ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/11 12h00 GMT

ជំនួប​កំពូល​​ទ្វេភាគី​​បារាំង-អង់គ្លេស​​​​​ផ្តោត​លើ​​វិបត្តិ​​​អន្តោប្រវេសន៍​

ជំនួប​កំពូល​​ទ្វេភាគី​​បារាំង-អង់គ្លេស​​​​​ផ្តោត​លើ​​វិបត្តិ​​​អន្តោប្រវេសន៍​
 
លោកស្រី​តេរេសា មៃ និង​លោក​ម៉ាក្រុង REUTERS/Luc Gnago

ថ្ងៃព្រហស្បតិ៍​នេះ ​ប្រធានាធិបតី​បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង និង​នាយករដ្ឋមន្ត្រី​អង់គ្លេស ​លោកស្រី​ តេរេសា មៃ ជួបពិភាក្សា​គ្នា​ នៅសាលាយោធា​អង់គ្លេសSandhurst នៅភាគខាងត្បូង​ទីក្រុង​ឡុងដ៍។ ជំនួប​នេះ​ស្ថិត​ក្នុង​ក្របខណ្ឌ​នៃ​ជំនួប​កំពូល​ទ្វេភាគី​លើកទី​៣៥​រវាង​បារាំង​និង​អង់គ្លេស។ មេដឺកនាំ​បារាំង​និង​អង់គ្លេស​គ្រោងជជែកគ្នា ​ពី​កិច្ចសហ ប្រតិបត្តិការ​ទ្វេភាគី ពិសេស​​វិបត្តិ​អន្តោប្រវេសន៍តែម្តង។

បារាំង​និង​អង់គ្លេស​គ្រោង​ចុះហត្ថលេខា​លើ​សន្ធិសញ្ញាថ្មី បំពេញ​លើ​សន្ធិសញ្ញា​Touquet ​ឆ្នាំ២០០៣

ប្រធានបទ​ពិភាក្សារវាង​មេដឺកនាំ​បារាំង លោក​ម៉ាក្រុង និង​មេដឺកនាំ​អង់គ្លេស លោកស្រី​តេរេសា មៃ ក្នុង​ជំនួប​កំពូល​បារាំង-អង់គ្លេស ថ្ងៃនេះ ​ផ្តោត​លើ​បញ្ហា​អន្តោប្រវេសន៍។ តាមធម្មតា លោក​ម៉ាក្រុង​និង​លោកស្រី​មៃ ត្រូវ​ចុះហត្ថលេខា លើ​សន្ធិសញ្ញា​ថ្មីមួយ ​ក្នុង​​ក្របខណ្ឌ​សន្ធិសញ្ញាឈ្មោះថាទូកេ​ Touquet ​ឆ្នាំ២០០៣។

សន្ធិសញ្ញា​ថ្មីនេះ ​ជា​ខ្លឹមសារ​បន្ថែម​ទៅក្នុង​សន្ធិសញ្ញា​ទ្វេភាគី​បារាំង-អង់គ្លេស​ឆ្នាំ២០០៣​នេះឯង។ សន្ធិសញ្ញា​ថ្មី​នេះ​មានទិសដៅដោះស្រាយ​ក្រដាសស្នាម​របស់​ជនភៀសខ្លួន​ដែល​ចង់ធ្វើដំណើរ​ទៅ​អង់គ្លេស​អោយបាន​ប្រសើរ​ និង​ឆាប់រហ័ស​ជាងមុន។ ​ខ្លឹមសារ​សន្ធិសញ្ញា​ផ្តោត​លើ​ក្មេង​មិនទាន់​គ្រប់​អាយុ ​ដែល​គ្មាន​អាណាព្យាបាល​ ​ហើយ​កំពុង​ជាប់​ខ្លួន​​ក្នុង​ទឹកដី​បារាំង ​ហើយ​ដែ​លចង់​ទៅ​សុំសិទ្ធិជ្រកកោន​នៅអង់គ្លេស។ ​​ជាទូទៅ មាន​ក្មេងៗខ្លះ ​មាន​គ្រួសារ​រស់នៅ​អង់គ្លេស​រួចហើយ ​ដូច្នេះពួកគេ​អាច​ទៅ​រស់នៅ​​ជាមួយ​គ្រួសារ​ពួកគេ​ នៅ​អង់គ្លេស​បាន។ បារាំង​ចង់អោយ​ការពិនិត្យ​​ឯកសារ​ពួកគេ​​អាច​ធ្វើបាន​រហ័ស កុំអោយ​រង់ចាំ​យូរថ្ងៃ​ពេក។ ​ ​

ដូចជំរាប​មកខាងដើម ​ខ្លឹមសារ​សន្ធិសញ្ញា​ថ្មី ដែល​បារាំង​និង​អង់គ្លេស​ត្រូវចុះ​ហត្ថលេខា​ ​ជាខ្លឹមសារ​បន្ថែម​លើ​សន្ធិសញ្ញា​ទូកេ ឆ្នាំ២០០៣។ ប្រធានាធិបតី​បារាំង ម៉ាក្រុង កាលពី​នៅ​ធ្វើជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​បារាំង ក្នុង​អាណត្តិ​លោក​ហូឡង់ កាលនោះលោក​ម៉ាក្រុងធ្លាប់​ព្រមាន​អង់គ្លេស​ថា ​បើ​ហ៊ានតែ​មាន​ករណី​ប្រិចស៊ីត ​លោក​នឹង​រករឿង​ខ្លឹមសារ​កិច្ចព្រមព្រៀង​​ទូកេ​នេះឡើងវិញ។ ប៉ុន្តែ ឥឡូវនេះ ​លោក​ម៉ាក្រុង​មិន​ចង់​​​​រករឿង​អង់គ្លេស​ទេ ទោះ​ជា​អង់គ្លេស​បោះឆ្នោត​ដើរចេញ​ពី​អឺរ៉ុប​ក៏ដោយ​។ បារាំង​គ្រាន់តែ​ចង់​បន្ថែម​ខ្លឹមសារ​បន្ថែម​ទៅលើ​សន្ធិសញ្ញា​នេះ​ ដើម្បី​កែលម្អ​សន្ធិសញ្ញា​នេះអោយប្រសើរ​ប៉ុណ្ណោះ។ សភា​បារាំង​និង​អង់គ្លេសក៏​​ត្រូវអនុម័ត​សន្ធិសញ្ញា​ថ្មីនេះដែរ ក្នុង​ពេល​ខាងមុខ។

លោក​ម៉ាក្រុង​ចង់​ឆ្លៀត​សង្កត់​អង់គ្លេស ដោយសារ​Brexit ?

សន្ធិសញ្ញាទូកេ ​​ឆ្នាំ២០០៣ ត្រូវបាន​គេមើលឃើញថា នាំ​អោយ​បារាំង​ខាត​ប្រយោជន៍​ច្រើន ប្រៀ​បនឹង​អង់គ្លេស។ យោងតាម​សន្ធិសញ្ញា​ទូកេ ​ក្នុង​ការ​ដោះស្រាយ​ចាត់ចែង​ការធ្វើដំណើរ​​​ចូល​ទៅទឹកដី​​អង់គ្លេស ​គឺ​ខាង​ប៉ូលិស​និង​ពន្ធដារ​អង់គ្លេស ​ជាអ្នក​ត្រួត​ពិនិត្យ​ក្នុង​ទឹកដី​បារាំងទៅវិញ មិនមែន​ខាងបារាំង​ត្រួត​ទេ។ ដោយសារតែ​រឿងនេះ ទើប​កាលនៅ​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច លោក​ម៉ាក្រុង​ធ្លាប់​ព្រមាន​រុញ​​ជនអន្តោប្រវេសន៍​អោយ​ទៅនៅ​ខាង​ទឹកដី​អង់គ្លេស​តែម្តង កុំអោយ​មកនៅ​កាឡេ ក្នុង​ទឹកដី​បារាំង ព្រោះ​​​រញ៉េរញ៉ៃ​ដល់​​​បារាំងហើយ បែរជា​អង់គ្លេស​មកត្រួតលើ​​បារាំង​​​មួយជាន់​ទៀត។

រឿងជនភៀសខ្លួន​នៅ​កាឡេ​នេះ​ វា​ចម្រូងចម្រាស។ កាឡេ ស្ថិត​ក្នុង​ទឹកដី​បារាំង។ ​ខែតុលា​ឆ្នាំ២០១៦ បារាំង​ធ្លាប់គាស់រំលើង​ជុំរុំ​កាឡេ បញ្ជូន​ជនអន្តោប្រវេសន៍​៧៤០០នាក់ អោយទៅ​នៅ​តាម​មណ្ឌល​ផ្សេងៗ​ទូទាំង​ប្រទេស​បារាំង។ តែ​សព្វថ្ងៃ​ក៏​នៅតែ​មាន​ជន​អន្តោប្រវេសន៍​មកបោះ​ទីតាំង​នៅ​កាឡេដដែល មាន​ដល់​ជាង​៣០០នាក់​ហើយ​ឥឡូវនេះ។ ដោយសារ​រឿងនេះ លោក​ម៉ាក្រុង​បាន​រិះគន់​សមាគម​ផ្សេងៗថា បណ្តែតបណ្តោយ​អោយ​ជនភៀសខ្លួន​នៅខុសច្បាប់ លើក​ទឹកចិត្តពួកគេ​អោយ​ឆ្លង​ដែន​ទៅ​ដល់​អង់គ្លេស​ក្បែរនោះ។

ការគ្រប់គ្រង​និង​ចាត់ចែង​ជនភៀសខ្លួន​​នៅ​កាឡេ​ វា​មានស្រួលសម្រាប់​បារាំង​​ឯណា។ វា​ធ្វើអោយ​សេដ្ឋកិច្ចតំបន់​កាឡេ​ធ្លាក់ចុះ។ ភ្ញៀវ​ទេសចរ​មក​ទស្សនា​កាឡេ​ធ្លាក់ចុះ ការរកស៊ី​​អ្នកស្រុក​កាឡេ​ក៏​ទទួល​ចំណូល​តិចជាង​មុន​ ​អាច​ខាតរហូត​ដល់​ទៅ​៥០ភាគរយ​ផង បើ​​តាមដឹង។ បារាំង​ក្រពុល​មុខ​យ៉ាងនេះ​ទៅហើយ ​អង់គ្លេស​ធ្វើព្រងើយ ហើយ​តែង​បន្ទោស​ថា បារាំង​បណ្តោយ​អោយ​ជនភៀសខ្លួនរត់មក​ខាង​អង់គ្លេស​ទៅវិញ។ ​​

ពេលនេះ ក្រៅពី​សន្ធិសញ្ញា​ថ្មី​កែលម្អ​សន្ធិសញ្ញា​ទូកេ បារាំង​ចង់អោយ​អង់គ្លេស​បង្ហាញ​បំណង​ល្អ​ ​ជួយ​ចេញ​ថវិកា​ចូលរួម​ការអភិវឌ្ឍ​សេដ្ឋកិច្ច​តំបន់​កាឡេ​ កុំអោយ​បារាំង​ធ្វើតែ​ឯងពេក។ បារាំង​ប្រហែល​ជា​មិនពិបាក​សម្រេច​បំណង​មួយនេះ​ទេ ព្រោះថា ពេលនេះ ក្នុងស្រុក​អង់គ្លេស ​​នាយករដ្ឋមន្ត្រី​​ តេរេសា​ មៃ​ ​ធ្លាក់​ប្រជាប្រិយភាព​​ ហើយ​អង់គ្លេស​ត្រូវ​ចាកចេញ​ពី​អឺរ៉ុប នៅ​ឆ្នាំ​២០១៩​ក្នុង​​ក្របខណ្ឌ​ប្រិចស៊ីតទៀត។ អង់គ្លេស​ត្រូវតែ​ចេះ​បន្ទន់​ជំហរ​បើ​មិនចង់​ខាតប្រយោជន៍

ដោយសារ​រឿងនេះ ​អាច​មានការ​គិតថា ​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង​ ចង់​​ឆ្លៀតក្នុង​ជំនួប​កំពូល​ទ្វេភាគីថ្ងៃ​នេះ ​សង្កត់​អង់គ្លេស ទាញ​យក​ប្រយោជន៍​មកអោយ​បារាំងវិញ។ គឺតាម​រយៈ​ការដែល​អង់គ្លេស​ត្រូវ​ជួយចេញ​ប្រាក់កាស ​​អភិវឌ្ឍន៍​តំបន់​កាឡេ​នេះឯង។ ​តែថា​​លោក​ម៉ាក្រុង​​​ទៅ​សង្កត់​អង់គ្លេស​​​ក៏​មិនអាចសង្កត់​អ្វី​ហួសពីនេះ​ដែរ ព្រោះអ្វីៗ​វា​ស្ថិត​ក្នុង​ទំនាក់ទំនង​ទ្វេភាគី។ បើ​អោយ​បារាំង​គ្រប់គ្រង​ជនអន្តោប្រវេសន៍​តែ​ម្នាក់ឯង ហើយ​ខាងអង់គ្លេស​វិញ ដឺងតែបិទទ្វារ​មិនទទួល ក៏ពិបាក​ដែរ។

​ប្រជាមតិ​អង់គ្លេស សម្រេច​ដើរចេញពីអឺរ៉ុប ​​ជាឧទាហរណ៍​បង្ហាញថា អង់គ្លេស​មិនចង់​ទទួល​យក​ជនអន្តោប្រវេសន៍​ដែល​ចរាចរណ៍​សេរី​នៅ​អឺរ៉ុប ​អោយ​មក​បង្ក​បញ្ហា​សេដ្ឋកិច្ច​អង់គ្លេស​ទេ អង់គ្លេស​ព្រមទទួល​តែ​ជនណា​មានសត្ថភាព​ថ្វីដៃ​ក្នុង​សេដ្ឋកិច្ច​ប៉ុណ្ណោះ អោយ​មករស់នៅ​អង់គ្លេស។ តែឥឡូវ ដោះដៃ​ពី​អឺរ៉ុប មានស្រួល​ឯណា ត្រូវ​តែ​ឆ្លងកាត់​ទំនាក់ទំនងទ្វេភាគីអន្តោប្រវេសន៍​ដដែល​ជា​ដដែល​ហ្នឹង។ នេះ​គេ​ហៅថា តំរិះ​ជិះកឯង អង់គ្លេស​មិនអាច​ដើរខ្សែលើ ​ខុស​គុណធម៌​យ៉ាងនេះ​ទេ។

គ្រាន់តែអង់គ្លេស​កំពុង​ជា​សមាជិក​អឺរ៉ុប​ឥឡូវនេះផង​​ អង់គ្លេស​តំរូវ​ទៅហើយ​ ​អោយ​​ជនបរទេស​​ដែល​ធ្វើដំណើរ​មក​អឺរ៉ុប បើ​ចង់​ទៅ​អង់គ្លេស ត្រូវ​សុំ​វីសា​ផ្សេង​ដោយឡែក​ទៀត។ អឺរ៉ុប​ព្រមអោយ​អង់គ្លេស​ធ្វើដូច្នេះ ចាត់ទុក​ថា ប្រសើរ​ហើយ។ ​ឥឡូវ​អង់គ្លេស​ចង់ដោះដៃ​ពី​អឺរ៉ុប ក៏​ប្រហែល​មិនបាន​ប្រយោជន៍​អ្វី​លើសពីនេះដែរ។

ឧទាហរណ៍​មួយទៀត ខាងសហរដ្ឋ​អាមេរិក​ជាដៃគូអង់គ្លេស​វិញ ក៏​មិនពេញចិត្ត​នឹង​ប្រិចស៊ីត​នេះ​ប៉ុន្មានដែរ។ អង់គ្លេស​ចង់ចរ​ចា​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​អាមេរិក តែ​អាមេរិក​មើលឃើញ​សហភាព​អឺរ៉ុប​ជាអាទិភាព​ទ្វេភាគី​នៅ​អឺរ៉ុប មិនអាច​ចរចា​ជាមួយ​អង់គ្លេស​បាន​ទេ បើ​អង់គ្លេស​មិនទាន់ចេញ​ផុត​ពី​អឺរ៉ុប។ បើ​និយាយ​ពី​លោក​ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក​វិញ លោក​មិនពេញចិត្ត​លោកស្រី​តេរេសា មៃ​ ប៉ុន្មានទេ​តាមមើល។​ ថ្មីៗនេះ ​លោក​បាន​បដិសេធ​ដំណើរ​​ ទស្សនកិច្ច​នៅ​អង់គ្លេស​៕ ​ ​ ​​


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • បារាំង​សង់ជញ្ជាំង​ការពារ​កុំ​ឱ្យ​ជន​ភៀស​ខ្លួន​រត់​ឆ្លង​ទៅ​អង់គ្លេស

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    បារាំង ៖ មួយឆ្នាំក្រោយ ការ​បំបែក​​ជំរំ​អន្តោប្រវេសន៍​កាឡេ

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    ក្រុងធំៗ ប្រជែងគ្នា​ដើម្បី​ដណ្តើម​យក​ស្ថាប័ន​អឺរ៉ុប​ដែល​រើកញ្ជើ​ចេញ​ពី​ក្រុងឡុងដ៍

    ស្វែងយល់បន្ថែម

  • បារាំង-អង់គ្លេស-ភេរវកម្ម

    នាយករដ្ឋមន្ត្រី​អង់គ្លេស​មក​ជួប​ប្រធានាធិបតី​បារាំង មើល​ការ​ប្រកួត​បាល់ទាត់ និង​និយាយ​ពីបញ្ហា​ភេរវកម្ម

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ