ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/02 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/02 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/02 12h00 GMT

ក្រិត្យលោកពូទីន ស្តីអំពីកងទ័ពរុស្ស៊ី ចាប់ពី ថ្ងៃ១ មករា ឆ្នាំ ២០១៨

ក្រិត្យលោកពូទីន ស្តីអំពីកងទ័ពរុស្ស៊ី ចាប់ពី ថ្ងៃ១ មករា ឆ្នាំ ២០១៨
 
ប្រធានាធិបតី​រុស្ស៊ី​និង​រដ្ឋមន្រ្តីការពារ​ជាតិ​រុស្ស៊ីSergei Shoigu ធ្វើ​ទស្សនកិច្ច​នៅ​មូលដ្ឋានទ័ព​រុស្ស៊ី ក្រៅ​ក្រុង​ម៉ូស្គូ ©Sputnik/Mikhail Klimentyev/via Reuters

ចាប់​ពី​ថ្ងៃ ១មករា​ឆ្នាំថ្មីនេះ ស្រប​នឹង​ក្រិត្យ​ចេញ​ដោយ​លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន យោធា​សុទ្ធសាធ​ដែលស្ថិតនៅ​ក្នុង កង​កម្លាំង​ប្រដាប់​អាវុធ​សហព័ន្ធ​រុស្ស៊ី មាន​ចំនួន ១​លាន ១ម៉ឺន ៣ពាន់ ៦២៨ នាក់។ នាពេល​ចុងក្រោយ កាលណា​​និយាយ​​ប៉ះ​លើ​កងទ័ព​ជាតិ មេដឹកនាំ​រុស្ស៊ី​រូបនេះ តែង​រំលឹក​ជានិច្ច អំពី​​ប្រតិបត្តិការ​បំពេញ​យ៉ាង​ជោគជ័យ ដោយ​បណ្តា​អង្គភាព​ទ័ព​រុស្ស៊ី ផ្លាស់វេន​គ្នា សរុបទៅ ក្នុងចំនួន ៤ម៉ឺន ៨ពាន់នាក់ នៅ​ប្រទេស​ស៊ីរី ក្នុង​រយៈពេល ជាង​២ឆ្នាំ​កន្លងទៅ។ ទោះបី​មាន​កងទ័ព តិច​ជាង ចិន ឥណ្ឌា និង សរអា ក្តី ក៏ ក្នុង​តារាង​ស្រាវជ្រាវ​អំពី​កងទ័ព ១០​ប្រទេស​នាំមុខគេ ចេញក្នុងឆ្នាំ ២០១៧ ដោយ ​​ក្រុមហ៊ុនអន្តរជាតិ Global Firepower ខាង​សមត្ថភាព​ប្រយុទ្ធ​នៃ​កងទ័ព​គ្រប់​​ប្រភេទ រុស្ស៊ី ជាប់​ចំណាត់ ថ្នាក់ទី២ ស្ថិតនៅ​តែពីក្រោយ សរអា ប៉ុណ្ណោះ។

ជាបឋម អំពីក្រិត្យលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ៖ ចាប់ពីថ្ងៃ ១ មករា ឆ្នាំ​ ២០១៨ ចំនួនពលរដ្ឋបម្រើការ ក្នុងកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី បានរួញខើច អស់ ២៩៣ នាក់ ។ ក្រិត្យនេះ ទុកជាមោឃៈក្រិត្យ ដែលគាត់បានចេញ ថ្ងៃ ២៨មិនា ឆ្នាំ ២០១៧ ដែលកាលណោះ ជាលើកទី១ ចាប់ពីឆ្នាំ ២០០៥ មក ចំនួន​អ្នកបម្រើការ​ក្នុង​កងទ័ព​រុស្ស៊ី បានកើនឡើងដល់ ១លាន ៩សែន ៣ម៉ឺន ៥១ នាក់។ ហើយ ចាប់ពីថ្ងៃ ១មករាឆ្នាំ ២០១៨ ក្រោយពីថយចុះអស់ ២៩៣ នាក់ គឺនៅសល់ ១លាន ៩សែន ២ពាន់ ៧៥៨ នាក់ ដែលពីក្នុងនោះ ប្រមាណ ៤០% ជាបុគ្គលិកស៊ីវិល បែបយ៉ាង ពួក​អ្នកធ្វើម្ហូប​អាហារ ពួកតៃកុង ឡាន ក្រុមគ្រូពេទ្យឯកទេសកម្មប្លែកៗ និង​ពួកអ្នកជំនាញ​អាជីវកម្ម​ផ្សេងទៀត ដែលធានាឲ្យកងទ័ព ដំណើរការ ប្រកបដោយគុណភាព។ ដូច្នេះ យោធា​សុទ្ធសាធ គឺ ១លាន ១ម៉ឺន ៣ពាន់ ៦២៨ នាក់ ដែល ក្នុង សមាសភាព គឺមាន ទ័ព ៣ ប្រភេទ ៖ទ័ពជើងគោក , ទ័ពជើងងទឹក មានឈ្មោះជាផ្លូវការ ថា កងនាវា សមុទ្រ ប្រចាំ​នៅតាមសមុទ្រ៥ ដែល​ទឹកវា​ប៉ប្រះឆ្នេរសហព័ន្ធរុស្ស៊ី គឺ សមុទ្របាល់ទិក សមុទ្រឧត្តរ មហា សមុទ្រ​ប៉ាស៊ីហ្វិក សមុទ្រកាស់ព្យេន សមុទ្រខ្មៅ , កងកម្លាំងអាកាសនិងអវកាស បូកទាំង ទ័ពឆ័ត្រយោង ទ័ពកាំជ្រួចមីស៊ីលយុទ្ធសាស្ត្រ និង ទ័ពពិសេស។

តាមដែលលោកពូទីន បានប្រកាសក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំយោធា ៖ ជាតុល្យាការ ឆ្នាំ ២០១៧ កន្លងទៅ កងទ័ព បំពាក់ទៅដោយសព្វាវុធទំនើបៗ បានដល់កម្រិត ៦០% ទៅហើយ ពោលគឺ ៤ ដង ខ្ពស់ជាង កាលពីឆ្នាំ ២០១២ - ឆ្នាំ ដែលគាត់បានចាប់ផ្តើម អាណត្តិទី ៣ របស់គាត់ ។ ក្នុង ៥ឆ្នាំកន្លងទៅ តាមតួលេខ បង្ហាញដោយ នាយ​អគ្គសេនាធិការដ្ឋានកងទ័ព លោកនាយឧត្តមសេនីយ Valery Guerassimov កងទ័ព បានទទួលសព្វាវុធ និង គ្រឿងបច្ចេកទេសសឹកថ្មីៗ ចំនួន ជាង ៣០០ បែប ដែល​កំណត់​មុខមាត់ កងទ័ពរុស្ស៊ីបច្ចុប្បន្ន។

ថ្នាក់ដឹកនាំកងទ៍ព បានរាយការណ៍ជូន លោកប្រធានាធិបតីថា ក្នុងអំឡុងជាង ២ ឆ្នាំ នៃវត្តមាននៅស៊ីរី មានពួកយោធារុស្ស៊ីសរុបទៅ ៤៨.០០០ នាក់ បានចូលរួមប្រតិបត្តិការ ដែលពីក្នុងនោះ ១៤.០០០ នាក់ បានទទួលគ្រឿងឥស្សរិយយសរដ្ឋ ។ ក្នុងអំឡុងពេល​នេះ មានកំទេច ពួកភេរវជន អស់ ៦០.៣១៨ នាក់ ដែលពីក្នុងនោះ ២.៨០០ នាក់ មាន ដើមកំណើតទៅពី ប្រទេសរុស្ស៊ី ព្រមទាំងកំទេចពួកមេក្លោងរបស់វា អស់ ៨១៩ នាក់។

-កងអាកាសរុស្ស៊ី បានហោះចេញប្រតិបត្តិការ ៣៤.០០០ លើក ដោយ កំទេច យានយន្ដ​ពាសដែក អស់ជាង ៨.០០០ គ្រឿង និង រោងជាងផលិតតអាវុធរបស់ពួកភេរវជន អស់ ៧១៨ កន្លែង។ កងទ័ពរុស្ស៊ី ជួយរំដោះបាន ទីប្រជុំជន ១.០២៤ កន្លែងនៅស៊ីរី និង បាន​ដោះមីន លើផ្ទៃដី ៦.៥០០ ហិកតា។ ក្រោយពីដកចេញមក យន្តហោះចំបាំងរុស្ស៊ី ៤២ គ្រឿង និងអង្គភាពទ័ពភាគច្រើន ឥឡូវ បន្សល់ទុកឲ្យ ប្រចាំការនៅស៊ីរី សម្រាប់ទ្រទ្រង់ ស្ថិរភាព គឺ ពួកប៉ូលីសយោធារុស្ស៊ី ចំនួន ៤ កងវរសេនាតូច ។

ខាងសមត្ថភាពច្បាំង កងទ័ពរុស្ស៊ី ត្រូវបាន ក្រុមហ៊ុនអន្តរជាតិ Global Firepower ដាក់​ឲ្យ​ជាប់លេខ ក្នុង ចំណាត់ថ្នាក់ទី ២ ស្ថិតនៅតែពីក្រោយ សរអា ប៉ុណ្ណោះ។ ក្នុងតារាង​ចំណាត់​ថ្នាក់​នេះ នៃឆ្នាំ ២០១៧ សរអា ជាប់លេខ១ ទោះបី មានកងទ័ពមិនច្រើន​ជាងគេ​បង្អស់ក្តី តែក្នុង ចំនួន ១.៤៩២.០០០ នាក់ ប៉ុន្តែ បំពាក់ដោយ សព្វាវុធខ្លាំងជាងគេ បូកទាំង អាវុធនុយក្លេអ៊ែរផង និងខ្ទង់ចំណាយយោធា ដល់ទៅ ៦១២.០០០ លានដុល្លារ ឫ សឹង ១០ ដងច្រើនជាងថវិកាយោធារបស់រុស្ស៊ី។ ប៉ុន្តែ កងកម្លាំងប្រដាប់អាវុធ រុស្ស៊ី មានប្រៀបជាង កងទ័ពសឹងគ្រប់ប្រទេសក្នុងលោក ហើយពីក្នុងចំណោម ពលរដ្ឋ ១.០០០ នាក់ នៅ រុស្ស៊ី មាន ៦,៨ នាក់ បម្រើក្នុងកងទ័ព គឺជាទ្រនិចលេខខ្ពស់បង្គួរ។

ជាប់លេខ ៣ គឺប្រទេសចិន ដែលមានកងទ័ពច្រើនជាងគេបង្អស់ ដល់ទៅ ២.៣៣៣.០០០ នាក់ ប៉ុន្តែ ក្នុងចំណោមពលរដ្ឋ ១.០០០ នាក់ មានតែ ១,៧១ នាក់​ដែលជា​យោធា រីឯ ថវិកាយោធា ក៏ខ្ពស់បន្ទាប់ពី សរអា ដល់ទៅ ១២៦.០០០ លាន​ដុល្លារ។

ជាប់លេខ៤ គឺ ឥណ្ឌា មានកងទ័ព ១.៣៤៦.០០០ នាក់ និង ថវិកាយោធា ៤៦.០០០ លានដុល្លារ។

ជាការកត់សម្គាល់ ក្នុង តារាងចំណាត់ថ្នាក់នោះ ឥតមាននិយាយអំពីកូរ៉េខាងជើងទេ ដ្បិតជាប្រទេសបិទជិត ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ក្នុងផ្ទៃនៃវិបត្តិជុំវិញប្រទេសនេះ ធ្លាប់បានបង្ហើបឲ្យដឹងថា ខាងចំនួនកងទ័ព ប្រទេសនេះ ជាប់លេខ៣ នៅអាស៊ី ដោយមាន​យោធាសកម្ម ពី ៨៥០.០០០ ដល់ ១.២០០.០០០ នាក់ និងមានយោធា ចំនួន ៤.០០០.០០០ នាក់ស្ថិតក្នុងភាពបម្រុង ហើយអាចកេណ្ឌទ័ពភ្លាមភ្លែត បាន ៤.៧០០.០០០ នាក់ លើបណ្តាជន ២៥ លាននាក់។

ជាប់លេខ៥ ក្នុងតារាងចំណាត់ថ្នាក់ គឺ បារាំង ដែលមានកងទ័ព ២២០.០០០ នាក់ និងថវិកាយោធា ៤៣.០០០ លាន ដុល្លារ។ ជាប់លេខ ៦ គឺ អង់គ្លេស មានទ័ព ១៨៨.០០០ នាក់ និង ខ្ទង់ចំណាយយោធា ៥៣ .០០០ លានដុល្លារ។ ជាប់លេរខ៧ គឺ ជប៉ុន មានយោធា ២៤៧.០០០០​ នាក់ និងថវិកាយោធា ៤៩.០០០០ លាន ដុល្លារ។ ជាប់លេខ ៨ ខាងសមត្ថភាពច្បាំង គឺ តួកគី មានទ័ព ៥១០.០០០ នាក់ និង ថវិកាយោធា ១៨.០០០០ លានដុល្លារ ហើយក្នុងពលរដ្ឋ ១.០០០ នាក់ មានយោធា ដល់ទៅ ៧ នាក់ សឹងស្មើនឹងរុស្ស៊ី។ ជាប់លេខ ៩ គឺអាល្លឺម៉ង់ មានយោធា ១៨៦.០០០ នាក់ និង ថវិកា​យោធា ៤៥.០០០ លានដុល្លារ។ ជាប់លេខ១០ គឺ កូរ៉េខាងត្បូង មានកងទ័ពធំទី ៤ នៅ​អាស៊ី ដល់ទៅ ៦៣០.០០០ នាក់ និង ថវិកាយោធា ៣៣.៧០០ លានដុល្លារ ប្រកប​ដោយទ្រនិចលេខខ្ពស់ជាងគេក្នុងលោក ខាងចំនួនពលរដ្ឋ ១.០០០ នាក់ មានយោធា​ដល់ទៅ ១៤,២ នាក់។ ចំណែកប្រទេសដែលមានកងទ័ពខ្សោយជាងគេ គឺ San Marino ដែលមានយោធាតែ ៤០ នាក់៕

ថ្លែងក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំយោធានោះ លោកពូទីន បានប្រកាសថា ដោយសារ​ជោគជ័យយោធានៅស៊ីរី មាន ៥៩ ប្រទេសក្នុងលោក បច្ចុប្បន្ន បានកុម្ម៉ង​ទិញអាវុធពីរុស្ស៊ី ក្នុងកញ្ចប់ទឹកប្រាក់ ជាង ៤៥.០០០ លានដុល្លារ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ