អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទូរទស្សន៍​រុស្ស៊ី​​RT​ស្វែងរក​ទីផ្សារ​នៅ​បារាំង​ ក្រោម​ការឃ្លាំ​មើល​ពី​ផ្នែក​សោតទស្សន៍​បារាំង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទូរទស្សន៍​រុស្ស៊ី​ RT កំពុង​លុកលុយ​រកទីផ្សារ​ក្នុង​ទឹកដី​បារាំង ដោយ​បាន​ចុះផ្សាយ​​​កម្មវិធីលើកដំបូង​ ជាភាសា​បារាំង ​តាម​កញ្ចក់​ទូរទស្សន៍​ខ្សែកាប នៅដើមសប្តាហ៍​នេះ។ ទូរទស្សន៍​រុស្ស៊ី​មួយនេះ​ក៏​​កំពុងព្យាយាម​បង្ហាញ​ទៅ​ប្រធានាធិបតី​បារាំង​​ អេម៉ានុយអែល ម៉ាក្រុង​ ដែរថា ការផ្សាយ​ព័ត៌មាន​របស់ខ្លួន​​មិនបាន​បោកប្រាស​ទស្សនិកជន ​​ដូច​ដែល​លោក​ម៉ាក្រុង​ធ្លាប់​បានចោទ​ប្រកាន់​នោះទេ។ ​

ទីតាំង​ទូរទស្សន៍ ​Russia Today នៅ​ក្រុង​ម៉ូស្គូ ​ខែ​វិច្ឆិកា​២០១៧
ទីតាំង​ទូរទស្សន៍ ​Russia Today នៅ​ក្រុង​ម៉ូស្គូ ​ខែ​វិច្ឆិកា​២០១៧ ILIYA PITALEV / SPUTNIK / AFP
ផ្សាយពាណិជ្ជកម្ម

ស្វែងរក​ទីផ្សារ​នៅ​បារាំង ទាក់ទាញ​ទស្សនិកជន​ជនជាតិ​បារាំង ក៏ដូចជា​ទូរទស្សនិកជន​ដែល​​និយាយ​ភាសា​បារាំង នេះ​ជា​ទិសដៅ​របស់​​ទូរទស្សន៍​រុស្ស៊ី RT។ ថ្ងៃចន្ទ​ដើម​សប្តាហ៍​នេះ ​ទូរទស្សន៌​ ​RT បាន​ចុះផ្សាយ​តាមកញ្ចក់ខ្សែកាប ជា​ភាសាបារាំង នូវកម្មវិធី​ដូចជា​ ព័ត៌មាន​​ប្រចាំថ្ងៃ បទយកការណ៍​ រឺ​ក៏​បទសម្ភាស​ផ្សេងៗ​ជាដើម។ ​RT ​ចេញ​មកពី​ពាក្យ​ថា Russia Today។ ​មិនមែន​ជាលើកទី១ទេ ដែល​ RTមានវត្តមាន​នៅ​បារាំង ទូរទស្សន៍រុស្ស៊ី RT មានវត្តមាន​នៅ​បារាំង តាំង​ពី​ឆ្នាំ​២០១៥ម្ល៉េះ តាមរយៈ​វេបសាយ​របស់​ខ្លួន។ ​ RT មាន​ប្រជាប្រិយភាព​គួរសម នៅ​តាមប្រទេស​លោកខាងលិច ព្រោះ​បាន​ផ្សាយ​ជាភាសា​អង់គ្លេស អេស្ប៉ាញ និង​អារ៉ាប់​រួចមកហើយ។ ​ហើយ​ក្នុង​YouTubeវិញ ​RT បាន​ចុះផ្សាយ​រូបភាព លាយជាមួយ​អក្សរ​បកប្រែភាសា​។ រូបភាព​វីដេអូ​​ RTតា​មYouTube ​មាន​គេ​បើកមើល ​​ដល់ទៅ​រាប់រយពាន់​ដង​ឯណោះ។

ក្នុងទីផ្សារ​បារាំង RT​ធ្វើការផ្សាយ​ក្នុង​នាម​ជាប៉ុស្តិ៍​ទូរទស្សន៍​ទ្រង់ទ្រាយ​តូច ដោយ​មាន​ថវិកា​សម្រាប់​ដំណើរការ​ ​២០លាន​អឺរ៉ូ និង​បុគ្គលិក​១៥០នាក់។ ​ទិសដៅ​ គឺ​ជួយ​អោយ​ក្រុមហ៊ុន​ RTរកបាន​ទស្សនិកជន​កាន់តែ​ច្រើនថែមទៀត គឺ​ចង់​រកបាន​អ្នកមើល​ដែល​ចេះ​ភាសាបារាំង​២៧៥លាននាក់។ ​តែ​ដំណើរការងារ​នៅ​បារាំង ​ប្រហែល​ជា​ត្រូវប្រឈម​សម្ពាធ​ច្រើន​ ព្រោះ​ទូរទស្សន៍​រុស្ស៊ី​មួយនេះ ធ្លាប់​រង​​ការ​បរិហារ​ពី​​លោក​អេម៉ានុយអែល ម៉ាក្រុង ​ជា​ប្រធានាធិបតីបារាំង​។ ប្រហែល​៧ខែ​មុននេះ លោក​ម៉ាក្រុង​បាន​ចោទ​ទូរទស្សន៍​​​RTថា ជា​ជិតដិត​នឹង​រដ្ឋាភិបា​លក្រិមឡាំង។ ​លោកម៉ាក្រុង​ចោទ​ដែរថា ពេល​បារាំង​ធ្វើយុទ្ធនាការ​ឃោសនាបោះឆ្នោត​កន្លងមក​នេះ ​ទូរទស្សន៍​RT មួយនេះ ដាក់​ឥទ្ធិពល និង​ធ្វើការ​ឃោសនា​ភូតកុហក។ ​​អាជ្ញាធរ​សោតទស្សន៍​បារាំង​វិញ ​ក៏​សង្គ្រឺត​ធ្មេញ​​​មិនតិច​ដែរ ដោយ​សន្យា​ថា ចាំ​សង្កេត​មើល​ទូរទស្សន៍​នេះ​​ជាប្រចាំ។ ​

មិនពិបាក​ឆ្ងល់ទេ ដែល​បារាំង​ដូចជា​​ចាំតែ​តាមជាន់កែង​ប៉ុស្តិ៍​ទូរទស្សន៍​​រដ្ឋរុស្ស៊ី ព្រោះ​អ្នកណា​ក៏ដឹងដែរ​ថា ​បារាំង​និង​ប្រទេស​លោកខាងលិច​មួយចំនួន មិនត្រូវគ្នា​នឹង​រុស្ស៊ី​ប៉ុន្មានទេ។ មិនថា​តែ​បារាំងទេដែល​មិនពេញចិត្ត​នឹង​RT សូម្បី​តែ​អង់គ្លេស​ក៏ដូចគ្នា​ដែរ។ ​ខាង​សោតទស្សន៍​អង់គ្លេស​បានតវ៉ា​ប្រឆាំង​ទូរទស្សន៍​RT ច្រើនលើក​មកហើយ ថែមទាំង​គំរាម​ដាក់ទណ្ឌកម្មទាក់ទង​នឹង​ការចុះផ្សាយ​ប្រធានបទ​ដូចជា​អ៊ុយក្រែន រឺ ក៏​ស៊ីរី​ទៀតផង។ សហរដ្ឋ​អាមេរិ​កវិញសង្ស័យ​ថា ​​ទូរទស្សន៍​មួយនេះ ព្រមទាំង​សារព័ត៌មាន Sputnik ដែល​ជា​សារព័ត៌មាន​​ផ្សាយ​ក្នុង​វេបសាយ អាមេរិក​សង្ស័យ​ថា ​សារព័ត៌មា​ន​រុស្ស៊ី​ទាំង២​នេះ បាន​​ដាក់ឥទ្ធិពល​ដល់​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦ ។ អាមេរិក​ថែមទាំង​បង្ខំ​អោយ​ទូរទស្សន៍​RTរុស្ស៊ី ចុះបញ្ជី​ក្នុង​នាម​ជា​ភ្នាក់ងារ​បរទេស​ទៀតផង។ ដោយសារ​រឿងនេះ កន្លងមក រុស្ស៊ី​ខឹង​នឹង​អាមេរិក​ណាស់ ហើយបាន​ធ្វើ​ដូចគ្នា​ដែរ គឺ​បាន​តំរូវ​អោយ​សារព័ត៌មាន​​​​អាមេរិក​ចុះឈ្មោះ​ក្នុង​បញ្ជី​ក្នុង​នាម​ជាភ្នាក់ងារ​បរទេស​ដូចគ្នា។ ​​

លោកម៉ាក្រុង​ ប្រហែល​ជា​មិនសប្បាយចិត្ត​ប៉ុន្មានទេ បើ​បានតាមដាន​មើល​ព័ត៌មាន​តា​ម​កញ្ចក់​ទូរទស្សន៍​RTមួយនេះ ហើយស្តាប់លឺ​ពាក្យ​តបត​មកវិញ។ ទូរទស្សន៍​រុស្ស៊ី​RT បាន​ឆ្លើយ​តបទៅនឹង​​ការចោទប្រកាន់​របស់​ប្រធានាធិបតី​បារាំង​វិញថា RTមិនមែន​មកបារាំង​ដើម្បី​ចែកចាយ​ព័ត៌មាន​ភូតកុហក​ រឺ​ក៏​លម្អៀង​នោះទេ។ RT ចង់​​ជំរុញ​ទុរទស្សនិកជន​អោយ​​គិត​ពិចារណារឿងផ្សេងៗ អោយ​ហួស​ឆ្ងាយពី​ព័ត៌មាន​ដែល​តែងចុះផ្សាយ​​ជាប្រចាំ​ ព្រោះថា ព័ត៌មាន​ដែល​យើង​ទទួល​បាន​ជាប្រចាំ​នេះ មិនបាន​អោយតម្លៃ​លើ​​​គំនិត​ពិចារណា​មួយចំនួន​ទេ។ លោកស្រី​សេញ៉ា ហ្វេដូរ៉ូវ៉ា ជា​នាយក​ទូរទស្សន៍​រុស្ស៊ី​RT លើកឡើង​ថា​ ​ទូរទស្សន៍​​​RT មិនផ្តោត​​​​ការយកចិត្ត​ទុកដាក់​តែ​លើព័ត៌មាន​ទាក់ទង​នឹង​រុស្ស៊ី​តែមួយមុខ​ទេ ​RTនឹង​ធ្វើការ​ជ្រើសរើស​​របស់ខ្លួន នូវអ្វី​ដែលខ្លួន​ត្រូវ​ផ្សព្វផ្សាយ។

​ចម្លើយ​ទាំងអស់​នេះ សបង្ហាញ​ថា ទូរទស្សន៍​រុស្ស៊ី​ព្យាយាម​បង្ហាញ​ថា ខ្លួនពិតជា​ស្អាតស្អំ ឯករាជ្យ មិន​ផ្សព្វផ្សាយ​ឥទ្ធិពល​រុស្ស៊ី មិនលម្អៀង​រក​វិមា​នក្រិមឡាំង ដូចដែល​ប្រធានាធិបតី​​​បារាំង​ធ្លាប់​ចោទ​ប្រកាន់​ទេ។ ​លោក​អេម៉ានុយអែល ម៉ាក្រុង​ ប្រហែល​ជា​បាន​ស្តាប់​លឺចម្លើយទាំងនេះហើយ ហើយ​លោក​ក៏ប្រហែល​កំពុង​រង់ចាំ​មើល​ដែរថា តើ​ក្នុង​ផ្សាយ​តទៅមុខ​ទៀតនេះ អ្វីៗ​ពិតជា​ឯករាជ្យ​ដូចជា​ការអះអាង​របស់​ទូរទស្សន៍​RT ​ដែររឺយ៉ាងណា៕ ​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ