អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បាន​ជា​តួកគី​បើក​ប្រតិបត្តិការសឹក​លើ​ទីតាំង​របស់​កម្លាំង​គួដឌីស្ថាន​នៅ​អាហ្រ្វីន​ក្នុង​ទឹកដី​ស៊ីរី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អស់​រយៈពេល ៣ថ្ងៃ​មក​ហើយ​ដែល​កម្លាំងទ័ព​តួកគី រួម​សហការណ៍​ជាមួយ​កម្លាំងសម្ព័ន្ធមិត្ត​នៅ​ស៊ីរី គឺ​ក្រុម​ឧទ្ទាម​នៃ​កម្លាំងប្រដាប់អាវុធ​ស៊ីរី​សេរី​បាន​បើក​ការ​វាយប្រហារ​ផ្លូវអាកាស និង​ផ្លូវគោក​លើ​តំបន់​អាហ្រ្វីន​ក្នុង​ទឹកដី​ស៊ីរី។ អាហ្រ្វីន​ដែល​ស្ថិត​ក្បែរ​ព្រំដែន​រវាង​តួកគី និង​ស៊ីរី គឺ​ជា​ទីតាំង​របស់​ពួក​គួដឌីស្ថានស៊ីរី​នៃ​គណបក្ស​សហភាពប្រជាធិបតេយ្យ​ហៅកាត់ PYD និង​ដែល​គណបក្ស​មួយ​នេះ​មាន​សម្ព័ន្ធមិត្ត​យោធា​ជាមួយ​អង្គភាព​ការពារ​ប្រជាជន​ហៅកាត់​ថា YPG។ ក្រោម​ភ្នែក​ច្រមុះ​របស់​ទីក្រុង​អង់ការ៉ា PYD និង YPG ជា​ចលនា​ភេរវនិយម​ដែល​កំពុង​គំរាមកំហែង​លើ​សន្តិសុខ​តួកគី។

លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan
លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan Kayhan Ozer/Presidential Palace/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ចាប់​ផ្តើម​បើក​ការ​វាយប្រហារ​ក្នុង​ថ្ងៃ​ទី១ មក​ម្ល៉េះ បុរសខ្លាំង​តួកគី​លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន​បាន​ប្រកាស​ក្តែងៗ​ថា ប្រតិបត្តិការសឹក​របស់​ទ័ព​តួកគី​លើ​ទឹកដី​ស៊ីរី​មាន​គោលដៅ​កំចាត់​កម្លាំងប្រដាប់អាវុធ​គួដឌីស្ថានស៊ីរី​ដែល​ជា​ពួក​ភេរវជន។ លោក​អ៊ែរដូហ្កាន​ថែម​ទាំង​ព្រមាន​ត្រង់ៗ​លើ​នរណា​ដែល​ថ្លើមធំ​ហ៊ាន​និយាយ​រិះគន់ ឬ​រារាំង​លើ​ប្រតិបត្តិការ​សឹក​របស់​តួកគី​ពេល​នេះ​ទៀត​ផង។ បើ​គេ​មើល​ពី​ក្រៅ​ទៅ​ឃើញ​ថា នេះ​ពិត​ជា​រឿង​មួយ​ល្អ​ណាស់​ដែល​តួកគី​ចេញ​ប្រតិបត្តិការ​ការពារ​ខ្លួន​តាម​កំចាត់​ពួក​ភេរវជន​ដែល​កំពុង​បន្ត​គំរាមកំហែង​លើ​សន្តិសុខ​តួកគី។

តែ​បើ​គេ​សម្លឹង​មើល​ឲ្យ​បាន​ស៊ីជម្រៅ​បន្តិច​ទៅ​ឃើញ​ថា រឿងរ៉ាវ​រវាង​តួកគី និង​ពួក​គួដឌីស្ថានស៊ីរី​ហាក់​មាន​លក្ខណៈ​ស្មុគស្មាញ សាំញាំ​លើស​ពី​ការ​គិត​ទុក​ទៅ​ទៀត។ ម្យ៉ាង​ទៀត ក្រៅ​ពី​តួអង្គ​តួកគី និង​ពួក​គួដឌីស្ថានស៊ីរី ក៏​នៅ​តួអង្គ​ពី​ក្រៅ​ផ្សេង​ទៀត​ចូល​លូកលាន់​ដែរ ដូច​យ៉ាង​អាមេរិក រុស្ស៊ី និង​ប្រទេស​អ៊ីរ៉ង់។ ពិត​ណាស់​ថា ក្រោម​ភ្នែក ច្រមុះ​របស់​រដ្ឋាភិបាល​តួកគី ពួក​គួដឌីស្ថានស៊ីរី​នៃ​គណបក្ស​សហភាពប្រជាធិបតេយ្យ​ហៅកាត់ PYD និង​អង្គភាព​ការពារ​ប្រជាជន​ហៅកាត់​ថា YPG​សុទ្ធសឹង​ជា​ចលនា​ភេរវនិយម។

តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា​សម្រាប់​អាមេរិក ក៏​ដូច​ជា​រុស្ស៊ី កម្លាំង​គួដឌីស្ថានស៊ីរី​របស់ PYD ជា​ដៃគូ​សម្ព័ន្ធមិត្ត​របស់ខ្លួន​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ វ៉ាស៊ីនតោន និង​មូស្គូ​បាន​ទទួល​ស្គាល់​ដូច​គ្នា​ថា បើ​កុំ​តែ​មាន​ការ​ជួយ​គាំទ្រ​ពី​កម្លាំង​គួដឌីស្ថានស៊ីរី ម្ល៉េះ​ប្រតិបត្តិការ​កំចាត់​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី​ក៏​មិន​ងាយ​នឹង​ទទួល​បាន​ជោគជ័យ​ឆាប់ៗ​ដែរ។ អ៊ីចឹង​ហើយ​បាន​ការ​វាយប្រហារ​លើ​ពួក​គួដឌីស្ថានស៊ីរី​ពី​សំណាក់​តួកគី​ពេល​នេះ​កំពុង​ធ្វើ​ឲ្យ​អាមេរិក និង​រុស្ស៊ី​ទើសទាល់​ចិត្ត​ខ្លាំង​ណាស់។

ក្នុង​នាម​ជា​ប្រទេស​សមាជិក​របស់​អង្គការ​អូតង់​ដូច​គ្នា អាមេរិក​មិន​បាន​ស្តីបន្ទោស​តួកគី​ត្រង់ៗ​ទេ តែ​បាន​ត្រឹម​បញ្ចេញ​មតិ​ដោយ​សង្ឃឹម​ថា ប្រតិបត្តិការសឹក​របស់​កម្លាំង​តួកគី​ពេល​នេះ​នឹង​មាន​រយៈពេល​ខ្លី និង​មិន​រីកឆ្លង​រាលដាល​ទៅ​កាន់​តំបន់​ផ្សេង​របស់​ស៊ីរី​ទេ។ ចំណែក​រុស្ស៊ី​ដែល​ទើប​ស្តារ​ទំនាក់ទំនង​ល្អ​ឡើង​វិញ​ជាមួយ​តួកគី​ក៏​បាន​បិទមាត់​មិន​និយាយ​ស្តី​អ្វី​ទាំង​អស់ នោះ​បើ​ទោះ​បី​ជា​មាន​ការ​លើក​ឡើង​ថា បើ​គ្មាន​ភ្លើងខៀវ​ពី​ក្រុង​មូស្គូ​ទេ ម្ល៉េះ​ក្រុង​អង់ការ៉ា​ក៏​មិន​ហ៊ាន​បើក​ការ​វាយប្រហារ​ផ្លូវអាកាស​លើ​ពួក​គួដឌីស្ថានស៊ីរី​ក្នុង​ទឹកដី​ស៊ីរី​ដែរ ព្រោះ​ថា​សព្វថ្ងៃ​នេះ ដែនអាកាស​នៅ​ទីនោះ​ស្ថិតក្រោម​ការ​ត្រួតត្រា​របស់​ទ័ពអាកាស​រុស្ស៊ី។ តែ​ដើម្បី​ជួយ​លើក​ទឹកចិត្ត​ពួក​គួដឌីស្ថានស៊ីរី រុស្ស៊ី​បាន​ផ្តល់​ជោគជ័យ​ផ្លូវទូត​ឲ្យ​ពួក​នេះ​ដោយ​អញ្ជើញ​ឲ្យ​ចូលរួម​នៅ​ក្នុង​សមាជ​ដើម្បី​សន្តិភាព​នៅ​ស៊ីរី​ដែល​មូស្គូ​គ្រោង​រៀបចំ​នៅ​ថ្ងៃទី៣០ មករា​ខាង​មុខ។

ចម្ងល់​ដែល​គ្រប់​គ្នា​កំពុង​ឆ្ងល់​ពេល​នេះ​គឺ​ថា ហេតុអ្វី​បាន​ជា​តួកគី​ចាត់​ទុក​ពួក​គួដឌីស្ថានស៊ីរី​ជា​ភេរវជន បែរ​ជា​អាមេរិក​ចាត់​ទុក​ជា​ដៃគូ​ប្រយុទ្ធ​ទល់​នឹង​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ទៅ​វិញ?

មាន​តែ​នៅ​ខាង​តួកគី​គេ​ទេ​ដែល​គេ​អាច​រក​បាន​ចម្លើយ​ពិត​ចំពោះ​សំណួរ​នេះ។ ចូរ​កុំ​ភ្លេច​ថា ប្រជាជន​គួដឌីស្ថាន​មិន​មែន​មាន​តែ​នៅ​ក្នុង​ទឹកដី​ស៊ីរី ឬ​នៅ​ក្នុង​ទឹកដី​អ៊ីរ៉ាក់​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​នៅ​ក្នុង​ទឹកដី​តួកគី​ជាប់​ព្រំដែន​នឹង​ស៊ីរី​ដែរ ហើយ​ដែល​ពួក​គួដឌីស្ថាន​រស់ក្នុង​តំបន់​ស្វយ័ត​នៅ​តួកគី​នេះ​បាន​ធ្វើ​ការ​តស៊ូ​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​រដ្ឋអំណាច​តួកគី​តាំង​ពី​ឆ្នាំ ១៩៨៤ មក​ម្ល៉េះ។ អ្វី​ដែល​គណបក្ស​ពលករ​គួដឌីស្ថាន PKK នៅ​តួកគី​កំពុង​បន្ត​ទាមទារ​ពី​រដ្ឋអំណាច​តួកគី គឺ​ឯករាជ្យភាព​ផ្តាច់​ចេញ​ពី​ការ​គ្រប់គ្រង​របស់​ទីក្រុង​អង់ការ៉ា។

លោក​ប្រធានាធិបតី​តួកគី​អ៊ែរដូហ្កាន​ដែល​បាន​ចាត់​ទុក PKK ជា​សត្រូវ​ស៊ីសាច់​ហុត​ឈាម​យល់​មិន​ច្រឡំ​ទេ​ថា ដើម្បី​អាច​បន្ត​សង្កត់​ក ពួក PKK ក្នុង​ស្រុក​កុំ​ឲ្យ​ឡើង​ចាង និង​ងើប​ក្បាល​រួច គេ​ត្រូវ​តែ​រារាំង ទប់ស្កាត់​ពួក​គួដឌីស្ថាន​នៅ​ស៊ីរី​កុំ​ឲ្យ​បង្កើត​តំបន់​ស្វយ័ត​មួយ​ក្នុង​ទឹកដី​ស៊ីរី​ក្បែរ​ព្រំដែន​តួកគី​បាន។ តាម​ពិត​ទៅ អាមេរិក និង​ក្រុមប្រទេស​លោក​ខាងលិច​មួយ​ចំនួន​ក៏​បាន​ចាត់​ទុក​ PKK ជា​អង្គការ​ភេរវនិយម​ដូច​រដ្ឋាភិបាល​តួកគី​ដែរ។ តែ​អ្វី​ដែល​ក្រុមប្រទេស​ទាំង​នេះ​មិន​យល់​ស្រប​នោះ គឺ​ការ​ដែល​លោក​អ៊ែរដូហ្កាន​បាន​បញ្ចូល​ពួក​គួដឌីស្ថាន​នៅ​តួកគី និង​ពួក​គួដឌីស្ថាន​នៅ​ស៊ីរី​ទៅ​ក្នុង​កន្រ្តក​តែ​មួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ