Brexit ៖ អង់គ្លេសនិងសហភាពអឺរ៉ុបព្រមព្រៀងគ្នាជាគោលការណ៍លើលក្ខខណ្ឌលែងលះគ្នា
គណៈកម្មការអឺរ៉ុប និងអង់គ្លេស បានព្រមព្រៀងជាគោលការណ៍ នៅថ្ងៃសុក្រនេះ លើលក្ខខណ្ឌនៃការដកសមាជិកភាពអង់គ្លេសចេញពីសហភាពអឺរ៉ុបហើយ។ ជាមួយលទ្ធផលនេះ សហភាពអឺរ៉ុប និងអង់គ្លេស អាចចាប់ផ្តើមបន្តកិច្ចចរចា វគ្គបន្ទាប់ ស្តីអំពីទំនាក់ទំនងរវាងគ្នា នាពេលអនាគត ដែលជាដំណាក់កាលដ៏ស្មុគស្មាញខ្លាំង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៣៨
ការចរចាលែងលះគ្នាប្រព្រឹត្តទៅយ៉ាងតានតឹង និងមិនសូវទៅមុខអស់ជាច្រើនខែ ប៉ុន្តែអ្វីៗហាក់ដូចប្រែប្រួលលឿន នៅក្នុងសប្តាហ៍នេះ។ លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស Theresa May និងប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Jean Claude Junker បានប្រកាសតាំងពីព្រហាម ថ្ងៃសុក្រទី ៨ធ្នូនេះ វេលាម៉ោង៧ព្រឹក បានរកឃើញការព្រមព្រៀងគ្នាគ្រប់គ្រាន់ស្តីអំពីលក្ខខណ្ឌនៃការដើរចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបហើយ។
កិច្ចព្រមព្រៀងដំបូង គម្រាស១៥ទំព័រនេះ ផ្តោតទៅលើចំណុចអាទិភាពបីសំខាន់ៗ ៖
-សិទ្ធិរស់នៅ។ សិទ្ធរបស់ពលរដ្ឋអឺរ៉ុបទៅរស់នៅអង់គ្លេស (បីលាននាក់) និងពលរដ្ឋអង់គ្លេសមករស់នៅក្នុងសហភាព (១លាននាក់) នៅតែត្រូវបានរក្សាទុកដដែល ក្រោយពីអង់គ្លេសដើរចេញពីសហភាពអឺរ៉ុប។
-ព្រំដែន។ គ្មានរនាំងព្រំប្រទល់រវាងអៀរឡង់ខាងជើង ខេត្តរបស់អង់គ្លេស និងប្រទេសអៀរឡង់ ជាសមាជិកសហភាពអឺរ៉ុបទេ។ នេះជាការធានាអះអាងរបស់លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស។
-លក្ខខណ្ឌហិរញ្ញវត្ថុនៃការលែងលះគ្នា។ អង់គ្លេសបានព្រមព្រៀងថានឹងបង់ប្រាក់សងអឺរ៉ុបនៅពេលដើរចេញ ប៉ុន្តែពុំទាន់មានការកំណត់តម្លៃច្បាស់លាស់នៅឡើយទេ។ បើតាមប្រភពអឺរ៉ុប ទឹកប្រាក់សំណងអាចមានទំហំដល់ទៅរវាងពី ៤៥ទៅ៥៥ពាន់លានអឺរ៉ូ។
នេះជាកិច្ចព្រមព្រៀងជាគោលការណ៍ ដែលត្រូវបញ្ជូនទៅឱ្យដោយក្រុមប្រឹក្សាអឺរ៉ុប ពោលគឺសមាជិកសហភាពអឺរ៉ុបទាំង២៧អនុម័តសម្រេចនាឱកាសជំនួបកំពូលសហភាពអឺរ៉ុប ថ្ងៃ១៤-១៥ធ្នូ។ បន្ទាប់មកគណៈកម្មការអឺរ៉ុប អាចបន្តកិច្ចពិភាក្សាជាមួយអង់គ្លេសដំណាក់កាលទីពីរ ដែលជាដំណាក់កាលស្មុគស្មាញជាង និងត្រូវប្រើពេលយូរប្រមាណ ជាពីរឆ្នាំ ព្រោះត្រូវជជែកគ្នាអំពីទំនាក់ទំនងនាពេលអនាគត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ