ហេតុអ្វីបានជាលោកដូណាល់ ត្រាំបន្តតាមឆ្កឹះឆ្កៀលលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ក្នុងឆ្នាំ ២០១៥?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៤៤
នៅថ្ងៃសុក្រ ទី១២ មករា លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានយល់ព្រមឲ្យបន្តការព្យួរទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់។ តែលោកត្រាំបានបញ្ជាក់ដោយព្រមានថា លោកទុកពេល ១២០ថ្ងៃឲ្យប្រទេសដៃគូអឺរ៉ុបបើកកិច្ចចរចាឡើងវិញលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលបានចុះហត្ថលេខាកាលពីពាក់កណ្តាលខែកក្កដា ឆ្នាំ ២០១៥។ លោកដូណាល់ ត្រាំបានព្រមានបន្ថែមថា អាមេរិកនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀង បើគ្មានការចរចាឡើងវិញលើកិច្ចព្រមព្រៀងនោះទេ។ អ៊ីរ៉ង់បានបញ្ចេញប្រតិកម្មតបវិញក្នុងថ្ងៃសៅរ៍ ទី១៣ នេះថា កិច្ចព្រមព្រៀងនោះមិនអាចចរចាឡើងវិញបានឡើយ។ ចំណែកប្រទេសហត្ថលេខីផ្សេងក៏បានបញ្ជាក់ពីការបន្តរក្សាទុកនូវកិច្ចព្រមព្រៀងនោះដែរ។
នេះជាលើកទី៣ ហើយដែលលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានយល់ព្រមឲ្យបន្តការព្យួរទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិកលើប្រទេសអ៊ីរ៉ង់។ ការព្យួរទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិកលើអ៊ីរ៉ង់នេះបានធ្វើឡើងដោយអនុលោមតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ចុះហត្ថលេខាកាលពីថ្ងៃទី១៤ កក្កដា ឆ្នាំ ២០១៥ ដោយភាគីអ៊ីរ៉ង់ និងសហគមន៍អន្តរជាតិមានចិន រុស្ស៊ី បារាំង អាល្លឺម៉ង់ អង់គ្លេស និងអាមេរិកក្នុងជំនាន់លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា។ តែលោកត្រាំបានព្រមាននៅថ្ងៃសុក្រ ទី១៣ មករាថា ការព្យួរលើកទី៣ នេះជាលើកចុងក្រោយ និងជាសំណាងចុងក្រោយដោយលោកទុកពេល ៣ខែឲ្យប្រទេសដៃគូផ្សេង ពិសេសអឺរ៉ុបឲ្យពិនិត្យសើរើមើលឡើងវិញលើកិច្ចព្រមព្រៀងនោះ។
បើពុំនោះសោតទេ អាមេរិកនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនោះជាស្ថាពរ។ គួរជម្រាបជូនថា នេះមិនមែនជាលើកទី១ទេដែលលោកត្រាំបានចេញមុខរករឿងឆ្កឹះកកាយលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ តាំងពីក្នុងសម័យឃោសនាបោះឆ្នោត លោកត្រាំតែងគំរាមម្តងជាពីរដងពីការដុតចោល និងដកអាមេរិកចេញពីកិច្ចព្រមព្រៀងនោះ។ ហេតុផលរបស់លោកត្រាំគឺថា អ៊ីរ៉ង់ជាប្រទេសទី១ ដែលគាំទ្រភេរវនិយមក្នុងលោក ជាប្រទេសបង្កអស្ថិរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា ជាប្រទេសដែលកំពុងបន្តអភិវឌ្ឍន៍កម្មវិធីគ្រាប់មីស៊ីលបាលីស្ទិក និងជាប្រទេសរំលោភបំពានសិទ្ធិមនុស្ស។ នៅក្នុងន័យនេះ លោកត្រាំបានលើកភស្តុងតាងនៃការវាយបង្រ្កាបលើហ្វូងបាតុករអ៊ីរ៉ង់ពីសំណាក់សម្លាំងប៉ូលិស និងទាហាននាព្រឹត្តិការណ៍បាតុកម្មប្រឆាំងរដ្ឋាភិបាលថ្មីៗនៅអ៊ីរ៉ង់កន្លងទៅ។
លោកត្រាំព្រមានថា បើគ្មានការចរចាឡើងវិញ អាមេរិកនឹងដកខ្លួន
លោកដូណាល់ ត្រាំបានទុកពេល ១២០ថ្ងៃឲ្យប្រទេសដៃគូអឺរ៉ុបចរចាឡើងវិញលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ចុះហត្ថលេខាក្នុងឆ្នាំ ២០១៥។ បើពុំនោះសោតទេ អាមេរិកនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនោះ។ លោកត្រាំមិនបានបញ្ជាក់ពីចំណុចដែលត្រូវចរចាឡើងវិញទេ គ្រាន់តែលោកយល់ថា កិច្ចព្រមព្រៀងនោះនៅមានលក្ខណៈធូរស្រាលខ្លាំង បើធៀបនឹងទង្វើជាក់ស្តែងរបស់អ៊ីរ៉ង់នាពេលបច្ចុប្បន្ន។ អ្វីដែលលោកត្រាំចង់បាន គឺចង់ឲ្យប្រទេសដៃគូហត្ថលេខីផ្សេងពិនិត្យសើរើមើលឡើងវិញលើកិច្ចព្រមព្រៀងដែលមានស្រាប់ រួចអនុម័តចេញនូវកិច្ចព្រមព្រៀងថ្មីដែលមានលក្ខណៈតឹងតែងជាមុន។
នៅក្នុងន័យនេះ លោកត្រាំចង់បានកិច្ចព្រមព្រៀងថ្មីដែលដាក់គំនាបបន្ថែមលើអ៊ីរ៉ង់ទាក់ទងនឹងបញ្ហារំលោភសិទ្ធិមនុស្ស ការអភិវឌ្ឍន៍កម្មវិធីគ្រាប់មីស៊ីលបាលីស្ទិក ឬមួយក៏ឥទ្ធិពលអ៊ីរ៉ង់នៅក្នុងតំបន់ជាដើម។ គួររម្លឹកជូនឡើងវិញថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលចុះហត្ថលេខាកាលពីថ្ងៃទី១៤ កក្កដា ឆ្នាំ ២០១៥ បានផ្តោតសំខាន់តែលើចំណុចមួយចំនួនរួមមាន ទី១ អ៊ីរ៉ង់យល់ព្រមកាត់បន្ថយបរិមាណនុយក្លេអ៊ែរ ដូចយ៉ាងកាត់បន្ថយចំនួនស្តុកសារធាតុអ៊ុយរ៉ាញ៉ូម ឬចំនួនគ្រឿងបញ្ចេះនុយក្លែអ៊ែរក្នុងគោលដៅរារាំងអ៊ីរ៉ង់មិនឲ្យមានលទ្ធភាពក្នុងការផលិតគ្រាប់បែកបរមាណូ និងទី២ អ៊ីរ៉ង់យល់ព្រមឲ្យទីភ្នាក់ងារថាលពលបរមាណូអន្តរជាតិចូលទៅពិនិត្យជាប្រចាំនៅតាមមជ្ឈមណ្ឌលនុយក្លេអ៊ែររបស់ខ្លួន។
កិច្ចព្រមព្រៀងដែលបានចូលជាធរមានតាំងពីថ្ងៃទី១៦ មករា ឆ្នាំ ២០១៦ បានអនុញាតឲ្យមានការលើកទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិចេញពីអ៊ីរ៉ង់។ តែនៅខាងភាគីអាមេរិក ទន្ទឹមនឹងការព្យួរទណ្ឌកម្មរបស់ខ្លួនលើអ៊ីរ៉ង់ដោយអនុលោមតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះ រដ្ឋបាលរបស់លោកត្រាំក៏កំពុងបន្ថែម និងបន្តឹងទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ក្នុងសំណុំរឿងផ្សេង ដូចយ៉ាងរឿងរំលោភសិទ្ធិមនុស្ស និងកម្មវិធីគ្រាប់មីស៊ីលបាលីស្ទិក។ ជាក់ស្តែងនាថ្ងៃសុក្រ ទី១២ មករា ក្រសួងសេដ្ឋកិច្ចអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គល ឬស្ថាប័នអ៊ីរ៉ង់ចំនួន ១៤ ពីបទរំលោភសិទ្ធិមនុស្ស ពិសេសសំដៅលើប្រមុខតុលាការដែលបានកាត់ទោសដាក់គុកបាតុករអ៊ីរ៉ង់ជាច្រើននាក់ក្នុងព្រឹត្តិការណ៍បាតុកម្មប្រឆាំងរដ្ឋាភិបាលថ្មីៗនេះ។
អ៊ីរ៉ង់បដិសេធមិនចរចាឡើងវិញ ចំណែកក្រុមប្រទេសហត្ថលេខីផ្សេងបន្តការពារកិច្ចព្រមព្រៀង
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចេញផ្សាយថ្ងៃសៅរ៍ ទី១៣ មករាបានបញ្ជាក់ច្បាស់ៗថា សាធារណរដ្ឋអ៊ីរ៉ង់នឹងមិនទទួលយកវិធានការណាបន្ថែមទៀតក្រៅពីវិធានការដែលមានចែងស្រាប់នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរចុះហត្ថលេខាកាលពីឆ្នាំ ២០១៥ ឡើយ ទោះនៅថ្ងៃនេះ ឬនៅថ្ងៃខាងមុខក្តី។ សេចក្តីប្រកាសព័ត៌មានដដែលបានបន្ថែមថា អ៊ីរ៉ង់នឹងមិនអនុញ្ញាតឲ្យយកសំណុំរឿងផ្សេងទៅភ្ជាប់ជាមួយនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះទេ។ បន្ទាប់មក ក្រសួងការបរទេសអ៊ីរ៉ង់ក៏បានចោទលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំពីបទតាមរករឿងឈ្លានីសលើពលរដ្ឋអ៊ីរ៉ង់។ ប្រតិកម្មរបស់ក្រសួងការបរទេសអ៊ីរ៉ង់ថ្ងៃសៅរ៍ ទី១៣ មករានេះបានធ្លាក់មក បន្ទាប់ពីលោកប្រមុខការទូតអ៊ីរ៉ង់ហ្សារីស្វបានចោទលោកត្រាំនៅយប់ថ្ងៃសុក្រ ទី១២ មករាពីបទបានព្យាយាមកម្ទេចកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ប្រឆាំងនឹងអ៊ីរ៉ង់ក៏ដូចជាប្រឆាំងនឹងក្រុមប្រទេស ៥បូក១។
ក្រុមប្រទេស ៥ បូក១ ដែលមានបារាំង អាល្លឺម៉ង់ អង់គ្លេស ចិន និងរុស្ស៊ីហាក់បានមូលមតិគ្នាបន្តគាំទ្រលើកិច្ចព្រមព្រៀងដែលមានស្រាប់ និងមិនយល់ស្របតាមសំណើរបស់លោកដូណាល់ ត្រាំទេ។ ប៉ារីស ប៊ែរឡាំង និងទីក្រុងឡុងដ៏ក៏បានយល់ពីក្តីបារម្ភរបស់វ៉ាស៊ីនតោនក្នុងបញ្ហាសិទ្ធិមនុស្សនៅអ៊ីរ៉ង់ មហិច្ឆតារបស់អ៊ីរ៉ង់នៅក្នុងតំបន់ ឬមួយក៏ការបន្តអភិវឌ្ឍន៍គ្រាប់មីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់ តែពួកគេយល់ថា មិនចាំបាច់លើយកកិច្ចព្រមព្រៀងដែលមានស្រាប់ទៅចរចាឡើងវិញទេ។ អ្វីដែលប្រទេសអឺរ៉ុបទាំង ៣ ចង់បញ្ជាក់នោះគឺថា គត្រូវចែកឲ្យដាច់ពីគ្នារវាងកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលមានស្រាប់ និងសំណុំរឿងផ្សេងទៀតដែលកំពុងមាននៅអ៊ីរ៉ង់សព្វថ្ងៃ។
អាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្តរជាតិមិនមែនជារឿងភ្ញាក់ផ្អើល
អ្វីដែលគេបារម្ភខ្លាំងជាងគេ ប្រហែលមិនមែនខ្លាចអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនោះទេ តែខ្លាចខាងអ៊ីរ៉ង់ឯណោះវិញទេ ព្រោះថា អ៊ីរ៉ង់ធ្លាប់បានព្រមានតបនឹងលោកត្រាំថា បើវារញ៉ែរញ៉ៃរបៀបហ្នឹង អ៊ីរ៉ង់ក៏អាចដកខ្លួនចេញពីកិច្ចព្រមព្រៀងនោះដែរ។ តែបើតាមមើលទៅ អ្វីដែលអ៊ីរ៉ង់បានគំរាមគ្រាន់តែជាការចង់ផ្គើនដាក់លោកត្រាំវិញប៉ុណ្ណោះ ព្រោះអ៊ីរ៉ង់ក៏បានដឹងខ្លួនឯងថា កិច្ចព្រមព្រៀងនោះបានអនុញ្ញាតឲ្យខ្លួនទទួលបានប្រយោជន៍សេដ្ឋកិច្ចត្រឡប់វិញច្រើនណាស់ ពិសេសពីក្រុមប្រទេសផ្សេង ក្រៅពីអាមេរិក។ ម្យ៉ាងទៀត ក្រុមប្រទេសហត្ថលេខីផ្សេង រួមទាំងសហគមន៍អន្តរជាតិក៏កំពុងបន្តការពារកិច្ចព្រមព្រៀងដែលគេយល់ថា ជាកិច្ចព្រមព្រៀងមួយសំខាន់ខ្លាំងណាស់ និងដែលគេមិនអាចនឹងរកកិច្ចព្រមព្រៀងណាផ្សេងឲ្យបានប្រសើរជាងនេះស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ឡើយ។
ម្យ៉ាងទៀត រឿងលោកដូណាល់ ត្រាំគំរាមចង់ដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្តរជាតិនេះ ឬនោះជារឿងមួយដែលលោកត្រាំធ្លាប់បានធ្វើ និងដែលគ្រប់ធ្លាប់បានឮសឹងតែគ្រប់ពេល។ ជាក់ស្តែង លោកត្រាំបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុ។ ដូច្នេះ បើលោកត្រាំសម្រេចដកអាមេរិកចេញពីកិច្ចព្រមព្រៀងអន្តរជាតិមួយទៀតក៏គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើល និងអាចជាអ្វីដែលគ្រប់គ្នាកំពុងរង់ចាំផង។ ចូរកុំភ្លេចថា ទំរាំតែទទួលបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ក្នុងឆ្នាំ ២០១៥ អ៊ីរ៉ង់ អាមេរិក រួមទាំងប្រទេសពាក់ព័ន្ធផ្សេងទៀតបានចំណាយពេលចរចាអស់ជាច្រើនឆ្នាំ និងបានធ្វើសម្បទានឲ្យគ្នាទៅវិញ ទៅមកច្រើនណាស់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ