អានតួអត្ថបទ
បារាំង

អ្នកជំនាញ​ប្រមូលផ្តុំគ្នា​ដើម្បី ស្វែងរក​របាំង​ការពារ​ខ្លួន​ពី​ចោរអ៊ីនធ័រនែត

តើគេ​ត្រូវរៀបចំ​ខ្លួន​យ៉ាងដូចម្តេច​ដើម្បី ការពារ​ខ្លួន​ពីការ​វាយប្រហារ​របស់​ចោរ​ព័ត៌មានវិទ្យា? នៅ​ក្នុង​វេទិកា​អន្តរជាតិ ដែល​រៀបចំធ្វើ​នៅថ្ងៃ អង្គារ​នេះ នៅទីក្រុង​លីល ប៉ែក​ខាងជើង​ប្រទេស​បារាំង អ្នកជំនាញ​ខាងផ្នែក​សន្តិសុខ តាម​ប្រព័ន្ធ​អ៊ីនធ័រនែត ត្រូវ​គេ​ទន្ទឹង​ថា នឹង​អាច​ផ្តល់​មធ្យោបាយ សោរ​គន្លឹះ​សំខាន់ៗ ដើម្បី​ឲ្យ​គេ​ការពារ​ខ្លួន ពី​ការវាយ​ប្រហារ​របស់​ចោរអ៊ីនធ័រនែត។ ចោរអ៊ីនធ័រនែត​ដែល​គេ​រំពឹងថា នឹង​អាច​បង្កើន​ការវាយ​ប្រហារ​កាន់តែ​ខ្លាំងឡើង​ថែមទៀត នៅ​ឆ្នាំ នេះ។

ការវាយប្រហារ​តាមអ៊ីនធ័រនែត​មាន​ការកើនឡើង​កាន់តែច្រើន​នៅក្នុង​ពិភពលោកនៅ​ឆ្នាំ ២០១៧
ការវាយប្រហារ​តាមអ៊ីនធ័រនែត​មាន​ការកើនឡើង​កាន់តែច្រើន​នៅក្នុង​ពិភពលោកនៅ​ឆ្នាំ ២០១៧ ©REUTERS/Kacper Pempel/Illustration
ផ្សាយពាណិជ្ជកម្ម

ការវាយប្រហារ​របស់​ចោរអ៊ីនធ័រនែត នៅ​ឆ្នាំមុន ដោយ​ប្រើ​កម្មវិធី​ចាប់ជំរិត Wannacry និង​កម្មវិធី​លុប​ចោល​ទិន្នន័យ ឈ្មោះ NotPetya រហូត​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ត្រូវជាប់គាំង មិនដំណើរការ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ឯកជន និង​រដ្ឋ និង​ស្ថាប័ន​សាធារណៈ​ជឿជាក់​ថា ការការពារ​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត នៅក្នុង​ពិភពលោក នៅ​មាន​ចំណុច​ខ្សោយច្រើន នៅឡើយ បើប្រៀបធៀប​នឹង​សមត្ថភាព​របស់​ចោរព័ត៌មានវិទ្យា។

គឺ​នៅក្នុង​គោលដៅ​ស្វែងរក​មធ្យោបាយ ដើម្បី​ទប់ទល់​នឹង​ការវាយប្រហារ​របស់​ឧក្រិដ្ឋជន​អ៊ីនធ័រនែត ដែល​អាជ្ញាធរ​បារាំង បាន​សម្រេច រៀបចំ បើក​វេទិកា នៅថ្ងៃនេះ ដែល​មាន​ការចូលរួម​ពី​អ្នកជំនាញ អន្តរជាតិ រួម​ទាំង​មន្រ្តី​របស់​ក្រសួង​មហាផ្ទៃ និង​ក្រសួងការពារ​ជាតិ​បារាំង ប្រមាណ ១ម៉ឺននាក់។ ក្រុមហ៊ុន​សហគ្រាស​ត្រូវ​មាន​កាតព្វកិច្ច​ត្រៀម​ខ្លួន និង​រៀប​សេណារីយោ​ដំណោះស្រាយ​ក្នុង​ករណី​មាន​ការ​វាយប្រហារ​អ៊ីនធ័រនែត​ជា​ យថាហេតុណាមួយ។ អ្វី​ដែល​អាជ្ញាធរ​ព្រួយ​បារម្ភ​ខ្លាំង​ជាងគេ គឺ​ការ​វាយប្រហារ​អ៊ីនធ័រនែត លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗដែល​ប៉ះពាល់​ដល់​ជីវិត​មនុស្ស ដូច​ជា​មន្ទីរពេទ្យ រោងចក្រ​នុយក្លេអ៊ែរ ឬ​បណ្តាញ​ផ្លូវគមនាគមន៍ ដែល​រហូតមកដល់​ពេលនេះ នៅ​មាន​ចំណុច​ខ្វះខាត​ច្រើន ខាង​ផ្នែក​ប្រព័ន្ធ​ការពារ​សន្តិសុខ តាមអ៊ីនធ័រនែត។

សូមអាន៖ ការវាយប្រហារ​អ៊ីនធ័រនែត ៖ អ្វី​ដែល​គួរ​ខ្លាច​នៅ​ឆ្នាំ​២០១៨

ថ្មីៗនេះ អ្នកជំនាញផ្នែក​សុវត្ថិភាព​អ៊ីនធ័រនែត បាន​វាយតម្លៃថា ចោរព័ត៌មានវិទ្យា នឹង​បង្កើន​សន្ទុះ​របស់ខ្លួន កាន់តែ​ខ្លាំង នៅ​ឆ្នាំ ២០១៨។ នៅ​ប្រទេស​បារាំង សញ្ញា​កើនឡើង​នៃ​ការគំរាមកំហែង​របស់​ចោរអ៊ីនធ័រនែត បាន​តម្រូវ​ឲ្យ​ក្រសួងការពារ​ជាតិ​បារាំង បង្កើត​បញ្ជាការដ្ឋាន​សន្តិសុខ​តាមប្រព័ន្ធ​អ៊ីនធ័រនែត ដែល​មាន​មនុស្ស​ធ្វើការ​ជាង ៣ពាន់​នាក់។

តាម​ក្រុម​អ្នកជំនាញ ខាង​សន្តិសុខ​ព័ត៌មានវិទ្យា និង​ឌីជីថល CESIN ៩២​ភាគរយ​នៃ​ក្រុមហ៊ុន​និង​ក្រសួង​របស់​បារាំង​បាន​អះអាងថា ពួកគេ​រងការវាយប្រហារ យ៉ាងតិច​មួយ​លើក កាលពី​ឆ្នាំ​មុន។ ជាទូទៅ ពួកគេ​រងគ្រោះ​ដោយសារ​មេរោគ Wannacry ​ដែល​ជា​កម្មវិធី​ចាប់ជំរិត​របស់​ក្រុមចោរអ៊ីនធ័រនែត។ កម្មវិធី​ចាប់ជំរិត ទារប្រាក់ របស់​ឧក្រិដ្ឋជន​អ៊ីនធ័រនែតបាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​បាត់បង់​ចំណូល ព្រោះ​ថា វា​បាន​ប៉ះពាល់​ដល់​សកម្មភាព​ផលិត និង​ដំណើរការ​បញ្ជារ​របស់​ក្រុមហ៊ុន។ ដោយសារ​តែ​ខ្លាច​រងគ្រោះ​នឹង​ការវាយ​ប្រហារ ចាប់ជំរិត​របស់​ចោរអ៊ីនធ័រនែត ៦៤ភាគរយ​នៃ​ក្រុមហ៊ុន​បារាំង​បាន​បង្កើន​កញ្ចប់​ថវិកា​សម្រាប់​វិស័យ​សន្តិសុខអ៊ីនធ័រនែត។ ការសិក្សា​របស់​ក្រុមហ៊ុន​Norton ចេញផ្សាយ​នៅថ្ងៃ​នេះ​បាន​បង្ហាញថា ការវាយប្រហារ​របស់​ចោរអ៊ីនធ័រនែត បាន ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បារាំង ខាតបង់​ប្រាក់​ជាង ៦ពាន់​លាន​អឺរ៉ូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ