អានតួអត្ថបទ

RSF​​​​​៖តួលេខ​អ្នក​កាសែត​​​​​ស្លាប់​ក្នុង​ពិភពលោក ​ថយចុះ​​​​​ ​ក្នុង​​ឆ្នាំ​​២០១៧​​​​​​

ថ្ងៃអង្គារ​នេះ អង្គការ​អ្នកកាសែត​​​គ្មានព្រំដែន​ហៅកាត់ថា RSF ​បាន​ចុះផ្សាយ​​តួលេខ​អ្នក​កាសែត​​ដែល​បានពលី​ជីវិត​ ក្នុង​​ពិភពលោក នៅ​ឆ្នាំ​២០១៧នេះ គឺ​មាន​៦៥នាក់​ដែល​​ស្លាប់​ ក្នុង​ឆ្នាំនេះ។ តួលេខនេះ​​​ថយចុះ​១៨ភាគរយ ប្រៀប​នឹង​ឆ្នាំ​២០១៦​ ​ ប៉ុន្តែ អ្នកកាសែត​​​​​នៅតែ​រង​ការគំរាម​ធ្ងន់ធ្ងរ ក្នុងអាជីព​​របស់​ពួកគេ។​

អ្នកយក​ព័ត៌មាន​នៅ​អាហ្វ្រិក​
អ្នកយក​ព័ត៌មាន​នៅ​អាហ្វ្រិក​ RFI/Gaël Grilhot
ផ្សាយពាណិជ្ជកម្ម

យោងតាម​​​អង្គការ​អ្នកកាសែត​​គ្មានព្រំដែនRSF អ្នកកាសែត​​ស្លាប់​​ ​​ក្នុង​ឆ្នាំ​២០១៧នេះ មាន​៦៥នាក់ ​ក្នុង​​នោះ ​៥០នាក់​ជាអ្នកកាសែត​​អាជីព ហើយ​អ្នក​ផ្សេងទៀត ជាអ្នក​សរសេរ​ក្នុង​​វេបសាយ និងជា​​ដៃគូ​របស់​អ្នកអ្នកកាសែត។ ​ក្នុង​ចំណោម​ពួកគេ ​មាន​៣៩នាក់ ត្រូវ​បានគេ​សម្លាប់ រឺ​រងការ​វាយប្រហារ​ដោយ​ចេតនា។ ២៦នាក់​ទៀត ​ស្លាប់​ក្នុង​ពេល​បំពេញ​ការងារ។​

តួលេខ​​​​អ្នកសារព័ត៌មានរងគ្រោះថយចុះ​ ​ដោយសារ​​មានយុទ្ធនាការ​ផ្សព្វផ្សាយ​​ពី​សារៈសំខាន់​​​ក្នុង​ការ​ការពារ​​​ជីវិតអ្នកកាសែត​ ពិសេស​គឺយុទ្ធនាការ​​រៀបចំ​ដោយ​អង្គការ​អន្តរជាតិ​និង​សារព័ត៌មាន​ខ្លួនឯង​តែម្តង។ ​តួលេខ​ជនរងគ្រោះ​ជាអ្នកកាសែត​​ថយចុះ​ ក៏ដោយសារ​​​ប្រទេស​ដែល​រង​សង្គ្រាម​ ដូចជា​ស៊ីរី រឺ​ក៏​អ៊ីរ៉ាក់​នោះ លែង​មា​ន​អ្នកកាសែត​​ច្រើន​ទៀតដែរ។ ឆ្នាំ​២០១៧​នេះ ស៊ីរី​នៅតែ​ជា​ប្រទេស​ដែល​អ្នកសារព័ត៌មាន​ប្រឈម​គ្រោះថ្នាក់​ខ្លាំងបំផុត។

ដោយឡែក ក្នុង​ប្រទេស​​​​​មា​នសន្តិភាព​ដូចជា​ម៉ិចស៊ិក អ្នកកាសែត​​ក៏​នៅតែ​ត្រូវ​ប្រឈម​​ការគំរាម​អាយុជីវិត ពិសេស​អ្នកដែល​សរសេរ​ស៊ើបអង្កេត​​​អំពើ​ពុករលួយក្នុង​​នយោបាយ រឺ​ក៏​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​​ជាដើម។ ពួកគេ​ត្រូវបាន​គេគំរាម រហូត​ដល់​ធ្វើឃាត​​ក៏​មាន។ អ្នកកាសែត​​​​នៅ​ម៉ិចស៊ិក​មួយចំនួន​បានសម្រេច​ឈប់​ធ្វើការងារ​នេះ​តទៅទៀត រឺ​ក៏​ចាកចេញ​​​ពី​ម៉ិចស៊ិកតែម្តង។​​

ថ្ងៃអង្គារ​នេះ ​អង្គការអ្នកកាសែត​គ្មានព្រំដែន​​បាន​បង្ហាញ​ផងដែរ នូវតួលេខ​អ្នកកាសែត​​ដែល​​ត្រូវ​គេឃុំខ្លួន គឺ​មាន​ដល់ទៅ​៣២៦​នាក់។ ​ចិន​មាន​​អ្នកកាសែត​​ជាប់ឃុំ​ច្រើនជាងគេ គឺ​មាន​​៥២នាក់។ បន្ទាប់មក​មាន​៤៣នាក់ជាប់ឃុំ​ នៅ​តួកគី ២៤នាក់​នៅ​ស៊ីរី ២៣នាក់​នៅ​អ៊ីរ៉ង់ ហើយ​​១៩នាក់​ទៀត នៅ​វៀតណាម។ ក្រៅពីនេះ អ្នកកាសែត​៥៤នាក់ កំពុង​ត្រូវ​ក្រុម​ប្រដាប់អាវុធ​រឺ​ក៏​ក្រុម​ភេរវជន​រដ្ឋអ៊ីស្លាម​ចាប់​ជា​ចំណាប់ខ្មាំង៕ ​ ​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ