អានតួអត្ថបទ

បារាំងស្វែង​រក​ជំនួយ​គាំទ្រ​លីបង់ គេចពី​ការជ្រៀតជ្រែក​បរទេស

ក្រោយ​វិបត្តិ​​នាយក​រដ្ឋមន្ត្រី​លីបង់ សាដ ហារិរី ប្រកាសលាលែង​ចេញ​ពី​តំណែង​ដោយ​បង្ខំ និង​ដោយ​ភ្ញាក់ផ្អើល ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត កាលពី​ដើម​ខែ​វិច្ឆិកា ដែល​បាន​ជំរុញ​ឱ្យ​លីបង់​ធ្លាក់​ក្នុង​ភាព​មិន​ប្រាកដប្រជានយោបាយមក នៅ​ថ្ងៃសុក្រ​នេះ ក្រុមប្រទេស​ជា​មិត្ត​របស់លីបង់ បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ទីប៉ារីស ក្រោម​វត្តមាន​របស់​លោក​ប្រធានាធិបតី​បារាំង និង​ ប្រមុខ​ការ​បរទេស​អាមេរិក។ លោកប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង បាន​ធ្វើ​សេចក្តី​អំពាវនាវ​នៅ​ថ្ងៃសុក្រ​នេះ​ទៅ​កាន់​សហគមន៍​អន្តរជាតិ ឱ្យ​ជួយ​នាយក​រដ្ឋមន្ត្រី​លីបង់ ស្តារ​ប្រទេស​ចេញពី​វិបត្តិ និង​កុំ​ឱ្យ​មាន​កា​រជ្រៀតជ្រែក​ ពី​មហាអំណាច​ក្នុង​តំបន់។

ពីឆ្វេង​ទៅ​ស្តាំ៖ លោក Hariri - Macron- Le Drian រដ្ឋមន្ត្រីការបរទេស​បារាំង និងលោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក
ពីឆ្វេង​ទៅ​ស្តាំ៖ លោក Hariri - Macron- Le Drian រដ្ឋមន្ត្រីការបរទេស​បារាំង និងលោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក Reuters/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ជំនួប​​ប្រជុំនៃ​​ក្រុម​អន្តរជាតិ​ជាមិត្ត​លីបង់ ដែល​រួម​មាន​ប្រទេស​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិទាំង​៥ + អាល្លឺម៉ង់ និងអ៊ីតាលី លោកប្រធានាធិបតី​បារាំង បាន​អំពាវនាវ​ឱ្យ​សហគមន៍អន្តរជាតិ​ទាំងមូល​ជួយ​គាំទ្រ​​រដ្ឋាភិបាល​​លោក ហារិរី ដែល​ទើប​រង​ឥទ្ធិពល​ខ្លាំង​ពី​អារ៉ាប៊ីសាអូឌីត​។ ​ដើម្បីស្ថិរភាព​និង​ការពារ​ប្រទេស​លីបង់ គ្រប់​ភាគី​ទាំង​អស់​ ទាំង​នៅ​លីបង់ និងទាំង​ដៃ​គូ​​ក្នុង​តំបន់​ទាំង​អស់ ត្រូវ​ចេះ​គោរព​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុងរបស់​គ្នា​។

ល្បែង​គំរាមលីបង់ កំពុង​ផ្ទាត់​មក​ត្រូវ​អារ៉ាប៊ីសាអូឌីត​វិញ​

លីបង់មិនមែន​ជា​វត្ថុ ជា​ល្បែង ឬ​ជា​តួអង្គ​នៃ​ជម្លោះទេ។ នេះ​ជា​ប្រសាសន៍​របស់​​លោក​ម៉ាក្រុង ​សំដៅ​កាន់ទៅ​អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត។ លោក​ប្រធានាធិបតី​បារាំង​ក៏​បង្ហោះ​សារ​ទៅ​​ចលនា​ឈីអ៊ីត​ហេស្បូឡា​លីបង់ ដែល​មាន​អ៊ីរ៉ង់​នៅ​ពី​ក្រោយ​ខ្នង ឱ្យ​ឈប់​លូក​ដៃ​ទៅ​ក្នុង​វិបត្ត​តំបន់​ដូច​យ៉ាង​ស៊ីរី ព្រោះ​ការ​មិន​ជ្រៀតជ្រែក​ក្នុង​ជម្លោះ​តំបន់ និង​អធិបតេយ្យភាព​លីបង់ ជា​មូលដ្ឋាន​គ្រឹះ​ដែល​ត្រូវ​ប្រកាន់​យក។

បន្ថែម​ពី​លើ​នេះ​ទៀត បារាំង​បាន​សន្យា​ស្វែង​រក​ជំនួយ​សសន្តិសុខ សេដ្ឋកិច្ច​ និង​មនុស្សធម៌​ ជួយ​លីបង់​ ដោយ​គ្រោង​នឹង​រៀប​ចំ​សន្និសីទ​នៅដើម​​ឆ្នាំ២០១៨ នៅទីក្រុង​ប៉ារីស​ដើម្បី​រក​ជំនួយ​សេដ្ឋកិច្ច និ​ង​នៅ​ទីក្រុង​រ៉ូម ដើម្បីប្រមូល​​ជំនួយ​យោធា។

នាយក​រដ្ឋមន្ត្រី​លីបង់ បាន​សម្តែង​អំណរ​គុណ​បារាំង ដែល​បាន​រៀប​ចំ​ជំនួប​នេះ និង​បាន​ជួយ​លីបង់​ឱ្យ​ដើរ​ចេញ​ពីវិបត្តិ​នយោបាយ​ ដោយ​បាន​រំលឹក​ថា ជួយ​លីបង់​ឱ្យ​មាន​ស្ថិរភាព នយោបាយ​ សេដ្ឋកិច្ច ប្រៀប​ដូច​ជា​បាន​ជួយ​ដោះស្រាយវិបត្តិជន​ភៀស​ខ្លួន ព្រោះលីបង់​ទទួល​ឱ្យជ្រកកោន​ជនភៀស​ខ្លួន​ស៊ីរី​ប្រមាណ​ជាង​១​លាន​នាក់​កន្លះ។ ស្ថិរភាព​លីបង់ ដែល​កំពុង​ជួប​ការ​ស្មុគស្មាញ​បន្ថែម​ទៀត ក្រោយ​ពី​​សេចក្តី​ប្រកាស​របស់​លោក​ត្រាំ​ទទួលស្គាល់ ក្រុង​ហ្ស៊េរុយសាឡិម​ជា​រដ្ឋធានី​អ៊ីស្រាអែល ដោយ​ចលនា​ហេស្បូឡា​លីបង់​បាន​ប្រកូក​ប្រកាស​រួច​ទៅ​ហើយ​ឱ្យ​មាន​បាតុកម្ម​ទ្រង់ទ្រង់ធំ​ប្រឆាំង​នឹង​សេចក្តី​សម្រេចរបស់​​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ