បារាំងដាក់ទណ្ឌកម្មលើក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធនឹងការផលិតអាវុធគីមី នៅស៊ីរី
រដ្ឋាភិបាលបារាំង នៅថ្ងៃអង្គារទី២៣ មករា បានចេញក្រឹត្យមួយ បង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ចំនួន ២៥ និងអ្នកទទួលខុសត្រូវរបស់ក្រុមហ៊ុន ស៊ីរី ផ្សេងទៀត ដែលជាប់សង្ស័យ ថា បានផលិតអាវុធគីមី។ រដ្ឋាភិបាលបារាំង ដដែល នៅថ្ងៃនេះ ជាអ្នកផ្តួចផ្តើមគំនិត រៀបចំសន្និសីទអន្តរជាតិ ដើម្បីនិយាយពីនិទណ្ឌភាព និងការប្រើប្រាស់អាវុធគីមី នៅក្នុងប្រទេសស៊ីរី។ សន្និសីទនេះបើកធ្វើ នៅមួយថ្ងៃក្រោយ របបស៊ីរី ត្រូវបានចោទប្រកាន់ជាថ្មី ថា បានប្រើប្រាស់អាវុធ គីមី ដើម្បីវាយប្រហារទៅលើក្រុមឧទ្ទាម នៅភាគខាងកើតក្រុងដាម៉ាស កាលពីថ្ងៃចន្ទ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៥២
នៅក្នុងសន្និសីទ រៀបចំឡើងដោយក្រុងប៉ារីស និងដែលមានចូលរួមពីរដ្ឋមន្រ្តីការបរទេសអាមេរិក លោករេច ធីល័រសុន អ្នកតំណាងមកពីប្រទេសជិត ៣០ ត្រូវជួបពិភាក្សា គ្នា ដើម្បីរិះរកវិធានការ ដាក់ទណ្ឌកម្ម ទៅលើអ្នកដែលទទួលខុសត្រូវឲ្យមានការប្រើប្រាស់អាវុធ គីមី នៅក្នុងប្រទេសស៊ីរី។ ជាក់ស្តែងទៅ អ្នកតំណាងរបស់ប្រទេសទាំង២៩ នឹងចែករំលែកព័ត៌មាន និងបង្កើតតារាង ឈ្មោះរបស់បុគ្គល ក្រុមហ៊ុន ដែលចូលរួម នៅក្នុងការប្រើប្រាស់អាវុធ គីមី នៅស៊ីរី និងនៅកន្លែងផ្សេងទៀត ក្នុងពិភពលោក។
បារាំងបានធ្វើគំរូគេ ដោយ បានចេញក្រឹត្យ នៅថ្ងៃអង្គារ ដើម្បីបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន និងអ្នកទទួលខុសត្រូវរបស់ក្រុមហ៊ុន ដែលសង្ស័យថា បានចូលរួម នៅក្នុងដំណើរការផលិតអាវុធគីមី។ ជារួម ក្រុមហ៊ុនចំនួន ២៥ និងអ្នកទទួលខុសត្រូវរបស់ក្រុមហ៊ុន ស៊ីរី បារាំង លីបង់ និងចិន ដែលធ្វើជំនួញទៅលើការនាំចូល ចែកចាយលោហៈ ឬអេឡិចត្រូនិក ត្រូវបានចាត់ចូលក្នុងបញ្ជីរខ្មៅ របស់រដ្ឋាភិបាលបារាំង។ តាមក្រសួងការបរទេសបារាំង មន្រ្តីរដ្ឋាភិបាលស៊ីរី គ្មានឈ្មោះ នៅក្នុងបញ្ជីរទណ្ឌកម្មរបស់បារាំង ដោយសារតែគេនៅមិនទាន់មានភស្តុតាងគ្រប់គ្រាន់ ដើម្បីដាក់បន្ទុក តាមផ្លូវច្បាប់។
តាមការវាយតម្លៃរបស់ភាគីបារាំង នៅចន្លោះឆ្នាំ ២០១២ និងឆ្នាំ ២០១៧ គេបានរកឃើញមានការវាយប្រហារ ដោយប្រើប្រាស់អាវុធគីមី ចំនួន ១៣០ នៅក្នុងទឹកដីស៊ីរី។ អ្នកស៊ើបអង្កេត របស់អង្គការសហប្រជាជាតិ និងអង្គការដើម្បីហាមឃាត់ការប្រើប្រាស់អាវុធគីមី វិញ បានចោទប្រកាន់រដ្ឋាភិបាលរបស់លោកបាស្ហា អាល់អាសាដ ថា បានវាយប្រហារទៅលើគូសត្រូវ ដោយប្រើអាវុធគីមី ចំនួន ៤លើក ដែលនៅក្នុងនោះ ការវាយប្រហារដោយប្រើអាវុធគីមី កាលពីខែមេសា ឆ្នាំមុន បានសម្លាប់មនុស្ស ៨០នាក់។
សូមអាន៖ ហេតុអ្វីបានជាប្រតិបត្តិការកម្ទេចអាវុធគីមីស៊ីរីមានភាពយឺតយ៉ាវខ្លំាង?
នៅថ្ងៃចន្ទ ម្សិលមិញ របបស៊ីរី ត្រូវបានចោទប្រកាន់ជាថ្មីថា បានប្រើប្រាស់អាវុធគីមី នៅក្នុងការវាយប្រហារមួយ ទៅលើក្រុមឧទ្ទាម ដែលកំពុងកាន់កាប់ដីមួយភាគ នៅប៉ែកខាងកើតក្រុងដាម៉ាស។ អាមេរិកបានរិះគន់ រុស្ស៊ីថា បានអាក់ខាន គ្មានឥទ្ធិពលទៅលើរដ្ឋាភិបាលស៊ីរី។ រុស្ស៊ី ដែលជាសម្ព័ន្ធមិត្ត របស់ស៊ីរី ធ្លាប់បានបោះឆ្នោតវេតូ ពីរដង នៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដើម្បី រារាំងកុំឲ្យអ្នកជំនាញអន្តរជាតិ អាចចូលទៅធ្វើការអង្កេត លើការប្រើប្រាស់អាវុធគីមី នៅស៊ីរី។
ម៉ូស្គូ ដែលកំពុងគាំទ្រផ្នែកយោធា ដល់រដ្ឋាភិបាលស៊ីរី បានចោទប្រកាន់អ្នកជំនាញទាំងនោះ ថា លំអៀង។ នៅក្នុងវិបត្តិស៊ីរី រុស្ស៊ីមានជំហរ ផ្ទុយពី ក្រុមប្រទេសលោកខាងលិច។ ក្រៅតែពីអន្តរាគមន៍យោធាជួយរដ្ឋាភិបាលស៊ីរី រុស្ស៊ី ក៏ជាអ្នកផ្តួចផ្តើមគំនិត ស្វែងរកដំណោះស្រាយឲ្យស៊ីរី នៅលើផ្នែកនយោបាយ។ នៅក្នុងពេលដែលអង្គការសហប្រជាជាតិ នៅសប្តាហ៍នេះ ចាប់បើកឡើងវិញ ការចរចាស្វែងរកសន្តិភាពឲ្យស៊ីរី នៅសប្តាហ៍នេះ ម៉ូស្គូឯណោះវិញ នឹងចាប់បើកសមាជ មួយផ្សេងទៀត នៅថ្ងៃអង្គារសប្តាហ៍ក្រោយ ដើម្បីនិយាយពីសន្តិភាពនៅស៊ីរី។ សមាជនៅក្រុងសុតឈី នឹងមានការចូលរួមតែពីតួកគី និងអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី និងដែលកំពុងធ្វើប្រតិបត្តិការយោធា ជួយកងទ័ពរដ្ឋាភិបាលស៊ីរី តែប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ