ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT

សេណារីយ៉ូ​ក្រេមឡាំង​សម្រាប់​លោក​ពូទីន​ឈរឈ្មោះ​ជាថ្មី​ជា​បេក្ខជន​ប្រធានាធិបតី​រុស្ស៊ី​

សេណារីយ៉ូ​ក្រេមឡាំង​សម្រាប់​លោក​ពូទីន​ឈរឈ្មោះ​ជាថ្មី​ជា​បេក្ខជន​ប្រធានាធិបតី​រុស្ស៊ី​
 
លោក​ពូទីន REUTERS/Alexander Zemlianichenko/Pool

ទើប​ក្នុង​សប្តាហ៏​នេះ​ ដែល​ប្រភពជំនិត​នឹង​ថ្នាក់ដឹកនាំ​កំពូល​បាន​ទម្លាយឲ្យ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​នៅ​រុស្ស៊ី​​យល់ដឹង​អំពី​សេណារីយ៉ូ​រៀបចំឡើង​ដោយ​វិមាន​ក្រេមឡាំង​ សម្រាប់​លោក វ៉្លាឌីមៀរ ពូទីន​ ប្រកាស​អំពី​ការឈរឈ្មោះ​ជាថ្មី​ជា​បេក្ខជន​ប្រធានាធិបតី​ ក្នុង​ការ​បោះឆ្នោត​ដែល​​ខែទៀត​នឹង​ប្រព្រឹត្តទៅ​​នៅរុស្ស៊ី។ សេណារីយ៉ូ​នេះ​ ប្រមើល​អំពី​ពេល​អំពី​ទីកន្លែង​ នឹង​តើ​តាម​បែបបទ​យ៉ាងណា​​ដែល​គាត់​ត្រូវ​ឈរឈ្មោះ​ជា​បេក្ខជន។ ​

មកទល់​ឥឡូវ​តបនឹងសំនួរ​ចង់ដឹង​នៃ​ពួក​អ្នកកាសែត​​ តើគាត់​មានចេតនា​​ចូល​ប្រឡូក​ឬទេ​ ក្នុង​ការបោះឆ្នោត​ឆ្នាំក្រោយ ​លោក ពូទីន​ រៀងរាល់​តែលើក​ មិនដែល​ឆ្លើយ​ឲ្យបាន​ច្បាស់លាស់​ឡើយ។ ទាំងក្នុង​សន្និសីទ​សារពត៏មាន​ មួយ​សប្តាហ៏មុន​ បូក​សរុប​តុល្យាការ​នៃ​កិច្ចប្រជុំកំពូល​ APEC នៅ​វៀតណាម​ តបនឹង​សំនួរ​មួយបែប​នេះ ក៏ គាត់​នៅតែ​មិនព្រម​បង្ហើបឲ្យ​គេដឹងពី​គម្រោង​គាត់ ​ក្នុងរឿងនេះ។​

សេណារីយ៉ូ​ដែល​កំពុង​ស្ថិតក្នុង​ការពិភាក្សា​នៅ​វិមាន​ក្រេមឡាំង​ ត្រូវបាន​ទីភ្នាក់ងារ​ពត៌មាន​រុស្ស៊ី Russian Business Consulting ហៅ​កាត់ថា​RBC ចេះ​ទទួល​បាន​ពី​មន្ត្រី​ប្លែកៗ​ ដែល​ជំនិតនឹង​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស។

ជាបឋម​ អំពី​កាលបរិច្ឆេទ​ដែលលោកពូទីន​គប្បីប្រកាស៖​

សេណារីយ៉ូទាក់ទង​នឹងពេល​ដែលត្រូវ​ប្រកាសនេះ មាន ពីរ បែប ៖ ឬមួយ​លោកពូទីន ដាច់ចិត្តប្រកាស ​អំពីការ​សម្រេច​របស់គាត់ តាំងពីមុនពេល​​ដែល​ព្រឹទ្ធសភា ចាត់តាំងឲ្យ​បើកយុទ្ធនាការ​បោះឆ្នោត ឬមួយ​ លុះក្រោយពី​ព្រឹទ្ទសភា​ធ្វើការ​ចាត់តាំង​បែបនេះ - ការចាត់តាំង​ ដែល​ស្របនឹង​រដ្ឋធម្មនុញ្ញ​ គឺក្នុងចន្លោះ​ ពីថ្ងៃទី​៧ ដល់​ថ្ងៃ​ទី​១៧​ធ្នូខាងមុខ​ បានន័យថា កុំឲ្យហួសពី ៩០ថ្ងៃ​ មុនពេល​បោះឆ្នោត​ផ្ទាល់ ដែលនឹង​ប្រព្រឹត្តទៅ​ ថ្ងៃ​១៨​មិនា ​ឆ្នាំ២០១៨។​

ស្របនឹង​ការបំភ្លឺ​ឲ្យដឹង​នៃប្រភពបីតែម្តង ដែល​ជំនិតនឹង​ក្រេមឡាំង៖ មូលដ្ឋាន​ជា​សំអាង សម្រាប់​លោកពូទីន ប្រកាសអំពី​បំណងគាត់​ឈរឈ្មោះ​ជា​បេក្ខជន​ចូល​ប្រឡូក​ជាថ្មី​ក្នុងការ​បោះឆ្នោត​នោះ គឺ​លុះក្រោយពី​ព្រឹទ្ធសភា កំណត់ពេល​ឲ្យបើក​យុទ្ធនាការ​បោះឆ្នោត​ដែលជា​បុព្វសិទ្ទិ​របស់សភា​ថ្នាក់លើ នៃ​រដ្ឋសភារុស្ស៊ី ។ ដូច្នេះ​ តាមមើលទៅ​​ លោកពូទីន​នឹងប្រកាស​អំពី​ការសម្រេចចិត្ត​របស់គាត់​ គឺ​មុន​ដល់ពេល ដែលបក្ស​កាន់អំណាច​​”ប្រទេសរុស្ស៊ី​រួមធ្លុងមួយ”​ បើកសមាជ​ខ្លួន​ នៅថ្ងៃ​២២-២៣ធ្នូ។​

ប៉ុន្តែ​ ​តាមប្រភព​មួយផ្សេង​ ​មានទាំង​សេណារីយ៉ូ ដែលថា​លោកពូទីន ​នឹងប្រកាស​អំពី​បំណង​គាត់ គឺលុះនៅ​ដើមខែមករា​ឆ្នាំក្រោយ ​ដើម្បីឲ្យ​សម័យឃោសនា​របស់គាត់​ស៊ីពេល​ខ្លីបំផុត​ ដ្បិតគ្មានអ្វី​គួរឲ្យ​សង្ស័យឡើយ​ ដែលថា គាត់គង់នឹង​ដណ្តើមបាន​ជ័យជំនះ​ពុំខាន។ ​

ជាប្រពៃណី​ទៅហើយ ដែលនៅរុស្ស៊ី ​ពួកអ្នកនយោបាយ​កំពូលៗ​ តែង​ប្រកាស​អំពីការចូល​ប្រឡូក​ក្នុងការ​បោះឆ្នោត គឺ​លុះក្រោយពី​ព្រឹទ្ធសភា ចាត់តាំង​ឲ្យបើក​យុទ្ធនាការ​បោះឆ្នោត។ គឺយ៉ាងនេះ​ ដែលលោកពូទីន​ បានប្រកាស​អំពី​ការចូលរួម​របស់គាត់​ក្នុងការបោះឆ្នោតឆ្នាំ​២០០៤ និងលោក​នាយករដ្ឋមន្ត្រី ឌ្មីទ្រី ​មេដវេដេវ​ បាន​ប្រកាស​អំពីការចូលរួម​របស់គាត់​ក្នុង​ការបោះឆ្នោតឆ្នាំ ២០០៨​ ជាទី​ដែលគាត់​បានទទួល​ ជ៏យជំនះ។

ករណី​លើកលែង​គឺឆ្នាំ ២០១១ កាលដែល​លោក​មេដវេដេវ បានប្រកែក​មិនព្រម​ឈរឈ្មោះ​ជាបេក្ខជន ​ដើម្បីជាប់ឆ្នោត​សម្រាប់​អាណត្តិទី២​ ហើយបាន​ស្នើ ឲ្យបញ្ឈរ​បេក្ខភាព​លោកពូទីន តាំងពីក្នុង​អង្គសមាជ​បក្សកាន់អំណាច​ នៅខែ​កញ្ញាម៉្លេះ។​

ឥឡូវ ស្ថានការណ៍មិនមែន​ដូចកាល​ក្នុងឆ្នាំ​២០១១ ឡើយ ម៉្លោះហើយ​បានជា​មិនចាំបាច់​ប្រញាប់ប្រញាល់​ប្រកាសអំពីការ​ឈរឈ្មោះនោះ។

តើនៅ​កន្លែងណា​ ដែលលោកពូទីន​ត្រូវប្រកាស​អំពី​ការសម្រេចចិត្ត​ ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី ?​

សេណារីយ៉ូមានពីរ៖ ឬមួយលោកពូទីន​​នឹងប្រកាស​អំពីការ​សម្រេចចិត្ត​នេះ ពេល​ធ្វើដំណើរ​តាមខេត្ត ដោយ​ឆ្លើយតបនឹង​សំនួរទាក់ទង​នឹងរឿងនេះ​ ចោទសួរពី​ខាង​កម្មករ ឬមួយ​ចាត់ចែងឡើង​ជា​កិច្ចប្រជុំពិសេស​ ដោយអញ្ជើញ​ឲ្យ​ចូលរួម គឺ​ឥស្សរជន​ដ៏ល្បីៗ​ នៃ​ប្រទេស។ តាមវិមាន​ក្រេមឡាំង​ សំខាន់​គឺ​ត្រូវធានា​នូវ​សូររន្ទឺ បង្កើតឡើង​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ។​

ជាការរំលឹក គឺពេល ឆ្លើយតបនឹង សំនួរអ្នកស្រុក នៅតាម ច្រកល្ហកប្លែកៗ នៃប្រទេស តាមរយៈ”ស្ពានទូរទស្សន៍“ កាលពីខែធ្នូឆ្នាំ២០០៣​ ដែលលោក​ពូទីន​ បានប្រកាស​ឲ្យ​ប្រទេសជាតិ​បានឭ​អំពីការសម្រេចចិត្តគាត់​ឈរឈ្មោះជាថ្មី ​ក្នុងការ​បោះឆ្នោត​ ឆ្នាំ​២០០៤។ ចំណែក​ប្រមុខរដ្ឋាភិបាល​រុស្ស៊ី លោក​មេដវេដេវ បាន ប្រកាស​អំពី​ការ​ឈរឈ្មោះ​ជា​បេក្ខជន​ចូលប្រឡូក​ក្នុង​ការបោះឆ្នោតឆ្នាំ២០០៨ គឺនៅពេលជួប​ជាមួយ លោក​ប្រធានាធិបតីពូទីន​ លោក​ប្រធានសភា​ឌូម៉ា និង​ថ្នាក់ដឹកនាំនៃ​គណបក្ស៤ តែម្តង ក្នុងនោះ មាន​ទាំង​បក្សកាន់អំណាច​ផង កាលពីខែធ្នូ​ឆ្នាំ២០០៧។

តើលោកពូទីន​នឹងបញ្ឈរឈ្មោះ​តាមបែបបទណា?​

សេណារីយ៉ូ​មានពីរ ៖ ឬមួយ​ឈរឈ្មោះជា​បេក្ខជន​ម្ចាស់ការណ៍​ខ្លួនឯង ឬមួយ ​ជាបេក្ខជន​តំណាង​ឲ្យ​គណបក្ស។

តាម​ប្រភពដែលជំនិត​នឹងវិមានក្រេមឡាំង​ ជាការ​សមហេតុសមផល​ ដែលលោក​ពូទីននឹង​ជ្រើសយក​សេណារីយ៉ូទី១ គឺ​ឈរឈ្មោះជា​បេក្ខជនម្ចាស់ការណ៍​ខ្លួនឯង​ ពីព្រោះ​ក្នុងតំណែងជា​ប្រធានាធិបតី​សព្វថ្ងៃ គាត់ទទួលបាន​ការគាំទ្រ​ពីសំណាក់​ប្រជាជន​ធំទូលំទូលាយ​ជាង​ដែលទទួលបាន​ដោយ​បក្ស​កាន់អំណាច” ​ប្រទេសរុស្ស៊ី​រួមធ្លុង​មួយ” ។ ម្យ៉ាងទៀត ការ​ឈរឈ្មោះតាងនាម​ឲ្យបក្សនេះ​ គឺមុខជា​នឹងជះ​ឥទ្ធិពល​អវិជ្ជមាន​លើ​ចំនួនសន្លឹកឆ្នោត​ដែលគាំទ្រ​លោកពូទីន​ ពីព្រោះ​រូបគាត់​មានឋានៈជា​ ប្រមុខរដ្ឋ​តំណាងឲ្យគ្រប់តែ​ពលរដ្ឋប្រទេស មិនមែន​តំណាងឲ្យតែបក្សណាមួយ​ឡើយ ម៉្លោះហើយ​បានជា​សេណារីយ៉ូ​ឈរឈ្មោះជា​បេក្ខជនម្ចាស់ការណ៍​ខ្លួនឯង​ដោយមាន​ការគាំទ្រ​យ៉ាងទូលំទូលាយ​ពីប្រជាជន ​គឺជាអាទិភាពមែនពិត​សម្រាប់លោកពូទីន។

ចំណុចសម្គាល់៖ បើឈរឈ្មោះជា​បេក្ខជនម្ចាស់ការណ៍​ខ្លួនឯង គឺ ​ត្រូវអង្គាស​ហត្ថលេខា​អ្នកស្រុក​ម្ចាស់ឆ្នោត​ឲ្យបាន​៣០០.០០០ នាក់ ដើម្បីឲ្យ​គជប ទទួលស្គាល់​ជាបេក្ខជន​ ប៉ុន្តែ​បើ​បញ្ឈរឈ្មោះ​ដោយគណបក្ស​ដែលមាន​អាសនៈ​ប្រចាំនៅ​សភាឌូម៉ា​ គឺមិនបាច់​អង្គាស​ហត្ថលេខា​បែបនេះឡើយ៕​


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    អត្ថបទ​លោក​ពូទីន​ឧទ្ទិស​ដល់​ជំនួបកំពូល APEC លើកទី២៥ នៅ​ប្រទេស​វៀតណាម

    ស្វែងយល់បន្ថែម

  • រុស្ស៊ី

    ក្រោយ​ចេញ​ពី​គុក មហាសេដ្ឋី​រុស្ស៊ី​ Sergei Polonsky ប្រកាស​ឈរ​ឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​

    ស្វែងយល់បន្ថែម

  • រុស្ស៊ី-អាមេរិក

    ទំនាស់​រវាង​រុស្ស៊ី​និង​អាមេរិក​​រាលដាល​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​

    ស្វែងយល់បន្ថែម

  • អតីតទីប្រឹក្សាយោធាលោកត្រាំ ទំនង​ជាប៉ង​ធ្វើបច្ចាប័ន​មេបក្ស​ប្រឆាំង​តួកគី​ជាថ្នូរ​នឹង​ប្រាក់

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ