អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង-អ៊ីស្រាអែល៖​លោកម៉ាក្រុង​ទទួល​ជួប​លោកនេតាន់យ៉ាហ៊ូ​នៅ​ក្នុង​បរិបទ​តានតឹង​ស្តីពី​លក្ខន្តិក​ទីក្រុង​ហ្សេរុយសាឡិម

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អាទិត្យ ទី១០ ធ្នូ​នេះ លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ​បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​បារាំង។ លោក​នេតាន់យ៉ាហ៊ូ​បាន​ទទួល​ជួប​ដោយ​លោក​ប្រធានាធិបតី​បារាំង​ម៉ាក្រុង​នៅ​ក្នុង​ពិធី​ស្រស់ស្រូប​អាហារ​ថ្ងៃត្រង់​ក្នុង​វិមាន​ប្រធានាធិបតី​អេលីហ្សេ។ នា​ឱកាស​នោះ ឥស្សរជន​ទាំង​ពីរ​បាន​លើក​យក​សំណុំរឿង​ជា​ច្រើន​ទៅ​ជជែក ពិសេស​ទាក់ទង​នឹង​តំបន់​មជ្ឈិមបូព៌ា។ តែ​អ្វី​ជា​ការ​កត់​សម្គាល់ វត្តមាន​របស់​លោក​នេតាន់យ៉ាហ៊ូ​ក្នុង​ទឹកដី​បារាំង​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ប្រកាស​ចាត់​ទុក​ហ្សេរុយសាឡិម​ជា​ទីក្រុង​ផ្លូវការ​ផ្តាច់​មុខ​របស់​អ៊ីស្រាអែល។

លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល Benyamin Netanyahu (រូបឆ្វេង) និង​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron lors ក្នុង​សន្និសីទកាសែត​រួម​នៅ​វិមាន​អេលីហ្សេ ថ្ងៃទី១៦ កក្កដា ២០១៧
លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល Benyamin Netanyahu (រូបឆ្វេង) និង​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron lors ក្នុង​សន្និសីទកាសែត​រួម​នៅ​វិមាន​អេលីហ្សេ ថ្ងៃទី១៦ កក្កដា ២០១៧ REUTERS/Stephane Mahe
ផ្សាយពាណិជ្ជកម្ម

នេះ​មិនមែន​ជា​លើក​ទី១ ទេ​ដែល​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ​បាន​អញ្ជើញ​មក​កាន់​ប្រទេស​បារាំង។ នា​ខែ​កក្កដា​កន្លង​ទៅ​ថ្មីៗ​នេះ លោក​ត្រូវ​បាន​លោក​ប្រធានាធិបតី​បារាំង​ម៉ាក្រុង​អញ្ជើញ​ឲ្យ​ចូលរួម​នៅ​ក្នុង​ពិធី​រម្លឹក​ខួប ៧៥ឆ្នាំ​នៃ​ព្រឹត្តិការណ៍​ប៉ូលិស​បារាំង​ចាប់ខ្លួន និង​ធ្វើបាប​ជនជាតិ​ជ្វីហ្វ​ក្នុង​សម័យ​វីឈី។ គេ​សង្កេត​ឃើញ​ជា​ទូទៅ​ថា លោក​ម៉ាក្រុង និង​លោក​នេតាន់យ៉ាហ៊ូ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​កាយវិការ​មិត្តភាព​រវាង​គ្នា​យ៉ាង​កក់ក្តៅ​ជាទី​បំផុត។ ម្យ៉ាង​ទៀត​រវាង​លោក​ម៉ាក្រុង និង​លោក​នេតាន់យ៉ាហ៊ូ ក៏​ដូច​ជា​ទំនាក់ទំនង​រវាង​បារាំង និង​អ៊ីស្រាអែល គឺ​មាន​ដំណើរការ​យ៉ាង​រលូន។

តែ​នេះ​មិន​មាន​ន័យ​ថា បារាំង និង​អ៊ីស្រាអែល​បាន​យល់​ឃើញ​ដូច​គ្នា ឬ​មួយ​បាន​ឯកភាព​គ្នា​នៅ​លើ​សំណុំរឿង​អន្តរជាតិ​មួយ​ចំនួន ពិសេស​វិបត្តិ​នៅ​តំបន់​មជ្ឈិមបូព៌ា​ដែល​មាន​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ជា​បញ្ហា​ស្នូល​នោះ​ទេ។ នៅ​ក្នុង​ដំណើរ​មក​កាន់​ប្រទេស​បារាំង​ពេល​នេះ លោក​នេតាន់យ៉ាហ៊ូ​ចង់​ដឹង​ពី​ជំហរ​របស់​លោក​ម៉ាក្រុង​ទាក់ទង​នឹង​បញ្ហា​ប្រទេស​លីបង់ ស៊ីរី និង​អ៊ីរ៉ង់។ អ៊ីរ៉ង់​ដែល​លោក​នេតាន់យ៉ាហ៊ូ​កំពុង​បារម្ភ​ខ្លាំង​ពី​កម្មវិធី​គ្រាប់មីស៊ីល​បាលីស្ទិក។ ទោះ​ទៅ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ណា​ក៏​ដោយ លោក​នេតាន់យ៉ាហ៊ូ​តែង​និយាយ​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ពី​ការ​គំរាមកំហែង​របស់​អ៊ីរ៉ង់​លើ​សន្តិសុខ​អ៊ីស្រាអែល។

ក៏​ប៉ុន្តែ ប្រធានបទ​មួយ​ទៀត​ដែល​គេ​មិន​អាច​បំភ្លេច​បាន និង​ដែល​អាច​ជា​ប្រធានបទ​រសើប​ខ្លាំង​នៅ​ក្នុង​ជំនួប​រវាង​លោក​នេតាន់យ៉ាហ៊ូ និង​លោក​ម៉ាក្រុង គឺ​លក្ខន្តិក​ទីក្រុង​ហ្សេរុយសាឡិម​ដែល​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ទទួល​ស្គាល់​ជា​ទីក្រុង​ផ្តាច់មុខ​របស់​អ៊ីស្រាអែល។ ជំហរ​របស់​លោក​ត្រាំ​របៀប​នេះ​មិន​ត្រូវ​បាន​លោក​ម៉ាក្រុង​ថ្កោលទោស​មែន តែ​លោក​ម៉ាក្រុង​បាន​ចាត់​ទុក​ជា​ការ​សម្រេចចិត្ត​គួរ​ឲ្យ​សោកស្តាយ។

ជំហរ​របស់​បារាំង​នៅ​ក្នុង​ជម្លោះ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន

តាំង​ពី​អើយ​មក និង​បើ​ទោះបី​ជា​អាមេរិក​បាន​ដើរ​តួនាទី​សឹង​ផ្តាច់មុខ​ដើម្បី​ដោះស្រាយ​ឲ្យ​ជម្លោះ​រវាង​អ៊ីស្រាអែល ប៉ាឡេស្ទីន​ក៏​ដោយ ក៏​បារាំង​មិន​បាន​ធ្វើ​ព្រងើយកន្តើយ​ចំពោះ​សំណុំរឿង​នេះ​ទេ។ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ បារាំង​បាន​រៀបចំ​កិច្ចប្រជុំ​អន្តរជាតិ​ស្តីពី​ជម្លោះ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ចំនួន​ពីរ​ដង​ដើម្បី​ជួយ​ផ្តល់​សន្ទុះ​កិច្ចចរចា​សន្តិភាព​ដែល​មិន​ត្រឹម​កំពុង​ជាប់គាំង​មួយ​កន្លែង​តាំង​ពី ២ឆ្នាំ​មក​ទេ តែ​វា​ហាក់​កាន់​តែ​ធ្លាក់​ដុនដាប​ទៅៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ទៀត​ផង។ ទីក្រុង​ប៉ារីស​យល់​ច្បាស់​ណាស់​ថា គេ​ពិត​ជា​មិន​អាច​រក​ឃើញ​សន្តិភាព​ភ្លាមៗ​ឲ្យ​ជម្លោះ​ស្មុគស្មាញ និង​រុំារ៉ៃ​មួយ​នេះ​បាន​ទេ តែ​យ៉ាង​ហោចណាស់ ក៏​អាច​ជួយ​បន្ត​ដាស់​ស្មារតី​ពិភពលោក​កុំ​ឲ្យ​បំភ្លេច​រឿង​មួយ​នេះ​នៅ​តំបន់​ដើមបូព៌ា​ដែរ។

តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា បារាំង​បាន​បន្ត​ប្រកាន់​ជំហរ​មិន​ប្រែប្រួល​ចំពោះ​ដំណោះស្រាយ​ឲ្យ​វិបត្តិ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ ដំណោះស្រាយ​ដែល​ប៉ារីស​ក៏​ដូច​ជា​សហគមន៍​អន្តរជាតិ​ភាគច្រើន​ចង់​បាន គឺ​រដ្ឋ​ពីរ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​រស់​ក្បែរ​គ្នា​ដោយ​កំណត់​យក​ខ្សែ​ព្រំដែន​ឆ្នាំ ១៩៦៧ និង​យក​ទីក្រុង​ហ្សេរុយសាឡិម​ធ្វើ​ជា​ទីក្រុង​រួម។ បារាំង​បាន​យល់​ឃើញ​ថា លក្ខន្តិក​ទីក្រុង​ហ្សេរ៉ុយសាឡិម​ជា​បញ្ហា​ដ៏​រសើប និង​ស្លាប់ រស់​រវាង​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល។ នៅ​ក្នុង​ន័យ​នេះ ប៉ារីស​ចង់​ផ្ញើ​សារ​ទៅ​កាន់​ពិភពលោក​ថា លក្ខន្តិក​ទីក្រុង​ហ្សេរ៉ុយសាឡិម​គួរ​តែ​ទុក​ឲ្យ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ដោះស្រាយ​ដោយ​ខ្លួន​ឯង ពោល​មិន​គួរ​ប្រទេស​ណា​មួយ​ចេញ​មុខ​ទទួល​ស្គាល់​ជា​ទីក្រុង​ផ្តាច់​មុខ​របស់​អ៊ីស្រាអែល ឬ​របស់​ប៉ាឡេស្ទីន​ឡើយ។

លោក​ម៉ាក្រុង​ចេញ​មុខ​ធ្វើ​អន្តរការី !

បារាំង​បាន​ចូលរួម​ជួយ​ឈឺ​ឆ្អាល​ជម្លោះ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​តាំង​ពី​អើយ​មក​ម្ល៉េះ គ្រាន់​តែ​ថា​មក​ទល់​ពេល​នេះ អាមេរិក​បាន​ដើរ​តួនាទី​សឹង​ផ្តាច់​មុខ។ តែ​គេ​ក៏​ហ៊ាន​ទទួល​ស្គាល់​ថា​មក​ទល់​ពេល​នេះ រដ្ឋបាល​អាមេរិក​ក្នុង​ជំនាន់​រូប​ប្រធានាធិបតី​ណា​ក៏​ដោយ​ក៏​ហាក់​មិន​ទាន់​អាច​រក​ឃើញ​ដំណោះស្រាយ​សមស្រប​មួយ​ដែល​ភាគី​ជម្លោះ​ទាំង​ពីរ​អាច​ទទួល​បាន​នៅ​ឡើយ​ទេ។ ផ្ទុយ​ទៅ​វិញ ជម្លោះ​ប្រវត្តិសាស្រ្ត​ក្នុង​លោក​មួយ​នេះ​នៅ​បន្ត​គ្មាន​ច្រកចេញ និង​ថែម​ទាំង​ធ្លាក់​កាន់​តែ​ដុនដាប​ថែម​ទៀត ពិសេស​តាំង​ពី​លោក​ដូណាល់ ត្រាំ​ឡើង​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក។

ខុស​ពី​ប្រធានាធិបតី​អាមេរិក​មុនៗ លោក​ដូណាល់ ត្រាំ​បាន​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ​នៅ​តំបន់​មជ្ឈិមបូព៌ា​ច្របូកច្របល់​ខ្លាំង​ដោយ​ចេញ​មុខ​ផ្គើន​អ៊ីរ៉ង់ និង​មាន​ជំហរ​ទោរ​ខ្លាំង​ទៅ​រក​អ៊ីស្រាអែល​ដែល​ជា​សម្ព័ន្ធមិត្ត។ ជាមួយ​នឹង​ការ​ទទួល​ស្គាល់​ជា​ឯកតោ​ភាគី​ទីក្រុង​ហ្សេរុយសាឡិម​ជា​ទីក្រុង​ផ្តាច់​មុខ​របស់​អ៊ីស្រាអែល លោក​ត្រាំ​បាន​និង​កំពុង​យក​សាំង​ទៅ​ចាក់​លើ​ពំនូក​ភ្លើង​ដែល​កំពុង​ក្តៅងំ​ស្រាប់។ រហូត​មក​ដល់​ពេល​នេះ កំហឹង​របស់​ពលរដ្ឋ​អ្នកកាន់​សាសនា​អ៊ីស្លាម​ក្នុង​លោក រួម​ទាំង​ថ្នាក់ដឹកនាំ​នៃ​ក្រុម​ប្រទេស​អារ៉ាប់​ផង​កំពុង​បន្ត​មាន​កាន់​តែ​ខ្លាំង​ឡើងៗ​ដោយ​គេ​មិន​ដឹង​ថា តើ​ស្ថានការណ៍​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា​ទេ។ ក្រុមប្រទេស​អារ៉ាប់ និង​ប្រទេស​មួយ​ចំនួន ពិសេស​ភាគី​ប៉ាឡេស្ទីន​បាន​យល់​ឃើញ​ថា លោក​ត្រាំ​បាន​បំផ្លាញ​ដំណើរ​ស្វែង​រក​សន្តិភាព​ឲ្យ​ប៉ាឡេស្ទីន អ៊ីស្រាអែល និង​ថា អាមេរិក​លែង​ជា​តួអង្គ​នៅ​ក្នុង​វិបត្តិ​មួយ​នេះ​ទៀត​ឡើយ។

ដូច្នេះ​ឃើញ​ថា លោក​ប្រធានាធិបតី​បារាំង​ម៉ាក្រុង​អាច​នឹង​ឆក់​យក​ឱកាស​ដ៏​ប្រពៃ​មួយ​នេះ​ដើម្បី​ចេញ​មុខ​ឲ្យ​បាន​ខ្លាំង​ជាង​មុន​ក្នុង​នាម​ជា​អ្នក​ស្វែង​រក​សន្តិភាព​ឲ្យ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ តែ​សំណួរ​ដែល​ចោទ​គឺ​ថា តើ​បារាំង​មាន​លទ្ធភាព និង​សមត្ថភាព​កម្រិត​ណា​ដើម្បី​មាន​ទឹកមាត់​ប្រៃ​នៅ​ក្នុង​បញ្ហា​នេះ។ ចូរ​កុំ​ភ្លេច​ថា ភាគី​អ៊ីស្រាអែល​ចង់​បាន​ការ​ចរចា​មួយ​ទល់​មួយ​ជាមួយ​ប៉ាឡេស្ទីន តែ​ប៉ាឡេស្ទីន​ដែល​ជា​ភាគី​ទន់ខ្សោយ​ចង់​បាន​យន្តការណ៍​អន្តរជាតិ។ ម្យ៉ាង​ទៀត អ្វីៗ​មិនមែន​អាស្រ័យ​លើ​បារាំង ឬ​ប្រទេស​ផ្សេង​ឯណា តែ​វា​អាស្រ័យ​ជា​ពិសេស​លើ​លើ​ឆន្ទៈ​ពិតប្រាកដ​របស់​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ