អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កោះ​Corse របស់​បារាំង លើ​វិថី​នៃ​ការទាមទារ​ស្វ័យភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​ខណៈ​ដែល​តំបន់​កាតាឡូញ៉ា របស់​អេស្ប៉ាញ កំពុង​ប្រឈម​នឹង​វិបត្តិ​ទាមទារ​ផ្តាច់​ទឹក​ដី ដ៏​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន នៅ​ប្រទេស​បារាំង​ ចរន្ត​ទាមទារ​ស្វ័យភាព​តំបន់ ​​ក៏​មាន​សន្ទុះ​ឡើង​ខ្លាំង​នៅ​តំបន់​ Corse​។ ក្រោយ​ពី​បាន​ទទួល​ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់ នៅ​ក្នុង​សម័យ​បោះឆ្នោត​សភា​តំបន់ កាលពី​ថ្ងៃអាទិត្យ គណបក្ស​ជាតិ​និយម​ករ្ស មាន​ទឹក​មាត់​កាន់​តែ​ប្រៃ និង​ចង់​ដាក់​សម្ពាធ​លើ​ក្រុង​ប៉ារីស បន្ថែម​ដើម្បី​ទាមទារ​ស្វ័យភាព​បន្ថែម​ទៀត។​ តើ​កោះ​ករ្ស​បារាំង​​មាន​លក្ខន្តិកៈ​យ៉ាងណា ? និង​ចង់​បាន​ស្វ័យភាព​យ៉ាងណា?

សកម្មជន​អ្នក​ជាតិ​និយម​ Corse អបអរ​លទ្ធផល​ឈ្នះ​ឆ្នោត​សភា​តំបន់​
សកម្មជន​អ្នក​ជាតិ​និយម​ Corse អបអរ​លទ្ធផល​ឈ្នះ​ឆ្នោត​សភា​តំបន់​ PASCAL POCHARD-CASABIANCA / AFP
ផ្សាយពាណិជ្ជកម្ម

ទោះ​បី​ជា​បរិបទ​​ពិភពលោក​កំពុង​រង​ព្យុះ​ជាតិ​និយម​ខ្លាំងយ៉ាងណា​ក៏​ដោយ ក៏​គ្មាន​ទេ ឬ​មិន​ទាន់​មាន​ទេ​ពាក្យ​ថា ទាមទារ​ឯករាជ្យ​សម្រាប់​តំបន់ករ្សរបស់​បារាំង ប៉ុន្តែ​ចរន្ត​ជាតិ​និយម​ក្នុង​តំបន់​មាន​សន្ទុះ​កាន់​តែ​ខ្លាំង។ នៅ​ក្នុង​ការ​បោះឆ្នោត​សភា​តំបន់Corse កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​ថ្មីៗ គណបក្ស​ជាតិនិយម​ករ្ស បាន​ទទួល​ជោគជ័យ​ ខ្លាំង​ជា​ប្រវត្តិសាស្ត្រ មាន​សំឡេង​ភាគ​​ច្រើន​ដាច់​ខាត​នៅ​ក្នុង​សភា ដោយ​បាន​ទទួល​សំឡេង​គាំទ្រ​ដល់​៥៦% ត្រូវ​ជា​៦៣​អាសនៈ​នៅ​ក្នុង​សភាករ្ស។

ជោគជ័យ​នេះ បាន​រុញ​ច្រាន​​​អ្នក​ជាតិ​និយមករ្ស​ឱ្យកាន់​តែ​មាន​ប្រៀប លើ​អំណា​ចកណ្តាល​ក្រុង​ប៉ារីស។ នាយក​រដ្ឋមន្ត្រី​បារាំង លោក អេដ័រ​ហ្វីលីព បាន​ទូរស័ព្ទ​ទៅ​អប​អរសរសើរ​​ប្រធាន​គណបក្ស​ ក្នុង​នាម​សាធារណរដ្ឋនិង​​​ត្រៀម​ទទួល​ជួប​​ប្រធាន​សភា​ករ្ស​ថ្មី​ទៀត​​ ក្នុង​ពេល​ឆាប់ៗ​នៅ​ទី​ក្រុង​ប៉ារីស។​ អ្នក​ឯករាជ្យ​និយម ដែល​ជាសម្ព័ន្ធ​មិត្ត​របស់​ក្រុម​អ្នក​​ជាតិនិយម​ករ្ស បាន​​​ប្រកាសចំៗ​ថា​ដល់​ពេល​ករ្ស​ត្រូវ​សុំ​បើក​ការ​ចរចា​ជាមួយ​រដ្ឋាភិបាលក្រុង​ប៉ារីស​ហើយ។ តើ​ពាក្យ​នេះ​មាន​ន័យយ៉ាង​ដូចម្តេច ? គឺ​ចរចា​សុំ​ស្វ័យភាព​។

មាន​ប្រជាពលរដ្ឋ​រស់​នៅជាង​៣៣​ម៉ឺ​ន​នាក់ Corse​ ជា​ទឹក​ដី​ដែន​កោះ​របស់​បារាំង ដែល​ស្ថិត​នៅក្នុង​សមុទ្ទ​មេឌីទែរ៉ាណេ។ ជា​កោះ​ធំ​ទី​បួន​របស់​សមុទ្ទមេឌីទែរ៉ាណេ ​បើ​គិត​ពី​ផ្ទៃក្រលា នៅ​ជិត​អ៊ីតាលី​ជាង​បារាំង និង​ធ្លាប់​នៅ ក្រោម​ការ​គ្រប់គ្រង​របស់​អ៊ីតាលី (សាធារណរដ្ឋ​Gêne) រយៈ​ពេល​៤​សតវត្សរ៍ ទម្រាំ​បាន​ប្រកាស​​ឯករាជ្យ នៅ​ឆ្នាំ​១៧៣៥ តែ​ត្រូវ​បាន​អ៊ីតាលី​​ផ្ទេរ​មក​ឱ្យ​បារាំង ទាំង​ពលរដ្ឋ​មិន​ពេញ​ចិត្ត នៅ​ឆ្នាំ​១៧៦៨ រហូត​មកទល់​សព្វថ្ងៃ។

តាំង​ពី​ពេល​នោះមក កោះករ្ស ជា​ដែន​ដី​ខេត្ត​​របស់​បារាំង ប៉ុន្តែ​គេ​ត្រូវ​រង់​ចាំ​ដល់​ឆ្នាំ​១៩៨២ ទើបករ្ស​មាន​អំណាច​រដ្ឋបាល​ និង​​កា្លយ​ជា​តំបន់​​ដំបូង​គេ​បង្អស់​​​មួយ​របស់​ប្រទេស​បារាំង ដែល​មាន​លក្ខន្តិកៈ​ពិសេស កំណត់​ដោយ​ច្បាប់​រដ្ឋធម្មនុញ្ញ មាត្រា ៧២ ដោយ​យោល​ទៅ​លើ​ ប្រវត្តិ​ និង​ទីតាំង​ភូមិសាស្ត្រ​របស់​កោះ។ ដើម្បី​ពន្លត់ចំហួល និងលួង​​ចិត្ត​ប្រជាពល​រដ្ឋ​ករ្សកុំ​ឱ្យ​លង់​ខ្លួន​​ចង់​ទាមទារស្វ័យភាព ឬ​នឹក​ឃើញ​ចង់​បាន​ឯករាជ្យ​ នៅ​ឆ្នាំ​១៩៨២ដដែល ប៉ារីស​បាន​​បន្ថែម​សមត្ថកិច្ច ឱ្យ​តំបន់​ពិសេសនេះ​ទៀត។ ករ្ស​មាន​លក្ខន្តិកៈពិសេស​ គ្មាន​តំបន់​ណា​ផ្សេង​នៃ​ប្រទេស​ប្រៀប​ដូច​បាន​ទេ (លើក​លែង​តែ​លីយ៉ុង ដែលទើប​ទទួល​បាន​លក្ខន្តិកៈ​ពិសេស​នេះ​ដែរ​នៅ​ឆ្នាំ​២០១៤)។

ករ្ស​មាន​សភា​ជា​របស់​ខ្លួន និងមាន​សមត្ថកិច្ច​ទូលំ​ទូលាយ​គួរសម។ ប៉ុន្តែ​ទោះ​បី​មាន​លក្ខន្តិកៈ​​ពិសេស​ក៏​ដោយ ក៏​តំបន់​ករ្ស​ត្រូវ​គោរព​តាម​វិធាន​កំណត់​ឡើង​ដោយ​អំណាច​កណ្តាល​លើ​តំ​បន់​ផ្សេង​ៗ​ទៀត​ដែរ។ ហេតុ​ដូច្នេះ​ហើយ​ទើប​មាន​ការ​តវ៉ា និង​ទាម​ទារ​ឥត​ដាច់។

នៅទីបំផុត ករ្ស​​បាន​ទទួល​សមត្ថកិច្ច​ថ្មី ប៉ុន្តែ​មិន​បាន​ប្តូរ​លក្ខន្តិកៈ​ចាស់​របស់​ខ្លួន​ទេ។ ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី ១ មករា​២០១៨ ទៅ​ ករ្ស​នឹង​ក្លាយ​ទៅ​តំបន់​មួយ​យ៉ាង​ពេញ​លេញ មាន​ឈ្មោះ​ថា​តំបន់​ករ្ស ដែល​មាន​ចំណុះ​ខេត្ត​ពីរ ករ្សខាង​ត្បូង និង​ករ្ស​លើ។

ប៉ុន្តែស្វ័យភាពប៉ុណ្ណេះ​ នៅ​មាន​កំរិត​ណាស់​សម្រាប់​អ្នក​ជាតិ​និយម​ករ្ស។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅពេល​គ្រាន់​តែ​បាន​ទទួល​ជោគជ័យ​ខ្លាំង​ក្នុង​សម័យ​បោះឆ្នោត​សភា​តំបន់​ករ្ស​រួច​ភ្លាម គ្រប់​គ្នា​សំឡឹង​ឃើញ​ឱកាស ទាមទារ​ស្វ័យភាព​បន្ថែម​ទៀត លើ​​បី​ចំណុច​៖ ការលើក​លែងទោស​ដល់​អ្នក​ទោស​នយោបាយ​ បញ្ចូល​ភាសា​ករ្ស​ជាភាសា​ផ្លូវការ​ដែរ និង​លក្ខន្តិកៈ​ស្នាក់​នៅ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បំប៉ោង​ទីផ្សារ​អចលនទ្រព្យ។ ករ្ស​ចង់​ឱ្យ​​អំណាចនីតិប្រិតបត្តិ​និង​ពន្ធដារ​​ករ្ស​ទទួល​ស្គាល់​ដោយ​រដ្ឋ​និង​ដោយ​សហភាព​អឺរ៉ុប​។

បញ្ហា​អ្នក​ទោស​នយោបាយ​ជា​ចំណុច​ដ៏​រសើប​បំផុត​នៅ​ករ្ស ព្រោះ​កោះ​នេះ​ធ្លាប់​ឆ្លង​កាត់​អំពើ​ហិង្សា​រាប់​ទសវត្សរ៍​ ដោយ​បាន​រង​ភេរវកម្ម​ជាង​៤៥០០​លើក ដែល​បង្ក​ឡើងោយ​សកម្មជនរណសិរ្ស​រំដោះ​ជាតិ​ករ្ស។ ពួក​គេ​បាន​សម្រេច​ទម្លាក់​អាវុធ​នៅ​ឆ្នាំ​២០១៥​ ដើម្បី​ផ្តល់​ភាព​ស្ងប់ស្ងាត់​និង​សន្តិភាព​កោះ។

​ករ្សរំពឹង​ខ្លាំង​តែ​លើ​វិស័យ​ទេសចរណ៍​និង​ជំនួយ​ឧបត្ថម្ភ​ពី​រដ្ឋ​ ហើយ​មិន​ត្រូវ​ការ​ឯករាជ្យ​ទេ ! សូម្បី​តែ​ពួក​អ្នក​ឯករាជ្យ​និយម​ក៏​មិន​ចង់​ដែរ​ ក្នុង​ពេល​អនាគត​ដ៏​ខ្លី​នេះ។ ប៉ុន្តែ​ត្រូវ​ការ​ចង់​បាន​ខ្លាំង​ត្រឹម​លក្ខន្តិកៈ​ស្វ័យភាព​ប៉ុណ្ណោះ។ ហេតុ​ដូច្នេះ​ហើយ​បានអ្នក​ឯកទេស​ក័រ្យ​យល់​ថា រដ្ឋបារាំង​​អាច​បំពេញ​ចិត្ត​ពលរដ្ឋ​កោះ ដោយ​ព្រម​ផ្តល់​អ្វី​មួយ​ក្នុង​ចំណោមសំណើ​ទាំង​បី​ជា​ការ​ស្រេច។ ប៉ុន្តែ​បើ​គ្មាន​ នោះ​ពួក​គេ​នឹង​​​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម​បាន ដោយ​មិន​បាច់​មាន​អ្នក​នយោបាយ​ណា​ហៅ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ