណែង។ ចំណែក​ចលនា​ហេស្បូឡាលីបង់​គាំទ្រ​ដោយ​អ៊ីរ៉ង់​បាន​ចោទ​អារ៉ាប៊ីសាអូឌីត​ដូច​គ្នា​នេះ ព្រម​ទាំង​អះអាង​ថា អារ៉ាប៊ីសាអូឌីត​បាន​ស្នើ​អ៊ីស្រាអែល​ឲ្យ​វាយប្រហារ​លីបង់។ ដូច្នេះ​ឃើញ​ថា ផលវិបាក​ដែល​នឹង​អាច​កើត​ចេញ​ពី​ការ​លាលែង​របស់​លោក​សាដ ហារីរី មិនមែន​កម្រិត​ត្រឹម​វិបត្តិនយោបាយ​ផ្ទៃក្នុង​នៅ​លីបង់​ប៉ុណ្ណោះ​ទេ តែ​អាច​បង្ក​ឲ្យ​មាន​សង្រ្គាម​ប្រឈម​មុខ​ដាក់​គ្នា​រវាង​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​ទៀត​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ