អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

​សម្តេចប៉ាប​​អំពាវនាវ​អោយ​​​មាន​សប្បុរសធម៌​ទទួល​ជនភៀសខ្លួន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុងពិធី​សូត្រធម៌ និង​ប្រសិទ្ធពរ​ជ័យ​បុណ្យ​ណូអែល នៅ​បុរីវ៉ាទីកង់​ ​​អធ្រាត្រ​​ថ្ងៃ​២៤ធ្នូ​យប់មិញ​​នេះ​​ សម្តេច​ប៉ាប​កាតូលិក​ ហ្វ្រង់ស៊័រ ​បាន​អំពាវនាវ​អោយ​​គ្រិស្តសាសនិក​​នៅទូទាំង​ពិភពលោក ប្រកាន់​​​​ជំហរ​មនុស្សធម៌ ​​​​មាន​សប្បុរសធម៌​ ទទួល​ស្វាគមន៍​ជន អន្តោប្រវេសន៍ និង​ជនភៀសខ្លួន។ សម្តេច​ប៉ាប​ហ្វ្រង់ស៊័រ ​បាន​លើកយក​កំណើត​ព្រះយេស៊ូ មក​​ពន្យល់​ផ្សាភ្ជាប់​​នឺង​​បញ្ហា​​ជនភៀសខ្លួន។ ​​​​​

សម្តេច​ប៉ាប​ហ្វ្រង់ស៊័រ នៅ​បុរី​វ៉ាទីកង់ ថ្ងៃ​២៥ធ្នូ ឆ្នាំ​២០១៧
សម្តេច​ប៉ាប​ហ្វ្រង់ស៊័រ នៅ​បុរី​វ៉ាទីកង់ ថ្ងៃ​២៥ធ្នូ ឆ្នាំ​២០១៧ AFP/Andreas Solaro
ផ្សាយពាណិជ្ជកម្ម

ដីកា​​សម្តេច​ប៉ាប​​ ហ្វ្រង់ស៊័រ ពន្យល់​​​អ្នកកាន់​សាសនា​កាតូលិក​​១៣០០លាននាក់​ ​​​​ពី​ទុក្ខលំបាក​​របស់​​​ជនភៀសខ្លួន​

សម្តេច​ប៉ាបបាន​​​មាន​ដីកា​​​​​​លើកយក​​កំណើត​ព្រះយេស៊ូ មក​សំដែង​ធម្មទេសនា​ក្នុង​ពិធីបុណ្យណូអែល អធ្រាត្រ ថ្ងៃ​២៤ធ្នូ​នេះ។ បើ​តាម​​ប្រវត្តិ​ព្រះយេស៊ូ ពេល​ដែល​​ម៉ារី ជា​ម្តាយ​​​​ព្រះយេស៊ូ ត្រូវ​គ្រប់ខែ​ផ្តល់​កំណើត​ដល់​​​ព្រះយេស៊ូ​ ម៉ារី និង​ចូសេហ្វ​​​​ត្រូវធ្វើដំណើរ​ទៅ​ទីក្រុង​បេត្លេអិម តាម​ក្រិត្យ​របស់​អធិរាជ​សម័យ​នោះ​។ ពេលទៅដល់​បេត្លេអិម ម៉ារី​និង​ចូសេហ្វ​យល់​ថា ទីនោះ​មិនមែន​ជា​ទីកន្លែង​ដែលរង់ចាំពួកគាត់- មិនមែន​ជា​កន្លែង​​​​​សម្រាប់​ពួកគាត់ទេ។ មាន​ន័យថា ពួកគាត់​​ក៏​ដូចជា​​ជនភៀសខ្លួន រឺ​ក៏​ជនបរទេស​​ដូច្នោះ​ដែរ គឺ​ពួកគាត់​​បង្ខំចិត្ត​មក​ដល់​កន្លែង​មួយ មករស់នៅ​សម្រប​ខ្លួន​តាម​ប្រជាជន នៅ​កន្លែងនោះ។ ជនភៀសខ្លួន​ រឺ​ក៏​ជនអន្តោប្រវេសន៍​ក៏ដូចគ្នា​ដែរ ពេលមកដល់​ទីណាមួយ​ហើយ ពួកគេ​ក៏​ត្រូវប្រឈម​នឹង​ស្ថានភាព​ទីនោះ ប្រឈម​នឹង​មនុស្សម្នា អ្នកស្រុក​នៅ​ទីនោះ។ ​ពីដំបូង​ ​ពួកគេ​​មិនបាន​ប៉ុនប៉ង​​មកកន្លែង​ថ្មី​នេះឯណា ប៉ុន្តែ​ស្រុកកំណើត ប្រទេស​កំណើត​ពួកគេ​​រងសង្គ្រាម ហិង្សា ទើបពួកគេ​បង្ខំចិត្តភៀសខ្លួន។

គ្រាន់តែ​​ដើម្បី​ចង់​បាន​​អំណាច​ ដែល​ជា​របស់​ក្រៅខ្លួនសោះ មេដឺកនាំ​ប្រទេស​មួយចំនួន ភ្លេច​អស់​គុណធម៌ ហើយ​ថែមទាំង​​មិន​ញញើត​នឹង​បង្ហូរ​ឈាមប្រជាជនខ្លួនឯង​ទៀតផង។ ទាំងអស់នេះ ​​ជាអ្វី​ដែល​សម្តេច​ប៉ាប​បាន​ពន្យល់​អោយ​គ្រិស្តសាសនិកជន​បានយល់ ក្នុង​ពិធី​បុណ្យ​ណូអែ​លឆ្នាំនេះ។ អោយពួកគេ​​មាន​​គុណធម៌ សប្បុរសធម៌ ​​កុំខ្លាច​នឹង​ទទួល​ជនភៀសខ្លួន រឺ​ជនអន្តោប្រវេសន៍​អោយសោះ ព្រោះ​បើ​គ្មាន​សង្គ្រាម គ្មាន​ការ​ដណ្តើម​អំណាច គ្មាន​ភាពក្រីក្រ​ក្នុងប្រទេស​កំណើត​របស់​​ជនភៀសខ្លួន ក៏​គ្មាន​ជន​ភៀសខ្លួន​​ដូចសព្វថ្ងៃ​នេះដែរ។

និយាយ​រួមទៅ ធម៌​សាសនាគ្រិស្ត​ ក៏​មិនខុសពី​ធម៌​ព្រះពុទ្ធ​របស់​យើងដែរ គឺ​ថា មេត្តាធម៌ សីលធម៌ គុណធម៌ នេះ​សំខាន់ណាស់ ​ជាអ្វីដែល​គ្រប់គ្នា​ត្រូវយក​មកអប់រំចិត្ត​រាល់ថ្ងៃ ដើម្បី​អាច​ចូលរួម​ជួយ​សង្គ្រោះ​មនុស្ស​ដែល​រងទុក្ខលំបាក​។

សម្តេចប៉ាប​ហ្វ្រង់ស៊័រ ជា​ជនជាតិ​អាហ្សង់ទីន តែង​ការពារ​ប្រជាជន​ក្រីក្រ រាស្ត្រតូចតាច​គ្រប់ទិសទី​​ ​ហើយ​ព្រះអង្គ​ខ្លួនឯង​ក៏មាន​ដូនតា​​ជា​ជនភៀសខ្លួន​​ដែរ។ ព្រះអង្គ​តែង​ជំរុញ​មេដឺកនាំ​ប្រទេស​លោក​ខាងលិច ពិសេស​មេដឺកនាំ​នៅ​អឺរ៉ុប ​អោយ​ទទួល​អ្នកសុំសិទ្ធិ​ជ្រកកោន​ ​អោយ​បានច្រើន អោយ​ជួយ​ជនភៀសខ្លួន​ដែល​ប្រថុយជីវិត​ឆ្លងសមុទ្រ​ មក​ជ្រកកោន​នៅ​អឺរ៉ុប។ យើងចាំថា កាលពី​ឆ្នាំ​២០១៦​មុននេះ សម្តេច​ប៉ាប​បានទៅ​​កោះ​ឡេបុស ប្រទេស​ក្រិក និង​បាន​នាំជនភៀសខ្លួន​ជនជាតិ​ស៊ីរី​៣គ្រួសារ​ ​​មកតាម​យន្តហោះ​ជាមួយព្រះអង្គ​ទៀតផង ពេល​មកវិញ។ ​និយាយ​ពី​អាស៊ី​យើងវិញ សម្តេច​ប៉ាបក៏​​ធ្លាប់​រិះគន់​ការ​ធ្វើទុក្ខ​បុកម្នេញ​លើ​អ្នកកាន់​សាសនា​អ៊ីស្លាម​រ៉ូហ៊ីងយ៉ា នៅភូមា​ដែរ។ ថ្មីៗនេះ សម្តេច​ប៉ាប​បាន​​​ទៅភូមា​ និង​បង់ក្លាដែស ​ហើយពេល​មក​វ៉ាទីកង់​វិញ លោក​​ក៏នៅតែ​មិនអាច​តម​មិនប្រើ​ពាក្យថា រ៉ូហ៊ីងយ៉ា ​រហូត​ធ្វើអោយ​​​ជនជាតិភូមា​ជ្រុលនិយម​មួយចំនួន​រិះគន់​ខ្លាំង។ ​

គុណធម៌​មិនរើសអើង​​​សាសនា ​ជាតិសាសន៍​ ​ពណ៌សំបុរ អាចធ្វើអោយ​មាន​អ្នកមិនពេញចិត្ត​​សម្តេចប៉ាបច្រើន​​​

ថ្នាក់ដឺកនាំកាតូលិក​​អឺរ៉ុប​មួយចំនួន​បាន​ចោទ​សម្តេច​ប៉ាប​ ថា​​មិនការពារ​អត្តសញ្ញាណ​សាសនា​កាតូលិ​ក។ មេដឺកនាំ​អឺរ៉ុប​មួយចំនួន​ក៏​ប្រហែល​ជា​មិនពេញចិត្ត​ព្រះអង្គ​ដូចគ្នាដែរ។ មិនដឺងថា មូលហេតុ​យ៉ាងណា​អោយពិតប្រាកដ ទើបបាន​ជា​ពួកគេ​មិនពេញចិត្ត​សម្តេច​ប៉ាប​ទេ។ តែ​អាចថា​​មកពី​អ្នកខ្លះ​អាច​​យល់ថា ការ​ដែល​សម្តេច​ប៉ាប​ចេញមុខ​ជួយ​ជនភៀសខ្លួន មិនប្រកាន់​ជាតិសាសន៍ ពណ៌សំបុរ រឺ​ក៏​សាសនា​នោះ បើ​នៅតែ​បន្ត​ដូច្នេះ​ទៀត អាច​ប៉ះពាល់​សាសនា​គ្រិស្តបាន។

​​​មើលជាក់ស្តែង ​សម្តេច​ប៉ាប​ការពារ​ជនក្រីក្រ រឺ​ជនភៀសខ្លួន​ជា​អ្នកកាន់​សាសនា​អ៊ីស្លាម ​ចង់ជួយ​អោយ​ពួកគេ​បានរស់នៅ​ជ្រកកោន​នៅ​អឺរ៉ុប។ អឺរ៉ុប​កំពុង​រង​ការគំរាម​ភេរវកម្ម​ ពី​ក្រុម​ជ្រុលនិយម​អ៊ីស្លាម។ រដ្ឋាភិបាល​អឺរ៉ុប​បារម្ភខ្លាច​មាន​ជន​ជ្រុល​និយម​​បង្កប់​ជាមួយ​ជនភៀសខ្លួន ដើម្បី​វាយប្រហារ​អឺរ៉ុប។ ក្រុមជ្រុល​និយម​អ៊ីស្លាម​ បែបយ៉ាង​អង្គការ​រដ្ឋអ៊ីស្លាម ​​ស្អប់​អ្នកកាន់​សាសនា​គ្រិស្ត​ណាស់។ ​តែ​សម្តេច​ប៉ាប​បែរជា​​ចង់​ជួយអ្នកកាន់​សាសនា​​អ៊ីស្លាម​ទៅវិញ។ ដូច្នេះ ចង់មិនចង់ ក៏ត្រូវតែ​មាន​អ្នកមិនពេញចិត្ត​ព្រះអង្គ​​​ដែរ។ ​

តែ​និយាយមកវិញ ​គឺថា សម្តេច​ប៉ាប​មាន​គុណធម៌​ខ្ពស់ខ្លាំងណាស់ គឺព្រះអង្គ​មិនបាន​ប្រកាន់ថា អ្នកណា ជាជនជាតិអ្វី រឺសាសនា​អ្វី​ទេ គឺត្រូវ​តែ​ជួយទាំងអស់។ នេះជាអ្វី​ដែល​យើងគ្រប់គ្នា​ឧស្សាហ៍​ភ្លេចណាស់ សព្វថ្ងៃ​នេះ។ គឺថា ក្នុង​សង្គម​សព្វថ្ងៃ​ តែងឃើញថា មាន​ការ​​ហួងហែង​ថា ទាល់តែ​ជាតិសាសន៍​នេះទើប​នាំគ្នា​គោរព ជាតិសាសន៍​នោះ​​មិនបាច់គោរព​ទេ គឺថា​យើងដូចជា​ភ្លេច​គុណធម៌​មួយចំនួន​ពី​ក្នុងខ្លួន​​អោយ​​​រលីង​ឈឺង​តែម្តង។ ​ ​​

ថ្នាក់ដឹកនាំ​កាតូលិក​មិនយល់ស្រប​នឹង​ការសម្រេចចិត្ត​របស់​លោក​ត្រាំទាក់ទង​នឹង​Jérusalem​

ថ្នាក់ដឺកនាំ​កាតូលិក​​មិនយល់ស្រប​តាម​​​​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ ទេ ក្នុង​ការ​​​ទទួលស្គាល់ថា Jérusalem​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​តែ​ម្នាក់ឯង។ ហ្សេរុយហ្សាឡិម​ ត្រូវតែ​ជា​រដ្ឋធានី​របស់​ទាំង​ប៉ាឡេស្ទីន​ដែរ ហើយ​ក៏ត្រូវតែ​មានប្រជាជន​ទាំង២​រស់នៅ​ក្នុង​សុខសន្តិភាព​ជាមួយគ្នា។ សម្រាប់​ថ្នាក់ដឺកនាំ​កាតូលិក ហ្សេរុយហ្សាឡិម​គឺជា​ទីតាំង​សម្រាប់​សាសនា​៣រស់នៅ​សុខសាន្ត​រួមគ្នា គឺ​សាសនា​ជ្វីហ្វ អ៊ីស្លាម និងគ្រិស្ត​សាសនា​នេះឯង។​ សូមបញ្ជាក់ថា ​ប្រជាជន​ប៉ាឡេស្ទីន​ក៏​មាន​អ្នកកាន់សាសនា​គ្រិស្តដែរ។ ​​ទាក់ទង​នឹង​ហ្សេរុយហ្សាឡិម សម្តេច​ប៉ាប​ក៏​អំពាវនាវ​អោយ​មាន​សុខសន្តិភាព​នៅ​ហ្សេរុយហ្សាឡិម​ផងដែរ។

បុណ្យណូអែលនៅ​តំបន់​បូព៌ា​​ឆ្នាំនេះ មិនជា​រស់រវើកទេ ព្រោះ​មាន​គេបាតុកម្ម​ប្រឆាំង​ការសម្រេចចិត្ត​របស់​លោកត្រាំ​ ស្ទើរតែ​រាល់ថ្ងៃ។ ប្រធានរដ្ឋអំណាច​ប៉ាឡេស្ទីន លោក​ម៉ាមូត អាបាស បាន​បរិហារ​ជាថ្មី​ម្តងទៀត នូវការសម្រេចចិត្ត​របស់​លោកត្រាំ។ លោក​អាបាស​​​អំពាវនាវ​អោយ​គ្រិស្តសាសនិកជន​គ្រប់ទិសទី​យល់ពី​បំណង​របស់​គ្រិស្តសាសនិកជន​ ក្នុង​​ទឹកដី​ព្រះ គឺគ្រិស្តសាសនិកជន​​ ​​នៅ​ហ្សេរុយហ្សាឡិម​នេះឯង ដែល​មិនទទួលស្គាល់​ដាច់ខាត ថា​ហ្សេរុយហ្សាឡិម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​តែម្នាក់ឯង​។ ​​

ដោយឡែក ទាក់ទង​នឹង​ការប្រារព្ធបុណ្យណូអែល ឆ្នាំ​នេះដែរ ​នៅតាម​ទីក្រុង​​មួយចំនួន នៅ​ស៊ីរី រឺ​ក៏អ៊ីរ៉ាក់ ដែល​ត្រូវបាន​រំដោះ​​ពី​ក្រុមភេរវជន​រដ្ឋអ៊ីស្លាម អ្នកកាន់សាសនាគ្រិស្ត​​បានរៀបចំ​​​ប្រារព្ធបុណ្យ​ណូអែល​​​របស់​ពួកគេ​បាន​ឡើងវិញហើយ ដូចជា​នៅ​ក្រុងហូម ប្រទេស​ស៊ីរីជាដើម៕ ​ ​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ