ទូរទស្សន៍រុស្ស៊ីRTស្វែងរកទីផ្សារនៅបារាំង ក្រោមការឃ្លាំមើលពីផ្នែកសោតទស្សន៍បារាំង
ចុះផ្សាយនៅថ្ងៃ៖
ទូរទស្សន៍រុស្ស៊ី RT កំពុងលុកលុយរកទីផ្សារក្នុងទឹកដីបារាំង ដោយបានចុះផ្សាយកម្មវិធីលើកដំបូង ជាភាសាបារាំង តាមកញ្ចក់ទូរទស្សន៍ខ្សែកាប នៅដើមសប្តាហ៍នេះ។ ទូរទស្សន៍រុស្ស៊ីមួយនេះក៏កំពុងព្យាយាមបង្ហាញទៅប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ដែរថា ការផ្សាយព័ត៌មានរបស់ខ្លួនមិនបានបោកប្រាសទស្សនិកជន ដូចដែលលោកម៉ាក្រុងធ្លាប់បានចោទប្រកាន់នោះទេ។
ស្វែងរកទីផ្សារនៅបារាំង ទាក់ទាញទស្សនិកជនជនជាតិបារាំង ក៏ដូចជាទូរទស្សនិកជនដែលនិយាយភាសាបារាំង នេះជាទិសដៅរបស់ទូរទស្សន៍រុស្ស៊ី RT។ ថ្ងៃចន្ទដើមសប្តាហ៍នេះ ទូរទស្សន៌ RT បានចុះផ្សាយតាមកញ្ចក់ខ្សែកាប ជាភាសាបារាំង នូវកម្មវិធីដូចជា ព័ត៌មានប្រចាំថ្ងៃ បទយកការណ៍ រឺក៏បទសម្ភាសផ្សេងៗជាដើម។ RT ចេញមកពីពាក្យថា Russia Today។ មិនមែនជាលើកទី១ទេ ដែល RTមានវត្តមាននៅបារាំង ទូរទស្សន៍រុស្ស៊ី RT មានវត្តមាននៅបារាំង តាំងពីឆ្នាំ២០១៥ម្ល៉េះ តាមរយៈវេបសាយរបស់ខ្លួន។ RT មានប្រជាប្រិយភាពគួរសម នៅតាមប្រទេសលោកខាងលិច ព្រោះបានផ្សាយជាភាសាអង់គ្លេស អេស្ប៉ាញ និងអារ៉ាប់រួចមកហើយ។ ហើយក្នុងYouTubeវិញ RT បានចុះផ្សាយរូបភាព លាយជាមួយអក្សរបកប្រែភាសា។ រូបភាពវីដេអូ RTតាមYouTube មានគេបើកមើល ដល់ទៅរាប់រយពាន់ដងឯណោះ។
ក្នុងទីផ្សារបារាំង RTធ្វើការផ្សាយក្នុងនាមជាប៉ុស្តិ៍ទូរទស្សន៍ទ្រង់ទ្រាយតូច ដោយមានថវិកាសម្រាប់ដំណើរការ ២០លានអឺរ៉ូ និងបុគ្គលិក១៥០នាក់។ ទិសដៅ គឺជួយអោយក្រុមហ៊ុន RTរកបានទស្សនិកជនកាន់តែច្រើនថែមទៀត គឺចង់រកបានអ្នកមើលដែលចេះភាសាបារាំង២៧៥លាននាក់។ តែដំណើរការងារនៅបារាំង ប្រហែលជាត្រូវប្រឈមសម្ពាធច្រើន ព្រោះទូរទស្សន៍រុស្ស៊ីមួយនេះ ធ្លាប់រងការបរិហារពីលោកអេម៉ានុយអែល ម៉ាក្រុង ជាប្រធានាធិបតីបារាំង។ ប្រហែល៧ខែមុននេះ លោកម៉ាក្រុងបានចោទទូរទស្សន៍RTថា ជាជិតដិតនឹងរដ្ឋាភិបាលក្រិមឡាំង។ លោកម៉ាក្រុងចោទដែរថា ពេលបារាំងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតកន្លងមកនេះ ទូរទស្សន៍RT មួយនេះ ដាក់ឥទ្ធិពល និងធ្វើការឃោសនាភូតកុហក។ អាជ្ញាធរសោតទស្សន៍បារាំងវិញ ក៏សង្គ្រឺតធ្មេញមិនតិចដែរ ដោយសន្យាថា ចាំសង្កេតមើលទូរទស្សន៍នេះជាប្រចាំ។
មិនពិបាកឆ្ងល់ទេ ដែលបារាំងដូចជាចាំតែតាមជាន់កែងប៉ុស្តិ៍ទូរទស្សន៍រដ្ឋរុស្ស៊ី ព្រោះអ្នកណាក៏ដឹងដែរថា បារាំងនិងប្រទេសលោកខាងលិចមួយចំនួន មិនត្រូវគ្នានឹងរុស្ស៊ីប៉ុន្មានទេ។ មិនថាតែបារាំងទេដែលមិនពេញចិត្តនឹងRT សូម្បីតែអង់គ្លេសក៏ដូចគ្នាដែរ។ ខាងសោតទស្សន៍អង់គ្លេសបានតវ៉ាប្រឆាំងទូរទស្សន៍RT ច្រើនលើកមកហើយ ថែមទាំងគំរាមដាក់ទណ្ឌកម្មទាក់ទងនឹងការចុះផ្សាយប្រធានបទដូចជាអ៊ុយក្រែន រឺ ក៏ស៊ីរីទៀតផង។ សហរដ្ឋអាមេរិកវិញសង្ស័យថា ទូរទស្សន៍មួយនេះ ព្រមទាំងសារព័ត៌មាន Sputnik ដែលជាសារព័ត៌មានផ្សាយក្នុងវេបសាយ អាមេរិកសង្ស័យថា សារព័ត៌មានរុស្ស៊ីទាំង២នេះ បានដាក់ឥទ្ធិពលដល់ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ ។ អាមេរិកថែមទាំងបង្ខំអោយទូរទស្សន៍RTរុស្ស៊ី ចុះបញ្ជីក្នុងនាមជាភ្នាក់ងារបរទេសទៀតផង។ ដោយសាររឿងនេះ កន្លងមក រុស្ស៊ីខឹងនឹងអាមេរិកណាស់ ហើយបានធ្វើដូចគ្នាដែរ គឺបានតំរូវអោយសារព័ត៌មានអាមេរិកចុះឈ្មោះក្នុងបញ្ជីក្នុងនាមជាភ្នាក់ងារបរទេសដូចគ្នា។
លោកម៉ាក្រុង ប្រហែលជាមិនសប្បាយចិត្តប៉ុន្មានទេ បើបានតាមដានមើលព័ត៌មានតាមកញ្ចក់ទូរទស្សន៍RTមួយនេះ ហើយស្តាប់លឺពាក្យតបតមកវិញ។ ទូរទស្សន៍រុស្ស៊ីRT បានឆ្លើយតបទៅនឹងការចោទប្រកាន់របស់ប្រធានាធិបតីបារាំងវិញថា RTមិនមែនមកបារាំងដើម្បីចែកចាយព័ត៌មានភូតកុហក រឺក៏លម្អៀងនោះទេ។ RT ចង់ជំរុញទុរទស្សនិកជនអោយគិតពិចារណារឿងផ្សេងៗ អោយហួសឆ្ងាយពីព័ត៌មានដែលតែងចុះផ្សាយជាប្រចាំ ព្រោះថា ព័ត៌មានដែលយើងទទួលបានជាប្រចាំនេះ មិនបានអោយតម្លៃលើគំនិតពិចារណាមួយចំនួនទេ។ លោកស្រីសេញ៉ា ហ្វេដូរ៉ូវ៉ា ជានាយកទូរទស្សន៍រុស្ស៊ីRT លើកឡើងថា ទូរទស្សន៍RT មិនផ្តោតការយកចិត្តទុកដាក់តែលើព័ត៌មានទាក់ទងនឹងរុស្ស៊ីតែមួយមុខទេ RTនឹងធ្វើការជ្រើសរើសរបស់ខ្លួន នូវអ្វីដែលខ្លួនត្រូវផ្សព្វផ្សាយ។
ចម្លើយទាំងអស់នេះ សបង្ហាញថា ទូរទស្សន៍រុស្ស៊ីព្យាយាមបង្ហាញថា ខ្លួនពិតជាស្អាតស្អំ ឯករាជ្យ មិនផ្សព្វផ្សាយឥទ្ធិពលរុស្ស៊ី មិនលម្អៀងរកវិមានក្រិមឡាំង ដូចដែលប្រធានាធិបតីបារាំងធ្លាប់ចោទប្រកាន់ទេ។ លោកអេម៉ានុយអែល ម៉ាក្រុង ប្រហែលជាបានស្តាប់លឺចម្លើយទាំងនេះហើយ ហើយលោកក៏ប្រហែលកំពុងរង់ចាំមើលដែរថា តើក្នុងផ្សាយតទៅមុខទៀតនេះ អ្វីៗពិតជាឯករាជ្យដូចជាការអះអាងរបស់ទូរទស្សន៍RT ដែររឺយ៉ាងណា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ