ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT

សំណុំរឿង​ឃុបឃិត​នឹង​រុស្ស៊ី ៖ លោកត្រាំ​ថា​គ្មាន​ផែនការ​ដកតំណែង​រដ្ឋអាជ្ញា​ពិសេស​ទេ

សំណុំរឿង​ឃុបឃិត​នឹង​រុស្ស៊ី ៖ លោកត្រាំ​ថា​គ្មាន​ផែនការ​ដកតំណែង​រដ្ឋអាជ្ញា​ពិសេស​ទេ
 
លោក​ប្រធានាធិបតី​អាមេរិក​គ្មាន​ផែនការ​ដក​រដ្ឋ​អាជ្ញាពិសេស​ទេ REUTERS/Yuri Gripas

ភាព​ចម្រូង​ចម្រាសជុំ​វិញ​ការ​អង្កេត​លើ​សំណុំ​រឿង​រុស្ស៊ី​ចូល​ជ្រៀតជ្រែក​ការ​បោះឆ្នោត​អាមេរិក បាន​ផុសផុល​ឡើង​ជា​ថ្មី។ រដ្ឋអាជ្ញាពិសេស​ទទួល​បន្ទុក​អង្កេត​សំណុំ​រឿង​ដ៏រសើប​នេះ កំពុង​រង​សម្ពាធ​យ៉ាង​ខ្លាំង និង​មាន​ពាក្យ​ចចាម​អារាម​ថា​អាច​ខ្ទាត​ចេញ​ពី​តំណែង​ផង។ ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិលមិញ ​លោកប្រធានាធិបតី Donald Trump បានថ្លែងបញ្ជាក់​ថា​លោក​គ្មានផែនការបណ្តេញ លោក Robert Mueller ពីតំណែងទេ។ តើ​មាន​ដើម​ហេតុ​អ្វី​បាន​គេ​នាំ​គ្នា​សង្ស័យ​ថា​ប្រធានាធិបតី​អាមេរិក​ចង់​ដក​តំណែង​រដ្ឋអាជ្ញា​ពិសេស​រូបនេះ ?

រដ្ឋអាជ្ញាពិសេស​ទទួល​បន្ទុក​អង្កេត​សំណុំ​រឿង​​សង្ស័យ​រុស្ស៊ី​ចូល​ជ្រៀតជ្រែក​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិកឆ្នាំ​២០១៦ លោក Robert Mueller បាន​ធ្វើ​ចោទ​ប្រកាន់​មនុស្ស​ជំនិត​របស់​​លោកប្រធានាធិបតី ត្រាំ ​អស់​ជា​ច្រើន​នាក់ រាប់​ទាំង​លោក Michael Flynn អតីត​ទីប្រឹក្សាសន្តិសុខ​ជាតិ​របស់​សេតវិមាន​ផង។ លោក Flynn បាន​សារភាព​ថាបាន​​ភូត​ភរ​ភ្នាក់ងារ​ចារកិច្ច​អាមេរិក​ FBI និង​បាន​យល់​ព្រម​សហការ​ជាមួយ​តុលាការ ក្នុង​ការ​អង្កេត​នេះ។ ឃើញ​ថា ការ​ងារ​របស់​រដ្ឋ​អាជ្ញា​បាន​ជឿន​លឿន​ទៅ​មុខ​ច្រើន។

ប៉ុន្តែ​ តាំង​ពី​ជា​ច្រើន​សប្តាហ៍​ចុងក្រោយ​មកនេះ​ ក្រុមការងារ​ជំនិត​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ព្រមទាំង​សមាជិក​សភា​បក្ស​សាធារណ​រដ្ឋ​ បាន​បង្ហាញ​ភាព​សង្ស័យ​ មិន​ទុក​ចិត្ត​ លើ​រូប​រដ្ឋ​អាជ្ញា Mueller កាន់​តែ​ខ្លាំងឡើងៗ។ កាលពី​ថ្ងៃ​ពុធ ទី ១៣ ធ្នូ អ្នក​ទទួល​ខុស​ត្រូវ​បក្ស​សាធារណរដ្ឋ​ បាន​​ទាំង​ស្នើ​សុំ​ទៅ​កាន់​ក្រសួង​យុត្តិធម៌​ឱ្យ​តែង​តាំង​រដ្ឋ​អាជ្ញា​ពិសេស​ថ្មី​ និង​ឯករាជ្យ ដោយ​បញ្ជាក់​ថា​​លោក Mueller លម្អៀង ហើយដំណើរ​​ការ​​អង្កេតរបស់​លោក​​មាន​បង្កប់​ភាព​មិន​ប្រក្រតី​​ច្រើន។

លោក Robert Mueller ​រដ្ឋ​អាជ្ញា​ពិសេសទទួល​បន្ទុក​អង្កេត​សំណុំ​រឿង​រុស្ស៊ី​ជ្រៀតជ្រែក​អាមេរិក REUTERS/Jonathan Ernst

លម្អៀង និង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​អង្កេត

​ភាព​សង្ស័យ​អំពី​ភាព​លម្អៀង បានផ្ទុះ​ឡើង​ ក្រោយ​ពេល​ដែល​សារព័ត៌មាន​អាមេរិក​បាន​ផ្សព្វផ្សាយ​ ការ​ផ្តោះប្តូរ​សារ​ឆ្លើយឆ្លង​គ្នា​រវាង​ភ្នាក់ងារម្នាក់ និង​មេធាវីម្នាក់​​របស់ FBI ដែលទាំង​ពីរ​នាក់ជា​សមាជិក​​​ក្រុម​ការងារ​របស់លោក Mueller។ នៅ​ក្នុង​សារនោះ​ ពួកគេ​នាំ​គ្នា​បង្អាប់​បន្តុះ​លោក​ត្រាំ ថា​ល្ងីល្ងើ ថាមិន​សម​ជា​ប្រធានាធិបតី​ ...។

បញ្ហា​មិន​មែន​ស្ថិត​នៅ​លើ​ខ្លឹម​សារ​នៃ​ពាក្យ​បង្អាប់​បន្តុះទេ តែ​ទង្វើ​បែប​នេះ ត្រូវ​បាន​អ្នក​សាធារណរដ្ឋ​យល់​ថា​ក្រុមការងារ​​លោក​រដ្ឋ​អាជ្ញា​កំពុង​ប្រកាន់​បក្ស​ លម្អៀង​មក​ខាង​FBI។ ដូច្នេះ​ពួក​គេ​មិន​អាច​ទុក​ចិត្ត​ ឱ្យ​លោក​រដ្ឋ​អាជ្ញា​បន្ត​ការ​អង្កេត​​បាន​ទៀត​ឡើយ។ សូម​បញ្ជាក់​ថា​ភ្នាក់ងារ​ទាំង​ពីរ​រូប​នេះ ត្រូវ​បាន​លោក Mueller ដក​ចេញ​ពី​ក្រុមការងារ​បាត់​ទៅ​ហើយ តាំង​ពី​ក្រោយ​ការ​ផ្តោះប្តូរ​​សារសង​សារ​នេះភ្លាម​ម្ល៉េះ។

ចំនុច​មួយ​ទៀត​ដែលគេ​នាំ​គ្នា​​បន្ទោស​លោក​ Mueller រហូត​ប្តឹង​ដល់​សភា​នោះ គឺ​ភាព​មិន​ប្រក្រតី​នៃ​ការ​​​ប្រមូល​សារអ៊ីមែល​រាប់​ពាន់​មក​អង្កេត។ បើ​តាមចុះ​ផ្សាយ​ក្នុង​​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​អាមេរិក មាន​ការ​បញ្ជូន​សារ​អ៊ីមែល​រាប់ពាន់ ដោយ​ខុស​ច្បាប់ ទៅ​ឱ្យ​ក្រុម​អ្នក​អង្កេត​របស់​លោក​Mueller ពោល​គឺ​ក្រុម​អ្នក​អង្កេត​ទាំង​អស់​នោះ គ្មាន​ដីកា​ និង​សមត្ថកិច្ច​ចាំបាច់​ណា​មួយ​ដែលត្រូវ​ទទួល​បាន​ឯកសារ​បែប​នេះ​ទេ។

អ្នក​នាំ​ពាក្យ​របស់​លោក​រដ្ឋ​អាជ្ញា​បានប្រឹង​ការពារ​ខ្លួន​និង​​បដិសេធ​រាល់​ពាក្យ​ចោទ​ប្រកាន់​ខាង​លើ ហើយ​បាន​ធានាអះអាង​យ៉ាង​ច្បាស់​លាស់​ គ្រប់​​ការ​អង្កេតសុទ្ធ​តែ​ធ្វើ​ឡើង​ដោយ​ស្រប​ច្បាប់ សារ​អ៊ីមែល​ដែល​គេ​ទទួល​បាន​សុទ្ធ​តែ​មាន​ការ​យល់ព្រម​ពី​ម្ចាស់ ឬ​ស្រប​តាម​ដំណើរការច្បាប់​ព្រហ្មទណ្ឌ។ ឯ​មនុស្ស​ជំនិត​បំផុត​ម្នាក់​របស់​ប្រធានាធិបតី បាន​ព្រលយ​ថា​ដល់​ពេល​ដែល​ត្រូវ​បញ្ចប់​សំណុំ​រឿង​សង្ស័យ​មួយ​នេះ និង​បើក​ទំព័រ​ថ្មី !

សេតវិមាន​ត្រៀម​ជើង​ព្រួល ?

ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​កាសែត ​លោកត្រាំ​បាន​បញ្ជាក់​យ៉ាង​កំបុត​ថាគ្មាន​ផែនការ​ដក​លោក​Mueller ទេ​។ ទីប្រឹក្សា​សភា​ប្រចាំ​សេតវិមានក៏​បាន​អះអាង​ថា​ គ្មាន​នរណា​ចាប់​អារម្មណ៍​នឹង​ប្រធានបទ​នេះ​ទេ នៅ​សេតវិមាន។

ប៉ុន្តែមាន​សម្មតិកម្ម​ច្រើន​កំពុង​ផុស​ផុល​នៅ​វ៉ាស៊ីន​ថា ​រដ្ឋបាល​លោក​ត្រាំ កំពុង​តែ​រៀប​ចំ​ជើង​ព្រួល​កំពុង​​​ត្រួស​ត្រាយ​ផ្លូវដើម្បី​ឈាន​ទៅ​ដល់​ការ​ដក​តំណែង​ លោក​ Muellerមែន​ទែន។ លោក​ ដូណាល់ ត្រាំ ធ្លាប់​ដក​តំណែង​អ្នក​ក្រោម​បង្គាប់ ជាក់ស្តែង​នាយក​​FBI ដូច​ដក​ស្មៅ ដោយ​សារ​តែ​រឿង​រ៉ាវ​ពាក់ព័ន្ធ​​ជាមួយ​​នឹង​រុស្ស៊ី​នេះឯង។ ហេតុដូច្នេះ​ហើយ​បាន​ជា​​គ្រប់​គ្នា​ចេះ​តែ​គិត​សង្ស័យ​ថា​ជាមួយ​រឿង​អាស្រូវ​សង្ស័យ​បែប​នេះ លោក​ត្រាំ អាច​នឹង​ដក​តំណែង​លោក​រដ្ឋ​អាជ្ញាMueller ដែរ។

សម្រាប់​អ្នក​ប្រជាធិបតេយ្យ​ ​ ​​រដ្ឋបាល​លោក​ត្រាំ ​កំពុង​ដាក់​សម្ពាធលើ​រដ្ឋ​អាជ្ញា។ ការ​ចោទ​ប្រកាន់​ច្រើន​ឡើងៗ​នេះ មាន​បំណង​តែ​មួយ​គត់​គឺ​រំខាន​ការងារ​និង​អារម្មណ៍​លោក​Mueller នៅ​ពេល​ដែល​សកម្មភាព​អង្កេត​កំពុង​ជឿន​លឿន​ទៅ​មុខ​ខ្លាំង។ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ក្រោម​អាណត្តិ​របស់​លោក​អូបាម៉ា បាន​អំពាវនាវ​ឱ្យ​ប្រជាពល​រដ្ឋ​អាមេរិក​ប្រមូល​ផ្តុំ​កម្លាំង​គ្នា​ដោយ​សន្តិវិធី ប្រឆាំង​ប្រធានាធិបតី ប្រសិន​បើ​មានការ​ដក​ហូត​តំណែង​លោក ​Mueller ​មែន៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • សហរដ្ឋអាមេរិក

    Michael Flynn​ ទទួល​សារភាព​ថា​បាន​កុហក ​FBI​ ក្នុង​សំណុំ​រឿង​រុស្ស៊ី

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ