អានតួអត្ថបទ
បារាំង

សម្រាប់​លោក​អេម៉ានុយអែល ម៉ាក្រុង One Planet Summit ជា​ការ​ចាប់​ផ្តើម​ជំនាន់​ថ្មី

នៅ​ក្នុង​ប្រទេស​បារាំង ជំនួបកំពូល​ស្តីពី​អាកាសធាតុ « One Planet Summit » បាន​បិទបញ្ចប់​នៅ​ល្ងាច​ថ្ងៃទី១២ ធ្នូ។ ជំនួបកំពូល​នេះ​បាន​រៀបចំ​ឡើង​ដោយ​បារាំង អង្គការ​សហប្រជាជាតិ និង​ធនាគារពិភពលោក​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​លោក​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុង។ ថ្លែង​នៅ​ក្នុង​បើក​ជំនួបកំពូល លោក​ម៉ាក្រុង​បាន​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ឲ្យ​ចូលរួម​ចាត់​វិធានការ​ជាក់ស្តែង​ដើម្បី​ជួយ​ស្រោចស្រង់​ភពផែនដី​ដែល​កំពុង​ជួប​គ្រោះថ្នាក់។ សម្រាប់​លោក​ម៉ាក្រុង One Planet Summit ជា​ការ​ចាប់​ផ្តើម​ជំនាន់​ថ្មី។

លោក​ប្រធានាធិបតី​បារាំង Emmanuel Macron
លោក​ប្រធានាធិបតី​បារាំង Emmanuel Macron REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

« ជំនួបកំពូល​នេះ One Planet Summit នេះ​សម្រាប់​ខ្ញុំ គឺ​ជា​ការ​ផ្តើម​ជំនាន់​ថ្មី។ មិនមែន​ជា​ជំនួបកំពូល​ដែល​យើង​នឹង​ត្រូវ​ជជែក​គ្នា​លើ​សេចក្តីថ្លែងការណ៍​មួយ​ទេ តែ​ជា​ជំនួបកំពូល​មួយ​ដែល​មាន​ការ​ចូលរួម​ពី​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល និង​អ្នកតំណាង​ឲ្យ ១២៧ប្រទេស។ ក្រៅ​ពី​នោះ ក៏​មាន​ការ​ចូលរួម​ពី​គ្រប់​ស្ថាប័ន​សាធារណៈ​ក្រៅ​រដ្ឋាភិបាល រោងចក្រ សហគ្រាស​ឯកជន អង្គការ​ក្រៅ​រដ្ឋាភិបាល សង្គម​ស៊ីវិល យុវជន និង​ក្រុម​អ្នកវិទ្យាសាស្រ្ត។​ មនុស្ស​ម្នាក់​នៅ​ក្នុង​ប្រទេស​មួយ​មិន​អាច​ផ្លាស់ប្តូរ​អ្វី​បាន​ទេ។

អ្វី​ដែល​យើង​ចាប់​ផ្តើម​ថ្ងៃ​នេះ ជា​ពេល​វេលា​ដែល​ត្រូវ​ចាត់​វិធានការ​ជាក់ស្តែង​ដើម្បី​ទប់​ស្កាត់​ការ​ឡើង​កំដៅ​នៅ​ក្នុង​បរិយាកាស ព្រោះ​ថា ភាព​បន្ទាន់​បាន​ក្លាយ​ជា​អចិន្ត្រៃយ៍ ហើយ​បញ្ហា​ប្រឈម​នៃ​ជំនាន់​របស់​យើង គឺ​ត្រូវ​បញ្ចេញ​សកម្មភាព​ជាក់ស្តែង​ជា​បន្ទាន់ និង​ឲ្យ​បាន​ឆាប់​បំផុត​ក្នុង​គោលដៅ​ផ្លាស់ប្តូរ​ប្រទេស​របស់​យើង សង្គម​របស់​យើង និង​សេដ្ឋកិច្ច​របស់​យើង​ដើម្បី​ធ្វើ​យ៉ាង​ណា ឲ្យ​កូនៗ​របស់​យើង និង​ប្រហែល​ជា​ពួក​យើង​គ្រប់ៗ​គ្នា​ផង អាច​ជ្រើសរើស​អនាគត​របស់​យើង និង​ជ្រើសរើស​ផែនដី​របស់​យើង។

មាន​ន័យ​ថា យើង​មិន​ត្រូវ​បន្ត​ទ្រាំទ្រ​នឹង​ការ​ឡើង​កំដៅ​នៅ​ក្នុង​បរិយាកាស ការ​បាត់បង់​ប្រទេស​ងាយរងគ្រោះ និង​ការ​ផ្លាស់ប្តូរ​ហួសហេតុ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ