អានតួអត្ថបទ
បារាំង

បារាំង៖​សារ​ចូល​ឆ្នាំសកល​របស់​លោក​ម៉ាក្រុង​ផ្តោត​លើ​ប្រធានបទសង្គម និង​យុទ្ធនាការ​ប្រឆាំង​ភេរវនិយម

នៅ​ក្នុង​ប្រទេស​បារាំង លោក​ប្រធានាធិបតី​អេម៉ានុយអែល ម៉ាក្រុង​បាន​ថ្លែង​សារ​ជូនពរ​ពលរដ្ឋ​នា​យប់​ថ្ងៃ​អាទិត្យ ទី៣១ ធ្នូ ឆ្នាំ ២០១៧។ នៅ​ក្នុង​សារ​ជូនពរ​នោះ លោក​ម៉ាក្រុង​បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​ប្តេជ្ញាចិត្ត​របស់​លោក​ក្នុង​ការ​បន្ត​កំណែទម្រង់​ដូច​ដែល​បាន​សន្យា​នា​សម័យ​ឃោសនា​បោះឆ្នោត ពិសេស​ក្នុង​វិស័យ​ការងារ និង​វិស័យ​សង្គម។ ទន្ទឹម​គ្នា​នេះ លោក​ម៉ាក្រុង​ក៏​បាន​អះអាង​ថា ឆ្នាំ ២០១៨ ជា​ឆ្នាំ​ដែល​ត្រូវ​បន្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ភេរវនិយម​នៅ​ក្នុង​ទឹកដី​បារាំង និង​នៅ​ក្នុង​ពិភពលោក។

លោក​ប្រធានាធិបតី​បារាំងម៉ាក្រុង​ថ្លែងសារជូនពរ​ពលរដ្ឋ​ក្នុង​ថ្ងៃ​ចូលឆ្នាំ​សកល ២០១៨
លោក​ប្រធានាធិបតី​បារាំងម៉ាក្រុង​ថ្លែងសារជូនពរ​ពលរដ្ឋ​ក្នុង​ថ្ងៃ​ចូលឆ្នាំ​សកល ២០១៨ AFP
ផ្សាយពាណិជ្ជកម្ម

« ឆ្នាំ ២០១៨ យើង​នឹង​មាន​បេសកម្ម​ប្រយុទ្ធ​ជា​ច្រើន និង​សកម្មភាព​កំណត់​ច្បាស់លាស់​ដែល​ត្រូវ​បំពេញ​នៅ​លើ​ឆាក​អន្តរជាតិ។ យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ពួក​អ៊ីស្លាមនិយមជ្រុល​នៃ​អង្គការ​រដ្ឋអ៊ីស្លាម នៅ​ក្នុង​តំបន់​ស្ហាអែល និង​នៅ​ផ្ទៃក្នុង​ប្រទេស​បារាំង។

ក្នុង​ន័យ​នេះ និង​នៅ​ក្នុង​សារ​យប់​នេះ ខ្ញុំ​សូម​ផ្ញើ​សេចក្តី​នឹក​រលឹក​ដល់​កម្លាំង​ទាហាន​របស់​យើង​ដែល​ពេល​នេះ​កំពុង​ឈរ​ជើង​បំពេញ​បេសកម្ម​នៅ​លើ​សមរភូមិ​ប្រយុទ្ធ។ ខ្ញុំ​មាន​ការ​គិត​ដល់​មិត្ត​រួម​ការងារ​របស់​ពួក​គេ​ដែល​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ឆ្នាំ ២០១៧ នេះ។ យើង​នឹង​ទទួល​ជោគជ័យ​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ភេរវនិយម។

ខ្ញុំ​ក៏​សូម​សម្តែង​ការ​គោរព​ចំពោះ​ប៉ូលិស និង​កងអាវុធហត្ថ​ដែល​កំពុង​បំពេញ​បេសកកម្ម​ប្រឆាំង​នឹង​ពួក​អ៊ីស្លាមនិយមជ្រុល និង​បាន​ការពារ​សុវត្ថិភាព​របស់​លោក អ្នក​ជា​រៀងរាល់​ថ្ងៃ។ ក៏​ប៉ុន្តែ គឺ​សន្តិភាព​ដែល​យើង​ត្រូវ​ការ​សម្រាប់​ពិភពលោក​ទាំង​មូល។ មាន​ន័យ​ថា ការងារ​មិន​អាច​ខ្វះ​បាន​មួយ​នេះ​ពិត​ជា​ដើម្បី​សន្តិសុខ​របស់​យើង តែ​វា​ក៏​ជា​បេសកកម្ម​សកល​របស់​បារាំង​ផង​ដែរ។

ការងារ​មួយ​នេះ គឺ​ដើម្បី​ធានា​ស្ថិរភាព​របស់​រដ្ឋ​ទាំង​អស់ និង​ធានា​ឲ្យ​បាន​នូវ​ការ​គោរព​ចំពោះ​ក្រុម​ជនជាតិ​ភាគតិច​ទាំង​អស់ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ