អានតួអត្ថបទ

អ៊ីស្រាអែល​ត្រៀម​សហការ​ជាមួយ​អារ៉ាប៊ីសាអូឌីតដើម្បី​ទប់​ស្កាត់​ឥទ្ធិពល​អ៊ីរ៉ង់

ជាច្រើន​ថ្ងៃ​មក​ហើយ​ដែល​បារាំង​បាន​បង្ហាញ​ជំហរ​ព្រួយ​បារម្ភ អំពី​មហិច្ឆតា​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់ ! ហើយ​ដើម្បី​ទប់​ស្កាត់​ឥទ្ធិពល​នេះ អ៊ីស្រាអែល ក៏​បាន​ប្រកាស​ត្រៀម​ខ្លួន​ជា​ស្រេច​នឹងធ្វើ​ការ​ផ្តោះប្តូរ​ចារកិច្ច​គ្នា​ជាមួយ​អារ៉ាប៊ីសាអូឌីត ព្រមទាំង​បណ្តា​ប្រទេស​អារ៉ាប​កាន់​និកាយស៊ុននីត​ផ្សេង​ទៀត។ នេះ​ជា​សេចក្តី​ប្រកាស​របស់​អគ្គសេនាធិការ​យោធា​អ៊ីស្រាអែល នៅ​ក្នុង​បទ​សម្ភាស​ន៍​ជាមួយ​សារព័ត៌មាន​អារ៉ាប៊ីសាអូឌីត។

អគ្គ​មេបញ្ជការ​កងទ័ព​អ៊ីស្រាអែល ប្រកាស​ត្រៀម​សហការ​ជាមួយ​អារ៉ាប៊ីសាអូឌីត ប្រឆាំង​អ៊ីរ៉ង់
អគ្គ​មេបញ្ជការ​កងទ័ព​អ៊ីស្រាអែល ប្រកាស​ត្រៀម​សហការ​ជាមួយ​អារ៉ាប៊ីសាអូឌីត ប្រឆាំង​អ៊ីរ៉ង់ Dan Porges/Getty Images
ផ្សាយពាណិជ្ជកម្ម

ព្រមផ្តល់​បទ​សម្ភាសន៍​ឱ្យ​សារព័ត៌មាន​អារ៉ាប៊ីសាអូឌីត ជា​សញ្ញា​វិជ្ជមាន​មួយ​ ស្តែង​ឱ្យ​ឃើញ​ថា អ៊ីស្រាអែល​កំពុង​ខិត​ទៅ​រក​ក្រុង​រីយ៉ាដ​ទៅ​ហើយ ! តែ​នៅ​ថ្ងៃ​នេះ អ៊ីស្រាអែល​បាន​ថែម​ទាំង​ប្រកាស​ត្រៀម​ខ្លួន​សហការ​ផ្តោះប្តូរ​បទ​ពិសោធន៍​ និង​ចារកិច្ច​ជាមួយ​រាជាណាចក្រអារ៉ាប៊ីសាអូឌីត​ទៀត ! នេះ​ពិត​ជា​ករណី​ដ៏​កម្រ​មិន​ធ្លាប់​មាន​ទេ សម្រាប់​ប្រទេស​ដែល​ពុំ​មាន​ទំនាក់ទំនង​ការ​ទូត​នឹង​គ្នា​នោះ។

សម្រាប់​អ៊ីស្រាអែល ហេតុ​ផល​មាន​តែ​មួយ​គឺ​ដើម្បី​ទប់​ស្កាត់​​​មហិច្ឆតា​របស់​អ៊ីរ៉ង់។ ​ ដែល​កំពុង​គំរាមកំហែង​តំបន់​ដើមបូព៌ា​យ៉ាង​ខ្លាំង។ អ៊ីរ៉ង់​មានគម្រោង​ច្បាម​គ្រប់គ្រង​តំបន់​ តាម​រយៈ​ក្រុម​ប្រទេស​អ៊ីស្លាម​និកាយ​ឈីអ៊ីត​​ពី​រ​ក្រុម ៖ ម្ខាង​តាម​រយៈ​អ៊ីរ៉ាក់ ស៊ីរី លីបង់ និង​ភ្ជាប់​ទៅ​ម្ខាង​ទៀត​តាម​រយៈ​យ៉េមែន​និង​បារ៉ែន។ ដូច្នេះ​ដើម្បី​កាត់​ខ្សែបណ្តោយ​នេះ​បាន អ៊ីស្រាអែល​ និង​អារ៉ាប៊ីសាអូឌីត ចាំបាច់​ត្រូវ​ធ្វើការ​រួមគ្នា បើ​ចង់​ការពារ​ប្រយោជន៍​រួម​ និង​ប្រយោជន៍​របស់​ក្រុម​អ្នក​អ៊ីស្លាម​មិនប្រកាន់​ជ្រុល។

ម្យ៉ាង​វិញ​ទៀត បើ​តាម​មន្ត្រី​យោធា​ជាន់​ខ្ពស់​អ៊ីស្រាអែល​នេះ​ដដែល បរិបទ​អន្តរជាតិ​​ បូក​ផ្សំ​នឹង​អាមេរិក​មាន​លោក​ត្រាំ​ជា​ប្រមុខ​ទៀត បាន​ផ្តល់​ឱកាស​​ដ៏​ប្រពៃ​សម្រាប់​បង្កើត​​សម្ព័ន្ធ​ប្រឆាំង​នឹង​អ៊ីរ៉ង់។

សូម​បញ្ជាក់​ថា នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ អ៊ីរ៉ង់​កំពុង​កា្លយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​ចោទប្រកាន់​គ្រប់​បែប​យ៉ាង។ ​លីបង់​លុងក្នុង​​​វិបត្តិ​​ជាមួយ​អារ៉ាប៊ីសាអូឌីត រហូត​បារាំង​ចូល​លូក​ដៃ​ជាមួយ​​ ក៏​ទំនង​ដោយ​សារ​អ៊ីរ៉ង់។ ប៉ុន្តែ​សម្រាប់​អ៊ីរ៉ង់ ការ​ព្រួយ​បារម្ភ​របស់​​អន្តរជាតិ​និង​បារាំង​ មិន​ស៊ី​នឹង​ស្ថានភាព​ជាក់ស្តែង​ក្នុង​តំបន់​ទេ ហើយ​បាន​បន្ទោស​បារាំង​ថា​លម្អៀង និងបាន​ជួយ​​ធ្វើ​ឱ្យ​វិបត្តិ​ដែល​ប្រុង​នឹង​កើត ឱ្យ​ចេញ​ជា​រូបរាង​ពិតតឺ​ម្តង៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ