ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 06/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 06/12 12h00 GMT

អេស្ប៉ាញ ៖ អ្នកឯករាជ្យនិយមកាតាឡូញ៉ា ឈ្នះ​ឆ្នោត​សភា​តំបន់

អេស្ប៉ាញ ៖ អ្នកឯករាជ្យនិយមកាតាឡូញ៉ា ឈ្នះ​ឆ្នោត​សភា​តំបន់ លោក Carles puigdemont ថ្លែង​ពី​ទីក្រុង​ព្រុចសែល ក្រោយ​ដឹងលទ្ធផល​បោះឆ្នោត​សភា​ថ្ងៃ​ទី ២១​ ធ្នូ ២០១៧ REUTERS/Francois Lenoir

    អ្នក​ឯករាជ្យ​និយម​កាតាឡូញ៉ា បាន​ទទួល​ជោគជ័យ​នៅ​ក្នុង​ការ​បោះឆ្នោត​សភា ថ្ងៃ​ទី ២១​ ធ្នូ ដោយ​ដណ្តើម​បាន​៧០​អាសនៈ​ ក្នុង​ចំណោម​១៣៥។ ពួក​គេ​នឹង​នៅ​តែ​បន្ត​កាន់​អំណាច​​​ក្នុង​តំបន់ស្វយ័ត​ដ៏​មាន​ជាងគេ​របស់​អេស្ប៉ាញ​ដដែល។ ចំណែក​បក្ស​កាន់​អំណាច​​វិញ​ បាន​ស្គាល់​បរាជ័យ​យ៉ាង​ជូរចត់ ក្នុង​សំឡេង​មិន​ដល់​៥%ផង។ ប៉ុន្តែ​ទន្ទឹមនឹង​អំណរ​ ក្រុម​អ្នក​ទាមទារ​ឯករាជ្យ​ត្រូវ​ប្រឈម​នឹង​វិញ្ញាសា​ថ្មី គឺ ការ​បង្កើត​ក្រុម​ការងារ​សម្រាប់​ដឹកនាំ​តំបន់។

    ​កា​របោះឆ្នោត​សភា​កាតាឡូញ៉ា បាន​ទទួល​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះករ ដល់​ជាង​៨០%​។ ការ​រាប់​សន្លឹក​ឆ្នោត​អាច​ប្រើ​ពេល​យូរ ប៉ុន្តែ​ក្រុម​អ្នក​ទាមទារ​​ឯករាជ្យ កាតាឡូញ៉ា បាន​​អបអរ​ជោគជ័យរបស់​ខ្លួន​ហើយ ​ដោយ​រក្សា​អាសនៈ​ភាគ​ច្រើន​នៅ​ក្នុង​សភា​ដដែល។

    បើ​តាម​លទ្ធផល​បឋម បក្ស​ដែល​ឈ្នះ​នាំ​មុខ និង​បង្ក​ភាព​ភ្ញាក់ផ្អើល​គេ​ខ្លាំង គឺ​បក្ស​Ciudadanos ដឹក​នាំ​ដោយ​លោក​ស្រី Ines Arrimadas អ្នក​ប្រឆាំង​ការ​ទាមទារ​ឯករាជ្យទេ។ បក្ស​នេះ​បាន​ទទួល​សំឡេង​គាំទ្រ​ដល់​ទៅ ២៥% ត្រូវ​ជា​៣៧​អាសនៈ​នៅ​ក្នុង​សភា ពោល​គឺ​កើន​ឡើង​ច្រើន​ជាង​ការ​ស្ទង់​មតិ​មុនៗ​ និង​សម័យ​បោះឆ្នោត​មុន (២៥​អាសនៈ​នៅ​ឆ្នាំ​២០១៥)។ នេះ​ជាជោគជ័យ​បែប​​និម្មិត្តរូប ប៉ុន្តែជូរ​ចត់​​ខ្លាំង ​និង មិន​គ្រប់គ្រាន់ សម្រាប់ទប់​ស្កាត់​ចរន្ត​ទាមទារ​ផ្តាច់​ខ្លួន និង​ក្លាយ​ជា​អ្នក​ដឹកនាំ​តំបន់​ទេ។ ចំណែក​បក្ស​ដែល​មាន​និន្នាការ​ដូច​គ្នា​ អា​ច​ចង​សម្ព័ន្ធភាព​បង្កើត​រដ្ឋាភិបាល​តំបន់​បាន​ចាញ់​ខ្លាំង​ជ្រុល ៖ បក្សប្រជាជន ​របស់​លោក​នាយករដ្ឋមន្ត្រី​ Rajoy បក្ស​ដ៏​ធំ​ជាង​គេ​នៅ​អេស្ប៉ាញ បាន​ទទួល​សំឡេង​ត្រឹម​ ៤,២%​ (៣កៅអី) ប៉ុណ្ណោះ។ គណបក្ស​សង្គម​និយម​១៧​កៅអី។

    នាយក​រដ្ឋមន្ត្រី​អេស្ប៉ាញ​ទៅ​កាតាឡូញ៉ា ក្រោយ​មហាបាតុកម្មទាមទារ​ផ្តាច់​ទឹកដី

    នៅ​ក្នុង​រង្វង់​អ្នក​ទាមទារ​ឯករាជ្យ ក៏​មាន​ការ​ភ្ញាក់ផ្អើល​ដែរ។ ​បក្ស “រួមគ្នា​ដើម្បី​កាតាឡូញ៉ា”​របស់​លោក Puigdemont ​បាន​ទទួល​សំឡេង​ដល់​ទៅ ២១,៧% (៣៤អាសនៈ) និងបាន​ក្លាយ​ជា​កម្លាំង​ចលករ​នាំ​មុខ​ប្រចាំ​ក្រុម។ ​បក្ស​ឆ្វេង​និយម​សាធារណរដ្ឋ ដែល​ប្រមុខ​បក្ស​កំពុង​ជាប់​ឃុំឃាំង​នោះ បាន​ទទួល​សំឡេង ២១,៤% ត្រូវ​ជា​៣២​អាសនៈ។ ហើយ​បើ​បូក​ជា​មួយ​នឹង​សំឡេង​បក្ស​ឆ្វេង​និយម​ជ្រុល​ ក្រុម​អ្នក​ទាមទារ​ឯករាជ្យ​កាតាឡូញ៉ា ប្រមូល​សំឡេង​បាន ៤៧,៦% ពោល​គឺ​នឹង​មាន​តំណាង​រាស្ត្រ​​៧០​រូប​ចូល​កាន់​អាសនៈ​សភា​ដែល​មាន​សរុប​​នៅ​ ​១៣៥​អាសនៈ តែតិច​ជាង​លទ្ធផល​បោះឆ្នោត​សភា​ឆ្នាំ​២០១៥ ពីរ​កៅអី។

    ភាព​ប្រឈម​នៃ​ការ​បង្កើត​ក្រុម​ការងារ​ដឹកនាំ​តំបន់

    ក្រោយ​ការ​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​ ក្រុម​អ្នក​ឈ្នះ​ឆ្នោត​មាន​សំឡេង​ភាគ​ច្រើន​នឹង​ក្លាយ​ទៅ​ជា​អ្នក​​ដឹកនាំតំបន់​ស្វយ័ត​​កាតាឡូញ៉ា​ ដោយ​ស្រប​ច្បាប់ ស្រប​តាម​រដ្ឋធម្មនុញ្ញ​អេស្ប៉ាញ (រដ្ឋាភិបាល​ម៉ាឌ្រីត គ្មាន​ភារៈ​អ្វី​នឹង​មក​គ្រប់គ្រង​តំបន់​នេះ​ទៀត​ទេ)។

    ​ក្រុម​អ្នក​ទាមទារឯករាជ្យ​កាតាឡូញ៉ា តំណាង​ដោយ​បក្ស​បី ​អាចរក​ឃើញ​កិច្ច​ព្រមព្រៀងរវាងគ្នា​ បង្កើត​ក្រុម​ការងារ​ដឹកនាំ​តំបន់​ ​ដោយ​ស្រួលមែន ប៉ុន្តែ​ការ​តែងតាំង​ប្រមុខ​ដឹកនាំរដ្ឋាភិបាល​តំបន់ អាច​នឹង​ជួប​ឧបសគ្គ ព្រោះ​មេបក្សធំ​នាំ​មុខ​គេ​ទាំង​ពីរ​ សុខ​តែ​មាន​រឿង​អាស្រូវ​ជំពាក់ជំពិននឹង​តុលាការ។ ប្រធានបក្ស​ឆ្វេង​និយម​​សាធារណរដ្ឋ លោក Junqueras ដែល​អាច​នឹង​ក្លាយ​ជា​អនុប្រធាន​គ្រប់គ្រង​តំបន់ នៅ​ជាប់​ឃុំ​ ប្រធានបក្ស​ “រួម​គ្នា​ដើម្បី​កាតាឡូញ៉ា” លោក ​Puigdemont និរទេស​ខ្លួន​នៅ​ប៊ែលហ្សិក។

    តុលាការ​អេស្ប៉ាញ​ចេញដីកា​ចាប់ខ្លួន​មេដឹកនាំ​ផ្តាច់ទឹកដី​កាតាឡូញ៉ា

    ឥស្សរជន​ទាំងពីររូប មាន​ជំនឿ​ថាអាចចេញ​ពី​ពន្ធនាគារ និង​បាន​ត្រលប់​ចូល​ស្រុកបាន ​នៅ​ពេល​​ឈ្នះឆ្នោត ​តែ​បញ្ហានៅ​ត្រង់​ថា ​តុលាការ​ មាន​អំណាចឯករាជ្យ គ្មាន​រំពឹង​លើ​ហិប​ឆ្នោត​ទេ។ អ្នក​នយោបាយជាប់​ឃុំ ​ ដូច​យ៉ាង លោក Junqueras ​អាច​នឹង​ត្រូវ​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ ព្រោះ​អស់​ហានិភ័យ​ និង​លែង​មាន​ការ​គំរាម​កំហែង​នយោបាយ។

    ចំណែក​ករណី​លោក Puigdemont ប្រសិន​បើ​លោក​ឆ្លង​ព្រំ​ដែនចូល​ស្រុក​កំណើត​អេស្ប៉ាញ​វិញ​ភ្លាម ប៉ូលិស​នឹង​ចាប់​លោក​តាម​ដីកា​របស់​តុលាការ​ ! នៅ​ពេល​នោះ​គឺ​ចៅក្រម​ជា​អ្នក​សម្រេច​ថា​តើ​ត្រូវ​ឃុំ​ខ្លួន​លោក​ជា​កិច្ចការពារ​ឬ​យ៉ាងណា ? ហើយ​បើ​មាន​ទោស​ នោះ​គេ​មិន​អាច​​បំពេញ​តួនាទី​​ជា​សមាជិកសភា​ពី​​​ក្នុង​ពន្ធនាគារទេ ! បើ​សភា​កាតាឡូញ៉ា​ថ្មី​ជ្រើសតាំងឱ្យ​ធ្វើ​ជា​​ប្រមុខ​តំបន់ ក៏គាត់​មិន​អាច​មកដឹកនាំបាន។

    សន្លឹក​ឆ្នោត​មិនអាច​រំលាយ​ទោស​បាន​ទេ ! ទោស​នៅ​តែ​ជា​ទោស បក្ស Ciudadanos ​ធ្លាប់​រំលឹក​ញយ​ដង​មក​ហើយ។ ​អាច​មាន​ករណី​លុប​លាង​​ទោស​ឱ្យ​បាន ប៉ុន្តែ​ទាល់​មាន​ការ​កាត់​ក្តី​ដាក់​ទោស​រួច​សិន។

    បាន​ន័យ​ការ​បង្កើត​រដ្ឋាភិបាលតំបន់​ជា​វិញ្ញាសា​ដ៏​លំបាក​ និង​វែង​ឆ្ងាយ​ សម្រាប់​ក្រុម​អ្នក​ទាមទារ​ឯករាជ្យ ដែល​មាន​តំណាង​រាស្ត្រ ៣​នាក់ ក្នុង​ពន្ធនាគារ និង​៥​នាក់​និរទេស​ខ្លួន និង​ដែល​មាន​ពេល​ត្រឹមដំណាច់​ខែ​មីនា ប៉ុណ្ណោះ។ បើបង្កើត​មិន​ចេញ​នឹង​ត្រូវ​បោះឆ្នោត​ម្តង​ទៀត។

    រដ្ឋាភិបាល​ក្រុង​ម៉ាឌ្រីត​រង​សម្ពាធ

    ថ្វី​បើ​ជោគជ័យ​នេះ​បាន​បំបាក់​មុខ​រដ្ឋាភិបាល​ក្រុង​ម៉ាឌ្រីត និង​​បាន​ធ្វើ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី​ Rajoy រង​សម្ពាធ​ជា​ទម្ងន់ និង​ព្រួយ​បារម្ភ​ជា​ថ្មី​អំពី​ការ​ទាមទារ​ឯករាជ្យ​​ក៏​ដោយ ក៏​រដ្ឋាភិបាល​អេស្ប៉ាញ​មិន​ងាយ​នឹង​បណ្តោយ​ឱ្យ​កាតាឡូញ៉ា ធ្វើ​ប្រជាមតិ​រឿង​ផ្តាច់​ខ្លួន​ចេញ​អេស្ប៉ាញ​ដាច់​ខាត។ លោក រ៉ាហយ​ ធ្លាប់​បាន​ព្រមាន​តាំង​ពីមុន​ការ​បោះឆ្នោត​សភា​ម្ល៉េះ​ថា ទោះអ្នក​ទាមទារ​ឯករាជ្យ​​ឈ្នះ​ឆ្នោត​ក្តី ចាញ់​ក្តី គេ​ត្រូវ​តែ​គោរព​ច្បាប់ បាន​ន័យ​ថា រដ្ឋាភិបាលកណ្តាល​​មិន​ខ្លាច​នឹង​ប្រើ​សិទ្ធិ​ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ សម្រាប់​ទម្លាក់​រដ្ឋាបាលនិង​​រំលាយ​សភា​តំបន់ទេ។

    ម្យ៉ាង​វិញ​ទៀត ថ្វី​បើ​​អ្នកទាមទារ​ឯករាជ្យ​មាន​កៅអី​​ភាគ​ច្រើន​នៅ​ក្នុង​សភា​មែន ប៉ុន្តែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនមែន​មាន​សំឡេង​ច្រើន​ដាច់​ខាត​ឯណា។ ​គ្រាន់​តែ​ថា​នេះ​ជា​​សម្ពាធ​​ដ៏​ខ្លាំង ដែល​ទំនង​អាច​ជំរុញ​រដ្ឋាភិបាល​អេស្ប៉ាញប្រឹង​ស្វែង​រក​ច្រក​ចរចា​ជាមួយ​អ្នក​ឯករាជ្យនិយម ដោយ​ធ្វើ​សម្បទាន​ខ្លះ​ និង​ផ្តល់​ប្រយោជន៍​ដល់​តំបន់​កាតាឡូញ៉ា​ឱ្យ​ច្រើន​ជាង​មុន​ ដើម្បី​លួង​ចិត្ត​៕


    ទាក់ទង​នឹង​ប្រធានបទ​នេះ

    • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

      អេស្ប៉ាញ ៖ កាតាឡូញ៉ា​បោះឆ្នោត​សភា ដើម្បី​ពង្រឹង ការ​គាំទ្រ ឬ​ប្រឆាំង ការទាមទារ​ឯករាជ្យ ?

      ស្វែងយល់បន្ថែម

    • អេស្ប៉ាញ

      នាយករដ្ឋមន្ត្រី​​​អេស្ប៉ាញ​ចុះ​​​​​​ទៅ​​​​​កាតាឡូញ៉ា​​ ក្រោយ​​​មហា​បាតុកម្ម​​​ក្រុម​​​ផ្តាច់ទឹកដី​​និយម​​​

      ស្វែងយល់បន្ថែម

    • អេស្ប៉ាញ-បែលហ្ស៊ិក

      ប៉ូលិស​បែលហ្សិក ចាប់ខ្លួន អតីត​ប្រមុខ​រដ្ឋាភិបាល​កាតាឡូញ៉ា

      ស្វែងយល់បន្ថែម

    • តុលាការ​អេស្ប៉ាញ​ចេញដីកា​ចាប់ខ្លួន​មេដឹកនាំ​ផ្តាច់ទឹកដី​កាតាឡូញ៉ា

      ស្វែងយល់បន្ថែម

    • អេស្ប៉ាញ

      អេស្ប៉ាញ៖ ប្រជាជន​កាតាឡូញ៉ា​រាប់ម៉ឺន​នាក់ ដង្ហែរ​ក្បួន​ប្រឆាំង​នឹងការ​​ទាមទារ​បំបែក​ទឹក​ដី​

      ស្វែងយល់បន្ថែម

    • អេស្ប៉ាញ

      លោក Carles Puigdemont អំពាវនាវ​ឲ្យ​ប្រឆាំង​នឹង​ការ​ដាក់​កាតាឡូញ៉ា​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អេស្ប៉ាញ

      ស្វែងយល់បន្ថែម

    • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

      ក្រោយ​ការ​ប្រកាស​ឯករាជ្យ​របស់​តំបន់​កាតាឡូញ៉ា តើ​នឹង​មាន​អ្វី​កើត​ឡើង​នា​ពេល​ខាង​មុខ?

      ស្វែងយល់បន្ថែម

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ