ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/04 12h00 GMT
អឺរ៉ុប

លោក​ប្រមុខរដ្ឋ​តួកគី​អ៊ែរដូហ្កាន​ចាត់​ទុក​អ៊ីស្រាអែល​ជា​រដ្ឋភេរវនិយម និង​ជា​អ្នក​សម្លាប់​កូនក្មេង

media  
លោក​ប្រធានាធិបតី​នៃ​ប្រទេស​តួកគី​អ៊ែរដូហ្កាន Reuters

នៅ​ថ្ងៃ​អាទិត្យ ទី១០ ធ្នូ លោក​ប្រធានាធិបតី​នៃ​ប្រទេស​តួកគី​អ៊ែរដូហ្កាន​បាន​ចាត់​ទុក​អ៊ីស្រាអែល​ជា​រដ្ឋ​ភេរវនិយម​ដែល​កំពុង​បន្ត​សម្លាប់​កូនក្មេង។ ទន្ទឹម​គ្នា​នេះ លោក​អ៊ែរដូហ្កាន​បាន​ប្តេជ្ញា​ចិត្ត​ថា លោក​នឹង​ធ្វើ​យុទ្ធនាការ​គ្រប់បែប​យ៉ាង​ដើម្បី​ប្រឆាំង​នឹង​សេចក្តី​សម្រេចចិត្ត​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ដែល​បាន​ប្រកាស​ទទួល​ស្គាល់​ហ្សេរុយសាឡិម​ជា​ទីក្រុង​ផ្តាច់មុខ​របស់​អ៊ីស្រាអែល។ ប្រតិកម្ម​របស់​លោក​អ៊ែរដូហ្កាន​បាន​ធ្វើ​ឡើង ១ថ្ងៃ​ក្រោយ​ពី​លោក​បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​សមភាគី​បារាំង​លោក​ម៉ាក្រុង​នា​ថ្ងៃ​សៅរ៍ ទី៩ ធ្នូ។ នៅ​ក្នុង​កិច្ចសន្ទនា​នោះ លោក​ម៉ាក្រុង​ស្នើ​លោក​អ៊ែរដូហ្កាន​ឲ្យ​ចូលរួម​កាត់បន្ថយ​ភាព​តានតឹង​នៅ​ក្នុង​តំបន់។

« ប៉ាឡេស្ទីន​ជា​អ្នក​រងគ្រោះ​ដោយ​អយុត្តិធម៌ ចំណែក​អ៊ីស្រាអែល​វិញ ជា​រដ្ឋ​ភេរវនិយម » នេះ​ជា​ការ​ប្រកាស​ក្តែងៗ​របស់​លោក​ប្រធានាធិបតី​តួកគី​អ៊ែរដូហ្កាន​នៅ​ក្នុង​សុន្ទរកថា​ថ្លែង​ក្នុង​ទីក្រុង Sivas ស្ថិត​ប៉ែក​កណ្តាល​ប្រទេស។ លោក​អ៊ែរដូហ្កាន​បាន​បន្ថែម​ថា លោក​នឹង​មិន​ទុក​បណ្តោយ​ឲ្យ​ទីក្រុង​ហ្សេរុយសាឡិម​ធ្លាក់​ទៅ​ក្នុង​កណ្តាប់ដៃ​របស់​រដ្ឋ​មួយ​ដែល​កំពុង​សម្លាប់​កូនក្មេង​នោះ​ទេ។ កូនក្មេង​ដែល​លោក​អ៊ែរដូហ្កាន​ចង់​និយាយ គឺ​ជា​ជនជាតិ​ប៉ាឡេស្ទីន​ដែល​លោក​បាន​ដាក់​បញ្ចាំង​រូបថត​នៅ​ពី​ក្រោយ​វេទិកា​ដែល​លោក​កំពុង​ថ្លែង​សុន្ទរកថា។

នៅ​ក្នុង​រូបភាព​វីដេអូ​នោះ គេ​ឃើញ​រូប​កូនក្មេង​ម្នាក់​ត្រូវ​បាន​គេ​ចង​មុខ​ជិត និង​ត្រូវ​បាន​ក្រុម​មនុស្ស​មាន​សម្លៀកបំពាក់​ឯកសណ្ធាន​​ដែល​គេ​ចាត់​ទុក​ជា​ទាហាន​អ៊ីស្រាអែល​នាំ​ខ្លួន​ទៅ។ លោក​អ៊ែរដូហ្កាន​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​រូបថត​កូនក្មេង​នោះ​ដោយ​ឌឺដង​ដាក់​អ៊ីស្រាអែល​ថា ​អស់​លោក​មាន​ឃើញ​ទេ តើ​ពួក​ភេរវជន​បាន​នាំ​គ្នា​ធ្វើ​បាប​កូនក្មេង​អាយុ ១៤ឆ្នាំ​របៀប​ណា​ខ្លះ។

ប្រតិកម្ម​ខ្លាំងៗ​វាយប្រហារ​លើ​អ៊ីស្រាអែល​របស់​លោក​អ៊ែរដូហ្កាន​ពេល​នេះ គឺ​ដើម្បី​បន្ត​ប្រឆាំង​នឹង​សេចក្តីសម្រេចចិត្ត​ជា​ឯកតោភាគី​របស់​សមភាគី​អាមេរិក​លោក​ដូណាល់ ត្រាំ​ដែល​បាន​ប្រកាស​ទទួល​ស្គាល់​ហ្សេរុយសាឡិម​ជា​ទីក្រុង​ផ្តាច់មុខ​របស់​អ៊ីស្រាអែល​កាល​ពី​ថ្ងៃទី៦ ធ្នូ។

លោក​អ៊ែរដូហ្កាន​ធ្លាប់​បាន​ព្រមាន​ថា ទង្វើ​របស់​លោក​ដូណាល់ ត្រាំ​របៀប​នេះ​អាច​បង្ក​ឲ្យ​មាន​ការ​ផ្តាច់​ទំនាក់ទំនង​ការទូត​ជា​ថ្មី​រវាង​តួកគី និង​អ៊ីស្រាអែល។ ទំនាក់ទំនង​ដែល​ធ្លាប់​បាន​កាត់ផ្តាច់​ម្តងក្នុង​ឆ្នាំ ២០១០ បន្ទាប់​ពី​ទ័ពអ៊ីស្រាអែល​បាន​អន្តរាគមន៍​លើ​នាវា​របស់​អង្គការ​ក្រៅរដ្ឋាភិបាល​មួយ​ដែល​កំពុង​ដឹក​ជំនួយ​ទៅ​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា និង​ដែល​នៅ​ក្នុង​ប្រតិបត្តិការ​កាល​ណោះ​បាន​បណ្តាល​ឲ្យ​ស្លាប់​សកម្មជន​តួកគី​មួយ​ចំនួន។ គឺ​ទើប​នៅ​ក្នុង​ឆ្នាំ ២០១៦ ដែល​តួកគី និង​អ៊ីស្រាអែល​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើង​វិញ ហើយ​ភាគី​ទាំង​ពីរ​តែង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​គ្នា ពិសេស​ក្នុង​វិស័យ​ថាមពល។

តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា លោក​អ៊ែរដូហ្កាន​ជា​សកម្មជន​ម្នាក់​ចេញ​មុខ​ការពារ​បុព្វហេតុ​របស់​ប៉ាឡេស្ទីន និង​តែង​បន្ត​ធ្វើ​ការ​រិះគន់ ទិតៀន​មិន​សំចៃ​មាត់​លើ​នយោបាយ​របស់​អ៊ីស្រាអែល​ចំពោះ​ប៉ាឡេស្ទីន។ យ៉ាង​ណា​ក៏​ដោយ​នៅ​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​សមភាគី​បារាំង​លោក​ម៉ាក្រុង លោក​ម៉ាក្រុង​បាន​ស្នើ​លោក​អ៊ែរដូហ្កាន​ឲ្យ​ចៀសវាង​រាល់​ទង្វើ​អវិជ្ជមាន និង​ចូលរួម​កាត់បន្ថយ​ភាព​តានតឹង​នៅ​ក្នុង​តំបន់៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ