អានតួអត្ថបទ

ប្រធានាធិបតី​តួកគី​បំពេញ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​នៅ​ក្រិក

នេះ​ជា​លើក​ទីមួយ​ហើយគិត​ចាប់​តាំង​ពី​៦៥​ឆ្នាំ​មក ដែល​ ប្រធានាធិបតី​តួកគី អញ្ជើញ​មក​​ទស្សនកិច្ច​ផ្លូវ​រដ្ឋនៅ​ប្រទេស​ក្រិក។ ​ក្នុង​ពេល​​ជួប​សន្ទនា​ជាមួយ​ប្រធានាធិបតី និង​នាយក​រដ្ឋមន្ត្រីក្រិក ​លោក​អ៊ែរដូហ្កាន Recep Teyyip Erdogan ចង់គាស់កកាយ​ជម្លោះចាស់រវាង​ក្រិក-តួកគី​ មក​ជជែក​គ្នា​ឡើង​វិញ និង​បាន​ចោទ​អឺរ៉ុប​ជា​ថ្មី​ថា​មិន​​គោរព​ពាក្យ​សន្យា​ដែល​មាន​ចុះ​កិច្ចព្រមព្រៀង​អឺរ៉ុប-តួកគី​ ស្តី​ពី​បញ្ហា​ជនភៀស​ខ្លួន។

ប្រធានាធិបតី​ក្រិកលោក Prokopis Pavlopoulos (ឆ្វេង) និង​សមភាគី តួកគី លោកTayyip Erdogan
ប្រធានាធិបតី​ក្រិកលោក Prokopis Pavlopoulos (ឆ្វេង) និង​សមភាគី តួកគី លោកTayyip Erdogan © Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​ របស់​លោក​ប្រធានាធិបតី​តួកគី នៅ​ក្រិក ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​រវាង​​ប្រទេស​ទាំង​ពី​រ​ឱ្យ​បាន​ប្រសើរ​ឡើង​វិញ​ ថ្ងៃព្រហស្បតិ៍​នេះ លោក អ៊ែរដូហ្កាន​ Recep Teyyip Erdogan បាន​ចំណាយពេល​មួយ​ភាគ​ធំ​ជួប​ពិភាក្សា​ជាមួយ​សមភាគី​ក្រិក លោក Prokopis Pavlopoulos។ ក្នុង​ឱកាសនោះ លោក អ៊ែរដូហ្កាន បាន​សើរើ​រឿង​រ៉ាវ​ចាស់​មួយ​ចំនួនផង​ និងចង់​ប្តឹង​ផ្តល់​ឱ្យ​ក្រិក​ជួយ​ផង​ ៖ ប៉ុន្តែគ្មាន​ចំណុច​ណា​មួយ​​បាន​សម្រេចសោះ​។

កាលពី​ឆ្នាំ​២០១៦ សហភាពអឺរ៉ុប​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​តួកគី ដើម្បី​ទប់​ស្កាត់​លំហូរ​ជនភៀស​ខ្លួន​ រត់​ឆ្លង​ចូល​អឺរ៉ុប​តាម​តួកគី។ ​​លោក​អ៊ែរដូហ្កាន បាន​ថ្នូចថ្នូរ​ថា តួកគី​បាន​ខិត​ខំ​អនុវត្ត​តាម​កិច្ចព្រមព្រៀង​ទប់​ស្កាត់​លំហូរ​ជនភៀស​ខ្លួន​ហើយ តែ​អឺរ៉ុប​​មិន​ទាន់​បាន​បំពេញ​កិច្ចសន្យា​​​​ផ្តល់​ជំនួយ​សេដ្ឋកិច្ច​ដល់​តួកគី​ទេ។

លោក​អ៊ែរដូហ្កាន បាន​ស្នើ​សុំ​ធ្វើ​បច្ចុប្បន្នភាព​សន្ធិសញ្ញា​Lausanne ឆ្នាំ​១៩២៣​ ដែល​ចុះ​ហត្ថលេខា​ដោយ​ប្រទេស​ចំនួន​១១ ស្តី​ពី​ការកំណត់​ព្រំដែន​អឺរ៉ុប និងដើម​បូព៌ា។ សម្រាប់​លោក​ប្រធានាធិបតី​តួកគី​ នៅ​ក្នុង​សន្ធិសញ្ញា​នោះ មាន​ចំណុច​ជា​ច្រើន​ដែល​ពិបាក​យល់ សរសេរ​មិន​អស់​សេចក្តី និង​ខ្លះ​មិន​ត្រូវ​បាន​គោរព ជាក់​ស្តែង​បញ្ហា​សិទ្ធ​ជនជាតិ​អ៊ីស្លាម​នៅ​ភាគ​ខាង​ជើង​ប្រទេសក្រិក។

ជា​ចម្លើយ​តប ប្រកប​ដោយ​សុជីវធម៌ តែ​ដាច់​ណាត់ លោក​ប្រធានាធិបតី​ក្រិក អតីត​អ្នក​ច្បាប់​ដ៏​ចំណាន បាន​ច្រាន​ចោលរាល់​សំណើ​សុំ​កែប្រែ ដោយ​ពន្យល់​ថា ​មិន​អាច​សើរើ​សន្ធិសញ្ញាទេ ​មិន​អាច​​កែប្រែ ឬ​ធ្វើ​បច្ចុប្បន្នភាព​អ្វី​ទាំង​អស់ គឺ​អាច​​ត្រឹម​បក​ស្រាយ​ឡើង​វិញ​ប៉ុណ្ណោះ​។

ចំណែក​លោក​នាយក​រដ្ឋមន្ត្រី​ក្រិក​វិញ​ បានសម្តែង​ការ​​ស្វាគមន៍ខ្លាំង ដោយ​​យល់​ថា​ ទស្សនកិច្ច​របស់​លោក​អ៊ែរដូហ្កាន ប្រព្រឹត្ត​ទៅ​ចំពេល​មាន​ភាព​តាន​តឹង​ក្នុង​តំបន់ វិបត្តិ​ស៊ីរី តួកគីជាមួយ​សហភាព​អឺរ៉ុប​ផង ដែល​ត្រូវ​ការ​ការ​ជជែក​ចរចា​គ្នា។ លោក​យល់​អំពី​ជម្លោះ​អតីត​កាល ប៉ុន្តែ​លោកនាយករដ្ឋមន្ត្រី​​ចង់ឃើញ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​តួកគី​នៅ​ក្រិក ជាការ​បើក​ទំព័រ​ថ្មី​សម្រាប់​ប្រទេស​ទាំង​ពីរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ