អេស្ប៉ាញ ៖ អ្នកឯករាជ្យនិយមកាតាឡូញ៉ា ឈ្នះឆ្នោតសភាតំបន់
ចុះផ្សាយនៅថ្ងៃ៖
អ្នកឯករាជ្យនិយមកាតាឡូញ៉ា បានទទួលជោគជ័យនៅក្នុងការបោះឆ្នោតសភា ថ្ងៃទី ២១ ធ្នូ ដោយដណ្តើមបាន៧០អាសនៈ ក្នុងចំណោម១៣៥។ ពួកគេនឹងនៅតែបន្តកាន់អំណាចក្នុងតំបន់ស្វយ័តដ៏មានជាងគេរបស់អេស្ប៉ាញដដែល។ ចំណែកបក្សកាន់អំណាចវិញ បានស្គាល់បរាជ័យយ៉ាងជូរចត់ ក្នុងសំឡេងមិនដល់៥%ផង។ ប៉ុន្តែទន្ទឹមនឹងអំណរ ក្រុមអ្នកទាមទារឯករាជ្យត្រូវប្រឈមនឹងវិញ្ញាសាថ្មី គឺ ការបង្កើតក្រុមការងារសម្រាប់ដឹកនាំតំបន់។
ការបោះឆ្នោតសភាកាតាឡូញ៉ា បានទទួលការចូលរួមយ៉ាងច្រើនកុះករ ដល់ជាង៨០%។ ការរាប់សន្លឹកឆ្នោតអាចប្រើពេលយូរ ប៉ុន្តែក្រុមអ្នកទាមទារឯករាជ្យ កាតាឡូញ៉ា បានអបអរជោគជ័យរបស់ខ្លួនហើយ ដោយរក្សាអាសនៈភាគច្រើននៅក្នុងសភាដដែល។
បើតាមលទ្ធផលបឋម បក្សដែលឈ្នះនាំមុខ និងបង្កភាពភ្ញាក់ផ្អើលគេខ្លាំង គឺបក្សCiudadanos ដឹកនាំដោយលោកស្រី Ines Arrimadas អ្នកប្រឆាំងការទាមទារឯករាជ្យទេ។ បក្សនេះបានទទួលសំឡេងគាំទ្រដល់ទៅ ២៥% ត្រូវជា៣៧អាសនៈនៅក្នុងសភា ពោលគឺកើនឡើងច្រើនជាងការស្ទង់មតិមុនៗ និងសម័យបោះឆ្នោតមុន (២៥អាសនៈនៅឆ្នាំ២០១៥)។ នេះជាជោគជ័យបែបនិម្មិត្តរូប ប៉ុន្តែជូរចត់ខ្លាំង និង មិនគ្រប់គ្រាន់ សម្រាប់ទប់ស្កាត់ចរន្តទាមទារផ្តាច់ខ្លួន និងក្លាយជាអ្នកដឹកនាំតំបន់ទេ។ ចំណែកបក្សដែលមាននិន្នាការដូចគ្នា អាចចងសម្ព័ន្ធភាពបង្កើតរដ្ឋាភិបាលតំបន់បានចាញ់ខ្លាំងជ្រុល ៖ បក្សប្រជាជន របស់លោកនាយករដ្ឋមន្ត្រី Rajoy បក្សដ៏ធំជាងគេនៅអេស្ប៉ាញ បានទទួលសំឡេងត្រឹម ៤,២% (៣កៅអី) ប៉ុណ្ណោះ។ គណបក្សសង្គមនិយម១៧កៅអី។
នាយករដ្ឋមន្ត្រីអេស្ប៉ាញទៅកាតាឡូញ៉ា ក្រោយមហាបាតុកម្មទាមទារផ្តាច់ទឹកដី
នៅក្នុងរង្វង់អ្នកទាមទារឯករាជ្យ ក៏មានការភ្ញាក់ផ្អើលដែរ។ បក្ស “រួមគ្នាដើម្បីកាតាឡូញ៉ា”របស់លោក Puigdemont បានទទួលសំឡេងដល់ទៅ ២១,៧% (៣៤អាសនៈ) និងបានក្លាយជាកម្លាំងចលករនាំមុខប្រចាំក្រុម។ បក្សឆ្វេងនិយមសាធារណរដ្ឋ ដែលប្រមុខបក្សកំពុងជាប់ឃុំឃាំងនោះ បានទទួលសំឡេង ២១,៤% ត្រូវជា៣២អាសនៈ។ ហើយបើបូកជាមួយនឹងសំឡេងបក្សឆ្វេងនិយមជ្រុល ក្រុមអ្នកទាមទារឯករាជ្យកាតាឡូញ៉ា ប្រមូលសំឡេងបាន ៤៧,៦% ពោលគឺនឹងមានតំណាងរាស្ត្រ៧០រូបចូលកាន់អាសនៈសភាដែលមានសរុបនៅ ១៣៥អាសនៈ តែតិចជាងលទ្ធផលបោះឆ្នោតសភាឆ្នាំ២០១៥ ពីរកៅអី។
ភាពប្រឈមនៃការបង្កើតក្រុមការងារដឹកនាំតំបន់
ក្រោយការប្រកាសលទ្ធផលជាផ្លូវការ ក្រុមអ្នកឈ្នះឆ្នោតមានសំឡេងភាគច្រើននឹងក្លាយទៅជាអ្នកដឹកនាំតំបន់ស្វយ័តកាតាឡូញ៉ា ដោយស្របច្បាប់ ស្របតាមរដ្ឋធម្មនុញ្ញអេស្ប៉ាញ (រដ្ឋាភិបាលម៉ាឌ្រីត គ្មានភារៈអ្វីនឹងមកគ្រប់គ្រងតំបន់នេះទៀតទេ)។
ក្រុមអ្នកទាមទារឯករាជ្យកាតាឡូញ៉ា តំណាងដោយបក្សបី អាចរកឃើញកិច្ចព្រមព្រៀងរវាងគ្នា បង្កើតក្រុមការងារដឹកនាំតំបន់ ដោយស្រួលមែន ប៉ុន្តែការតែងតាំងប្រមុខដឹកនាំរដ្ឋាភិបាលតំបន់ អាចនឹងជួបឧបសគ្គ ព្រោះមេបក្សធំនាំមុខគេទាំងពីរ សុខតែមានរឿងអាស្រូវជំពាក់ជំពិននឹងតុលាការ។ ប្រធានបក្សឆ្វេងនិយមសាធារណរដ្ឋ លោក Junqueras ដែលអាចនឹងក្លាយជាអនុប្រធានគ្រប់គ្រងតំបន់ នៅជាប់ឃុំ ប្រធានបក្ស “រួមគ្នាដើម្បីកាតាឡូញ៉ា” លោក Puigdemont និរទេសខ្លួននៅប៊ែលហ្សិក។
តុលាការអេស្ប៉ាញចេញដីកាចាប់ខ្លួនមេដឹកនាំផ្តាច់ទឹកដីកាតាឡូញ៉ា
ឥស្សរជនទាំងពីររូប មានជំនឿថាអាចចេញពីពន្ធនាគារ និងបានត្រលប់ចូលស្រុកបាន នៅពេលឈ្នះឆ្នោត តែបញ្ហានៅត្រង់ថា តុលាការ មានអំណាចឯករាជ្យ គ្មានរំពឹងលើហិបឆ្នោតទេ។ អ្នកនយោបាយជាប់ឃុំ ដូចយ៉ាង លោក Junqueras អាចនឹងត្រូវដោះលែងឱ្យមានសេរីភាពវិញ ព្រោះអស់ហានិភ័យ និងលែងមានការគំរាមកំហែងនយោបាយ។
ចំណែកករណីលោក Puigdemont ប្រសិនបើលោកឆ្លងព្រំដែនចូលស្រុកកំណើតអេស្ប៉ាញវិញភ្លាម ប៉ូលិសនឹងចាប់លោកតាមដីការបស់តុលាការ ! នៅពេលនោះគឺចៅក្រមជាអ្នកសម្រេចថាតើត្រូវឃុំខ្លួនលោកជាកិច្ចការពារឬយ៉ាងណា ? ហើយបើមានទោស នោះគេមិនអាចបំពេញតួនាទីជាសមាជិកសភាពីក្នុងពន្ធនាគារទេ ! បើសភាកាតាឡូញ៉ាថ្មីជ្រើសតាំងឱ្យធ្វើជាប្រមុខតំបន់ ក៏គាត់មិនអាចមកដឹកនាំបាន។
សន្លឹកឆ្នោតមិនអាចរំលាយទោសបានទេ ! ទោសនៅតែជាទោស បក្ស Ciudadanos ធ្លាប់រំលឹកញយដងមកហើយ។ អាចមានករណីលុបលាងទោសឱ្យបាន ប៉ុន្តែទាល់មានការកាត់ក្តីដាក់ទោសរួចសិន។
បានន័យការបង្កើតរដ្ឋាភិបាលតំបន់ជាវិញ្ញាសាដ៏លំបាក និងវែងឆ្ងាយ សម្រាប់ក្រុមអ្នកទាមទារឯករាជ្យ ដែលមានតំណាងរាស្ត្រ ៣នាក់ ក្នុងពន្ធនាគារ និង៥នាក់និរទេសខ្លួន និងដែលមានពេលត្រឹមដំណាច់ខែមីនា ប៉ុណ្ណោះ។ បើបង្កើតមិនចេញនឹងត្រូវបោះឆ្នោតម្តងទៀត។
រដ្ឋាភិបាលក្រុងម៉ាឌ្រីតរងសម្ពាធ
ថ្វីបើជោគជ័យនេះបានបំបាក់មុខរដ្ឋាភិបាលក្រុងម៉ាឌ្រីត និងបានធ្វើឱ្យលោកនាយករដ្ឋមន្ត្រី Rajoy រងសម្ពាធជាទម្ងន់ និងព្រួយបារម្ភជាថ្មីអំពីការទាមទារឯករាជ្យក៏ដោយ ក៏រដ្ឋាភិបាលអេស្ប៉ាញមិនងាយនឹងបណ្តោយឱ្យកាតាឡូញ៉ា ធ្វើប្រជាមតិរឿងផ្តាច់ខ្លួនចេញអេស្ប៉ាញដាច់ខាត។ លោក រ៉ាហយ ធ្លាប់បានព្រមានតាំងពីមុនការបោះឆ្នោតសភាម្ល៉េះថា ទោះអ្នកទាមទារឯករាជ្យឈ្នះឆ្នោតក្តី ចាញ់ក្តី គេត្រូវតែគោរពច្បាប់ បានន័យថា រដ្ឋាភិបាលកណ្តាលមិនខ្លាចនឹងប្រើសិទ្ធិ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ សម្រាប់ទម្លាក់រដ្ឋាបាលនិងរំលាយសភាតំបន់ទេ។
ម្យ៉ាងវិញទៀត ថ្វីបើអ្នកទាមទារឯករាជ្យមានកៅអីភាគច្រើននៅក្នុងសភាមែន ប៉ុន្តែមិនមែនមានសំឡេងច្រើនដាច់ខាតឯណា។ គ្រាន់តែថានេះជាសម្ពាធដ៏ខ្លាំង ដែលទំនងអាចជំរុញរដ្ឋាភិបាលអេស្ប៉ាញប្រឹងស្វែងរកច្រកចរចាជាមួយអ្នកឯករាជ្យនិយម ដោយធ្វើសម្បទានខ្លះ និងផ្តល់ប្រយោជន៍ដល់តំបន់កាតាឡូញ៉ាឱ្យច្រើនជាងមុន ដើម្បីលួងចិត្ត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ