ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/10 12h00 GMT

របាយការណ៍៖​វិសមភាព​នៅ​ទូទាំង​ពិភពលោក​បាន​កើន​ឡើង​ខ្លាំង​តាំង​ពី​ជិត ៤០ឆ្នាំ និង​អាច​កាន់​តែ​ដុនដាប​នៅ​រង្វង់​ឆ្នាំ ២០៥០

របាយការណ៍៖​វិសមភាព​នៅ​ទូទាំង​ពិភពលោក​បាន​កើន​ឡើង​ខ្លាំង​តាំង​ពី​ជិត ៤០ឆ្នាំ និង​អាច​កាន់​តែ​ដុនដាប​នៅ​រង្វង់​ឆ្នាំ ២០៥០
 
ទីតាំង​លំនៅដ្ឋាន​​របស់​ជនក្រីក្រ REUTERS/UNICEF Pacific/Handout via Reuters

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៤ ធ្នូ​នេះ របាយការណ៍​ស្តីពី​លទ្ធផល​នៃ​ការសិក្សា​មួយ​បាន​បង្ហាញ​ពី​កំណើន​វិសមភាព​នៅ​ទូទាំង​ពិភពលោក​ក្នុង​រយៈពេល​ជិត ៤០ឆ្នាំ​កន្លង​ទៅ។ លទ្ធផល​នៃ​ការសិក្សា​នេះ គឺ​ជា​ផ្លែផ្កា​បាន​មក​ពី​ការងារ​រួម​គ្នា​រវាង​ក្រុម​សេដ្ឋវិទូ​ប្រមាណ​ជា ១០០នាក់​មក​ពី​គ្រប់​ប្រទេស​ក្នុង​លោក។ តាម​របាយការណ៍ វិសមភាព​កំពុង​បន្ត​កើត​មាន និង​កើន​ឡើង​នៅ​គ្រប់​ទ្វីប​ទាំង​អស់។

របាយការណ៍​បាន​ទាញ​សញ្ញាអាសន្ន​ថា បើ​ថ្នាក់ដឹកនាំ​នយោបាយ​មិន​ស្វះស្វែង​គិតគូរ​ទេ នោះ​វិសមភាព​អាច​នឹង​ធ្លាក់​​ដុនដាប​កាន់​តែ​ខ្លាំង​ថែម​ទៀត​នៅ​រង្វង់​ឆ្នាំ ២០៥០ ដែល​អាច​បង្ក​ឲ្យ​មាន​អស្ថិរភាព​នយោបាយ។

លទ្ធផល​នៃ​ការ​សិក្សា​របស់​ក្រុម​សេដ្ឋវិទូ​ប្រមាណ​ជា ១០០នាក់​មក​ពី​គ្រប់ប្រទេស​ក្នុង​លោក​ចេញ​ផ្សាយ​ថ្ងៃ​ព្រហស្បតិ៍ ទី១៤ ធ្នូ​នេះ​បាន​ធ្វើ​ឡើង​ពី​ឆ្នាំ ១៩៨០ ដល់​ឆ្នាំ ២០១៦។ ចំណែក​ប្រធានបទ​ស្នូល និង​អាទិភាព​របស់​ក្រុម​សេដ្ឋវិទូ គឺ​បាន​ផ្តោត​សំខាន់​លើ​ទ្រព្យសម្បត្តិ និង​ប្រាក់ចំណូល។ អ្វី​ដែល​របាយការណ៍​ចង់​បង្ហាញ​នោះ គឺ​គម្លាត​ខ្លាំង​ក្នុង​រឿង​ប្រាក់ចំណូល និង​ទ្រព្យសម្បតិ​រវាង​ប្រជាជន​ម្នាក់ៗ​ដែល​រស់នៅ​ក្នុង​ប្រទេស​ផ្សេងៗ​គ្នា និង​ក្នុង​ទ្វីប​ខុស​គ្នា​ដោយ​មិន​គិត​ជា​ក្រុម​ប្រទេស​អភិវឌ្ឍន៍ ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍ ឬ​ក្រុម​ប្រទេស​ក្រីក្រ​ទេ។ របាយការណ៍​បាន​កត់សម្គាល់​ឃើញ​ជា​ទូទៅ​ថា​តាំង​ពី​ឆ្នាំ ១៩៨០​មក កម្រិត​ប្រាក់ចំណូល​មាន​គម្លាត​កាន់​តែ​ខ្លាំង​រវាង​ក្រុម​អ្នកមាន ក្រុម​អ្នកមធ្យម និង​ក្រុមអ្នកក្រ។

អ្វី​ដែល​ក្រុម​សេដ្ឋវិទូ​ចង់​និយាយ គឺ​វិសមភាព​នៃ​ការ​ទទួល​ផល​ពី​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ដែល​ពួក​គេ​រស់នៅ មាន​ន័យ​ថា គឺ​ពួក​អ្នកមាន​ដែល​ទទួល​បាន​ប្រយោជន៍​មុន​គេ និង​ច្រើន​ជាង​គេ។ គិត​តាំង​ពី​ឆ្នាំ ១៩៨០ មក ពួក​អ្នកមាន​ជាង​គេ​ក្នុង​លោក​តែ ១% ទទួល​បាន​ចំណែក​ផលសេដ្ឋកិច្ច​ពិភពលោក​ដល់​ទៅ ២៧% ពោល​ច្រើន​ជាង​ពួក​អ្នក​ក្រ​ជាង​គេ​ចំនួន ៥០% ដែល​ទទួល​បាន​តែ ១២% ប៉ុណ្ណោះ។ ចំណែក​ពួក​អ្នក​កណ្តាល ពោល​ក្រុម​អ្នក​ស្ថិត​នៅ​ចម្លោះ​រវាង​ពួក​អ្នកមាន​ខ្លាំង និង​អ្នក​ក្រ​ខ្លាំង​បាន​ស្គាល់​ប្រាក់​ចំណូល​របស់​ខ្លួន​ឡើង​តិចតួច​ក្នុង​ចន្លោះ​ឆ្នាំ ១៩៨០ និង ២០១៦។

ក្រៅ​ពី​វិសមភាព​ក្នុង​រឿង​ប្រាក់ចំណូល​របស់​មនុស្ស​ម្នាក់ៗ របាយការណ៍​ក៏​បាន​លើក​ឡើង​ពី​វិសមភាព​ក្នុង​រឿង​ទ្រព្យសម្បតិ ពិសេស​អចលនទ្រព្យ​ដែល​មនុស្ស​ម្នាក់ៗ​កំពុង​មាន​ក្នុង​ដៃ។ តាម​របាយការណ៍ គម្លាត​ក្នុង​រឿង​ទ្រព្យសម្បត្តិ​នៅ​ទូទាំង​ពិភពលោក​ចន្លោះ​ឆ្នាំ ១៩៨០ និង ២០១៦ មាន​ពី ២០ ទៅ ៣០%។

កំណើន​វិសមភាព​មាន​តិច ឬ​ច្រើន​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ

របាយការណ៍​បាន​បញ្ជាក់​ថា ពី​ប្រទេស​មួយ​ទៅ​ប្រទេស និង​ពី​ទ្វីប​មួយ​ទៅ​ទ្វីប​មួយ កំណើន​វិសមភាព​ក្នុង​រឿង​ប្រាក់ចំណូល​ក្តី ឬ​រឿង​ទ្រព្យសម្បត្តិ​ក្តី គឺ​មិន​ដូច​គ្នា​ទេ។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១៦​នៅ​អឺរ៉ុប ពួក​អ្នកមាន​ជាង​គេ​ចំនួន ១០% ទទួល​បាន​ចំណែក​ផលសេដ្ឋកិច្ច​របស់​អឺរ៉ុប​ដល់​ទៅ ៣៧% ទល់​នឹង​នៅ​ចិន​ចំនួន ៤១% នៅ​អាមេរិកខាងជើង​ចំនួន ៤៧% និង ៥៥% នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​ប្រេស៊ីល។ ម្យ៉ាង​ទៀត វិសមភាព​នៃ​ប្រាក់ចំណូល​ក៏​កើត​មាន​នៅ​ក្នុង​ក្រុម​ប្រទេស​អភិវឌ្ឍន៍ ឬ​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​គ្នា។

ឧទាហរណ៍​រវាង​អាមេរិក និង​អឺរ៉ុប អត្រា​នៃ​វិសមភាព​មាន​កម្រិត​ប្រហាក់ប្រហែល​គ្នា​ក្នុង​ទសវត្សរ៍​ឆ្នាំ ៨០ តែ​សព្វថ្ងៃ​នេះ គម្លាត​មាន​កាន់​តែ​ខ្លាំង​ដែល​ធ្ងន់ធ្ងរ​ជាង​គេ​នៅ​អាមេរិក។ ចំណែក​រវាង​ក្រុមប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ខ្លាំង​វិញ ពិសេស​រវាង​ចិន និង​ឥណ្ឌា កំណើន​វិសមភាព​នៅ​ចិន​បាន​ឡើង​លឿន​ជាង​នៅ​ឥណ្ឌា​តាំង​ពី​ឆ្នាំ ១៩៨០។ យ៉ាង​ណា​ក៏​ដោយ មជ្ឈិមបូព៌ា​ជា​តំបន់​ដែល​វិសមភាព​មាន​កម្រិត​ខ្ពស់​ជាង​គេ ព្រោះ​ថា ពួក​អ្នកមាន​ជាង​គេ​ចំនួន ១០% នៅ​ក្នុង​តំបន់​បាន​ស្រូប​យក​ផលសេដ្ឋកិច្ច​តំបន់​ដល់​ទៅ​ជាង ៦០%។

ដើមចម​ដែល​ជំរុញ​ឲ្យ​មាន​កំណើន​វិសមភាព

ការ​អនុវត្តន៍​នយោបាយ​សេដ្ឋកិច្ច​សេរី​បើក​ចំហ​ដោយ​ផ្ទេរ​ពី​ការ​គ្រប់គ្រង​របស់​រដ្ឋ​ទៅ​ឲ្យ​វិស័យ​ឯកជន​កាន់កាប់​ត្រូវ​បាន​ក្រុម​សេដ្ឋវិទូ​ចាត់​ទុក​ជា​កត្តា​តែ​មួយ​គត់​ដែល​បាន​ជំរុញ​ឲ្យ​មាន​កំណើន​វិសមភាព​ក្នុង​រឿង​ប្រាក់ចំណូល និង​ក្នុង​រឿង​ទ្រព្យសម្បត្តិ​នៅ​ទូទាំង​ពិភពលោក​ក្នុង​រយៈពេល​ជិត ៤០ឆ្នាំ​កន្លង​ទៅ​នេះ។ តាំង​ពី​ឆ្នាំ ១៩៨០ មក នយោបាយ​របៀប​នេះ​បាន​ធ្វើ​ឲ្យ​ពួកអ្នកមាន និង​ពួកឈ្មួញ​គ្រាក់ៗ​កាន់​តែ​មាន​ទៅៗ ចំណែក​រដ្ឋាភិបាល​កាន់​តែ​ក្រ​ទៅៗ។ នៅ​ក្នុង​ប្រទេស​រុស្ស៊ី និង​ចិន​ដែល​បាន​ប្តូរ​ពី​សេដ្ឋកិច្ច​សង្គម​ទៅ​សេដ្ឋកិច្ច​មូលធននិយម, កំណើន​ទ្រព្យសម្បត្តិ​ឯកជន​បាន​កើន​ទ្វេ ឬ​៣ដង ហើយ​ដែល​យន្តការណ៍​មួយ​បាន​បង្ក​ឲ្យ​មាន​កំណើន​វិសមភាព​ខ្ពស់​ស្តីពី​ប្រាក់ចំណូល និង​ទ្រព្យសម្បត្តិ។

របាយការណ៍​បាន​មើល​ឃើញ​ថា កំណើន​វិសមភាព​ក្នុង​រឿង​ប្រាក់ចំណូល និង​រឿង​ទ្រព្យសម្បត្តិ​នៅ​ទូទាំង​ពិភពលោក​កំពុង​ស្ថិត​លើ​ខ្សែបន្ទាត់​បាញ់​ឡើង​លើ និង​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​គ្រប់​ប្រទេស​ឲ្យ​ចូលរួម​ចាត់​វិធានការ​ទប់​ស្កាត់​ជា​បន្ទាន់។ តាម​ការ​គន់គូរ និង​បើ​គ្មាន​វិធានការ​ទប់​ស្កាត់​អ្វី​ទេ កំណើន​វិសមភាព​ក្នុង​សង្គម​នឹង​រឹតតែ​ដុនដាប​ជាង​នេះ​នៅ​ក្នុង​រង្វង់​ឆ្នាំ ២០៥០។ របាយការណ៍​បាន​ព្រមាន​ទុក​ជា​មុន​ថា កំណើន​វិសមភាព​ក្នុង​សង្គម​ខ្លាំង​អាច​បង្ក​ឲ្យ​មាន​អស្ថិរភាព​នយោបាយ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ