អឺរ៉ុបនិងអ៊ីរ៉ង់រួមគ្នាជាធ្លុងមួយ ការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:០៥
ប្រមុខការទូតអ៊ីរ៉ង់លោក ម៉ូហាម៉ាដ ហ្សាវ៉ា ស្ហារីហ្វ Mohammad Javad Zarif ត្រូវមានជំនួបជាមួយរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍នេះ នៅទីក្រុងព្រុចសែល។ ជាជំនួបដែលផ្តោតជាសំខាន់ទៅលើការគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ព្រោះថានៅថ្ងៃសុក្រស្អែកលោក ដូណាល់ត្រាំ ត្រូវធ្វើសេចក្តីប្រកាសថាលោកនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះឬយ៉ាងណា។
នៅក្នុងជំនួបប្រជុំថ្ងៃនេះ ប្រមុខការទូតអ៊ីរ៉ង់នឹងត្រូវបកស្រាយប្រាប់សមភាគីអឺរ៉ុប អំពីទង្វើហិង្សាបង្ក្រាបបាតុកររហូតដល់មានបាត់បង់ជីវិត កាលពីពីរសប្តាហ៍មុនបន្តិចមែន ប៉ុន្តែអឺរ៉ុបនឹងសាកល្បងញែកឱ្យដាច់ ទុកដាក់វិបត្តិនិងប្រធានបទមិនចុះសម្រុងជាមួយអ៊ីរ៉ង់ ក្នុងវិបត្តិតំបន់ (ស៊ីរី លីបង់ ឬយ៉េមែន) ដោយឡែកសិន ដោយផ្តោតខ្លាំងតែលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរមួយទេ។
ក្នុងក្រសែភ្នែកអឺរ៉ុបពេលនេះ ភាពបន្ទាន់ គឺអឺរ៉ុបត្រូវបង្ហាញជាថ្មីជំហរគាំទ្រអ៊ីរ៉ង់ ដើម្បីការពារកិច្ចព្រមព្រៀងអន្តរជាតិជាប្រវត្តិសាស្ត្រ ស្តីអំពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលចរចាអស់ពេលជាងមួយទសវត្សរ៍ទម្រាំសម្រេចបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥។
លោកស្រីប្រមុខការទូតអឺរ៉ុប ដែលជាអ្នកដឹកនាំចរចា តំណាងឱ្យភាគីអឺរ៉ុប ក្នុងការស្វែងរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ បានសន្យាថា នឹងប្រឹងធ្វើគ្រប់យ៉ាង ទោះត្រូវទៅជួបបញ្ចុះបញ្ចូលសមាជិកសភាអាមេរិកដែលប្រឆាំងខ្លាំងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះក្តី ក៏លោកស្រីមិនរាថយដែរ ព្រោះកិច្ចព្រមព្រៀងនេះជារនាំងដ៏ចាំបាច់ក្នុងការទប់ស្កាត់ការរីកសាយភាពអាវុធនុយក្លេអ៊ែរ។
ខាងអង់គ្លេស ទោះបីកំពុងរៀបចំដកខ្លួនពីសហភាពអឺរ៉ុបក៏ក្តី ក៏នៅតែមានជំហរស្របជាមួយអឺរ៉ុបជានិច្ច ថាកិច្ចព្រមព្រៀងនុយក្លេអ៊ែរមានប្រយោជន៍និងមានតម្លៃ។ ប្រមុខការទូតអង់គ្លេសនៅតែបន្តជំរុញមិត្តអាមេរិកកុំឱ្យគ្រវាត់កិច្ចព្រមព្រៀងនេះចោលឱ្យសោះ។
ដល់ថ្ងៃបញ្ជាក់ជំហរ
នៅក្នុងសំណុំរឿងនុយក្លេអ៊ែរ ដែលអ៊ីរ៉ង់បានចុះកិច្ចព្រមព្រៀងជាមួយក្រុមមហាអំណាច កាលពីឆ្នាំ២០១៥ ច្បាប់អាមេរិកតម្រូវឱ្យប្រធានាធិបតីផ្តល់សេចក្តីសម្រេច ប្រកាសប្រាប់សភា ជារៀងរាល់៩០ថ្ងៃម្តង ថាតើអាមេរិកគួរបន្តឬដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ។ កាលពីខែតុលា លោកត្រាំ បានធ្វើសេចក្តីប្រកាសជំហររួចម្តងហើយ ហើយលើកនេះត្រូវចំថ្ងៃសុក្រទី ១២មករាស្អែក។
លោកដូណាល់ ត្រាំ ធ្លាប់បានប្រកាសដោយចំហ បន្ទោសកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះថាមិនល្អ និងធ្លាប់បានសន្យានៅពេលឃោសនាបោះឆ្នោត ថាលុបវាចោលទៀត ហេតុដូច្នេះហើយបានជារាល់ពេលជិតដល់ថ្ងៃបញ្ជាក់ជំហរនេះម្តងៗ គ្រប់ភាគីពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង ជាពិសេសអ៊ីរ៉ង់ អ្នកពាក់ព័ន្ធដោយផ្ទាល់ ព្រួយបារម្ភជាងគេ។ មុននឹងមកដល់រដ្ឋធានីអឺរ៉ុប រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានចូលម៉ូស្គូ ដើម្បីស្វែងរកការគាំទ្រពីរុស្ស៊ី ភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងម្នាក់ដែរ និងបានប្រកាសគំរាមសងសឹកទៀតបើអាមេរិកពិតជាហែកកិច្ចព្រមព្រៀងចោលមែន។
ប៉ុន្តែមានប្រភពពីរ បានបញ្ជាក់ថា រហូតមកទល់នឹងថ្ងៃពុធម្សិលមិញនេះ ពីរថ្ងៃមុនថ្ងៃធ្វើសេចក្តីប្រកាសផ្លូវការ លោក ដូណាល់ ត្រាំ មិនទាន់បានអារកាត់សេចក្តីអ្វីទាំងអស់។ អ្នកទទួលខុសត្រូវអាមេរិកជាច្រើន បានព្រលយប្រាប់ភ្នាក់ងារព័ត៌មានបារាំង កាលពីម្សិលមិញថា លោកត្រាំទំនងជានឹងបង្ខំចិត្តបន្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដោយគ្រាន់តែអាចប្រកាសដាក់ទណ្ឌកម្មថ្មីទៀតលើអ៊ីរ៉ង់ពីបទរំលោភសិទ្ធមនុស្ស ឬគាំទ្រភេរវនិយម។
បើគ្មានអាមេរិក ...
អឺរ៉ុប រុស្ស៊ី និងចិន ដែលមានចំណងសេដ្ឋកិច្ចជាមួយអ៊ីរ៉ង់ បានអះអាងនឹងបន្តរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះដដែល ដរាបណាតេអេរ៉ង់នៅតែគោរពកិច្ចសន្យាអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរសម្រាប់តែបម្រើបម្រាស់ផ្នែកស៊ីវិល។
ប៉ុន្តែបើលោកប្រធានាធិបតី ត្រាំ ប្រកាសថាដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ នោះសភាអាមេរិកនឹងមានពេលបីខែ សម្រាប់រៀបចំដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ឱ្យមានសុពលភាពឡើងវិញ ឬកែប្រែច្បាប់ថាប្រធានាធិបតីលែងមានកាតព្វកិច្ចត្រូវបញ្ជាក់ជំហរស្តីអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ។
ទណ្ឌកម្មបានបន្ថប់សេដ្ឋកិច្ចអ៊ីរ៉ង់ តែធនាគារ និងក្រុមហ៊ុនសហគ្រាសអឺរ៉ុប ក៍អាចនឹងត្រូវរងផលប៉ះពាល់ពីទណ្ឌកម្មអាមេរិក ដែលបិទទ្វារមិនរកស៊ីជាមួយ ប្រសិនបើក្រុមហ៊ុនសហគ្រាសអឺរ៉ុបនោះរកស៊ីជាមួយអ៊ីរ៉ង់។ មានន័យថាសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុប តាំងពីប្រពៃណីយូរលង់ នឹងអាចត្រូវប្រេះឆាដោយសារអ៊ីរ៉ង់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ