ស្វ៊ីស៖សន្និសីទអន្តរជាតិស្តីពីស៊ីរីរៀបចំជាថ្មី តែបន្តបង្កប់ដោយភាពចម្រូងចម្រាស និងការមិនទុកចិត្តគ្នា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៤៥
នៅថ្ងៃអង្គារ ទី២៨ វិច្ឆិកានេះ សន្និសីទអន្តរជាតិដើម្បីស្វែងរកសន្តិភាពឲ្យប្រទេសស៊ីរីផ្តើមជាថ្មីនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ គឺជាសន្និសីទដែលចូលរួមដោយគ្រប់ភាគីពាក់ព័ន្ធនៅក្នុងវិបត្តិស៊ីរី ពិសេសភាគីរដ្ឋាភិបាលស៊ីរីសព្វថ្ងៃ និងភាគីប្រឆាំងស៊ីរី រួមទាំងប្រទេសពាក់ព័ន្ធមួយចំនួន។ នេះជាកិច្ចចរចាលើកទី៨ ដឹកនាំដោយលោកស្តាហ្វាន មីស្ទូរ៉ា ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសំណុំរឿងស៊ីរី។ លោកមីស្ទួរ៉ាបានថ្លែងប្រាប់ក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃចន្ទ ទី២៧ វិច្ឆិកាថា ភាគីប្រឆាំងស៊ីរីបានបញ្ជាក់ពីវត្តមានរបស់ខ្លួន តែខាងភាគីរដ្ឋាភិបាលនៅមិនទាន់បានផ្តល់ចម្លើយជាផ្លូវការទេ។
បន្ទាប់ពីបានអាក់ខានរយៈពេល ៨ខែ និងក្រោយពីមានកិច្ចចរចាចំនួន ៧លើកមក កិច្ចចរចាស្វែងរកសន្តិភាពឲ្យស៊ីរីផ្តើមជាថ្មីក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ ក៏ដូចជានៅក្នុងកិច្ចចរចាលើកមុនៗ ភាគីចូលរួមមានក្រុមអ្នកតំណាងរដ្ឋាភិបាលស៊ីរី ក្រុមអ្នកតំណាងប្រឆាំងស៊ីរី និងប្រទេសពាក់ព័ន្ធ ដូចជាអាមេរិក បារាំង រុស្ស៊ី ឬក៏ប្រទេសអារ៉ាប់មួយចំនួន រួមទាំងអង្គការសហប្រជាជាតិក្នុងនាមជាអ្នករៀបចំសន្និសីទដឹកនាំដោយលោកស្តាហ្វាន មីស្ទូរ៉ា ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសំណុំរឿងស៊ីរី។
តែមានកំណត់សម្គាល់ចំនួនពីរនៅក្នុងកិច្ចប្រជុំលើកទី៨ ពេលនេះ ទី១ គឺភាគីក្រុមប្រឆាំងបានឯកភាពគ្នាឲ្យមានតំណាងតែមួយ ពោលមិនមែនមានច្រើនភាគីដូចនៅក្នុងកិច្ចប្រជុំមុនៗទេ និងទី២ ស្ថានការណ៍នយោបាយនៅក្នុងប្រទេសស៊ីរីសព្វថ្ងៃមានការផ្លាស់ប្តូរច្រើន ពិសេសភាគីរដ្ឋាភិបាលស៊ីរីរបស់លោកប្រធានាធិបតីអាសាដហាក់មានប្រៀបជាងភាគីប្រឆាំង។ ការហ៊ានអះអាងយ៉ាងដូចនេះក៏ដោយសារថា លោកអាសាដទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីប្រទេសរុស្ស៊ី និងអ៊ីរ៉ង់នៅក្នុងប្រតិបត្តិការបោសសំអាតពួកជីហាតអង្គការរដ្ឋអ៊ីស្លាម។
បច្ចុប្បន្ននេះ និងដោយមានជំនួយយោធាពីរុស្ស៊ី រដ្ឋាភិបាលស៊ីរីរបស់លោកអាសាដបានក្តោបក្តាប់ទឹកដីប្រមាណជា ៥៥%។ ជាការពិត ភាគីប្រឆាំងបានពឹងលើសហគមន៍អន្តរជាតិដើម្បីដាក់គំនាបលើលោកអាសាដ តែទន្ទឹមគ្នានេះ សហគមន៍អន្តរជាតិត្រូវហ៊ានទទួលស្គាល់ពីតួនាទីមិនអាចខ្វះបានរបស់រុស្ស៊ី ព្រោះមានតែរុស្ស៊ីទេដែលលោកអាសាដស្តាប់។ ថ្មីៗនេះនៅក្នុងកិច្ចប្រជុំក្នុងទីក្រុង Sotchi ប្រទេសរុស្ស៊ី លោកប្រធានាធិបតីរុស្ស៊ីពូទីនបានទទួលជួបសមភាគីស៊ីរីលោកអាសាដ សមភាគីអ៊ីរ៉ង់លោករ៉ូហានី និងសមភាគីតួកគីលោក Erdogna។ គោលដៅរបស់លោកពូទីន គឺគ្រោងរៀបចំកិច្ចប្រជុំមួយដាច់ដោយឡែកស្តីពីស៊ីរីទន្ទឹមគ្នានឹងកិច្ចប្រជុំរៀបចំដោយអង្គការសហប្រជាជាតិ ហើយនៅក្នុងកិច្ចប្រជុំនោះ លោកពូទីនត្រូវការឲ្យមានការដោយមានការចូលរួមពីគ្រប់ភាគីជម្លោះទាំងអស់។
កិច្ចប្រជុំផ្តោតលើប្រធានបទសំខាន់ចំនួន ៣
សំណុំរឿងដែលត្រូវលើកយកទៅជជែកមិនខ្វះទេ តែសំខាន់ និងតាមធម្មតាមាន ៣ ទី១ បង្កើតរដ្ឋាភិបាលអន្តរកាលមួយ ទី២ រៀបចំតាក់តែងច្បាប់រដ្ឋធម្មនុញ្ញថ្មី និងទី៣ រៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ។ តែនារដូវផ្ការីកកន្លងទៅថ្មីៗនេះ ភាគីរដ្ឋាភិបាលស៊ីរីបានសុំបន្ថែមប្រធានរឿងមួយទៀត គឺភេរវនិយម។ សម្រាប់រដ្ឋាភិបាលទីក្រុងដាម៉ាស់ មានក្រុមប្រឆាំងខ្លះមិនមែនជាអ្នកប្រឆាំងពិតទេ តែជាក្រុមភេរវជនដែលបានរួមសហការណ៍ជាមួយអង្គការរដ្ឋអ៊ីស្លាម។
គួររម្លឹកជូនថា ប្រធានបទសំខាន់ទាំង ៣ ខាងលើក៏ធ្លាប់បានលើកយកទៅជជែកនៅក្នុងកិច្ចប្រជុំមុនៗដែរ តែបញ្ហានៅត្រង់ថា ភាគីរដ្ឋាភិបាលស៊ីរី និងភាគីប្រឆាំងស៊ីរីមិនដែលបានអង្គុយចរចាទល់មុខគ្នាក្នុងបន្ទប់តែមួយដើម្បីនិយាយត្រង់ទៅ ត្រង់មកម្តងណាទេ។ នៅក្នុងកិច្ចប្រជុំចំនួន ៧លើកចុងក្រោយដោយអនុលោមតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខលេខ ២២៥៤ អនុម័តក្នុងខែធ្នូ ឆ្នាំ ២០១៥ ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសំណុំរឿងស៊ីរី លោកស្តាហ្វាន មីស្ទូរ៉ាបានប្តូរបន្ទប់ប្រជុំជាច្រើនដើម្បីជួបជជែកជាមួយភាគីតំណាងរដ្ឋាភិបាលស៊ីរី និងភាគីប្រឆាំងស៊ីរីដែលមានច្រើនក្រុម និងដែលស្ថិតក្នុងបន្ទប់ផ្សេងគ្នា។
តែនៅក្នុងកិច្ចប្រជុំលើកទី៨ ពេលនេះ លោកមីស្ទួរ៉ាសង្ឃឹមអាចគៀងគរភាគីរដ្ឋាភិបាល និងភាគីប្រឆាំងឲ្យអង្គុយចរចាទល់មុខគ្នានៅក្នុងបន្ទប់តែមួយ។
ក្តីសង្ឃឹមមានតិចតួច
បើតាមមើលទៅ កិច្ចប្រជុំលើកនេះក៏ប្រហែលជាមិនអាចហុចលទ្ធផលអ្វីជាដុំកំភួនទេ ហើយរូបលោកស្តាហ្វាន មីស្ទូរ៉ាក៏បានដឹងច្បាស់ពីបញ្ហានេះ។ អ្វីដែលអាចបន្តស្រពិចស្រពិលខ្លាំងជាងគេ គឺទាក់ទងនឹងការបង្កើតឲ្យមានរដ្ឋាភិបាលអន្តរកាលមួយ ពិសេសរចនាសម្ព័ន្ធ និងសមាសភាពនៅក្នុងរដ្ឋាភិបាលអន្តរកាលនោះ។ នៅត្រង់ចំណុចនេះ និងអ្វីដែលកំពុងចោទខ្លាំង គឺអាចទាក់ទងនឹងអនាគតនៃបុគ្គលលោកប្រធានាធិបតីស៊ីរីអាសាដដែលក្រុមប្រឆាំងស៊ីរី រួមទាំងប្រទេសបស្ចិមលោកមួយចំនួនមិនចង់ឲ្យមានវត្តមាននៅក្នុងរដ្ឋាភិបាលអន្តរកាល មានន័យថា អនាគតនយោបាយស៊ីរីនឹងមិនត្រូវមានវត្តមានលោកអាសាដជាដាច់ខាត។
ក៏ប៉ុន្តែ ភាគីរដ្ឋាភិបាលបានបន្តរក្សាជំហរតាំងពីដើមថា ទោះបីជានៅក្នុងរូបភាពណាក៏ដោយ លោកអាសាដនៅជាតួអង្គនយោបាយដ៏សំខាន់មិនអាចខ្វះបាននៅស៊ីរី។ ជំហររបៀបនេះរបស់រដ្ឋាភិបាលស៊ីរីក៏ជាការចង់បានរបស់ប្រទេសគាំទ្រលោកអាសាដដែរ ពិសេសរុស្ស៊ី។ ចំណែកប្រទេសបស្ចិមលោកខ្លះក៏ហាក់បានបន្ទន់ជំហរបន្តិចវិញដោយអះអាងថា ករណីលោកអាសាដអាចលើកយកទៅនិយាយពេលក្រោយ ហើយអ្វីដែលសំខាន់នៅចំពោះមុខ គឺត្រូវរកឲ្យឃើញនូវកិច្ចព្រមព្រៀងសន្តិភាពមួយ។ ដូច្នេះជោគជ័យ ឬបរាជ័យនៅក្នុងកិច្ចប្រជុំលើកនេះ គេត្រូវរង់ចាំមើលនាពេលខាងមុខ។
សម្រាប់លោកមីស្ទួរ៉ា បើភាគីរដ្ឋាភិបាល និងភាគីប្រឆាំងចូលរួមប្រជុំទាំងអស់ ហើយបើលោកអាចនិយាយបញ្ចុះបញ្ចូលឲ្យភាគីទាំងពីរចូលអង្គុយតុចរចាតែមួយនៅក្នុងបន្ទប់តែមួយបាន គឺជាជោគជ័យមួយធំធេង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ