សម្រាប់លោកអេម៉ានុយអែល ម៉ាក្រុង One Planet Summit ជាការចាប់ផ្តើមជំនាន់ថ្មី
នៅក្នុងប្រទេសបារាំង ជំនួបកំពូលស្តីពីអាកាសធាតុ « One Planet Summit » បានបិទបញ្ចប់នៅល្ងាចថ្ងៃទី១២ ធ្នូ។ ជំនួបកំពូលនេះបានរៀបចំឡើងដោយបារាំង អង្គការសហប្រជាជាតិ និងធនាគារពិភពលោកក្រោមគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតីបារាំងអេម៉ានុយអែល ម៉ាក្រុង។ ថ្លែងនៅក្នុងបើកជំនួបកំពូល លោកម៉ាក្រុងបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឲ្យចូលរួមចាត់វិធានការជាក់ស្តែងដើម្បីជួយស្រោចស្រង់ភពផែនដីដែលកំពុងជួបគ្រោះថ្នាក់។ សម្រាប់លោកម៉ាក្រុង One Planet Summit ជាការចាប់ផ្តើមជំនាន់ថ្មី។
ចុះផ្សាយនៅថ្ងៃ៖
« ជំនួបកំពូលនេះ One Planet Summit នេះសម្រាប់ខ្ញុំ គឺជាការផ្តើមជំនាន់ថ្មី។ មិនមែនជាជំនួបកំពូលដែលយើងនឹងត្រូវជជែកគ្នាលើសេចក្តីថ្លែងការណ៍មួយទេ តែជាជំនួបកំពូលមួយដែលមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងអ្នកតំណាងឲ្យ ១២៧ប្រទេស។ ក្រៅពីនោះ ក៏មានការចូលរួមពីគ្រប់ស្ថាប័នសាធារណៈក្រៅរដ្ឋាភិបាល រោងចក្រ សហគ្រាសឯកជន អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល យុវជន និងក្រុមអ្នកវិទ្យាសាស្រ្ត។ មនុស្សម្នាក់នៅក្នុងប្រទេសមួយមិនអាចផ្លាស់ប្តូរអ្វីបានទេ។
អ្វីដែលយើងចាប់ផ្តើមថ្ងៃនេះ ជាពេលវេលាដែលត្រូវចាត់វិធានការជាក់ស្តែងដើម្បីទប់ស្កាត់ការឡើងកំដៅនៅក្នុងបរិយាកាស ព្រោះថា ភាពបន្ទាន់បានក្លាយជាអចិន្ត្រៃយ៍ ហើយបញ្ហាប្រឈមនៃជំនាន់របស់យើង គឺត្រូវបញ្ចេញសកម្មភាពជាក់ស្តែងជាបន្ទាន់ និងឲ្យបានឆាប់បំផុតក្នុងគោលដៅផ្លាស់ប្តូរប្រទេសរបស់យើង សង្គមរបស់យើង និងសេដ្ឋកិច្ចរបស់យើងដើម្បីធ្វើយ៉ាងណា ឲ្យកូនៗរបស់យើង និងប្រហែលជាពួកយើងគ្រប់ៗគ្នាផង អាចជ្រើសរើសអនាគតរបស់យើង និងជ្រើសរើសផែនដីរបស់យើង។
មានន័យថា យើងមិនត្រូវបន្តទ្រាំទ្រនឹងការឡើងកំដៅនៅក្នុងបរិយាកាស ការបាត់បង់ប្រទេសងាយរងគ្រោះ និងការផ្លាស់ប្តូរហួសហេតុ »៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ