អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អឺរ៉ុប​និង​អ៊ីរ៉ង់​រួមគ្នា​ជាធ្លុង​មួយ ការពារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រមុខ​ការ​ទូតអ៊ីរ៉ង់លោក ម៉ូហាម៉ាដ ហ្សាវ៉ា ស្ហារីហ្វ Mohammad Javad Zarif ត្រូវ​មាន​ជំនួប​ជាមួយ​​រដ្ឋមន្ត្រីការបរទេស​សហភាព​អឺរ៉ុប នៅ​ថ្ងៃព្រហស្បតិ៍​នេះ នៅ​ទីក្រុង​ព្រុចសែល។ ជា​ជំនួបដែល​​ផ្តោត​ជា​សំខាន់​ទៅ​លើការ​គាំទ្រ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ព្រោះ​ថា​នៅ​ថ្ងៃសុក្រ​​ស្អែក​លោក ដូណាល់ត្រាំ ត្រូវ​ធ្វើ​សេចក្តី​ប្រកាស​ថា​លោក​នឹង​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នេះ​ឬ​យ៉ាងណា។

លោកស្រី​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប Federica Mogherini និង​ប្រមុខ​ការទូត​អ៊ីរ៉ង់
លោកស្រី​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប Federica Mogherini និង​ប្រមុខ​ការទូត​អ៊ីរ៉ង់ JOE KLAMAR / AFP
ផ្សាយពាណិជ្ជកម្ម

​នៅក្នុង​ជំនួប​ប្រជុំ​ថ្ងៃ​នេះ ប្រមុខ​ការទូត​អ៊ីរ៉ង់​​នឹង​ត្រូវ​​បក​ស្រាយ​ប្រាប់​សមភាគី​អឺរ៉ុប អំពី​ទង្វើ​ហិង្សា​បង្ក្រាប​បាតុករ​រហូត​ដល់​មាន​បាត់បង់​ជីវិត​ កាលពី​ពីរ​សប្តាហ៍​មុនបន្តិច​មែន ប៉ុន្តែ​​អឺរ៉ុប​នឹង​សាក​ល្បង​ញែកឱ្យ​ដាច់​ ទុក​ដាក់​វិបត្តិ​និង​ប្រធានបទ​មិន​ចុះ​សម្រុង​ជាមួយ​អ៊ីរ៉ង់ ក្នុង​វិបត្តិ​តំបន់ (ស៊ីរី លីបង់ ឬ​យ៉េមែន) ដោយ​ឡែក​សិន ដោយ​ផ្តោត​ខ្លាំង​តែ​លើ​កិច្ចព្រមព្រៀង​​នុយក្លេអ៊ែរមួយ​ទេ។

ក្នុង​ក្រសែ​ភ្នែក​អឺរ៉ុបពេល​នេះ ភាព​បន្ទាន់​ ​គឺអឺរ៉ុបត្រូវ​​បង្ហាញ​ជា​ថ្មី​ជំហរ​គាំទ្រ​អ៊ីរ៉ង់ ដើម្បី​ការពារកិច្ចព្រមព្រៀង​អន្តរជាតិ​ជា​ប្រវត្តិសាស្ត្រ​ ស្តី​អំពីកម្មវិធីនុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​ចរចា​អស់​ពេល​ជាង​មួយ​ទសវត្សរ៍​ទម្រាំ​​សម្រេច​បានចុះ​ហត្ថលេខា​កាលពី​ឆ្នាំ​២០១៥។​​

លោកស្រី​ប្រមុខ​ការទូត​អឺរ៉ុប ដែល​ជា​អ្នក​ដឹកនាំ​ចរចា​ តំណាងឱ្យ​ភាគី​អឺរ៉ុប ក្នុង​ការ​ស្វែង​រក​កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយ​អ៊ីរ៉ង់ បាន​សន្យា​ថា នឹង​ប្រឹង​ធ្វើ​គ្រប់យ៉ាង​ ទោះត្រូវ​ទៅ​ជួប​បញ្ចុះ​បញ្ចូល​សមាជិក​សភា​អាមេរិក​ដែល​ប្រឆាំងខ្លាំង​នឹង​​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នេះ​ក្តី ក៏លោកស្រី​មិន​រាថយ​ដែរ ព្រោះ​កិច្ចព្រមព្រៀង​នេះ​ជា​រនាំង​ដ៏​ចាំបាច់​ក្នុង​ការ​ទប់​ស្កាត់​ការ​រីកសាយ​ភាព​អាវុធ​នុយក្លេអ៊ែរ។​

ខាង​អង់គ្លេស ទោះបីកំពុងរៀបចំដក​ខ្លួន​​ពី​សហភាព​អឺរ៉ុប​ក៏​ក្តី ក៏​នៅ​តែ​មាន​ជំហរ​ស្របជាមួយ​អឺរ៉ុប​ជានិច្ច​ ថា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​មាន​ប្រយោជន៍និងមាន​តម្លៃ។ ប្រមុខ​ការទូត​អង់គ្លេស​នៅ​តែ​បន្ត​ជំរុញ​មិត្ត​អាមេរិក​កុំ​ឱ្យ​គ្រវាត់​កិច្ចព្រមព្រៀង​នេះ​ចោល​ឱ្យ​សោះ។

ដល់ថ្ងៃ​បញ្ជាក់ជំហរ

នៅក្នុង​សំណុំ​រឿង​​​នុយក្លេអ៊ែរ ដែល​​អ៊ីរ៉ង់បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុម​មហាអំណាច​ កាលពី​ឆ្នាំ​២០១៥​ ច្បាប់អាមេរិកតម្រូវ​ឱ្យ​​​ប្រធានាធិបតី​​ផ្តល់​សេចក្តី​សម្រេច ប្រកាស​ប្រាប់​សភា​ ជា​រៀងរាល់​៩០​ថ្ងៃ​ម្តង ថា​តើ​អាមេរិក​​គួរបន្ត​​ឬ​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នេះ។ កាលពី​ខែ​តុលា លោកត្រាំ បាន​ធ្វើ​សេចក្តី​ប្រកាស​ជំហរ​រួច​ម្តង​ហើយ ហើយ​លើក​នេះ​ត្រូវ​ចំ​ថ្ងៃ​សុក្រ​ទី ១២​មករាស្អែក។

​លោក​ដូណាល់ ត្រាំ ធ្លាប់​បាន​ប្រកាស​ដោយ​ចំហ បន្ទោស​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នេះ​ថា​មិន​ល្អ និង​ធ្លាប់​បាន​សន្យា​នៅ​ពេល​ឃោសនា​បោះឆ្នោត ថា​លុប​វា​ចោលទៀត ហេតុ​ដូច្នេះ​ហើយ​បាន​ជា​រាល់ពេល​ជិត​ដល់ថ្ងៃ​បញ្ជាក់​ជំហរនេះ​ម្តងៗ​ គ្រប់ភាគីពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ ជាពិសេស​​​អ៊ីរ៉ង់ អ្នក​ពាក់ព័ន្ធ​ដោយ​​ផ្ទាល់ ​ព្រួយ​បារម្ភ​ជាងគេ។ មុននឹង​មក​ដល់​រដ្ឋធានី​អឺរ៉ុប រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់បានចូល​ម៉ូស្គូ ដើម្បី​​ស្វែងរក​ការ​គាំទ្រ​ពី​រុស្ស៊ី ភាគី​ហត្ថលេខីនៃ​កិច្ចព្រមព្រៀងម្នាក់ដែរ និង​បាន​ប្រកាស​គំរាម​សងសឹក​ទៀត​បើ​អាមេរិកពិត​ជា​ហែកកិច្ចព្រមព្រៀងចោលមែន។

ប៉ុន្តែមាន​ប្រភព​ពីរ បាន​បញ្ជាក់​ថា រហូត​មក​ទល់​នឹង​ថ្ងៃពុធ​ម្សិលមិញ​នេះ​ ពីរ​ថ្ងៃ​មុន​ថ្ងៃ​ធ្វើ​សេចក្តី​ប្រកាស​ផ្លូវការ លោក ដូណាល់ ត្រាំ មិន​ទាន់​បាន​អារកាត់​សេចក្តី​អ្វី​ទាំង​អស់។ ​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​ជា​ច្រើន បាន​ព្រលយ​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​បារាំង កាលពី​ម្សិលមិញ​​ថា លោកត្រាំ​ទំនង​ជា​នឹង​បង្ខំ​ចិត្ត​បន្ត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ ដោយ​គ្រាន់​តែ​អាច​ប្រកាស​ដាក់​​ទណ្ឌកម្ម​ថ្មី​ទៀតលើ​អ៊ីរ៉ង់​ពី​បទ​រំលោភ​សិទ្ធមនុស្ស​ ឬ​គាំទ្រ​ភេរវនិយម។

បើ​គ្មាន​អាមេរិក ...

អឺរ៉ុប រុស្ស៊ី និង​ចិន ដែល​មាន​ចំណង​សេដ្ឋកិច្ច​ជាមួយ​អ៊ីរ៉ង់ បាន​អះអាង​នឹង​បន្ត​រក្សា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នេះ​ដដែល ដរាប​ណា​តេអេរ៉ង់នៅ​តែ​គោរព​កិច្ចសន្យា​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​សម្រាប់​តែ​បម្រើបម្រាស់​ផ្នែកស៊ីវិល។

ប៉ុន្តែបើលោក​ប្រធានាធិបតី ត្រាំ ​​​ប្រកាស​​ថា​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ នោះ​សភា​អាមេរិក​នឹងមាន​ពេល​បី​ខែ សម្រាប់​​​រៀប​ចំ​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ឱ្យ​មាន​សុពលភាព​ឡើង​វិញ ឬ​កែប្រែ​ច្បាប់​ថា​ប្រធានាធិបតី​លែង​មាន​កាតព្វកិច្ច​ត្រូវបញ្ជាក់​ជំហរ​ស្តី​អំពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នេះ​។

ទណ្ឌកម្មបាន​​បន្ថប់​សេដ្ឋកិច្ច​អ៊ីរ៉ង់ តែ​ធនាគារ និង​ក្រុមហ៊ុន​សហគ្រាស​អឺរ៉ុប ក៍អាច​នឹង​ត្រូវ​រង​ផលប៉ះពាល់​ពី​ទណ្ឌកម្ម​អាមេរិក ដែល​បិទ​ទ្វារ​មិនរក​ស៊ី​ជាមួយ​ ប្រសិន​បើ​ក្រុមហ៊ុន​សហគ្រាស​អឺរ៉ុប​នោះ​រក​ស៊ី​ជាមួយអ៊ីរ៉ង់។ មាន​ន័យ​ថា​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្តអឺរ៉ុប​ តាំ​ងពីប្រពៃណី​យូរលង់​ នឹង​អាច​ត្រូវ​ប្រេះឆាដោយ​សារ​អ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ