អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​បាន​ជា​លោក​ដូណាល់ ត្រាំ​បន្ត​តាម​ឆ្កឹះឆ្កៀល​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ក្នុង​ឆ្នាំ ២០១៥?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​សុក្រ ទី១២ មករា លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​យល់ព្រម​ឲ្យ​បន្ត​ការ​ព្យួរទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់។ តែ​លោក​ត្រាំ​បាន​បញ្ជាក់​ដោយ​ព្រមាន​ថា លោក​ទុក​ពេល ១២០ថ្ងៃ​ឲ្យ​ប្រទេស​ដៃគូ​អឺរ៉ុប​បើក​កិច្ចចរចា​ឡើង​វិញ​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ពាក់កណ្តាល​ខែ​កក្កដា ឆ្នាំ ២០១៥។ លោក​ដូណាល់ ត្រាំ​បាន​ព្រមាន​បន្ថែម​ថា អាមេរិក​នឹង​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង បើ​គ្មាន​ការ​ចរចា​ឡើង​វិញ​លើ​កិច្ចព្រមព្រៀង​នោះ​ទេ។ អ៊ីរ៉ង់​បាន​បញ្ចេញ​ប្រតិកម្ម​តប​វិញ​ក្នុង​ថ្ងៃ​សៅរ៍ ទី១៣ នេះ​ថា កិច្ចព្រមព្រៀង​នោះ​មិន​អាច​ចរចា​ឡើង​វិញ​បាន​ឡើយ។ ចំណែក​ប្រទេស​ហត្ថលេខី​ផ្សេង​ក៏​បាន​បញ្ជាក់​ពី​ការ​បន្ត​រក្សា​ទុក​នូវ​កិច្ចព្រមព្រៀង​នោះ​ដែរ។

លោក​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ
លោក​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើកទី៣ ហើយ​ដែល​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​យល់ព្រម​ឲ្យ​បន្ត​ការ​ព្យួរ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​អាមេរិក​លើ​ប្រទេស​អ៊ីរ៉ង់។ ការ​ព្យួរ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​អាមេរិក​លើ​អ៊ីរ៉ង់​នេះ​បាន​ធ្វើ​ឡើង​ដោយ​អនុលោម​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃទី១៤ កក្កដា ឆ្នាំ ២០១៥ ដោយ​ភាគី​អ៊ីរ៉ង់ និង​សហគមន៍​អន្តរជាតិ​មាន​ចិន រុស្ស៊ី បារាំង អាល្លឺម៉ង់ អង់គ្លេស និង​អាមេរិក​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា។ តែ​លោក​ត្រាំ​បាន​ព្រមាន​នៅ​ថ្ងៃ​សុក្រ ទី១៣ មករា​ថា ការ​ព្យួរ​លើក​ទី៣ នេះ​ជា​លើក​ចុងក្រោយ និង​ជា​សំណាង​ចុង​ក្រោយ​ដោយ​លោក​ទុក​ពេល ៣ខែ​ឲ្យ​ប្រទេស​ដៃគូ​ផ្សេង ពិសេស​អឺរ៉ុប​ឲ្យ​ពិនិត្យ​សើរើ​មើល​ឡើង​វិញ​លើ​កិច្ចព្រមព្រៀង​នោះ។

បើ​ពុំ​នោះ​សោត​ទេ អាមេរិក​នឹង​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នោះ​ជា​ស្ថាពរ។ គួរ​ជម្រាប​ជូន​ថា នេះ​មិនមែន​ជា​លើកទី១​ទេ​ដែល​លោក​ត្រាំ​បាន​ចេញ​មុខ​រក​រឿង​ឆ្កឹះកកាយ​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ តាំង​ពី​ក្នុង​សម័យ​ឃោសនា​បោះឆ្នោត លោក​ត្រាំ​តែង​គំរាម​ម្តង​ជា​ពីរ​ដង​ពី​ការ​ដុតចោល និង​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នោះ។ ហេតុផល​របស់​លោក​ត្រាំ​គឺ​ថា អ៊ីរ៉ង់​ជា​ប្រទេស​ទី១ ដែល​គាំទ្រ​ភេរវនិយម​ក្នុង​លោក ជា​ប្រទេស​បង្ក​អស្ថិរភាព​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា ជា​ប្រទេស​ដែល​កំពុង​បន្ត​អភិវឌ្ឍន៍​កម្មវិធី​គ្រាប់មីស៊ីល​បាលីស្ទិក និង​ជា​ប្រទេស​រំលោភបំពាន​សិទ្ធិមនុស្ស។ នៅ​ក្នុង​ន័យ​នេះ លោក​ត្រាំ​បាន​លើក​ភស្តុងតាង​នៃ​ការ​វាយបង្រ្កាប​លើ​ហ្វូង​បាតុករ​អ៊ីរ៉ង់​ពី​សំណាក់​សម្លាំង​ប៉ូលិស និង​ទាហាន​នា​ព្រឹត្តិការណ៍​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ថ្មីៗ​នៅ​អ៊ីរ៉ង់​កន្លង​ទៅ។

លោក​ត្រាំ​ព្រមាន​ថា បើ​គ្មាន​ការ​ចរចា​ឡើង​វិញ អាមេរិក​នឹង​ដក​ខ្លួន

លោក​ដូណាល់ ត្រាំ​បាន​ទុក​ពេល ១២០ថ្ងៃ​ឲ្យ​ប្រទេស​ដៃគូ​អឺរ៉ុប​ចរចា​ឡើង​វិញ​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ក្នុង​ឆ្នាំ ២០១៥។ បើ​ពុំ​នោះ​សោត​ទេ អាមេរិក​នឹង​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នោះ។ លោក​ត្រាំ​មិន​បាន​បញ្ជាក់​ពី​ចំណុច​ដែល​ត្រូវ​ចរចា​ឡើង​វិញ​ទេ គ្រាន់​តែ​លោក​យល់​ថា កិច្ចព្រមព្រៀង​នោះ​នៅ​មាន​លក្ខណៈ​ធូរស្រាល​ខ្លាំង បើ​ធៀប​នឹង​ទង្វើ​ជាក់ស្តែង​របស់​អ៊ីរ៉ង់​នា​ពេល​បច្ចុប្បន្ន។ អ្វី​ដែល​លោក​ត្រាំ​ចង់​បាន គឺ​ចង់​ឲ្យ​ប្រទេស​ដៃគូ​ហត្ថលេខី​ផ្សេង​ពិនិត្យ​សើរើ​មើល​ឡើង​វិញ​លើ​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ រួច​អនុម័ត​ចេញ​នូវ​កិច្ចព្រមព្រៀង​ថ្មី​ដែល​មាន​លក្ខណៈ​តឹងតែង​ជា​មុន។

នៅ​ក្នុង​ន័យ​នេះ លោក​ត្រាំ​ចង់​បាន​កិច្ចព្រមព្រៀង​ថ្មី​ដែល​ដាក់​គំនាប​បន្ថែម​លើ​អ៊ីរ៉ង់​ទាក់ទង​នឹង​បញ្ហា​រំលោភ​សិទ្ធិមនុស្ស ការ​អភិវឌ្ឍន៍​កម្មវិធី​គ្រាប់មីស៊ីល​បាលីស្ទិក ឬ​មួយ​ក៏​ឥទ្ធិពល​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់​ជា​ដើម។ គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃទី១៤ កក្កដា ឆ្នាំ ២០១៥ បាន​ផ្តោត​សំខាន់​តែ​លើ​ចំណុច​មួយ​ចំនួន​រួម​មាន ទី១ អ៊ីរ៉ង់​យល់​ព្រម​កាត់​បន្ថយ​បរិមាណ​នុយក្លេអ៊ែរ ដូច​យ៉ាង​កាត់បន្ថយ​ចំនួន​ស្តុក​សារធាតុ​អ៊ុយរ៉ាញ៉ូម ឬ​ចំនួន​គ្រឿង​បញ្ចេះ​នុយក្លែអ៊ែរ​ក្នុង​គោលដៅ​រារាំង​អ៊ីរ៉ង់​មិន​ឲ្យ​មាន​លទ្ធភាព​ក្នុង​ការ​ផលិត​គ្រាប់បែក​បរមាណូ និង​ទី២ អ៊ីរ៉ង់​យល់ព្រម​ឲ្យ​ទីភ្នាក់ងារ​ថាលពល​បរមាណូ​អន្តរជាតិ​ចូល​ទៅ​ពិនិត្យ​ជា​ប្រចាំ​នៅ​តាម​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​របស់​ខ្លួន។

កិច្ចព្រមព្រៀង​ដែល​បាន​ចូល​ជា​ធរមាន​តាំង​ពី​ថ្ងៃទី១៦ មករា ឆ្នាំ ២០១៦ បាន​អនុញាត​ឲ្យ​មាន​ការ​លើក​ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​ចេញ​ពី​អ៊ីរ៉ង់។ តែ​នៅ​ខាង​ភាគី​អាមេរិក ទន្ទឹម​នឹង​ការ​ព្យួរ​ទណ្ឌកម្ម​របស់​ខ្លួន​លើ​អ៊ីរ៉ង់​ដោយ​អនុលោម​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នោះ រដ្ឋបាល​របស់​លោក​ត្រាំ​ក៏​កំពុង​បន្ថែម និង​បន្តឹង​ទណ្ឌកម្ម​ថ្មី​លើ​អ៊ីរ៉ង់​ក្នុង​សំណុំរឿង​ផ្សេង ដូច​យ៉ាង​រឿង​រំលោភ​សិទ្ធិមនុស្ស និង​កម្មវិធី​គ្រាប់មីស៊ីល​បាលីស្ទិក។ ជាក់ស្តែង​នា​ថ្ងៃ​សុក្រ ទី១២ មករា ក្រសួង​សេដ្ឋកិច្ច​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល ឬ​ស្ថាប័ន​អ៊ីរ៉ង់​ចំនួន ១៤ ពី​បទរំលោភ​សិទ្ធិមនុស្ស ពិសេស​សំដៅ​លើ​ប្រមុខ​តុលាការ​ដែល​បាន​កាត់ទោស​ដាក់​គុក​បាតុករ​អ៊ីរ៉ង់​ជា​ច្រើន​នាក់​ក្នុង​ព្រឹត្តិការណ៍​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ថ្មីៗ​នេះ។

អ៊ីរ៉ង់​បដិសេធមិន​ចរចា​ឡើង​វិញ ចំណែក​ក្រុម​ប្រទេស​ហត្ថលេខី​ផ្សេង​បន្ត​ការពារ​កិច្ចព្រមព្រៀង

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ចេញ​ផ្សាយ​ថ្ងៃ​សៅរ៍ ទី១៣ មករា​បាន​បញ្ជាក់​ច្បាស់ៗ​ថា សាធារណរដ្ឋ​អ៊ីរ៉ង់​នឹង​មិន​ទទួល​យក​វិធានការ​ណា​បន្ថែម​ទៀត​ក្រៅ​ពី​វិធានការ​ដែល​មាន​ចែង​ស្រាប់​នៅ​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ ២០១៥ ឡើយ ទោះ​នៅ​ថ្ងៃ​នេះ ឬ​នៅ​ថ្ងៃ​ខាង​មុខ​ក្តី។ សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ថែម​ថា អ៊ីរ៉ង់​នឹង​មិន​អនុញ្ញាត​ឲ្យ​យក​សំណុំរឿង​ផ្សេង​ទៅ​ភ្ជាប់​ជាមួយ​នឹង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នោះ​ទេ។ បន្ទាប់​មក ក្រសួង​ការបរទេស​អ៊ីរ៉ង់​ក៏​បាន​ចោទ​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ពី​បទ​តាម​រក​រឿង​ឈ្លានីស​លើ​ពលរដ្ឋ​អ៊ីរ៉ង់។ ប្រតិកម្ម​របស់​ក្រសួង​ការបរទេស​អ៊ីរ៉ង់​ថ្ងៃ​សៅរ៍ ទី១៣ មករា​នេះ​បាន​ធ្លាក់​មក បន្ទាប់​ពី​លោក​ប្រមុខ​ការទូត​អ៊ីរ៉ង់​ហ្សារីស្វ​បាន​ចោទ​លោក​ត្រាំ​នៅ​យប់​ថ្ងៃ​សុក្រ ទី១២ មករា​ពី​បទ​បាន​ព្យាយាម​កម្ទេច​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ ប្រឆាំង​នឹង​អ៊ីរ៉ង់​ក៏​ដូច​ជា​ប្រឆាំង​នឹង​ក្រុមប្រទេស ៥បូក១។

ក្រុម​ប្រទេស ៥ បូក១ ដែល​មាន​បារាំង អាល្លឺម៉ង់ អង់គ្លេស ចិន និង​រុស្ស៊ី​ហាក់​បាន​មូលមតិ​គ្នា​បន្ត​គាំទ្រ​លើ​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ និង​មិន​យល់ស្រប​តាម​សំណើ​របស់​លោក​ដូណាល់ ត្រាំ​ទេ។ ប៉ារីស ប៊ែរឡាំង និង​ទីក្រុង​ឡុងដ៏​ក៏​បាន​យល់​ពី​ក្តី​បារម្ភ​របស់​វ៉ាស៊ីនតោន​ក្នុង​បញ្ហា​សិទ្ធិមនុស្ស​នៅ​អ៊ីរ៉ង់ មហិច្ឆតា​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់ ឬ​មួយ​ក៏​ការ​បន្ត​អភិវឌ្ឍន៍​គ្រាប់មីស៊ីល​បាលីស្ទិក​របស់​អ៊ីរ៉ង់ តែ​ពួក​គេ​យល់​ថា មិន​ចាំ​បាច់​លើ​យក​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ទៅ​ចរចា​ឡើង​វិញ​ទេ។ អ្វី​ដែល​ប្រទេស​អឺរ៉ុប​ទាំង ៣ ចង់​បញ្ជាក់​នោះ​គឺ​ថា គ​ត្រូវ​ចែក​ឲ្យ​ដាច់​ពី​គ្នា​រវាង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​មាន​ស្រាប់ និង​សំណុំរឿង​ផ្សេង​ទៀត​ដែល​កំពុង​មាន​នៅ​អ៊ីរ៉ង់​សព្វថ្ងៃ។

អាមេរិក​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​អន្តរជាតិ​មិនមែន​ជា​រឿង​ភ្ញាក់ផ្អើល

អ្វី​ដែល​គេ​បារម្ភ​ខ្លាំង​ជាង​គេ ប្រហែល​មិនមែន​ខ្លាច​អាមេរិក​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នោះ​ទេ តែ​ខ្លាច​ខាង​អ៊ីរ៉ង់​ឯណោះ​វិញ​ទេ ព្រោះ​ថា អ៊ីរ៉ង់​ធ្លាប់​បាន​ព្រមាន​តប​នឹង​លោក​ត្រាំ​ថា បើ​វា​រញ៉ែរញ៉ៃ​របៀប​ហ្នឹង អ៊ីរ៉ង់​ក៏​អាច​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នោះ​ដែរ។ តែ​បើ​តាម​មើល​ទៅ អ្វី​ដែល​អ៊ីរ៉ង់​បាន​គំរាម​គ្រាន់​តែ​ជា​ការ​ចង់​ផ្គើន​ដាក់​លោក​ត្រាំ​វិញ​ប៉ុណ្ណោះ ព្រោះ​អ៊ីរ៉ង់​ក៏​បាន​ដឹង​ខ្លួន​ឯង​ថា កិច្ចព្រមព្រៀង​នោះ​បាន​អនុញ្ញាត​ឲ្យ​ខ្លួន​ទទួល​បាន​ប្រយោជន៍​សេដ្ឋកិច្ច​ត្រឡប់​វិញ​ច្រើន​ណាស់ ពិសេស​ពី​ក្រុមប្រទេស​ផ្សេង ក្រៅ​ពី​អាមេរិក។ ម្យ៉ាង​ទៀត ក្រុមប្រទេស​ហត្ថលេខី​ផ្សេង រួម​ទាំង​សហគមន៍​អន្តរជាតិ​ក៏​កំពុង​បន្ត​ការពារ​កិច្ចព្រមព្រៀង​ដែល​គេ​យល់​ថា ជា​កិច្ចព្រមព្រៀង​មួយ​សំខាន់​ខ្លាំង​ណាស់ និង​ដែល​គេ​មិន​អាច​នឹង​រក​កិច្ចព្រមព្រៀង​ណា​ផ្សេង​ឲ្យ​បាន​ប្រសើរ​ជាង​នេះ​ស្តីពី​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឡើយ។

ម្យ៉ាង​ទៀត រឿង​លោក​ដូណាល់ ត្រាំ​គំរាម​ចង់​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​អន្តរជាតិ​នេះ ឬ​នោះ​ជា​រឿង​មួយ​ដែល​លោក​ត្រាំ​ធ្លាប់​បាន​ធ្វើ និង​ដែល​គ្រប់​ធ្លាប់​បាន​ឮ​សឹង​តែ​គ្រប់​ពេល។ ជាក់ស្តែង លោក​ត្រាំ​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ។ ដូច្នេះ បើ​លោក​ត្រាំ​សម្រេច​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ​ទៀត​ក៏​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​អាច​ជា​អ្វី​ដែល​គ្រប់​គ្នា​កំពុង​រង់ចាំ​ផង។ ចូរ​កុំ​ភ្លេច​ថា ទំរាំ​តែ​ទទួល​បាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ក្នុង​ឆ្នាំ ២០១៥ អ៊ីរ៉ង់ អាមេរិក រួម​ទាំង​ប្រទេស​ពាក់ព័ន្ធ​ផ្សេង​ទៀត​បាន​ចំណាយ​ពេល​ចរចា​អស់​ជា​ច្រើន​ឆ្នាំ និង​បាន​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក​ច្រើន​ណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ