ពេលណាទើបគេអាចបំបាត់គម្លាតរវាងអ្នកមាននិងអ្នកក្របាន?
ចុះផ្សាយនៅថ្ងៃ៖
ថ្ងៃ២២មករាកន្លងទៅ គឺមួយថ្ងៃមុនមានវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វ៊ីស អង្គការOxfamបានចេញរបាយការណ៍បង្ហាញគម្លាតរវាងអ្នកមានបំផុត និងអ្នកក្របំផុតក្នុងពិភពលោក។ អង្គការOxfamបរិហារថា ជាគម្លាតធំធេងមិនធ្លាប់មានទេ។ ទ្រព្យសម្បត្តិរឺក៏ធនធាន៨២ភាគរយ ដែលពិភពលោករកបានក្នុងឆ្នាំ២០១៧កន្លងទៅ បានហូរចូលទាំងស្រុងក្នុងហោប៉ៅរបស់ក្រុមអ្នកមានបំផុត។
រៀងរាល់ឆ្នាំ អង្គការOxfamតែងចេញរបាយការណ៍ស៊ើបអង្កេតបង្ហាញគម្លាតរវាងអ្នកមាននិងអ្នកក្រ។ ឆ្នាំ២០១៧កន្លងទៅ តួលេខគម្លាតគួរកត់សម្គាល់ខ្លាំងណាស់ ដោយសារតែរបាយការណ៍របស់Oxfam បង្ហាញថា ប្រជាជនជាអ្នកមានបំផុតលើពិភពលោក ប្រហែលជាមួយភាគរយ ទទួលបានធនធានទ្រព្យសម្បត្តិដែលពិភពលោករកបាន ដល់ទៅ៨២ភាគរយ តែបើស្ថានភាពជីវភាពអ្នកក្របំផុតវិញ គ្មានអ្វីប្រែប្រួលទាល់តែសោះ។ ឧទាហរណ៍ជាក់ស្តែង កម្មការិនីនៅប្រទេសបង់ក្លាដែសម្នាក់ ធ្វើការរកប្រាក់ ពេញមួយជីវិត រកបានស្មើត្រឺមនឹងប្រាក់ចំណូល៤ថ្ងៃ របស់ថៅកែក្រុមហ៊ុនយីហោសម្លៀកបំពាក់ធំបំផុត ក្នុងពិភពលោកប៉ុណ្ណោះ។
យោងតាមរបាយការណ៍Oxfam ពីខែមិនាឆ្នាំ២០១៦ ដល់ខែមិនាឆ្នាំ២០១៧ គេឃើញមានមហាសេដ្ឋីមានប្រាក់រាប់ពាន់លានកើនចំនួនម្នាក់ថែមទៀត រៀងរាល់២ថ្ងៃម្តង។ ជាមធ្យម ទ្រព្យសម្បត្តិមហាសេដ្ឋីទាំងនេះ បានកើនឡើង១៣ភាគរយ រាល់ឆ្នាំ គិតតាំងពីឆ្នាំ២០១០។ នៅសហរដ្ឋអាមេរិក អ្នកមាន៣នាក់ ដែលមានទ្រព្យជាងគេបំផុត មានទ្រព្យស្មើទ្រព្យសម្បត្តិសរុបរបស់បណ្តាអ្នកក្របំផុតដែរ។ នៅបារាំងវិញ មានជនជាតិបារាំង៣២នាក់ មានប្រាក់រាប់ពាន់លាន មានទ្រព្យសម្បត្តិច្រើនដូចទ្រព្យសម្បត្តិសរុបរបស់ពលរដ្ឋក្រីក្របំផុត៤០ភាគរយក្នុងស្រុកបារាំងដែរ។ ថៅកែក្រុមហ៊ុនធំៗមួយចំនួន ដែលមានប្រាក់វាល់ពាន់លាន យើងក៏ប្រហែលស្គាល់ខ្លះដែរ ដូចជាលោក Zuckerberg ថៅកែហ្វេសប៊ុក លោក Bezos ថៅកែក្រុមហ៊ុនអាម៉ាហ្សូន រឺក៏លោកប៊ីល ហ្គេតជាដើម។
អង្គការOxfamប្រាប់ថា រាល់ឆ្នាំ អង្គការតែងជំរុញអោយមេដឺកនាំរដ្ឋាភិបាលប្រទេសនានា ដែលមកប្រជុំគ្នា ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅក្រុងដាវ៉ូស ប្រទេសស្វ៊ីស អោយពួកគេចាត់វិធានការដោះស្រាយគម្លាតនេះ។ ថ្នាក់ដឺកនាំរដ្ឋាភិបាលធំៗបានសន្យាដែរថានឹងដោះស្រាយ តែការសន្យាដូចជាសន្យាតាមខ្យល់ដូច្នោះដែរ។ តើពួកគេសន្យាអោយរួចពីមាត់រឺយ៉ាងណា ទើបបានជាគម្លាតអ្នកមានអ្នកក្រ នៅតែមិនអាចដោះស្រាយបាន។ ប្រហែលអ្នកសន្យាទាំងនេះ ពិបាកនឹងសម្រេចពាក្យសន្យាបាន ពួកគេប្រហែលជាគិតថា សេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក ដំណើរការទៅមុខ ដោយសារតែចំនួនមហាសេដ្ឋីកើនឡើង ដោយសារទ្រព្យសម្បត្តិមហាសេដ្ឋីកើនឡើងហើយមើលទៅ។ សម្រាប់អង្គការOxfam ចំនួនមហាសេដ្ឋីកើនឡើង ទ្រព្យសម្បត្តិមហាសេដ្ឋីកើនឡើង មិនមែនជាសញ្ញាថា សេដ្ឋកិច្ចវិវត្តល្អទៅមុខទេ។ ស្ថានភាពនេះបង្ហាញថាលក្ខខណ្ឌរស់នៅរបស់ជនក្រីក្រកាន់តែដុនដាបទៅវិញទេ។
ថៅកែរឺក៏អ្នកដឺកនាំក្រុមហ៊ុនរកចំណូលបានកាន់តែច្រើន។ កម្មករ កម្មការនី រឺបុគ្គលិក ខំធ្វើការអោយថៅកែ ស្ទើររកពេលសម្រាកគ្មាន តែប្រាក់ខែពួកគេនៅឋេរ រឺកើនតិចតួចប៉ុណ្ណោះ។ តើមានសមភាពដូចម្តេចទៅកើតទៅ? ការដែលប្រជាជនជាអ្នកមានបំផុត ១ភាគរយ ក្នុងពិភពលោក ទទួលបានធនធានពិភពលោកដល់ទៅ៨២ភាគរយ ឆ្នាំ២០១៧កន្លងទៅ មិនបង្ហាញទេរឺថា ក្រុមអ្នកមានរកចំណូលបានពីញើសឈាមរបស់កម្មករក្រីក្រ? នេះមិននិយាយពីលក្ខខណ្ឌការងារដ៏លំបាករបស់កម្មករនៅតាមប្រទេសក្រីក្រ ដូចជាបង់ក្លាដែស រឺឥណ្ឌា ដែលខំធ្វើការដើម្បីលើកស្ទួយភាពរុងរឿងរបស់សហគ្រាសអ្នកមានផង!
បើនិយាយពីរដ្ឋតាមប្រទេសមួយចំនួនវិញ រដ្ឋខ្លះគិតតែចង់តម្លើងពន្ធទំនិញTVA រកថវិកាចូលជាតិ ចង់បន្ថយពន្ធសហគ្រាស លើកទឹកចិត្តសហគ្រាសទៅវិញ។ ទន្ទឹមនឹងពាក្យដែលយើងធ្លាប់លឺថា “អ្នកមានចេះតែមានទៅ”នោះ អង្គការOxfamលើកឡើងដែរ ពីបញ្ហាផ្សេងទៀត ដូចជាការគេចពន្ធ ការលួចយកលុយទៅដាក់តាមធនាគារនៅក្រៅប្រទេស ដើម្បីគេចពន្ធជាដើម។ ដើម្បីដោះស្រាយគម្លាតរវាងអ្នកមាន និងអ្នកក្រ ដើម្បីចែករំលែកធនធានរឺចំណូលពិភពលោកអោយបានស្មើគ្នា រវាងអ្នកមាននិងអ្នកក្រ អង្គការOxfam បានបង្ហាញសំណើមួយចំនួន ក្នុងនោះ អង្គការស្នើអោយអ្នកដឹកនាំប្រទេសនិមួយៗ ចាត់ចែងគ្រប់គ្រងលើក្រុមហ៊ុនពហុជាតិ។
ក្នុងសំណើដែលអង្គការ ផ្ញើអោយប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង គេឃើញថា អង្គការOxfamស្នើអោយមានការចែករំលែកធនធានអោយសមភាពគ្នាក្នុងសហគ្រាស រវាងអ្នកដឺកនាំ និងបុគ្គលិក និងម្ចាស់ភាគហ៊ុនផងដែរ។ ការពង្រឹងវិធានការប្រឆាំងការគេចពន្ធ ក៏ជាមធ្យោបាយជួយរកថវិកាឧបត្ថម្ភហិរញ្ញវត្ថុសាធារណៈ ដែលនេះជាការចូលរួមដោះស្រាយគម្លាតរវាងអ្នកមាននិងអ្នកក្រ។ Oxfam មើលឃើញដែរថា ជាជាងផ្តោតការយកពន្ធលើពន្ធទំនិញ TVA គេគួរតែយកពន្ធលើទ្រព្យសម្បត្តិមហាសេដ្ឋីកំពូលៗវិញ។
មិនដឺងថា សំណើទាំងនេះ អាចត្រូវបានមេដឹកនាំប្រទេសនិមួយៗធ្វើតាម រឺយ៉ាងណាទេ ព្រោះអង្គការOxfam បង្ហាញគម្លាតអ្នកមានអ្នកក្ររាល់ឆ្នាំ តែក៏នៅតែមិនអាចដោះស្រាយបញ្ហាវិសមភាពនេះបាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ