អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បាន​ជា​ចលនា​ស្តាំនិយមជ្រុល​កំពុង​ឡើង​សម្លេង​ខ្លាំង​នៅ​អឺរ៉ុប?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​អឺរ៉ុប គណបក្ស​ស្តាំនិយមជ្រុល​កំពុង​មាន​ឈ្មោះ​បោះ​សម្លេង​ខ្លាំង និង​កំពុង​ក្លាយ​ជា​ដៃគូ​នយោបាយ​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​នៃ​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១៧ ដែល​នឹង​បិទបញ្ចប់​នៅ ១០ថ្ងៃ​ខាង​មុខ គណបក្ស​ស្តាំនិយម​ទទួល​បាន​សម្លេង​គាំទ្រ​កាន់​តែ​ច្រើន​ឡើងៗ​នា​ការ​បោះឆ្នោតជាតិ​នៅ​ក្នុង​ប្រទេស​អឺរ៉ុប​មួយ​ចំនួន ដូច​ជា​នៅ​បារាំង អាល្លឺម៉ង់ ហូឡង់ និង​នៅ​ក្នុង​ប្រទេស​អូទ្រីស។ អ្វី​ទៅ​ជា​ហេតុផល​ដែល​បាន​ធ្វើ​ឲ្យ​គណបក្ស​ស្តាំនិយមជ្រុល​នៅ​អឺរ៉ុប​ឡើង​កូដ​ខ្លាំង​ដល់​ម្លឹង?

លោក Sebastian Kurz អនាគតនាយករដ្ឋន្រ្តី​ថ្មី​នៃ​ប្រទេស​អូទ្រីស និង​លោក Heinz-Christian Strache ប្រមុខ​ដឹកនាំ​គណបក្ស​ស្តាំ​និយម​ជ្រុល FPÖ ថ្ងៃទី១៦ ធ្នូ ២០១៧
លោក Sebastian Kurz អនាគតនាយករដ្ឋន្រ្តី​ថ្មី​នៃ​ប្រទេស​អូទ្រីស និង​លោក Heinz-Christian Strache ប្រមុខ​ដឹកនាំ​គណបក្ស​ស្តាំ​និយម​ជ្រុល FPÖ ថ្ងៃទី១៦ ធ្នូ ២០១៧ REUTERS/Leonhard Foeger
ផ្សាយពាណិជ្ជកម្ម

គឺ​តាំង​ពី​ទសវត្សន៍​ឆ្នាំ ២០០០ មក​ម្ល៉េះ​ដែល​គណបក្ស​ស្តាំនិយមជ្រុល​នៅ​អឺរ៉ុប​បាន​ឡើង​ឥទ្ធិពល​ខ្លាំង។ បច្ចុប្បន្ន​នេះ​នៅ​អឺរ៉ុប និង​ជាង​ពេល​ណាៗ​ទាំង​អស់ គណបក្ស​ស្តាំនិយមជ្រុល​ហាក់​បាន​ក្លាយ​ជា​បក្សនយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​ខ្ពស់​គិត​តាំង​ពី​ឆ្នាំ ១៩៤៥។ ពិត​ណាស់​ថា នៅ​មិន​ទាន់​មាន​ប្រទេស​អឺរ៉ុប​ណា​មួយ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ស្តាំនិយមជ្រុល​នៅ​ឡើយ​ទេ តែ​គេ​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ និង​ពី​ការ​បោះឆ្នោត​មួយ​ទៅ​ការ​បោះឆ្នោត​មួយ មិន​ថា​ការ​បោះឆ្នោតជាតិ ឬ​ការ​បោះឆ្នោតតំបន់​ទេ សម្លេង​របស់​គណបក្ស​ជ្រុលនិយម​បាន​កើន​ឡើង​ជា​លំដាប់​ពី​ទ្វេដង​ដល់ ៣ដង​ផង​ក៏​មាន​ដែរ។

ជាក់ស្តែង​នៅ​ក្នុង​ប្រទេស​ហូឡង់ គណបក្ស​ដើម្បី​សេរីភាព​របស់​លោក Geert Wilders បាន​ក្លាយ​ជា​កម្លាំង​នយោបាយ​ស្ថិត​លំដាប់​ទី២ នៅ​ក្នុង​រដ្ឋសភា។ នៅ​ក្នុង​ប្រទេស​បារាំង គណបក្ស​រណសិរ្យជាតិ​របស់​លោកស្រី Marine le Pen បាន​ចូលខ្លួន​ប្រជែង​ទល់​នឹង​គណបក្ស​ដើរទៅមុខ​របស់​លោក​អេម៉ានុយអែល ម៉ាក្រុង​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ជុំទី២។ គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​អាល្លឺម៉ង់ គឺ​ការ​ចូល​អង្គុយ​ក្នុង​សភា​របស់​ក្រុម​អ្នកតំណាងរាស្រ្ត​មក​គណបក្ស​ស្តាំនិយមជ្រុល​ដែល​ទទួល​បាន​សម្លេង​គាំទ្រ​ដល់​ទៅ ១២,៦% នា​ការ​បោះឆ្នោត​សភា​ក្នុង​ខែ​កញ្ញា។ នៅ​ក្នុង​ប្រទេស​អូទ្រីស គណបក្ស​ស្តាំនិយមជ្រុល​ទទួល​បាន​សម្លេង​គាំទ្រ ២៦% នា​ការ​បោះឆ្នោត​សភា​កាល​ពី​ថ្ងៃទី១៥ តុលា។

ជាមួយ​នឹង​សម្លេង​នេះ គណបក្ស​អភិរក្សនិយម​របស់​លោក Sebastian Kurz ដែល​ឈ្នះឆ្នោត​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ចាប់ដៃ​ជាមួយ​បក្សស្តាំនិយមជ្រុល​ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ដោយ​យល់ព្រម​ប្រគល់​៣ក្រសួង​សំខាន់ៗ គឺ​ក្រសួង​មហាផ្ទៃ ការពារជាតិ និង​ក្រសួង​ការបរទេស។ នៅ​ក្នុង​ប្រទេស​អ៊ីតាលី និង​ស៊ុយអែត ការ​បោះឆ្នោត​សភា​គ្រោង​រៀបចំ​នៅ​ឆ្នាំ ២០១៨ ខាង​មុខ តែ​គណបក្ស​ស្តាំនិយម​កំពុង​ឡើង​កូដ និង​មាន​ប្រជាប្រិយភាព​ខ្លាំង។ ទាំង​នេះ​ជា​សក្ខីកម្ម​មួយ​បញ្ជាក់​ថា ជោគជ័យ​របស់​គណបក្ស​ស្តាំនិយមជ្រុល​បាន​កើត​មាន​សឹង​គ្រប់​ប្រទេស​អឺរ៉ុប​ទាំង​អស់ រួម​ទាំង​ប្រទេស​សម្បូរ​រុងរឿង​ខ្លាំង​ដូច​យ៉ាង​អាល្លឺម៉ង់ ឬ​អូទ្រីស​ជា​ដើម។

ពិត​ណាស់​ថា ប្រទេស​អឺរ៉ុប​នីមួយៗ​សុទ្ធ​តែ​មាន​បញ្ហា​ប្រឈម​មិន​ដូច​គ្នា និង​មាន​វិធានការ​ដោះស្រាយ​ខុស​គ្នា តែ​គេ​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ថា មាន​ប្រធានបទ​ស្នូល​តែ​មួយ​គត់​ដែល​គណបក្ស​ស្តាំនិយមជ្រុល​បាន​យក​ទៅ​ប្រើ​ដើម្បី​ទាញ​យក​សម្លេង​ឆ្នោត​នៅ​គ្រប់​ការ​បោះឆ្នោត​ទាំង​អស់។ ប្រធានបទ​ស្នូល​នោះ គឺ​លំហូរ​ជនអន្តោប្រវេសន៍​ដែល​អឺរ៉ុប​កំពុង​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន។ អ្វី​ដែល​ពលរដ្ឋ​អឺរ៉ុប​ទូទៅ​កំពុង​បារម្ភ​ខ្លាំង គឺ​អសន្តិសុខ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អន្តោប្រវេសន៍ ភេរវនិយម និង​សេដ្ឋកិច្ច​មិន​ទៀងទាត់។ ក៏​ប៉ុន្តែ បញ្ហា​អន្តោប្រវេសន៍​មិនមែន​ជា​កត្តា​សត្យានុម័ត​តែ​មួយ​ដែល​កំណត់​ពី​ជោគជ័យ​របស់​គណបក្ស​ស្តាំនិយមជ្រុល​នៅ​ក្នុង​ឆាកនយោបាយ​ផ្ទៃក្នុង​របស់​ប្រទេស​អឺរ៉ុប​ខ្លះ​នា​ពេល​នេះ​ទេ វា​ក៏​មាន​ជាប់​ពាក់ព័ន្ធ​លើ​នយោបាយ​សេដ្ឋកិច្ច និង​សង្គម​របស់​គណបក្ស​នយោបាយ​ប្រពៃណី​ដែល​បាន​ផ្លាស់ប្តូរ​គ្នា​កាន់​អំណាច​ជា​ហូរហែ​នា​រយៈពេល​កន្លង​ទៅ​ដែរ។

ការ​ដែល​ពលរដ្ឋ​ក្នុង​ប្រទេស​អឺរ៉ុប​ខ្លះ​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ស្តាំនិយមជ្រុល​មក​ពី​គេ​យល់​ថា គណបក្ស​មួយ​នេះ​មាន​គោលនយោបាយ​តឹងតែង​ស្តីពី​អន្តោប្រវេសន៍ តែ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ ពលរដ្ឋ​ទាំង​នោះ​ក៏​ហាក់​មិន​ចង់​ឃើញ​ការ​ឡើង​កាន់​អំណាច​របស់​គណបក្ស​ស្តាំនិយមជ្រុល​ដែរ។ ជាក់ស្តែង​ក្នុង​ប្រទេស​បារាំង​នា​ការ​បោះឆ្នោត​ប្រធានាធិបតី ពលរដ្ឋ​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​រណសិរ្យជាតិ​របស់​លោកស្រី Marine Le Pen ចូលរួម​ប្រកួតប្រជែង​ទល់​នឹង​គណបក្ស​ដើរទៅ​មុខ​របស់​លោក​ម៉ាក្រុង​នៅ​ជុំទី២ តែ​ក៏​បាន​បោះឆ្នោត​ទម្លាក់​បក្ស​រណសិរ្យជាតិ​ក្នុង​ជុំទី២ តែ​ម្តង។ ទង្វើ​របស់​ពលរដ្ឋ​បារាំង​ដូច​នេះ គឺ​ជា​មេរៀន​មួយ​ដែល​ពួក​គេ​ចង់​ពញ្ញាក់​ស្មារតី​របស់​ថ្នាក់ដឹកនាំ​ប្រពៃណី​ឲ្យ​យក​ចិត្ត​ដាក់ និង​គិតគូរ​ដោះស្រាយ​ឲ្យ​បាន​ច្រើន​ចំពោះ​បញ្ហា​របស់​ពលរដ្ឋ​ខ្លួន​ឯង​ជាជាង​អ្នក​មក​ពី​ក្រៅ។

ទន្ទឹម​នឹង​ការ​បង្ខំ​ចាប់ដៃ​ដឹកនាំ​រដ្ឋាភិបាល​ជាមួយ​គណបក្ស​ស្តាំនិយមជ្រុល ក៏​មាន​រដ្ឋាភិបាល​ក្នុង​ប្រទេស​អឺរ៉ុប​ខ្លះ ដូច​យ៉ាង​ប្រទេស​ប៊ុលហ្ការី និង​ហុងគ្រី​បាន​រួម​សហការណ៍​ជាមួយ​គណបក្សជាតិនិយម​ដែល​គេ​ស្គាល់​ជា​គណបក្ស​រើសអើង និង​ប្រកាន់​ពូជសាសន៍។ ដូច្នេះ​ឃើញ​ថា ភាព​ដែល​មិន​គួរ​ឲ្យ​ជឿ​ថា​អាច​កើត​មាន​នៅ​ក្នុង​ប្រទេស​អឺរ៉ុប​ខ្លះ​បាន​និង​កំពុង​លេច​រូបរាង​ដែល​​ធ្វើ​ឲ្យ​អឺរ៉ុប​មិន​អាច​ធ្វើ​ព្រងើយ​កន្តើយ​បាន​ទេ។ បើ​ពុំ​នោះ​សោត អឺរ៉ុប​ទាំង​មូល​នឹង​បាត់បង់​តម្លែ​ពិត ហើយ​អាច​ក្លាយ​ជា​ទ្វីប​ដែល​គ្រប់គ្រង​ដោយ​ពួក​អ្នកជ្រុលនិយម និង​ពួក​អ្នកជាតិនិយម​ដោយ​ចៀស​មិន​រួច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ