បារាំង-អ៊ីស្រាអែល៖លោកម៉ាក្រុងទទួលជួបលោកនេតាន់យ៉ាហ៊ូនៅក្នុងបរិបទតានតឹងស្តីពីលក្ខន្តិកទីក្រុងហ្សេរុយសាឡិម
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:២៥
នៅថ្ងៃអាទិត្យ ទី១០ ធ្នូនេះ លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែលនេតាន់យ៉ាហ៊ូបានអញ្ជើញទៅទស្សនកិច្ចនៅក្នុងប្រទេសបារាំង។ លោកនេតាន់យ៉ាហ៊ូបានទទួលជួបដោយលោកប្រធានាធិបតីបារាំងម៉ាក្រុងនៅក្នុងពិធីស្រស់ស្រូបអាហារថ្ងៃត្រង់ក្នុងវិមានប្រធានាធិបតីអេលីហ្សេ។ នាឱកាសនោះ ឥស្សរជនទាំងពីរបានលើកយកសំណុំរឿងជាច្រើនទៅជជែក ពិសេសទាក់ទងនឹងតំបន់មជ្ឈិមបូព៌ា។ តែអ្វីជាការកត់សម្គាល់ វត្តមានរបស់លោកនេតាន់យ៉ាហ៊ូក្នុងទឹកដីបារាំងពេលនេះបានធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានប្រកាសចាត់ទុកហ្សេរុយសាឡិមជាទីក្រុងផ្លូវការផ្តាច់មុខរបស់អ៊ីស្រាអែល។
នេះមិនមែនជាលើកទី១ ទេដែលលោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែលនេតាន់យ៉ាហ៊ូបានអញ្ជើញមកកាន់ប្រទេសបារាំង។ នាខែកក្កដាកន្លងទៅថ្មីៗនេះ លោកត្រូវបានលោកប្រធានាធិបតីបារាំងម៉ាក្រុងអញ្ជើញឲ្យចូលរួមនៅក្នុងពិធីរម្លឹកខួប ៧៥ឆ្នាំនៃព្រឹត្តិការណ៍ប៉ូលិសបារាំងចាប់ខ្លួន និងធ្វើបាបជនជាតិជ្វីហ្វក្នុងសម័យវីឈី។ គេសង្កេតឃើញជាទូទៅថា លោកម៉ាក្រុង និងលោកនេតាន់យ៉ាហ៊ូបានបង្ហាញឲ្យឃើញនូវកាយវិការមិត្តភាពរវាងគ្នាយ៉ាងកក់ក្តៅជាទីបំផុត។ ម្យ៉ាងទៀតរវាងលោកម៉ាក្រុង និងលោកនេតាន់យ៉ាហ៊ូ ក៏ដូចជាទំនាក់ទំនងរវាងបារាំង និងអ៊ីស្រាអែល គឺមានដំណើរការយ៉ាងរលូន។
តែនេះមិនមានន័យថា បារាំង និងអ៊ីស្រាអែលបានយល់ឃើញដូចគ្នា ឬមួយបានឯកភាពគ្នានៅលើសំណុំរឿងអន្តរជាតិមួយចំនួន ពិសេសវិបត្តិនៅតំបន់មជ្ឈិមបូព៌ាដែលមានជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនជាបញ្ហាស្នូលនោះទេ។ នៅក្នុងដំណើរមកកាន់ប្រទេសបារាំងពេលនេះ លោកនេតាន់យ៉ាហ៊ូចង់ដឹងពីជំហររបស់លោកម៉ាក្រុងទាក់ទងនឹងបញ្ហាប្រទេសលីបង់ ស៊ីរី និងអ៊ីរ៉ង់។ អ៊ីរ៉ង់ដែលលោកនេតាន់យ៉ាហ៊ូកំពុងបារម្ភខ្លាំងពីកម្មវិធីគ្រាប់មីស៊ីលបាលីស្ទិក។ ទោះទៅទស្សនកិច្ចនៅក្នុងប្រទេសណាក៏ដោយ លោកនេតាន់យ៉ាហ៊ូតែងនិយាយនៅក្នុងសុន្ទរកថារបស់លោកពីការគំរាមកំហែងរបស់អ៊ីរ៉ង់លើសន្តិសុខអ៊ីស្រាអែល។
ក៏ប៉ុន្តែ ប្រធានបទមួយទៀតដែលគេមិនអាចបំភ្លេចបាន និងដែលអាចជាប្រធានបទរសើបខ្លាំងនៅក្នុងជំនួបរវាងលោកនេតាន់យ៉ាហ៊ូ និងលោកម៉ាក្រុង គឺលក្ខន្តិកទីក្រុងហ្សេរុយសាឡិមដែលលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានទទួលស្គាល់ជាទីក្រុងផ្តាច់មុខរបស់អ៊ីស្រាអែល។ ជំហររបស់លោកត្រាំរបៀបនេះមិនត្រូវបានលោកម៉ាក្រុងថ្កោលទោសមែន តែលោកម៉ាក្រុងបានចាត់ទុកជាការសម្រេចចិត្តគួរឲ្យសោកស្តាយ។
ជំហររបស់បារាំងនៅក្នុងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន
តាំងពីអើយមក និងបើទោះបីជាអាមេរិកបានដើរតួនាទីសឹងផ្តាច់មុខដើម្បីដោះស្រាយឲ្យជម្លោះរវាងអ៊ីស្រាអែល ប៉ាឡេស្ទីនក៏ដោយ ក៏បារាំងមិនបានធ្វើព្រងើយកន្តើយចំពោះសំណុំរឿងនេះទេ។ ក្នុងរយៈពេលចុងក្រោយនេះ បារាំងបានរៀបចំកិច្ចប្រជុំអន្តរជាតិស្តីពីជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនចំនួនពីរដងដើម្បីជួយផ្តល់សន្ទុះកិច្ចចរចាសន្តិភាពដែលមិនត្រឹមកំពុងជាប់គាំងមួយកន្លែងតាំងពី ២ឆ្នាំមកទេ តែវាហាក់កាន់តែធ្លាក់ដុនដាបទៅៗពីមួយថ្ងៃទៅមួយថ្ងៃទៀតផង។ ទីក្រុងប៉ារីសយល់ច្បាស់ណាស់ថា គេពិតជាមិនអាចរកឃើញសន្តិភាពភ្លាមៗឲ្យជម្លោះស្មុគស្មាញ និងរុំារ៉ៃមួយនេះបានទេ តែយ៉ាងហោចណាស់ ក៏អាចជួយបន្តដាស់ស្មារតីពិភពលោកកុំឲ្យបំភ្លេចរឿងមួយនេះនៅតំបន់ដើមបូព៌ាដែរ។
តែគេមិនត្រូវភ្លេចនិយាយទេថា បារាំងបានបន្តប្រកាន់ជំហរមិនប្រែប្រួលចំពោះដំណោះស្រាយឲ្យវិបត្តិអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ដំណោះស្រាយដែលប៉ារីសក៏ដូចជាសហគមន៍អន្តរជាតិភាគច្រើនចង់បាន គឺរដ្ឋពីរអ៊ីស្រាអែល និងប៉ាឡេស្ទីនរស់ក្បែរគ្នាដោយកំណត់យកខ្សែព្រំដែនឆ្នាំ ១៩៦៧ និងយកទីក្រុងហ្សេរុយសាឡិមធ្វើជាទីក្រុងរួម។ បារាំងបានយល់ឃើញថា លក្ខន្តិកទីក្រុងហ្សេរ៉ុយសាឡិមជាបញ្ហាដ៏រសើប និងស្លាប់ រស់រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល។ នៅក្នុងន័យនេះ ប៉ារីសចង់ផ្ញើសារទៅកាន់ពិភពលោកថា លក្ខន្តិកទីក្រុងហ្សេរ៉ុយសាឡិមគួរតែទុកឲ្យអ៊ីស្រាអែល និងប៉ាឡេស្ទីនដោះស្រាយដោយខ្លួនឯង ពោលមិនគួរប្រទេសណាមួយចេញមុខទទួលស្គាល់ជាទីក្រុងផ្តាច់មុខរបស់អ៊ីស្រាអែល ឬរបស់ប៉ាឡេស្ទីនឡើយ។
លោកម៉ាក្រុងចេញមុខធ្វើអន្តរការី !
បារាំងបានចូលរួមជួយឈឺឆ្អាលជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនតាំងពីអើយមកម្ល៉េះ គ្រាន់តែថាមកទល់ពេលនេះ អាមេរិកបានដើរតួនាទីសឹងផ្តាច់មុខ។ តែគេក៏ហ៊ានទទួលស្គាល់ថាមកទល់ពេលនេះ រដ្ឋបាលអាមេរិកក្នុងជំនាន់រូបប្រធានាធិបតីណាក៏ដោយក៏ហាក់មិនទាន់អាចរកឃើញដំណោះស្រាយសមស្របមួយដែលភាគីជម្លោះទាំងពីរអាចទទួលបាននៅឡើយទេ។ ផ្ទុយទៅវិញ ជម្លោះប្រវត្តិសាស្រ្តក្នុងលោកមួយនេះនៅបន្តគ្មានច្រកចេញ និងថែមទាំងធ្លាក់កាន់តែដុនដាបថែមទៀត ពិសេសតាំងពីលោកដូណាល់ ត្រាំឡើងកាន់តំណែងប្រធានាធិបតីអាមេរិក។
ខុសពីប្រធានាធិបតីអាមេរិកមុនៗ លោកដូណាល់ ត្រាំបានធ្វើឲ្យស្ថានការណ៍នយោបាយនៅតំបន់មជ្ឈិមបូព៌ាច្របូកច្របល់ខ្លាំងដោយចេញមុខផ្គើនអ៊ីរ៉ង់ និងមានជំហរទោរខ្លាំងទៅរកអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្ត។ ជាមួយនឹងការទទួលស្គាល់ជាឯកតោភាគីទីក្រុងហ្សេរុយសាឡិមជាទីក្រុងផ្តាច់មុខរបស់អ៊ីស្រាអែល លោកត្រាំបាននិងកំពុងយកសាំងទៅចាក់លើពំនូកភ្លើងដែលកំពុងក្តៅងំស្រាប់។ រហូតមកដល់ពេលនេះ កំហឹងរបស់ពលរដ្ឋអ្នកកាន់សាសនាអ៊ីស្លាមក្នុងលោក រួមទាំងថ្នាក់ដឹកនាំនៃក្រុមប្រទេសអារ៉ាប់ផងកំពុងបន្តមានកាន់តែខ្លាំងឡើងៗដោយគេមិនដឹងថា តើស្ថានការណ៍នឹងក្លាយទៅជាយ៉ាងណាទេ។ ក្រុមប្រទេសអារ៉ាប់ និងប្រទេសមួយចំនួន ពិសេសភាគីប៉ាឡេស្ទីនបានយល់ឃើញថា លោកត្រាំបានបំផ្លាញដំណើរស្វែងរកសន្តិភាពឲ្យប៉ាឡេស្ទីន អ៊ីស្រាអែល និងថា អាមេរិកលែងជាតួអង្គនៅក្នុងវិបត្តិមួយនេះទៀតឡើយ។
ដូច្នេះឃើញថា លោកប្រធានាធិបតីបារាំងម៉ាក្រុងអាចនឹងឆក់យកឱកាសដ៏ប្រពៃមួយនេះដើម្បីចេញមុខឲ្យបានខ្លាំងជាងមុនក្នុងនាមជាអ្នកស្វែងរកសន្តិភាពឲ្យអ៊ីស្រាអែល និងប៉ាឡេស្ទីន។ តែសំណួរដែលចោទគឺថា តើបារាំងមានលទ្ធភាព និងសមត្ថភាពកម្រិតណាដើម្បីមានទឹកមាត់ប្រៃនៅក្នុងបញ្ហានេះ។ ចូរកុំភ្លេចថា ភាគីអ៊ីស្រាអែលចង់បានការចរចាមួយទល់មួយជាមួយប៉ាឡេស្ទីន តែប៉ាឡេស្ទីនដែលជាភាគីទន់ខ្សោយចង់បានយន្តការណ៍អន្តរជាតិ។ ម្យ៉ាងទៀត អ្វីៗមិនមែនអាស្រ័យលើបារាំង ឬប្រទេសផ្សេងឯណា តែវាអាស្រ័យជាពិសេសលើលើឆន្ទៈពិតប្រាកដរបស់អ៊ីស្រាអែល និងប៉ាឡេស្ទីន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ