រុស្ស៊ី រឹតបន្តឹងទណ្ឌកម្ម ចំពោះការអន្ទងពលរដ្ឋ ឲ្យចូលក្នុងជួរពួកភេរវករនិងការបញ្ឆោតតាមទូរស័ព្ទអំពីគ្រោះថ្នាក់ភេរវកម្ម
ចុះផ្សាយនៅថ្ងៃ៖
ចាប់ពីថ្ងៃទី១មករាឆ្នាំ២០១៨ នៅរុស្ស៊ីចូលជាធរមាន គឺច្បាប់ចុះហត្ថលេខា ដោយលោក ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ដែលមួលខ្ចៅបន្តឹង ការផ្តន្ទាទោសតាមផ្លូវព្រហ្មទណ្ឌ ចំពោះការអន្ទងពលរដ្ឋ ឲ្យចូលបម្រើក្នុងជួរពួកភេរវករ នឹងកើនឡើងពី ១០ឆ្នាំ លុះរហូតដល់ជាប់គុកពេញមួយជីវិតតែម្តង។ រីឯ ចំពោះ ការបំភ័យតាមទូរសព្ទ ដែលបញ្ឆោតថា នៅកន្លែងនេះឫនោះ មានលាក់ទុកគ្រាប់បែក បង្អើល សាធារណជន ឲ្យផ្អើលឆោឡោ គឺ នឹងត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ ដោយកើនឡើងពី ៥ ឆ្នាំ រហូតដល់ ១០ ឆ្នាំ ។ តាមស្ថាប័នសន្តិសុខ រុស្ស៊ី FSB ទូរសព្ទបញ្ឆោតបែបនេះ មានប្រភពវា មកពីបរទេសផងដែរ បែបយ៉ាង មកពី តួកគី អ៊ុយក្រែន សរអា ជប៉ុន។
គឺថ្ងៃ ២៩ ធ្នូចុងឆ្នាំមុន ដែលលោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន បានចុះហត្ថលេខា លើច្បាប់ ដែលមួលខ្ចៅបន្តឹង ការផ្តន្ទាទោសតាមផ្លូវព្រហ្មទណ្ឌ ចំពោះ ការបញ្ចុះបញ្ចូលអន្ទងពលរដ្ឋ ឲ្យចូលបម្រើ ក្នុងជួរពួកភេរវជន លុះរហូតដល់ត្រូវកាត់ទោស ឲ្យជាប់គុកពេញមួយជីវិតតែម្តង។ ច្បាប់នេះបង្កើននាទី ទទួលខុសត្រូវ ចំពោះការផ្តល់ហិរញ្ញប្បទានដល់ ពួកភេរវជន ព្រមទាំងចំពោះ ការបញ្ចុះបញ្ជូល ការអន្ទង បុគ្គលឯទៀត ឲ្យប្រព្រឹត្តសូម្បី តែឧក្រិដ្ឋកម្មណាមួយក៏ដោយ ដែលប្រមើលដោយ ក្រមព្រហ្មទណ្ឌសហព័ន្ធ រុស្ស៊ី ស្តីអំពីភេរវនិយម។
ចាប់ពីអំណើះតទៅ ឧក្រិដ្ឋកម្មនោះឯង អាស្រ័យនឹងទំហំខូចខាតដែលវាបង្កឡើង គឺនឹងត្រូវកាត់ទោស ឲ្យជាប់ពន្ធនាគារ ពី ៨ ដល់ ២០ ឆ្នាំ ព្រមទាំងពិន័យជាប្រាក់ គឺពី ៣០ ម៉ឺនរូប្ល រហូតដល់ ៧០ ម៉ឺនរូប្ល ឫ ប្រមាណ ពី ៥.២០០ ដុល្លារ រហូតដល់ ១ ម៉ឺន ២.០០០ ដុល្លារ។
ជាឧទាហរណ៍មួយ នៃឧក្រិដ្ឋកម្មបែបនេះ គឺ ការលាក់គ្រាប់បែក នៅក្នុងថតទូសម្រាប់ទុកឥវ៉ាន់ ក្នុងហាង មួយ នៃក្រុង Saint-Petersbourg នាខែធ្នូកន្លងទៅ ដែលកម្លាំងផ្ទុះរបស់វា ស្មើនឹងធាតុ TNT ២០០ ក្រាម បណ្តាល ឲ្យ អតិថិជន រងគ្រោះដល់ទៅ ១៨ នាក់។ ឧក្រិដ្ឋកម្មនេះ ត្រូវបានលោកពូទីន សន្និដ្ឋានត្រង់ៗ ថាជា” អំពើភេវកម្ម “។
មូលហេតុនៃការលេចចេញមកជាច្បាប់ថ្មី ពីព្រោះ ដោយមកពីការបញ្ចុះបញ្ជូលបែបនេះ បានជា តាមតួលេខ ប្រកាសក្នុងខែធ្នូកន្លងទៅ ដោយលោកនាយកសន្តិសុខជាតិ FSB មានពលរដ្ឋរុស្ស៊ី ដល់ទៅ ៤.៥០០ នាក់ បានលង់ខ្លួនច្បាំងនៅបរទេស នៅខាងពួកភេរវជន ហើយបន្ទាបមក តាមសដីលោករដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ក្នុងប្រតិបត្តិការជាង២ឆ្នាំកន្លងទៅ នៅស៊ីរី មានកំទេចពួកភេរវជន មានដើមកំណើតទៅពីរុស្ស៊ី អស់ ២.៨០០ នាក់។ អ្វី ដែលនាំឲ្យអាជ្ញាធររុស្ស៊ី ព្រួយបារម្ភ ពីព្រោះខ្លាចពួកនោះ វិលត្រឡប់មកស្រុកវិញ។
ចំណែកពង្រាងច្បាប់ស្តីអំពីការប្រយុទ្ធទល់នឹង “ភេរវនិយមតាមទូរសព្ទ” ដែលត្រូវបានសភាឌូម៉ា អនុម័ត ដាច់ស្រេចជាស្ថាពរ កាលពីថ្ងៃ ២០ ធ្នូ ក្រោយពី ពិនិត្យពិភាក្សាក្នុងសម័យប្រជុំដល់ទៅ ៣ លើកក៏ រឹតបន្តឹង ទណ្ឌកម្មដែរ ចំពោះទង្វើនេះ ដែល បង្កជា ចលាចលនៅតាមកន្លែងសាធារណៈ។ ច្បាប់នេះ ដំឡើងពី ៥ ឆ្នាំ រហូតដល់ ១០ ឆ្នាំ ការផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ ជនណា ដលបានទូរសព្ទ ក្នុងលក្ខណៈអនាមិក បំភ័យ ដោយចេតនាថា នៅកន្លែងនេះឫនោះ មានលាក់ទុកគ្រាប់បែក បង្កជាភាពផ្អើលឆោឡោ ក្នុងចំណោម បណ្តាជន ។ ពង្រាងច្បាប់នេះ ត្រូវបានដាក់ចេញ ដោយ អ្នកដឹកនាំ ៣ រូប នៃសភាឌូម៉ាផ្ទាល់ ពោលគឹ ប្រធានសភាឌូម៉ា , ប្រធានគណៈកម្មាធិការសភាឌូម៉ាខាងច្បាប់ធម្មនុញ្ញ , ប្រធានគណៈកម្មាធិការសភាឌូម៉ា ខាងសន្តិសុខ។
ពួកអ្នកតំណាងរាស្ត្រ បានអនុម័តវិសោធនកម្ម ភ្ជាប់ទៅនឹង មាត្រានៃក្រមព្រហ្មទណ្ឌសហព័ន្ធរុស្ស៊ី ស្តី អំពី” ការឲ្យពត៏មានដោយកុហកទាំងចេតនាអំពីភេរវកម្ម” ។ វិសោធនកម្មនេះ ប្រមើលថា “ ការឲ្យពត៏មាន ដោយកុហកទាំងចេតនាអំពី ការគ្រោងបំផ្ទុះគ្រាប់បែក អំពីការលួចដុត អំពី សកម្មភាពផ្សេងទៀត ដែល បង្កើត ជាគ្រោះថ្នាក់ ដល់ជីវិតមនុស្ស ប្រព្រឹត្តទល់នឹងទីតាំងនានានៃហេដ្ឋារចនាសម្ព័ន្ធសង្គម ឫ ដែលនាំ មក នូវការខូចខាតយ៉ាងធ្ងន់ ត្រូវផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ ពី ៣ ដល់ ៥ ឆ្នាំ។
ទីតាំងបែបនេះ ស្ថិតក្នុង ប្រព័ន្ធសុខាភិបាល សិក្សាធិការ មតេយ្យសាលា សហគ្រាសរោងចក្រ វិស័យ សេវាកម្ម ផ្នែកដឹកជញ្ជូនអ្នកដំណើរ គ្រឹះស្ថានកីឡា ធនាគារ ។ល។ ពាក្យថា ការខូចខាតធ្ងន់ គឺ ក្នុងទឹក ប្រាក់ ចាប់ពី ១.០០០.០០០ រូប្ល ទៅ ឫប្រមាណ ១ម៉ឹន ៧ពាន់ ៣០០ ដុល្លារ។
ក្នុងវគ្គមួយដាច់ដោយឡែក នៃមាត្រាទី ២០៧ ក្រមព្រហ្មទណ្ឌ មាននិយាយអំពី ការឲ្យពត៏មានដោយ បញ្ឆោត ដើម្បី “បង្ខូចសកម្មភាពអង្គការរដ្ឋអណាច ឲ្យធ្លាក់ក្នុង អស្ថិរភាព” ។ ក្នុងករណីនេះ ទណ្ឌកម្ម ប្រមើលឲ្យ ជាប់គុក ពី ៦ ដល់ ៨ ឆ្នាំ ។
ទណ្ឌកម្មធ្ងន់បំផុត ដែលប្រមើលដោយច្បាប់ថ្មី គឺប្រសិនបើ ការឲ្យព័តមានទាំងបញ្ឆោតនោះ ស្រាប់តែបង្ក ឲ្យមានមនុស្ស ធ្លាក់ខ្លួនស្លាប់ ឫ ក៏រងទទួលផលប៉ះពាល់ធ្ងន់ធ្ងរ នោះអ្នកដែលប្រព្រឹត្ត” ភេរវនិយម តាម ទូរសព្ទ” គឺនឹងត្រូវ ជាប់ពន្ធនាគារ ពី ៨ ដល់ ១០ ឆ្នាំ។ ជាការប្រៀបធៀប ក្នុងក្រមព្រហ្មទណ្ឌចាស់ ទោសបែបនេះ គឺ តែត្រឹម ៥ ឆ្នាំ ប៉ុណ្ណោះ។
តាមដែលលោកប្រធានគណៈកម្មាធិការសភាឌូម៉ាខាងច្បាប់ធម្មនុញ្ញ កត់សម្គាល់ ៖
-ចាប់ពីថ្ងៃ ១១ កញ្ញា ឆ្នាំមុន ប្រទេសរុស្ស៊ី ស្រាប់តែ រញ្ជួយ ដោយ រលក” ទូរសព្ទបំភ័យអំពីភេរវនិយម “។
-នៅ ក្រុង Moscou , Ekaterinbourg និងក្រុងធំៗ ជាច្រើននៃ សហព័ន្ធរុស្ស៊ី តាំងពីចុងបូព៌ា រហូតដល់ ប៉ែកខាងលិចបង្អស់នៃប្រទេស ដោយមកពីទូរសព្ទបំភ័យបែបនេះ ប្រជាពលរដ្ឋ ត្រូវបានជម្លៀស ចេញពី សាលារៀន ,មន្ទីរពេទ្យ , ហាង Supermarket ធំៗ ,. សណ្ឋាគារទាំងឡាយ , រោងកុន , អគារនានា នៃរដ្ឋអំណាច ព្រមទាំង យានជំនិះសាធារណៈ ទៅផង។
គ្រាន់តែ នៅ Moscou ការជម្លៀសបានប្រព្រឹត្តទៅ នៅតាមទីតាំងចំនួនជាង ៣០ កន្លែង រីឯ ទូរសព្ទ អនាមិក កុហកនោះ ត្រូវបានកត់ត្រាក្នុងចំនួន ជាង ១.០០០ លើក ស្តីអំពី” ការបង្កប់គ្រឿងផ្ទុះ”។
ក្នុងសម្ភាសន៍ទៅប្រព័ន្ធផ្សព្វផ្សាយ ប្រធាន ក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក Nicolai Patrushev ថ្លែង ថា ៖ ទូរសព្ទបញ្ឆោតភាគច្រើន អំពីការបង្កប់គ្រាប់បែកនៅតាមទីតាំងប្លែកៗលើដែនដីសហព័ន្ធរុស្ស៊ី គឺមាន ប្រភពវា ចេញមកពី បរទេស បែបយ៉ាងពី ប្រទេស តួកគី អ៊ុយក្រែន សរអា និង ជប៉ុន។ ចាប់ពីខែកញ្ញាមក នៅតាមទីតាំងចំនួន ជាង ២.៥០០ កន្លែង លើដែនដីនៃខេត្តចំនួនដល់ទៅ ៧៥ ក្នុងចំណោមខេត្តទាំង ៨៥ ចំណុះ សហព័ន្ធរុស្ស៊ី មានជម្លៀសបណ្តាជនប្រមាណ ១.០០០.០០០ នាក់ ហើយទំហំបង់ខាត ដោយមក ពី ប្រតិបត្តិការជម្លៀសនេះ បានមានទឹកប្រាក់ដល់ទៅ ជាង ១.០០០ លានរូប្ល ឫ ១៧ លាន ៣ សែន ដុល្លារ។ លោក Patrushev លំអិតថា លទ្ធផលនៃការអង្កេត បង្ហាញឲ្យឃើញថា នៅតាមគ្រប់តែទីតាំង ដែលថា មាន បង្កប់ទុកគ្រាប់បែក ឥតមានរកឃើញគ្រឿងផ្ទុះម្តងណាឡើយ។ អង្គការសន្តិសុខរុស្ស៊ី កំពុង ពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយ បណ្តាដៃគូបរទេស ដើម្បីចាប់ឲ្យបានពួកដែលជាប់ពិរុទ្ធ ក្នុងទង្វើខ្លួន ឆ្ពោះទៅ ពាំនាំ អស្ថិរភាពដល់ស្ថានការណ៍ ក្នុងប្រទេសរុស្ស៊ី ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ