អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្រុងធំៗ ប្រជែងគ្នា​ដើម្បី​ដណ្តើម​យក​ស្ថាប័ន​អឺរ៉ុប​ដែល​រើកញ្ជើ​ចេញ​ពី​ក្រុងឡុងដ៍

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប៉ារីស និង​អាំស្ទែរដាម នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ ទទួល​យក​ទីភ្នាក់ងារ​សំខាន់​ពីរ​របស់​អឺរ៉ុប ដែល​នឹង​រើទីតាំង​របស់​ខ្លួន ចេញពី ទីក្រុង​ឡុងដ៍ នៅក្រោយ​ការដើរ​ចេញ​របស់​អង់គ្លេស ពី​សហភាព​អឺរ៉ុប។ ទៅតាម​ការបោះឆ្នោត​សម្ងាត់ នៅទីក្រុង​ព្រុចសែល នៅ​ថ្ងៃ​ចន្ទ ប៉ារីស​របស់​បារាំង ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ទទួល​យក​ទីភ្នាក់ងារ​គ្រប់គ្រង​ធនាគារ​អឺរ៉ុប EBA ចំណែក​ក្រុងអាំស្ទែរដាម របស់​ប្រទេស​ហូឡង់​មាន​សំណាង​ទទួល​បាន​ទីភ្នាក់ងារ​គ្រប់គ្រង​ឱសថ​អឺរ៉ុប EMA។

ទីក្រុង​ឡុងដ៍
ទីក្រុង​ឡុងដ៍ © REUTERS/Peter Nicholls
ផ្សាយពាណិជ្ជកម្ម

តាម​គម្រោង អង់គ្លេស​នឹង​អាច​ដើរចេញ ឬ​លែងលះ​ដាច់ស្រឡះ ពី​សហភាព​អឺរ៉ុប នៅ​ខែ​មីនា ឆ្នាំ ២០១៩។ ប៉ុន្តែ នៅក្នុង​ដំណាក់កាល ដែល​អង់គ្លេស កំពុង​រៀបចំ​និតិវិធី ដកសមាជិកភាព​របស់ខ្លួន​ពី​សហភាព​អឺរ៉ុប ប្រទេស​សមាជិក​អឺរ៉ុប​ដទៃ​ទៀត បាន​ប្រជែង​គ្នា​រួចហើយ ដើម្បី ទទួល​យក​ផលប្រយោជន៍ ដោយសារ​តែ​ការដើរចេញ​របស់​អង់គ្លេស។ អង់គ្លេស ដែល​បាន​សម្រេច​ចិត្ត​ដកខ្លួន​ចេញពី​សហភាព​អឺរ៉ុប បាន​ត្រឹមតែ​ឈរ​មើល​ប្រទេស​ផ្សេងទៀត ដណ្តើម​ហែក​ចែកគ្នា នូវ​បាន ចំណែក ដែលអង់គ្លេស អាច​លែង​មាន​សិទ្ធិ​គ្រប់គ្រង​តទៅទៀត។

អង់គ្លេស លែង​នៅ​ក្នុង​សហភាព​អឺរ៉ុប។ ដូច្នេះ ស្ថាប័ន​អឺរ៉ុប​ក៏​គ្មាន​ហេតុផលអ្វី​ដែល​ត្រូវ​នៅ​បន្ត​វត្តមាន​របស់​ខ្លួន​ក្នុង​ទឹកដី​អង់គ្លេស​ដែរ។ គឺ​ដោយសារ​​តែ​ការដើរចេញ​របស់​អង់គ្លេស​នេះឯង ដែល​ទីភ្នាក់ងារ​សំខាន់ៗ​ពីរ​របស់​អឺរ៉ុប បាន​សម្រេច​រើទីតាំង​របស់​ខ្លួន ចេញ​ពី​ទីក្រុង​ឡុងដ៍។ ទីភ្នាក់ងារ គ្រប់គ្រង​ធនាគារ​អឺរ៉ុប ហើយ​និង​ទីភ្នាក់ងារ​គ្រប់គ្រង​ឱសថ​អឺរុប នឹង​រើ​ទីស្នាក់ការ​របស់ខ្លួន​ចេញពី​ក្រុង​ឡុងដ៍ ប៉ុន្តែ នឹង​ទៅ​ទីតាំង​នៅ​កន្លែងណា នៅ ប្រទេស​ណា?

មានទីស្នាក់ការ​របស់​ស្ថាប័ន​អឺរ៉ុប នៅក្នុង​ទឹកដី​របស់ខ្លួន គឺ​ជា​មោទនភាព​ជាតិ និង​ប្រយោជន៍​សេដ្ឋកិច្ច​ដ៏​សំខាន់ សម្រាប់​សមាជិក​នីមួយៗ​ក្នុង​សហភាព​អឺរ៉ុប។ គឺ​ហេតុផលនេះ​ហើយ​ដែល​ធ្វើ​ឲ្យ​សមាជិក​អឺរ៉ុប ទាំង​២៧ គ្មាន​អង់គ្លេស ខំប្រឹង​ប្រជែង​គ្នា ដើម្បី ធ្វើយ៉ាងណា បានស្ថាប័ន​របស់​អឺរ៉ុប​មក​តាំង​ទីស្នាក់ការ នៅក្នុង​ប្រទេស​របស់ខ្លួន។ តាំង​ពី​ការប្រកាស​ដាក់ពាក្យ នៅ​ខែ​កញ្ញា​របស់​ គណៈកម្មការ​អឺរ៉ុប ទីក្រុង​ចំនួន ១៧ របស់​ប្រទេស​សមាជិក​អឺរ៉ុប បាន​ដាក់​បេក្ខភាព​សម្រាប់​ទីភ្នាក់ងារ​គ្រប់គ្រងឱសថ​អឺរ៉ុប នៅក្នុង​ពេល​ដែល ទីក្រុង​៨ ដូចជា​ប៉ារីស ហ្រ្វង់ហ្វរ របស់​អាល្លឺម៉ង់ ក្រុង​វីយ៉ែន ឬ​លុចសំបួរ​ជាដើម បាន​ប្រជែង​ចង់​បាន​ទីភ្នាក់ងារ​គ្រប់គ្រង​ធនាគារ​អឺរ៉ុប។

នៅក្រោយ​ការបោះឆ្នោត សម្ងាត់ យ៉ាង​ស្វិតស្វាញ ដល់​ទៅ ៣​ជុំ​របស់​រដ្ឋមន្រ្តី​ការបរទេស អឺរ៉ុប​របស់​ប្រទេស​សមាជិក មាន​តែ​ក្រុង​ពីរ​ប៉ុណ្ណោះ ដែល​មាន​សំណាង​បាន​ទទួល​កេរ្តិ៍ ចំណែក​ពី​ក្រុង​ឡុងដ៍។ ប៉ារីស​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ទទួល​ទីភ្នាក់ងារ​គ្រប់គ្រង​ធនាគារ EBA ចំណែក​ទីភ្នាក់ងារ​គ្រប់គ្រង​ឱសថ​របស់​អឺរ៉ុបនឹង​រើ​ទីស្នាក់ការ​របស់ខ្លួន ចេញ​ពីក្រុង​ឡុងដ៍ ទៅនៅ​ទីក្រុង​អាំស្ទែរដាម​របស់​ប្រទេស​ហូឡង់។ អាំស្ទែរដាម​ឈ្នះច្រើន​ជាងគេ ព្រោះថា ទីភ្នាក់ងារ​គ្រប់គ្រង​ឱសថ មាន​បុគ្គលិក​បម្រើការ ដល់​ទៅ​ជាង ៩០០​នាក់។ ទីភ្នាក់ងារ​គ្រប់គ្រង​ឱសថ​អឺរ៉ុប ដើរតួ​សំខាន់​ណាស់ ក្នុង​ការគ្រប់គ្រង និង​ផ្តល់​សិទ្ធិ​ចែកចាយ ការប្រើប្រាស់​ឱសថ ក្នុង​ទីផ្សារ​អឺរ៉ុប ដែល​មាន​អ្នកប្រើប្រាស់​ជាង ៥០០​លាន​នាក់។

ប៉ារីស​វិញ មាន​សំណាង​មិន​ចាញ់​អាំស្ទែរដាម​នោះទេ។ នៅថ្ងៃ​ម្សិលមិញ ប្រធានាធិបតី​បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង បាន​បង្ហោះ​សារ​អបអរ​ដំណឹង​ដែល​ក្រុង​ប៉ារីស ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ទីស្នាក់ការ​របស់​ទីភ្នាក់ងារ​គ្រប់គ្រង​ធនាគារ​អឺរ៉ុប។ ទីភ្នាក់ងារ​មួយ នេះ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០១១ និង​មាន​បុគ្គលិក ១៧៥ ដើរតួនាទី​សំខាន់​ក្នុង​ការត្រួតពិនិត្យ រៀបចំ បទវិន័យ សម្រាប់​គ្រប់គ្រង​ធនាគារ​នៅក្នុង​រង្វង់ដែន​សហភាព​អឺរ៉ុប។ ចំណុច​ខ្លាំង​របស់​ស្ថាប័ន​មួយ រហូត​បាន​ការទទួល​ស្គាល់ ថ្នាក់​អន្តរជាតិ គឺ​ការវាយតម្លៃ ធ្វើតេស្ត​សមត្ថភាព​របស់​ធនាគារ ដែល​អាច​តស៊ូ ប្រឈម​នឹង​វិបត្តិ​ហិរញ្ញវត្ថុ។ សម្រាប់​ប្រធានាធិបតី​បារាំង ការជ្រើសរើស​ប៉ារីស​ឲ្យ​ទទួល​យក​ទីភ្នាក់ងារ​គ្រប់គ្រង​ធនាគារ​អឺរ៉ុប បាន​បញ្ជាក់​ពី​ជំនឿ​ទុកចិត្ត​របស់​សហភាព​អឺរ៉ុប មកលើ​បារាំង។

បារាំង និង​អាំស្ទែរដាម មុខរីក ប៉ុន្តែ មាន​ក្រុង​ជាច្រើន ទៀត ដែល​មិន​សប្បាយចិត្ត។ មីឡង់ របស់​អ៊ីតាលី​ជាដើម ប៉ង​ចង់​បាន​ផងដែរ ទីភ្នាក់ងារ​គ្រប់គ្រង​ឱសថ​អឺរ៉ុប។ ដើម្បី​ជៀសវាង​ជម្លោះ បណ្តាល​មក​ពី​ចែកចំណែក​មិន​ស្មើ គេ​បាន​លើកឡើង​ថា សមាជិក​របស់​អឺរ៉ុប​ដែល​ជាអ្នកឈ្នះ ប៉ុន្តែ គឺ​អង់គ្លេស​ទេ ដែល​ចាញ់ បាត់ប្រយោជន៍ ក្នុង​រឿងនេះ។

ក្រៅតែ​ពី​ទីភ្នាក់ងារ​អឺរ៉ុប​ដែល​នឹង​រើទីស្នាក់ការ ចេញពី​ក្រុង​ឡុងដ៍ ដោយសារ​ការដើរចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប ធនាគារ និង​ក្រុមហ៊ុន​ធ្វើមុខ​ជំនួញ​ជាច្រើនទៀត ក៏​គ្រោង​នឹង​រើ​កញ្ជើ​របស់ខ្លួន​ចេញ​ពីទីក្រុង​ឡុដស៍​ដែរ ព្រោះ​ថា ក្រុង​ឡុងដ៍​ដែល​លែង​ជាទឹកដី​របស់សហភាព​អឺរ៉ុប នឹង​លែង​ផ្តល់​ប្រយោជន៍ អនុគ្រោះ​ពន្ធ ឬ​ទីផ្សារ​ដូចមុន​ទៀតហើយ។

ដំណឹង​អាក្រក់​សម្រាប់​អង់គ្លេស មិនមែន​មានតែ​ប៉ុណ្ណឹង​ទេ។ អង់គ្លេស​ត្រូវ​សង​សហភាពអឺរ៉ុប ៦០ពាន់​លាន​អឺរ៉ូ សម្រាប់​ ថ្លៃ លះលែង ឬ​ការដើរចេញ​របស់​អង់គ្លេស។ ប៉ុន្តែ នាយករដ្ឋមន្រ្តី​អង់គ្លេស ដែល​មិន​ព្រម​ចេញ​សងថ្លៃ​ទៅតាម​ចំនួន ទាមទារ​របស់​អឺរ៉ុប​បាន​អះអាង ថ្ងៃ​អង្គារ​ម្សិលមិញ នឹង​អាច​សង​ទៅ​អឺរ៉ុប​វិញ នូវ​ចំនួន ទឹកប្រាក់​សមរម្យ ប៉ុន្តែ ជាថ្នូរតបវិញ សហភាព​អឺរ៉ុប​ត្រូវ​សន្យា​រក្សា ប្រយោជន៍ របស់​អង់គ្លេស ក្នុង​ការដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប។ ទស្សនាវដ្តី​Times បាន​លើកឡើង​ពី​ទឹកប្រាក់​៤០ពាន់​លាន​អឺរ៉ូ ដែល​រដ្ឋាភិបាល​អង់គ្លេស គ្រោង​នឹង​បង់​ទៅ​ឲ្យ​សហភាព​អឺរ៉ុប សម្រាប់ការលះលែង របស់​អង់គ្លេស (អង់គ្លេស​បាន​សន្យា​បង់វិភាគទាន ៦០​ពាន់​លាន​អឺរ៉ូ រហូត​ដល់​ឆ្នាំ ២០២០ សម្រាប់​ការចំណាយ និង​ជួយ​ប្រទេស​ទន់ខ្សោយ ផ្សេងទៀត នៅក្នុង​សហភាពអឺរ៉ុប)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ