អានតួអត្ថបទ
ស្វ៊ីស

លោកដូណាល់ ត្រាំ៖​អាមេរិក​ទទួល​បាន​កំណើន​សេដ្ឋកិច្ច និង​បាន​ក្លាយ​ជា​ប្រទេស​ប្រកួតប្រជែង​ជា​ថ្មី

នៅ​ក្នុង​ប្រទេស​ស្វ៊ីស វេទិកា​សេដ្ឋកិច្ចពិភពលោក​រយៈពេល ៣ថ្ងៃ​បាន​បញ្ចប់​នា​ថ្ងៃ​សុក្រ ទី២៦ មករា​ជាមួយ​នឹង​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ។ នៅ​ក្នុង​សុន្ទរកថា​រយៈពេល ១៥នាទី លោក​ដូណាល់ ត្រាំ​បាន​សន្យា​ពី​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​របស់​អាមេរិក​ជាមួយ​ពិភពលោក។ ទន្ទឹម​គ្នា​នេះ និង​ដូច​ដែល​គ្រប់​គ្នា​បាន​រង់ចាំ លោក​ត្រាំ​មិន​ភ្លេច​ពាក្យ​ស្លោក « America first » ដែល​លោក​បាន​និយាយ​ច្រើន​ដង​តាំង​ពី​ក្នុង​សម័យ​បោះឆ្នោត​នោះ​ទេ។ តែ​លោក​ត្រាំ​ថា « America first » មិនមែន​មាន​ន័យ​ថា អាមេរិក​នៅ​តែ​ម្នាក់​ឯង​ទេ។ តាម​លោក​ត្រាំ អាមេរិក​ទទួល​បាន​កំណើន​សេដ្ឋកិច្ច និង​បាន​ក្លាយ​ជា​ប្រទេស​ប្រកួតប្រជែង​ជា​ថ្មី។

លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ថ្លែង​សុន្ទរកថា​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វ៊ីស ថ្ងៃទី២៦ មករា ២០១៨
លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ថ្លែង​សុន្ទរកថា​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វ៊ីស ថ្ងៃទី២៦ មករា ២០១៨ Reuters
ផ្សាយពាណិជ្ជកម្ម

« ខ្ញុំ​នៅ​ទី​នេះ​ថ្ងៃ​នេះ គឺ​ដើម្បី​តំណាង​ឲ្យ​ផលប្រយោជន៍​របស់​ពលរដ្ឋ​អាមេរិកាំង និង​ដើម្បី​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ពី​មិត្តភាព និង​លទ្ធភាព​ក្នុង​ការ​កសាង​ពិភពលោក​មួយ​ដ៏​ប្រសើរ​ដូច​ប្រទេស​ផ្សេង​ទៀត​ដែល​កំពុង​មាន​វត្តមាន​នៅ​ទីនេះ។ អាមេរិក​ចង់​បាន​អនាគត​ដ៏​ល្អ​មួយ​ដែល​ពលរដ្ឋ​ម្នាក់ៗ​អាច​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត និង​ដែល​កូនក្មេង​គ្រប់​រូប​ធំដឹង​ក្តី​ឆ្ងាយ​ពី​អំពើ​ហិង្សា ពី​ភាព​ក្រីក្រ តោកយ៉ាក និង​ពី​ការ​ភ័យខ្លាច។

ក្នុង​រយៈពេល ១ឆ្នាំ​កន្លង​ទៅ​នេះ អាមេរិក​ទទួល​បាន​ភាព​រីកចម្រើន​យ៉ាង​អស្ចារ្យ។ យើង​បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ទទួល​បាន​ផ្លែផ្កា​ពី​ភាព​រីកចម្រើន​នេះ ហើយ​យើង​បាន​ជួយ​ពលរដ្ឋ​ម្នាក់ៗ​ឲ្យ​រក​ឃើញ​នូវ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​សុបិន្ត​អាមេរិក។ គឺ​សុបិន្ត​មាន​ការងារ​ធ្វើ សុបិន្ត​មាន​ផ្ទះ​ស្នាក់នៅ​ពិតប្រាកដ និង​សុបិន្ត​នៃ​ជីវិត​ប្រសើរ​សម្រាប់​កូនៗ។

បន្ទាប់​ពី​បាន​ឆ្លង​កាត់​វិបត្តិ​អស់​ជា​ច្រើន​ឆ្នាំ អាមេរិក​ទទួល​បាន​ឡើង​វិញ​នូវ​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ខ្លាំងក្លា។ ពិភពលោក​ជា​សាក្សី​នៃ​ការ​រស់ឡើង​វិញ​នៃ​អានុភាព និង​សេចក្តី​រុងរឿង​របស់​អាមេរិក។ ខ្ញុំ​នៅ​ទីនេះ​ដើម្បី​ចង់​ផ្ញើ​សារ​មួយ​យ៉ាង​សាមញ្ញ​ថា គ្មាន​ពេល​ណា​ដែល​ប្រសើរ​ជាង​ពេល​នេះ​ដើម្បី​បោះទុន​រក​ស៊ី​នៅ​សហរដ្ឋអាមេរិក​ទេ។ អាមេរិក​បាន​បើក​ចំហ​ចំពោះ​ការ​ធ្វើ​ជំនួញ ហើយ​យើង​ជា​ប្រទេស​ប្រកួតប្រជែង​ជា​ថ្មី »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ