អានតួអត្ថបទ

រុស្ស៊ី​ប្រកាស​កាត់​បន្ថយ​ទ័ព​នៅ​ស៊ីរី

ទៅទល់ដំណាច់ឆ្នាំនេះ កងទ័ពរុស្ស៊ី អាចបន្ថយយ៉ាងបង្គួរ វត្តមានបណ្តាអង្គភាពខ្លួន នៅស៊ីរី - សេចក្តីនេះ ត្រូវបានប្រកាសល្ងាចថ្ងៃ​ ២៣ វិច្ឆិកា ទៅពួកអ្នកកាសែត ដោយ នាយអគ្គសេនាធិការដ្ឋាន កងទ័ពរុស្ស៊ី ។

ទាហាន​រុស្ស៊ី​នៅ​ Deir Ezzor ប្រទេស​ស៊ីរី។ រូបថត​ថ្ងៃទី ១៥ កញ្ញា ២០១៧
ទាហាន​រុស្ស៊ី​នៅ​ Deir Ezzor ប្រទេស​ស៊ីរី។ រូបថត​ថ្ងៃទី ១៥ កញ្ញា ២០១៧ Dominique DERDA / France2 / AFP
ផ្សាយពាណិជ្ជកម្ម

“ប្រាកដណាស់ ដែលនឹងមានសេចក្តីសម្រេចសមស្រប ចេញដោយលោកប្រធានាធិបតីរុស្ស៊ី ក្នុង ឋានៈជាអគ្គមេបញ្ជាការកំពូលនៃកងទ័ពជាតិ ហើយក្រុមទ័ពរុស្ស៊ីដែលប្រតិបត្តិការនៅស៊ីរី នឹងត្រូវកាត់ បន្ថយ “ - សេចក្តីនេះថ្លែងដោយ នាយអគ្គសេនាធិការដ្ឋានកងទ័ពរុស្ស៊ី លោកឧត្តមសេនីយ Valeri Guerassimov តបនឹងសំនួរអ្នកកាសែត ដែលចង់ដឹង តើទៅទល់ដំណាច់ឆ្នាំនេះ រុស្ស៊ីគ្រោងបន្ថយ ឫទេ វត្តមានយោធាខ្លួន នៅស៊ីរី ។

លោក Guerassimov បន្ថែមថា ៖ ក្រោយពីយើងបញ្ចប់បេសកកម្មយោធារបស់យើងនៅស៊ីរី យើងគ្មានអ្វី ជាធំដុំ ដែលត្រូវបំពេញទៀតឡើយនៅទីនោះ។

តបនឹងសំនួរស្តីអំពីទំហំនៃការកាត់បន្ថយនោះ លោកនាយអគ្គសេនាធិការដ្ឋាន បានបង្ហើបឲ្យដឹងថា ចំនួនកាត់បន្ថយនោះ គឺ “ ច្រើនបង្គួរ “ គ្រាន់តែគាត់មិនបានលំអិតឡើយ តើទំហំកាត់បន្ថយនេះ នឹង ប្រព្រឹត្តទៅ ក្នុងឆ្នាំនេះតែម្តង ឫ ក៏នៅពេលក្រោយៗ ទេតើ។

ទោះយ៉ាងណាក្តី ក៏ អង្គភាពទ័ពរុស្ស៊ីខ្លះ នឹងនៅប្រចាំការនៅស៊ីរីដដែល ក្រោយពីម៉ូស្គូបង្អន់ ការវាយប្រហារ ពី អាកាស និង បង្ខើចចំនួនប្រតិបត្តិការនៅលើដី ក៏ដោយ។

លោកឧត្តមសេនីយ Guerassimov ពន្យល់បំភ្លឺថា ៖” យើងនឹងរក្សាទុកនៅទីនោះ គឺ មជ្ឈមណ្ឌលខាង ផ្សះផ្សាភាគីបដិបក្ខស៊ីរី, មូលដ្ឋានយោធាពីរកន្លែងរបស់រុស្ស៊ី គឺមូលដ្ឋានទ័ពអាកាស និង មូលដ្ឋានកងនាវា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលត្រូវការជាចាំបាច់ សម្រាប់ក្តោបក្តាប់ស្ថានការណ៍។

ជាការកត់សម្គាល់ បញ្ហាដែលថា ម៉ូស្គូ ទៅទល់ដំណាច់ឆ្នាំនេះ អាចកាត់បន្ថយវត្តមានយោធាខ្លួននៅស៊ីរី ត្រូវបានលោកប្រធានាធិបតីពូទីន ទម្លាយឲ្យដឹង ក្នុងកិច្ចប្រជុំល្ងាចមិញនៅឯ និវេសនដ្ឋានគាត់ក្នុងក្រុង Sotchi ចូលរួមដោយថ្នាក់ដឹកនាំយោធា និង ថ្នាក់ដឹកនាំពហុឧស្សាហកម្មយោធា នៃប្រទេស។ ពេលនោះ លោកពូទីន ក៏បានលើកយកមកបង្ហាញ តួលេខដែលថា សព្វថ្ងៃ រុស្ស៊ីលក់អាវុធខ្លួន នៅកាន់ ៥៩ ប្រទេសក្នុងលោក ហើយកុងត្រាដែលត្រូវបំពេញ គឺក្នុងទឹកប្រាក់ ជាង ៤៥.០០០ លាន ដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ