ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/12 12h00 GMT
អឺរ៉ុប

អតីត​ប្រធាន​ក្រុមហ៊ុន​សំណង់​​បារាំង ជាប់សង្ស័យ​រកស៊ី​ជាមួយ​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី បីនាក់ ត្រូវ​ឃាត់ខ្លួន

media អតីត​ប្រធានក្រុមហ៊ុនបីនាក់ត្រូវ​ឃាត់​ខ្លួន Reuters/Gonzalo Fuentes

អតីត​អ្នក​ដឹកនាំ​ក្រុមហ៊ុន​សំណង់​បារាំង​ Lafarge បី​នាក់ ក្នុង​នោះមាន​​ម្នាក់ ជាអតីត​ប្រធានអគ្គនាយក​ក្រុមហ៊ុន​តែម្តង ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​យក​ទៅ​សួរ​ចម្លើយ នៅ​ថ្ងៃ​ពុធ​ទី ៦ ធ្នូ​នេះ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​អង្កេត​លើ​សកម្មភាព​ក្រុមហ៊ុន​នៅ​ក្រុង​ Jalabiya​ប្រទេស​ស៊ីរី។ អតីត​ប្រធាន​ក្រុមហ៊ុន​ទាំង​បី​រូប​នេះ​បាន​លាលែង​ចេញ​ពី​តំណែង​ហើយ​ កាលពី​ខែ​កក្កដា ២០១៧កន្លង​ទៅ បន្ទាប់​ពី​មានផ្ទុះ​រឿង​អាស្រូវ​ថា​ក្រុមហ៊ុន​ ​បាន​ផ្តល់​ហិរញ្ញវត្ថុ​ដោយ​ប្រយោល​ដល់​ក្រុមប្រដាប់​អាវុធ​​នៅស៊ីរី​ រាប់​ទាំង​​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាមផង។

អ្នក​នាំពាក្យ​ក្រុមហ៊ុនLafarge ដែល​បាន​សហការ​យ៉ាង​ស្អិត​ល្មួត​ជាមួយ​តុលាការ ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់​ទាក់​ទង​នឹង​ការ​ឃាត់​ខ្លួនអតីត​ប្រធាន​ក្រុមហ៊ុន​​បី​រូប មាន​ជាអាទិ៍​ ​ អតីត​ប្រធាន​អគ្គនាយកលោក Bruno Lafont អតីត​អគ្គនាយកលោក​ Eric Olsen និងអគ្គនាយករងលោក ​​Christan Herrault ទេ និងមិន​បង្ហើប​អ្វី​ទាក់ទង​នឹងការ​អង្កេតដែរ។

អតីត​មន្ត្រី​ជាន់ខ្ពស់​ក្រុមហ៊ុន​ពីរ​នាក់ និង​អ្នក​ទទួល​ខុស​ត្រូវ​សន្តិសុខ​របស់​ក្រុមហ៊ុន​ម្នាក់ ត្រូវ​បាន​តុលាការ​ធ្វើការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃ​សុក្រ​​កន្លង​ទៅ​នេះ នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​អង្កេត​​ប្រឆាំង​នឹង​ក្រុមហ៊ុន​ Lafarge ក្រោយ​ការ​ផ្ទុះ​រឿង​ស្រូវ​ កាល​ពី​ខែ​​មិថុនា​ឆ្នាំ ២០១៦ ថា​ក្រុមហ៊ុន​សំណង់​ដ៏​ធំ​របស់​បារាំង​បាន​​ផ្តល់​ហិរញ្ញវត្ថុ​ដោយ​ប្រយោល​​ដល់​ក្រុមប្រដាប់​អាវុធនៅ​ស៊ីរី។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន​សំណង់​បារាំង Lafarge បាន​ទិញ​​រោងចក្រ​ស៊ីម៉ង់​​ស៊ីរី នៅ​ឆ្នាំ​២០០៧ នៅ​Jalabiya ចម្ងាយ​ប្រមាណ​១៥០គីឡូម៉ែត្រ​ពី​ក្រុង​អាឡិប និង​បាន​ចំណាយ​ជួលជុល​ឡើង​វិញ​ ក្នុង​តម្លៃ​៦៨០​លាន​ដុល្លារ មុន​នឹង​អាច​ចាប់​ដំណើរការ​បាន​នៅ​ឆ្នាំ​២០១០។​ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ផង ប្រទេស​ក៏ធ្លាក់​ក្នុង​សង្គ្រាម​ ហើយ​រោងចក្រ​នេះ​ស្ថិត​ក្នុង​តំបន់​គ្រប់គ្រង​ដោយ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ទាំង​ស្រុង តាំង​ពី​ឆ្នាំ​២០១៤​មក តែ​អាច​បន្ត​ធ្វើ​សកម្មភាព​បាន​ទៀត។

ការ​​អង្កេត​មួយ​រក​ឃើញ​ថា ក្រុមហ៊ុន Lafarge បាន​ជួល​អន្តរការី​ម្នាក់​​ទៅ​និយាយ​ដោយ​ស្ងាត់ៗ​ជាមួយ​នឹង​អង្គការ​រដ្ឋអ៊ីស្លាម​ ដើម្បី​ឱ្យ​ពួក​ប្រដាប់​អាវុធ​ជីហាត​ដែល​នៅ​ចាំ​កាក់​តាម​ច្រក​ចេញ​ចូល បើក​ផ្លូវ​ឱ្យបុគ្គលិក​ក្រុមហ៊ុន​​ចេញ​ចូល​ ទៅ​កាន់រោងចក្រ​ផង ​ និង​ធានា​សុវត្ថិភាព​ដល់​បុគ្គលិក​ក្រុមហ៊ុននៅ​ទី​នោះ​ផង ហើយ​អាច​បន្ត​ធ្វើ​ជំនួញ​ទៀត។​​

តុលាការ​បារាំង​បាន​បើក​អង្កេត​បឋម​មួយ ក្រោយ​ពី​រដ្ឋាភិបាល​បារាំង​បាន​ដាក់​ពាក្យ​បណ្តឹង​ កាលពី​ខែ​តុលា​ឆ្នាំ​២០១៦៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ