ហេតុអ្វីបានជាតួកគីបើកប្រតិបត្តិការសឹកលើទីតាំងរបស់កម្លាំងគួដឌីស្ថាននៅអាហ្រ្វីនក្នុងទឹកដីស៊ីរី?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៣៥
អស់រយៈពេល ៣ថ្ងៃមកហើយដែលកម្លាំងទ័ពតួកគី រួមសហការណ៍ជាមួយកម្លាំងសម្ព័ន្ធមិត្តនៅស៊ីរី គឺក្រុមឧទ្ទាមនៃកម្លាំងប្រដាប់អាវុធស៊ីរីសេរីបានបើកការវាយប្រហារផ្លូវអាកាស និងផ្លូវគោកលើតំបន់អាហ្រ្វីនក្នុងទឹកដីស៊ីរី។ អាហ្រ្វីនដែលស្ថិតក្បែរព្រំដែនរវាងតួកគី និងស៊ីរី គឺជាទីតាំងរបស់ពួកគួដឌីស្ថានស៊ីរីនៃគណបក្សសហភាពប្រជាធិបតេយ្យហៅកាត់ PYD និងដែលគណបក្សមួយនេះមានសម្ព័ន្ធមិត្តយោធាជាមួយអង្គភាពការពារប្រជាជនហៅកាត់ថា YPG។ ក្រោមភ្នែកច្រមុះរបស់ទីក្រុងអង់ការ៉ា PYD និង YPG ជាចលនាភេរវនិយមដែលកំពុងគំរាមកំហែងលើសន្តិសុខតួកគី។
តាំងពីចាប់ផ្តើមបើកការវាយប្រហារក្នុងថ្ងៃទី១ មកម្ល៉េះ បុរសខ្លាំងតួកគីលោកប្រធានាធិបតីអ៊ែរដូហ្កានបានប្រកាសក្តែងៗថា ប្រតិបត្តិការសឹករបស់ទ័ពតួកគីលើទឹកដីស៊ីរីមានគោលដៅកំចាត់កម្លាំងប្រដាប់អាវុធគួដឌីស្ថានស៊ីរីដែលជាពួកភេរវជន។ លោកអ៊ែរដូហ្កានថែមទាំងព្រមានត្រង់ៗលើនរណាដែលថ្លើមធំហ៊ាននិយាយរិះគន់ ឬរារាំងលើប្រតិបត្តិការសឹករបស់តួកគីពេលនេះទៀតផង។ បើគេមើលពីក្រៅទៅឃើញថា នេះពិតជារឿងមួយល្អណាស់ដែលតួកគីចេញប្រតិបត្តិការការពារខ្លួនតាមកំចាត់ពួកភេរវជនដែលកំពុងបន្តគំរាមកំហែងលើសន្តិសុខតួកគី។
តែបើគេសម្លឹងមើលឲ្យបានស៊ីជម្រៅបន្តិចទៅឃើញថា រឿងរ៉ាវរវាងតួកគី និងពួកគួដឌីស្ថានស៊ីរីហាក់មានលក្ខណៈស្មុគស្មាញ សាំញាំលើសពីការគិតទុកទៅទៀត។ ម្យ៉ាងទៀត ក្រៅពីតួអង្គតួកគី និងពួកគួដឌីស្ថានស៊ីរី ក៏នៅតួអង្គពីក្រៅផ្សេងទៀតចូលលូកលាន់ដែរ ដូចយ៉ាងអាមេរិក រុស្ស៊ី និងប្រទេសអ៊ីរ៉ង់។ ពិតណាស់ថា ក្រោមភ្នែក ច្រមុះរបស់រដ្ឋាភិបាលតួកគី ពួកគួដឌីស្ថានស៊ីរីនៃគណបក្សសហភាពប្រជាធិបតេយ្យហៅកាត់ PYD និងអង្គភាពការពារប្រជាជនហៅកាត់ថា YPGសុទ្ធសឹងជាចលនាភេរវនិយម។
តែគេមិនត្រូវភ្លេចនិយាយទេថាសម្រាប់អាមេរិក ក៏ដូចជារុស្ស៊ី កម្លាំងគួដឌីស្ថានស៊ីរីរបស់ PYD ជាដៃគូសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងពួកជីហាតអង្គការរដ្ឋអ៊ីស្លាម។ វ៉ាស៊ីនតោន និងមូស្គូបានទទួលស្គាល់ដូចគ្នាថា បើកុំតែមានការជួយគាំទ្រពីកម្លាំងគួដឌីស្ថានស៊ីរី ម្ល៉េះប្រតិបត្តិការកំចាត់ពួកជីហាតអង្គការរដ្ឋអ៊ីស្លាមនៅស៊ីរីក៏មិនងាយនឹងទទួលបានជោគជ័យឆាប់ៗដែរ។ អ៊ីចឹងហើយបានការវាយប្រហារលើពួកគួដឌីស្ថានស៊ីរីពីសំណាក់តួកគីពេលនេះកំពុងធ្វើឲ្យអាមេរិក និងរុស្ស៊ីទើសទាល់ចិត្តខ្លាំងណាស់។
ក្នុងនាមជាប្រទេសសមាជិករបស់អង្គការអូតង់ដូចគ្នា អាមេរិកមិនបានស្តីបន្ទោសតួកគីត្រង់ៗទេ តែបានត្រឹមបញ្ចេញមតិដោយសង្ឃឹមថា ប្រតិបត្តិការសឹករបស់កម្លាំងតួកគីពេលនេះនឹងមានរយៈពេលខ្លី និងមិនរីកឆ្លងរាលដាលទៅកាន់តំបន់ផ្សេងរបស់ស៊ីរីទេ។ ចំណែករុស្ស៊ីដែលទើបស្តារទំនាក់ទំនងល្អឡើងវិញជាមួយតួកគីក៏បានបិទមាត់មិននិយាយស្តីអ្វីទាំងអស់ នោះបើទោះបីជាមានការលើកឡើងថា បើគ្មានភ្លើងខៀវពីក្រុងមូស្គូទេ ម្ល៉េះក្រុងអង់ការ៉ាក៏មិនហ៊ានបើកការវាយប្រហារផ្លូវអាកាសលើពួកគួដឌីស្ថានស៊ីរីក្នុងទឹកដីស៊ីរីដែរ ព្រោះថាសព្វថ្ងៃនេះ ដែនអាកាសនៅទីនោះស្ថិតក្រោមការត្រួតត្រារបស់ទ័ពអាកាសរុស្ស៊ី។ តែដើម្បីជួយលើកទឹកចិត្តពួកគួដឌីស្ថានស៊ីរី រុស្ស៊ីបានផ្តល់ជោគជ័យផ្លូវទូតឲ្យពួកនេះដោយអញ្ជើញឲ្យចូលរួមនៅក្នុងសមាជដើម្បីសន្តិភាពនៅស៊ីរីដែលមូស្គូគ្រោងរៀបចំនៅថ្ងៃទី៣០ មករាខាងមុខ។
ចម្ងល់ដែលគ្រប់គ្នាកំពុងឆ្ងល់ពេលនេះគឺថា ហេតុអ្វីបានជាតួកគីចាត់ទុកពួកគួដឌីស្ថានស៊ីរីជាភេរវជន បែរជាអាមេរិកចាត់ទុកជាដៃគូប្រយុទ្ធទល់នឹងពួកជីហាតអង្គការរដ្ឋអ៊ីស្លាមទៅវិញ?
មានតែនៅខាងតួកគីគេទេដែលគេអាចរកបានចម្លើយពិតចំពោះសំណួរនេះ។ ចូរកុំភ្លេចថា ប្រជាជនគួដឌីស្ថានមិនមែនមានតែនៅក្នុងទឹកដីស៊ីរី ឬនៅក្នុងទឹកដីអ៊ីរ៉ាក់ប៉ុណ្ណោះទេ តែក៏មាននៅក្នុងទឹកដីតួកគីជាប់ព្រំដែននឹងស៊ីរីដែរ ហើយដែលពួកគួដឌីស្ថានរស់ក្នុងតំបន់ស្វយ័តនៅតួកគីនេះបានធ្វើការតស៊ូប្រដាប់អាវុធប្រឆាំងនឹងរដ្ឋអំណាចតួកគីតាំងពីឆ្នាំ ១៩៨៤ មកម្ល៉េះ។ អ្វីដែលគណបក្សពលករគួដឌីស្ថាន PKK នៅតួកគីកំពុងបន្តទាមទារពីរដ្ឋអំណាចតួកគី គឺឯករាជ្យភាពផ្តាច់ចេញពីការគ្រប់គ្រងរបស់ទីក្រុងអង់ការ៉ា។
លោកប្រធានាធិបតីតួកគីអ៊ែរដូហ្កានដែលបានចាត់ទុក PKK ជាសត្រូវស៊ីសាច់ហុតឈាមយល់មិនច្រឡំទេថា ដើម្បីអាចបន្តសង្កត់ក ពួក PKK ក្នុងស្រុកកុំឲ្យឡើងចាង និងងើបក្បាលរួច គេត្រូវតែរារាំង ទប់ស្កាត់ពួកគួដឌីស្ថាននៅស៊ីរីកុំឲ្យបង្កើតតំបន់ស្វយ័តមួយក្នុងទឹកដីស៊ីរីក្បែរព្រំដែនតួកគីបាន។ តាមពិតទៅ អាមេរិក និងក្រុមប្រទេសលោកខាងលិចមួយចំនួនក៏បានចាត់ទុក PKK ជាអង្គការភេរវនិយមដូចរដ្ឋាភិបាលតួកគីដែរ។ តែអ្វីដែលក្រុមប្រទេសទាំងនេះមិនយល់ស្របនោះ គឺការដែលលោកអ៊ែរដូហ្កានបានបញ្ចូលពួកគួដឌីស្ថាននៅតួកគី និងពួកគួដឌីស្ថាននៅស៊ីរីទៅក្នុងកន្រ្តកតែមួយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ